Sunday, December 6, 2015

ជីវប្រវត្តិសង្ខេប អតីតព្រះសព ព្រះមន្ត្រីសង្ឃខេត្តកណ្តាល ក្រុងតាខ្មៅ និងរចនាសម្ព័ន្ធ ព្រះមន្ត្រីសង្ឃខេត្តកណ្តាល ក្រុងតាខ្មៅ និងវត្តប្រជុំនទី”ក្រពើហា” បច្ចុប្បន្ន

ជីវប្រវត្តិសង្ខេប អតីតព្រះសព 
ព្រះមន្ត្រីសង្ឃខេត្តកណ្តាល
ក្រុងតាខ្មៅ
និងរចនាសម្ព័ន្ធ ព្រះមន្ត្រីសង្ឃខេត្តកណ្តាល
ក្រុងតាខ្មៅ និងវត្តប្រជុំនទី”ក្រពើហា”
បច្ចុប្បន្ន




រៀបរៀងដោយ ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្តកណ្តាល ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តប្រជុំនទី “ក្រពើហា” សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល


សម្រាប់ចែកជាធម្មទាន
ក្នុងពិធីបុណ្យ
ដែលនឹងប្រព្រឹត្តទៅ
នៅថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ ១៣ ១៤ ១៥កើត ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៥
អារម្ភកថា
សៀវភៅនេះកើតឡើង តាមថេរបញ្ជាព្រះតេជៈព្រះគុណ ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ រាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្តកណ្តាល ព្រះអនុគណក្រុងតាខ្មៅ នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី “ក្រពើហា” តម្រូវឲ្យរៀបរៀង សម្រាប់បោះពុម្ពចែកជាធម្មទាន ក្នុងឱកាសពិធីបុណ្យគម្រប់១៥ឆ្នាំ ប្រគេនព្រះអរិយមគ្គញ្ញាណ អន ហ៊ឹម ព្រះរាជាគណៈថ្នាក់ចត្វា អតីតព្រះបាឡាត់គណខេត្ត, ព្រះឧបជ្ឈាយ៍ខេត្តកណ្តាល និងជាព្រះចៅអធិការវត្ត ប្រជុំនទី ”ក្រពើហា”, និងឧទ្ទិសកុសលប្រគេន
១-  ព្រះឃោសធម្ម ឡុង យុង ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តកណ្ឋារាម (តាខ្មៅ)គម្រប់ខួប១៣ឆ្នាំ, 
២- ព្រះវិភទ្ទញ្ញាណ គង់ នូ ព្រះរាជាគណៈថ្នាក់ចត្វា អតីតព្រះអនុគណក្រុងតាខ្មៅ និងជាគ្រូសូត្រឆ្វេងវត្តប្រជុំនទី”ក្រពើហា” គម្រប់ខួប១៨ឆ្នាំ, 
៣- ព្រះបវរមុនីញាណ ឃឹម យឹម ព្រះរាជាគណៈថ្នាក់កិត្តិយស អតីតព្រះសមុហ៍គណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រែកសំរោង គម្រប់ខួប៦ឆ្នាំ, 
៤- ព្រះព្រហ្មសិរីញាណ គ្រួច គួន  ព្រះរាជាគណៈថ្នាក់កិត្តិយស   អតីតព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តកណ្ឋារាម(តាខ្មៅ)គម្រប់ខួប៧ឆ្នាំ និងទុកជាទ្រព្យសម្បត្តិព្រះពុទ្ធសាសនា ។
ខ្ញុំព្រះករុណាក៏សម្រេចប្រមូលរៀបរៀងជាសៀវភៅនេះ ដើម្បីបានជាការយល់ដឹងរបស់ពុទ្ធសាសនិកជនផង និងដើម្បីគ្រាន់បានជាគ្រឿងសម្រាប់ត្រិះរិះពិចារណាក្នុងជីវិត ដែលកំពុងប្រព្រឹត្តទៅក្នុងពេលបច្ចុប្បន្ននេះផង ។ 
ក្នុងការរៀបរៀងនេះ ខ្ញុំព្រះករុណា បានប្រមូលយក ព្រះត្រៃលក្ខណកថា អនត្តាធម៌  ឧបាទានក្ខន្ធកថា   បុព្វការីកថា    បុគ្គលាធិដ្ឋានរបស់ពុទ្ធជយមង្គល 
ច្បាប់សម្រាប់ទូន្មានជនប្រុស្រី មកបញ្ជូលផងដែរ ។
ខ្លឹមសារក្នុងសៀវភៅនេះ នៅមានចំណុចខ្វះខាតច្រើន ហេតុនេះ ក្នុងនាមអ្នកប្រមូលរៀបរៀង សូមសេចក្តីខន្តីអភ័យទោស អំពីសំណាក់លោកអ្នកអាន ព្រះតេជគុណ សាស្ត្រាចារ្យ និងពហូសូត្រខាងព្រះពុទ្ធសាសនា មេត្តាអធ្យាស្រ័យ ខ្ញុំព្រះករុណា និងរងចាំទទួលយកនូវការរិះគន់ដើម្បីស្ថាបនា ដោយសេចក្តីរីករាយជានិច្ច ក្រែងលោមានការឆ្គងសេចក្តីពិបាកយល់ និងខុសអក្ខរាវិរុទ្ធ ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំព្រះករុណា អាត្មាភាព មានសង្ឃឹមថាព្រះតេជគុណ និងអស់លោក នឹងមានការយោគយល់ ហើយសៀវភៅនេះ នឹងបានជាប្រយោជន៍ ដល់ប្រជាពុទ្ធបរិស័ទទូទៅ ។
ដោយអំណាចនៃការខិតខំព្យាយាម របស់ខ្ញុំព្រះករុណា អាត្មាភាពនេះ 
-សូមឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានជោគជ័យជានិច្ច!
-សូមឲ្យប្រជាជនកម្ពុជា បានចម្រើនលូតលាស់គ្រប់វិស័យ!
-សូមឲ្យព្រះពុទ្ធសាសនា បានឋិតថេររុងរឿង ជាភិយ្យោភាព!
តាខ្មៅ,ថ្ងៃទី៤ ᧦ ១១ ឆ្នាំមមី ឆស័ក ត្រូវនឹងថ្ងៃពុធ ទី២៥ ខែមីនា
                                ព្រះគ្រូសង្ឃានុរ័ក្ខវង្សា 
                           ឡាង បូរ៉ាត (បូរណកុសលោ)





ឧទ្ទិសកថា
តាមរយៈសៀវភៅ ជីវប្រវត្តិ អតីតព្រះសពព្រះមន្ត្រីសង្ឃខេត្តកណ្តាល និង ក្រុងតាខ្មៅ  និង រចនាសម្ពន្ធព្រះមន្ត្រីសង្ឃខេត្តកណ្តាល   ក្រុងតាខ្មៅ  ព្រមទាំងវត្តប្រជុំនទី ”ក្រពើហា” បច្ចុប្បន្ន ដែលបានរៀបរៀង បោះពុម្ពចែកជាធម្មទានក្នុងពិធីបុណ្យគម្រប់ខួប១៥ឆ្នាំនេះ ខ្ញុំព្រះករុណា អាត្មាភាព សូមឧទ្ទិសកុសលទាំងនេះ ចំពោះ
-វិញ្ញាណក្ខន្ធរបស់បុព្វការីជនទាំងឡាយ មានមាតាបិតា គ្រូឧបជ្ឈាយាចារ្យ និងញាតិកាទាំងប្រាំពីរសន្តាន, 
-ព្រះវិញ្ញាណក្ខន្ធរបស់អតីតសម្តេចព្រះសង្ឃរាជ ទាំងពីរគណៈគ្រប់ជំនាន់,
-ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់,
-ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអរិយមគ្គញ្ញាណ អន ហ៊ឹម ព្រះរាជាគណៈថ្នាក់ចត្វា អតីតព្រះបាឡាត់គណខេត្តកណ្តាល ព្រះឧបជ្ឈាយ៍ខេត្តកណ្តាល និងជាព្រះចៅអធិការវត្តប្រជុំនទី ”ក្រពើហា”
-ព្រះវិញ្ញាណក្ខន្ធរបស់ព្រះឃោសធម្ម ឡុង យុង ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តកណ្ឋារាម (តាខ្មៅ), 
-ព្រះវិញ្ញាណក្ខន្ធរបស់ ព្រះវិភទ្ទញ្ញាណ គង់ នូ ព្រះរាជាគណៈថ្នាក់ចត្វា អតីតព្រះអនុគណក្រុងតាខ្មៅ និងជាគ្រូសូត្រឆ្វេងវត្តប្រជុំនទី”ក្រពើហា”, 
-ព្រះវិញ្ញាណក្ខន្ធរបស់ ព្រះបវរមុនីញាណ ឃឹម យឹម ព្រះរាជាគណៈថ្នាក់កិត្តិយស អតីតព្រះសមុហ៍គណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រែកសំរោង, 
-ព្រះវិញ្ញាណក្ខន្ធរបស់ព្រះព្រហ្មសិរីញាណ គ្រួច គួន  ព្រះរាជាគណៈថ្នាក់កិត្តិយស   អតីតព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តកណ្ឋារាម(តាខ្មៅ)
-ព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះចៅអធិការវត្តប្រជុំនទី”ក្រពើហា” គ្រប់ជំនាន់,
-វិញ្ញាណក្ខន្ធរបស់អតីតលោកអាចារ្យ គណៈកម្មការ វត្តប្រជុំនទី”ក្រពើហា”គ្រប់ជំនាន់ ទាំងអស់ និងពុទ្ធបរិស័ទ ដែលមានឧបការៈលើវត្តប្រជុំនទី”ក្រពើហា” ទាំងក្នុងអតីតកាល ទាំងក្នុងបច្ចុប្បន្នកាលនេះ ដែលបានបែកកាយរំលាយខន្ធ ទៅកាន់លោកខាងមុខ អស់កាលដ៏យូរអង្វែងហើយក្តី ក្នុងពេលកន្លងទៅថ្មីៗនេះក្តី សូមព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ របស់សម្តេច ព្រះតេជគុណ អស់លោក បានរួចផុតអំពីទីដ៏ថោកទាប មិនរាបស្មើ ដោយប្រការណាមួយ  ហើយបានទៅចាប់បដិសន្ធិ ក្នុងសុគតិសួគ៌ ដោយតេជៈគឺ បុណ្យនេះឯង កុំបីអាក់ខានឡើយ ។
ដោយអំណាចនៃធម្មទាននេះដែរ ក៏សូមឲ្យព្រះពុទ្ធសាសនាផ្សព្វផ្សាយទៅ ពេញសាកលលោក និងតាំងនៅអស់កាលដ៏យូរអង្វែង ។ សូមឲ្យព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព និងការរីកចម្រើនរុងរឿងជារៀងរហូត ។ សូមឲ្យប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីស្រឡាញ់គ្នា និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យសព្វសត្វទាំងឡាយ ទាំងពួងបានរួចផុតអំពី សេចក្តីទុក្ខ សេចក្តីសោក សេចក្តីភ័យ ចាប់តាំងពីពេលនេះតរៀងទៅ ៕


ថ្ងៃ៥ ᧮ ១១ ឆ្នាំមមី ឆស័ក ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី ២ ខែមេសា 
ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ




សេចក្តីថ្លែងអំណរគុណ
ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព សូមថ្លែងអំណរព្រះគុណ និងអរគុណចំពោះ
-សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ យាងមកចូលរួមក្នុងកម្មវិធីបុណ្យគម្រប់ខួប១៥ឆ្នាំ ប្រគេនព្រះអរិយមគ្គញ្ញាណ អន ហ៊ឹម ព្រះរាជាគណៈថ្នាក់ចត្វា អតីតព្រះបាឡាត់គណខេត្តកណ្តាល ព្រះឧបជ្ឈាយ៍ខេត្តកណ្តាល និងជាព្រះចៅអធិការវត្តប្រជុំនទី”ក្រពើហា”និងឧទ្ទិសកុសលប្រគេន អតីតព្រះសពព្រះរាជាគណៈគ្រប់លំដាប់ថ្នាក់រួមមានព្រះឃោសធម្ម ឡុង យុង ព្រះវិភទ្ទញ្ញាណ គង់ នូ ព្រះបវរមុនីញាណ ឃឹម យឹម និងព្រះព្រហ្មសិរីញាណ គ្រួច គួន ។
-សម្តេចព្រះសង្ឃនាយក ព្រះរាជាគណៈតាមឋានានុក្រម ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលជាសិស្សគណ របស់ព្រះអង្គ ហើយបានជួយឧបត្ថម្ភជ្រោមជ្រែង ញ៉ាំងឲ្យកម្មវិធីបុណ្យបានប្រព្រឹត្តទៅយ៉ាងរលូន ។
-ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី ប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងក្នុង និងទាំងក្រៅប្រទេស ជាពិសេសគឺ ប្រជាពុទ្ធបរិស័ទវត្តប្រជុំនទី ”ក្រពើហា” ដែលបានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ញ៉ាំងឲ្យកម្មវិធីបុណ្យបានប្រព្រឹត្តទៅយ៉ាងអធិកអធម ជាឱឡារិក ។
-ព្រះគ្រូសង្ឃានុរ័ក្ខវង្សា ឡាង បូរ៉ាត នាយករង និងជាសាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ដែលបានចំណាយពេលវេលាដ៏មមាញឹករបស់ព្រះអង្គ មកជួយរៀបរៀងតាក់តែងជាសៀវភៅនេះ ឲ្យបានលេចជារូបរាងឡើងបានយ៉ាងល្អ ។ 
សូមគោរព ថ្វាយ ប្រគេន និងជូនពរ សម្តេច ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី ប្រជាពុទ្ធបរិស័ទទាំងអស់ បានជួបប្រទះ នូវពុទ្ធពរទាំងឡាយ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត់ឡើយ ៕

 ថ្ងៃ ៦ ᧮ ១១ ឆ្នាំ មមី ឆស័ក ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា 
ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ
មាតិកា
អារម្ភកថា i
ឧទ្ទិសកថា iii
សេចក្តីថ្លែងអំណរគុណ v
មាតិកា vii
ព្រះឆាយាល័ក្ខណ៍ព្រះអរិយមគ្គញ្ញាណ អន ហ៊ឹម x
ព្រះឆាយាល័ក្ខណ៍ព្រះឃោសធម្ម ឡុង យុង xi
ព្រះឆាយាល័ក្ខណ៍ព្រះវិភទ្ទញ្ញាណ គង់ នូ xii
ព្រះឆាយាល័ក្ខណ៍ព្រះបវរមុនីញាណ ឃឹម យឹម xiii
ព្រះឆាយាល័ក្ខណ៍ព្រះព្រហ្មសិរីញាណ គ្រួច គួន xiv
កម្មវិធីបុណ្យគម្រប់ខួប 1
កម្មវិធីបុណ្យស្រោចស្រពសុគន្ធវារី 4
កម្មវិធីបុណ្យវិសាខបូជា 6
បទសរភញ្ញ 7
បទសូត្របង្ហូតទង់ព្រះពុទ្ធសាសនា 8
បទសូធ្យដាក់ទង់ព្រះពុទ្ធសាសនា 9
ជីវប្រវត្តិសង្ខេប 10
ជីវៈប្រវត្តិព្រះហុលត្ថេរ អន ហ៊ឹម 11
វិធីរាប់ស័កឆ្នាំ 18
កំណាព្យ 23
ជីវៈប្រវត្តិសង្ខេបនៃព្រះឃោសធម្ម ឡុង យង់ 28
ជីវប្រវត្តិសង្ខេបនៃព្រះបវរមុនីញាណ ឃឹម យឹម 33
ជីវប្រវត្តិសង្ខេបនៃព្រះព្រហ្មសិរីញាណ គ្រួច គួន 38
ជីវៈប្រវត្តិសង្ខេបនៃព្រះវិភទ្ទញ្ញាណ គង់ នូ 43
រចនាសម្ព័ន្ធមន្ត្រីសង្ឃខេត្តកណ្តាលបច្ចុប្បន្ន 46
តួនាទីនិងភារកិច្ចនៃការគ្រប់គ្រង 47
មន្ត្រីសង្ឃក្រុងតាខ្មៅ ដែលត្រូវបានតែងតាំងឡើងដោយព្រះរាជប្រកាស  និងព្រះសង្ឃប្រកាស 48
រចនាសម្ព័ន្ធមន្ត្រីសង្ឃក្រុងតាខ្មៅបច្ចុប្បន្ន 50
រចនាសម្ព័ន្ធមន្ត្រីសង្ឃវត្តប្រជុំនទី”ក្រពើហា” បច្ចុប្បន្ន 51
ព្រះគ្រូសហការីអនុគណក្នុងវត្តប្រជុំនទី”ក្រពើហា” 61
ព្រះរាជាគណៈ និងព្រះគ្រូ គង់ក្នុងវត្តព្រែកសំរោង 69
សហការីព្រះឃោសធម្ម 72
គណៈគ្រប់គ្រងវត្តប្រជុំនទី”ក្រពើហា” 75
ត្រៃលក្ខណ៍កថា 78
អនត្តាធម៌ 86
ឧបាទានក្ខន្ធទុក្ខ 94
បុព្វការីកថា 100
បុគ្គលាធិដ្ឋានរបស់ពុទ្ធជយមង្គល 108
បរិយាយដើម 112
១-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់មារាធិរាជ 114
រឿងមារាធិរាជ 115
២-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់អាឡវកយក្ស 119
រឿងអាឡវកយក្ស 119
៣-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ដំរីនាឡាគិរី 131
រឿងដំរីនាឡាគិរី 131
៤-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ចោរអង្គុលិមាល 134
រឿងចោរអង្គុលិមាល 134
៥-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ក្រមុំចិញ្ចា 139
រឿងនាងក្រមុំចិញ្ចា 140
៦-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់សច្ចកនិគ្រន្ថ 142
រឿងសច្ចកនិគ្រន្ថ 143
៧-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់នន្ទោបនន្ទនាគរាជ 152
រឿងនន្ទោបនន្ទនាគរាជ 152
៨-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ពកាព្រហ្ម 156
រឿងពកាព្រហ្ម 157
ច្បាប់ទូន្មានជនប្រុសស្រី និងពាក្យដាស់តឿនកូនចៅ 161
ច្បាប់ទូន្មានជនប្រុសស្រី 163
ច្បាប់ទូន្មានជនប្រុសស្រី 166
ពាក្យដាស់តឿនកូនចៅ 175
អាគតដ្ឋានឯកសារ 190

កម្មវិធី
បុណ្យគម្រប់ខួប១៥ឆ្នាំ ប្រគេនព្រះវិញ្ញាណក្ខន្ធ ព្រះអរិយមគ្គញ្ញាណ អន ហ៊ឹម (ព្រះហុលត្ថេរ) ព្រះរាជាគណៈថ្នាក់ចត្វា អតីតព្រះបាឡាត់គណខេត្ត ព្រះឧបជ្ឈាយ៍ខេត្តកណ្តាល និងជាព្រះចៅអធិការវត្តប្រជុំនទី”ក្រពើហា”, ព្រមទាំងឧទ្ទិសកុសលប្រគេន
  ១.ព្រះឃោសធម្ម ឡុង យុង ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តកណ្ឋារាម(តាខ្មៅ)គម្រប់ខួប១៣ឆ្នាំ,
២.ព្រះវិភទ្ទញ្ញាណ គង់ នូ ព្រះរាជាគណៈថ្នាក់ចត្វា អតីតព្រះអនុគណក្រុងតាខ្មៅ គម្រប់ខួប១៨ឆ្នាំ,
៣.ព្រះបវរមុនីញាណ ឃឹម យឹម ព្រះរាជាគណៈថ្នាក់កិត្តិយស អតីតព្រះសមុហ៍គណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រែកសំរោង គម្រប់ខួប៦ឆ្នាំ,
៤. ព្រះព្រហ្មសិរីញាណ គ្រូច គួន ព្រះរាជាគណៈថ្នាក់កិត្តិយស អតីតព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តកណ្ឋារាម(តាខ្មៅ)គម្រប់ខួប៧ឆ្នាំ
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែវិសាខ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ 
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥
ពេលព្រឹក
-ម៉ោង ៨:០០នាទី ជួយជុំពុទ្ធបរិស័ទ ដង្ហែរូបសំណាកតំណាង ជុំវិញសាលាខេត្ត
កណ្តាលហើយវិលមកវត្តប្រជុំនទី”ក្រពើហា”វិញ ។
-ម៉ោង ៩:៣០នាទី រៀបចំពិធីសែនក្រុងពាលី សូមម្ចាស់ទឹកដី
-ម៉ោង ១០:៣០នាទី វេរភត្តាហារប្រគេនព្រះសង្ឃ
ពេលរសៀល
-ម៉ោង ១:៣0នាទី ជួបជុំប្រជាពុទ្ធបរិស័ទ មន្ត្រីរាជការ ដែលជាសិស្សគណ 
នៅក្នុងបរិវេណវត្តប្រជុំនទី “ក្រពើហា”
-ម៉ោង ២:០០នាទី សម្តេច ព្រះរាជាគណៈ តាមឋានានុក្រម យាង និងនិមន្តដល់
-ម៉ោង ៣:០០នាទី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ
ចម្រើនព្រះបរិត្ត និងយាងសម្តេចព្រះវនរតន៍ ណយ ច្រឹក សម្តេច
ព្រះសង្ឃនាយករងទី៣ ប្រទានធម៌ទេសនា ។ 
-ម៉ោង ៦:១៥នាទី អញ្ជើញលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស សម្តែងធម៌ទេសនា ។
បញ្ជាក់ៈ ចប់ធម៌ទេសនា នឹងមានសិល្បល្ខោនបាសាក់សម្តែងជូនទស្សនារហូតដល់ភ្លឺ ។
ពេលព្រឹក ថ្ងៃសុក្រ ១៤កើត ខែវិសាខ ឆ្នាំមីម ឆស័ក ព.ស.២៥៥៨ 
ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥
-ម៉ោង ៦:០០នាទី ប្រគេនយាគុព្រះសង្ឃ
-ម៉ោង ៩:០០នាទី និមន្តព្រះសង្ឃសមណសិស្សចំនួន៣០០អង្គ ទ្រង់បិណ្ឌបាតជុំវិញ
ព្រះវិហារ 
-ម៉ោង ១០:០០ វេរភត្តាហារប្រគេព្រះសង្ឃ ពហូទេវាដារឆ្លង ដើម្បីឧទ្ទិសកុសល
ប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសពគ្រប់អង្គជាកិច្ចបង្ហើយបុណ្យ ។
អ្នកផ្តើមបុណ្យ
១- សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា
២- សម្តេចព្រះវនរតន៍ ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា
៣-សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះអគ្គាធិការរង នៃពុទ្ធិកសិក្សាជាតិ
៤-សម្តេចព្រះឧត្តមបញ្ញា ដូង ផង់
៥-សម្តេចព្រះឧត្តមមុនី យឿង យ៉ាត់ សមាជិកថេរសភាសង្ឃ
៦-សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល៍ សម្តេចព្រះអគ្គាធិការរង នៃពុទ្ធិកសិក្សាជាតិ
៧-ព្រះពុទ្ធវង្ស ជា សំអាង ព្រះមេគណខេត្តកណ្តាល
៨-ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងតាខ្មៅ ព្រមទាំងសហការី
៩-ព្រះឧបាលិវង្ស ស ប៊ុណ្ណា ព្រះវិន័យធរគណខេត្តកណ្តាល 
១០-ព្រះសិរីសម្មតិវង្ស លន់ សុគន្ធា ព្រះធម្មធរគណខេត្តកណ្តាល និងជាព្រះអនុគណស្រុកខ្សាច់កណ្តាល ព្រមទាំងសហការី
១១-ព្រះវិសុទ្ធិវង្សា ខឹម សុផន ព្រះសមុហ៍គណខេត្តកណ្តាល និងជាព្រះអនុគណស្រុកកៀនស្វាយ ព្រមទាំងសហការី
១២-ព្រះពោធិវង្សា ពៅ រតនា ព្រះលេខាធិការគណខេត្តកណ្តាល និងជាចៅអធិការវត្តកៀនស្វាយក្រៅ
១៣-ព្រះគ្រូចរិយាកោសល្យ ភិន មង្គលឬទ្ធី ព្រះអនុគណស្រុកពញាឮ និងសហការី
១៤-ព្រះកោសល្យមុនីញាណ យឹម អុន ព្រះអនុគណស្រុកស្អាង និងសហការី
១៥-ព្រះញាណវិទូ ទិត្យ សំអូន ព្រះអនុគណស្រុកលើកដែក និងសហការី
១៦-ព្រះគ្រូអង្គមុនីបញ្ញា ភិន ចន្ថា ព្រះអនុគណស្រុកអង្គស្នួល និងសហការី
១៧-ព្រះគ្រូបញ្ញាសិរី ភោគ រស់ ព្រះអនុគណស្រុកល្វាឯម និងសហការី
១៨-ព្រះវិសុទ្ធប្បញ្ញោ ស៊ិន ម៉ាប់ ព្រះអនុគណស្រុកកោះធំ និងសហការី
១៩-ព្រះវិរៈមុនីញាណ អៀម សាន ព្រះអនុគណស្រុកកណ្តាលស្ទឹង និងសហការី
២០-ព្រះមង្គលធម្មកិច្ច ធូ ម៉ន ព្រះអនុគណស្រុកមុខកំពូល និងសហការី
២១-ព្រះញាណវិសុទ្ធវង្ស សាត វិបុល ចៅអធិការវត្តជេត្ថាឧត្តម 
២២.ព្រះវិចិត្តសត្ថា អ៊ូ សុខអេង ព្រះចៅអធិការវត្តសំរោង
២៣.ព្រះថានចារី អ៊ុក ថុល ព្រះធម្មធរអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តព្រែកហូរ
២៤.ព្រះមេត្តាវិសុទ្ធិ ខឹម ប៊ុណ្ណា ព្រះវិន័យធរអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តព្រែកសំរោង
 ២៥.ព្រះវិបស្សនា ហ៊ឹម ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ចត្វា និងព្រះចៅអធិការវត្តពុទ្ធមណ្ឌលវិបស្សនាកម្ពុជា 
២៦- ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ សិស្សគណទាំងអស់ ។



កម្មវិធី
បុណ្យស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូៗសហការីអនុគណ
និងចម្រើនជន្មាយុជូនលោកអាចារ្យ គណៈកម្មការ ព្រមទាំងចាស់ព្រឹទ្ធាចារ្យ
ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម និងលោកជំទាវ
ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨
ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥
ពេលរសៀលៈ
-ម៉ោង ១:៣០នាទី ជួបជុំពុទ្ធបរិស័ទ មន្ត្រីរាជការនៅក្នុងបរិវេណវត្តប្រជុំនទី”ក្រពើហា”
-ម៉ោង ២:០០នាទី ជួបជុំកូនចៅធ្វើកិច្ចសុំខមាទោសចំពោះមាតាបិតា ។
-ម៉ោង ២:៣០នាទី សម្តេច ព្រះរាជាគណៈ មន្ត្រីសង្ឃខេត្តយាង-និមន្តដល់ ។
-ម៉ោង ៣:០០នាទី ឯកឧត្តម គន់ គីម និងលោកជំទាវអញ្ជើញដល់ ។
ចាប់ផ្តើមកម្មវិធី
កម្មវិធីទី១: គោរពភ្លេងជាតិ និងសូត្របទសារភញ្ញ
កម្មវិធីទី២: ប្រកាសហេតុ និងប្រកាសសមាសភាពអ្នកចូលរួម
កម្មវិធីទី៣: របាយការណ៍ស្វាគមន៍ដោយ
កម្មវិធីទី៤: អានប្រកាសនីយ៍បត្រដោយ
កម្មវិធីទី៥: ពិធីប្រគេនប្រកាសនីយ៍បត្រដល់គ្រូសូត្រស្តាំឆ្វេង និងព្រះគ្រូ
កម្មវិធីទី៦: ប្រសាសន៍សំណេះសំណាលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គន់ គីម
កម្មវិធីទី៧: ពិធីបំពាក់មេដាយប្រគេនព្រះសង្ឃ និងជូនអាចារ្យ គណៈកម្មការ
កម្មវិធីទី៨: ធ្វើពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ និងជូនអាចារ្យ 
គណៈកម្មការ និងចាស់ព្រឹទ្ធាចារ្យ។
កម្មវិធីទី៩: ការអញ្ជើញនិវត្តន៍ទៅវិញរបស់គណៈអធិបតី ។ 
កម្មវិធីបន្ទាប់: ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ
ចម្រើនព្រះបរិត្ត និងនិមន្តព្រះពុទ្ធវង្ស ជា សំអាង ព្រះមេគណ
ខេត្តកណ្តាល សម្តែងធម៌ទេសនា ។
បញ្ជាក់ នារាត្រីនោះ មានសិល្បៈល្ខោនបាសាក់សម្តែងជូនទស្សនារហូតដល់ភ្លឺ ។
លុះព្រឹកឡើង ថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨
ត្រូវនឹងថ្ងៃទី២ ខែឆ្នាំដដែល ។
-ម៉ោង ៦:0០នាទី នមស្សការព្រះរតនត្រ័យ សមាទានសីល ប្រគេនយាគូព្រះសង្ឃ
-ម៉ោង ១០:០០នាទី វេរភត្តាហារប្រគេនព្រះសង្ឃ ពហូទេវា ដារឆ្លងជាកិច្ចបង្ហើយបុណ្យ
អ្នកផ្តើមបុណ្យ
១-ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្ត ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តប្រជុំនទី”ក្រពើហា” ។
២-ពុទ្ធបរិស័ទចំណុះជើងវត្តប្រជុំនទី”ក្រពើហា”ទាំងអស់ ។
កម្មវិធី
បុណ្យវិសាខបូជា និងពុទ្ធាភិសេក
ថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨
ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥
ពេលរសៀល
-ម៉ោង ៤:០០នាទី ជួបជុំពុទ្ធបរិស័ទ មន្ត្រីរាជការនៅក្នុងបរិវេណវត្តប្រជុំនទី”ក្រពើហា”
-ម៉ោង ៤:៣០នាទី ពិធីដង្ហែក្បួនវិសាខបូជាជុំវិញសាលាខេត្តកណ្តាល ចំនួន១ជុំ រួច
ឡើងលើព្រះវិហារ ។
-ម៉ោង ៥:០០នាទី ពិធីស្មឹងស្មាធិ៍គោរពដល់ការបរិនិព្វាន នៃព្រះសម្មាសម្ពុទ្ធបរមគ្រូ
(រយៈពេល១៥នាទី) ។
-ម៉ោង ៥:១៥នាទី ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ
ចម្រើនព្រះបរិត្ត ។
-ម៉ោង ៦:០០នាទី ពិធីសូត្រថ្វាយផ្កា, សូត្រវិសាខបូជា, និងនិមន្តព្រះសង្ឃ ធ្វើពិធី
ពុទ្ធាភិសេកព្រះពុទ្ធរូប ។
បញ្ជាក់ៈ នារាត្រីនោះមានសិល្បៈចាប៉ីដងវែងច្រៀងកំដររហូតដល់ចប់កម្មវិធី ។
លុះព្រឹកឡើង ថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩
ត្រូវនឹងថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៥ ។
-ម៉ោង ៦:០០នាទី ប្រគេនយាគូព្រះសង្ឃ
-ម៉ោង ១០:០០នាទី វេរភត្តាហារប្រគេនព្រះសង្ឃ ពហូទេវា ដារឆ្លង
ជាកិច្ចបង្ហើយបុណ្យ ។
អ្នកផ្តើមបុណ្យ
ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រជុំនទី”ក្រពើហា”ទាំងអស់ ។

បទសរភញ្ញ
១.សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត
   ក្នុងលោកា ជាគ្រូនៃមនុស្ស និងទេវតា
   ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ
២.ចង្អុលឲ្យដើរ ផ្លូវកណ្តាល មាគារត្រកាល
   អាចកម្ចាត់ ទុក្ខភ័យចង្រៃ ឲ្យខ្ចាយខ្ចាត់
   អាចកាត់សង្សា -ទុក្ខបាន
៣.សាសនា នៅសព្វថ្ងៃ សត្វមាននិស្ស័យ
   ពីបូរាណ ប្រឹងរៀនប្រឹងស្តាប់ ចេះចាំបាន
   កាន់តាមលំអាន បានក្តីសុខ
៤.ឥតមានសុខណា ស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខ
   ឃ្លាតចាកទុក្ខ តាំងពីលោកនេះ តទៅមុខ
   ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់
៥.ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ
   ទាំងគ្រប់សព្វ រួមជាត្រៃរតន៍ គួរគោរព
   ជាម្លប់ត្រជាក់ នៃលោកា
៦.ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធិតាងអង្គ
   ព្រះសាស្តា សូមគុណត្រៃរតន៍ ជួយខេមរា
   ឲ្យបានសុខា តរៀងទៅ

rrសព្វទានំ ធម្មទានំ ជិនាតិss

បទសូត្របង្ហូតទង់ព្រះពុទ្ធសាសនា
១- សូមមើលទង់ជ័យឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ
    ខៀវលឿងក្រហមព្រមទាងពណ៌ស             ហង្សបាទនិងពណ៌ដ៍ភ្លឺផ្លេក ។
២- ប្រទេសតូចធំបានស្មគ្រស្មាគម         ជំនុំគ្នាច្រើនអនេក
   ព្រមយករស្មីព្រះពុទ្ធគួរត្រេក                   ប្រសើរពន់ពេក ក្រៃកន្លង ។
៣- ធ្វើជាសញ្ញាទង់ជ័យសាសនា                 នៃសម្ពុទ្ធធំចម្បង
   ចូរយើងរាល់គ្នាយកចិត្តចាំចង               នឹកដល់ព្រះអង្គជាអម្ចាស់ ។
៤-ទោះជាតិផ្សេងគ្នាក៍ត្រូវដឹងថា                 សុទ្ធសឹងតែជាពុទ្ធសាសន៍ត្រូវមាន
   សាមគ្គីទា៓ងក្មេងទា៓ងចាស់                         ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា ។
៥-សូមសាសនាពុទ្ធថ្កុំថ្កើងខ្ពស់ផុត             រុងរឿងវិសុទ្ធដ៍ថ្លៃថ្លា
   ហើយមានជ័យជោគផ្សាយពេញលោកា     ដោយជនជ្រះថ្លាច្រើនសែនលាន ។
៦-មានចិត្តស្នេហាគោរពបូជា                       ចំពោះព្រះធម៌ដ៍កល្យាណ
   ទា៓ងមនុស្សទេព្ដាស្នេហាគ្រប់ប្រាណ         ប្រាថ្នាចង់បាន សេចក្ដីសុខ ។
៧- យើងខេមរជាតិនា៓គ្នាខ្មីឃ្មាត                 កាន់ធម៌នឹងបានចាកផុតទុក្ខ
   រួបរួមសាមគ្គីពីនេះទៅមុខ                     យើងនឹងបានសុខក្សេមក្សាន្តត្រាណ ។
៨- ព្រមព្រៀងប្រព្រឹត្តកាន់ធម៌សុចរិត         ឆ្ពោះទៅកាន់ឋាននិព្វាន
  ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត           ជាតិយើងនឹងបានសោយសុខា ៕៚







បទសូធ្យដាក់ទង់ព្រះពុទ្ធសាសនា
១- ជាតិយើងអ្នកកាន់សាសនា                   ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី                                 គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
២- ផ្សាយចេញពីព្រះកាយទ្រង់                 រុងរឿងឫទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ                     ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
៣- កំណើតនៃព្រះរស្មី                               កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរុញរា                                 កាលដែលនៅជាព្រះពោធិសត្វ ។
៤- រស្មីពណ៌ខៀវនោះណា                            កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត                     កាលនៅជាក្សត្រនាមស្រីពិរាស្ត្រ ។
៥- រស្មីពណ៌លឿងភ្លឺថ្លា                         កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស                                 ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។
៦- រស្មីក្រហមនោះណា                           កាលដែលមាតាពស់ខាំស្លាប់ពិត
បទុមស៊ូប្ដូរជីវិត                                     កាត់បេះដូងបិទធ្វើថ្នាំមាតា ។
៧- រស្មីពណ៌សសុទ្ធសាធ                       កាលជាព្រះបាទវេស្សន្ដរក្សត្រា
ឱ្យទានដំរីសសោភា                                     ដែលទ្រង់ប្រាថ្នាយកពោធិញាណ ។
៨- រស្មីពណ៌ដូចជើងហង្ស                         កាលមាតាទ្រង់យក្ខចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ                         ឱ្យយក្ខសាមាន្យស៊ីប្ដូរជីវិត ។
៩- រស្មីភ្លឺផ្លេកពណ្ណរាយ                             កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឱ្យទានសាច់ឈាមជីវិត                               ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។
១០- រស្មីខៀវលឿងក្រហម                         សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ                                 ក្មេងចាស់កុមារចូរចាំទុកអើយ ៕៚




ជីវប្រវត្តិសង្ខេប

ព្រះហុលត្ថេរ អន ហ៊ឹម
អតីតចៅអធិការទី៣ វត្តប្រជុំនទីហៅក្រពើហា សង្កាត់តាខ្មៅ  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

កើតថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមែ សប្តស័ក ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ១៩០៧ ក្នុងព.ស.២៤៥០

ដល់មកអាយុ១៤ឆ្នាំ បព្វជ្ជាជាសាមណេរ ក្នុងឆ្នាំ១៩២១ ព.ស.២៤៦៤ ។ បព្វជ្ជាជាភិក្ខុក្នុងឆ្នាំ១៩២៨ ព.ស.២៤៧១ 

លុះដល់មកថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំថោះ សប្តស័ក ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ព.ស.២៥១៩ ត្រូវផ្លាស់ភេទបព្វជិត មកជាគ្រហាវាស ក្នុងទីវត្តកោះធំ ឃុំកោះធំ ស្រុកកោះធំ ដោយការគម្រាមបង្ខំរបស់បច្ចាមិត្ត 





ជីវៈប្រវត្តិ
ព្រះហុលត្ថេរ អន ហ៊ឹម
ជាអតីតចៅអធិការ ទី៣ បព្វជ្ជូបសម្បទា ក្នុងទីវត្តប្រជុំនទី (ហៅក្រពើហា) សង្កាត់តាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ កើតថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ក្នុងឆ្នាំ១៩០៧ ព.ស.២៤៥០ ក្នុងសង្កាត់តាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
កាលនៅជាកុមារ មានអាយុ៧ឆ្នាំ បានទៅសិក្សារៀន នូវអក្សរសាស្ត្រជាតិ ក្នុងទីវត្តសត្បូរ ឃុំសត្បូរ ស្រុកស្អាង ខេត្តកណ្តាល ក្នុងការគ្រប់គ្រងនៃព្រះតេជៈព្រះគុណ ព្រះនាម (ស្រី) បាននៅរួមជាមួយ នឹងឪពុកមាខាងម្តាយ នាម(ភិក្ខុ ជា ប៊ិន) កាលនៅក្នុងបព្វជ្ជា នៅសិក្សាអស់រយៈកាល៥ឆ្នាំ ទើបបានត្រឡប់មកនៅគេហស្ថាន ផ្ទះរបស់ខ្លួនវិញ ។
លុះមកដល់ឆ្នាំ១៩២១ ក្នុងព.ស.២៤៦៤ មានអាយុ១៤ឆ្នាំ បានចូលមកបព្វជ្ជា ជាសាមណេរ ក្នុងពទ្ធសីមាវត្តប្រជុំនទី សង្កាត់តាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងការគ្រប់គ្រងនៃព្រះតេជៈព្រះគុណ ព្រះនាម(សេក ម៉ៅ) ដែលត្រូវជាជីតាមីងខាងឪពុក ជាព្រះឧបជ្ឈាយ៍ ហើយបានសិក្សាខាងព្រះបរិយត្តិធម៌បានខ្លះ តាមសមត្ថភាពរបស់ខ្លួន ។
លុះមកដល់ឆ្នាំ១៩២៦ ក៏បានត្រឡប់ចាកភេទ ជាសាមណេរមកជាគ្រហាវាសវិញ ដោយញោមប្រុសមានធុរៈ កើតរោគលឿង ហើយទៅរានចម្ការនៅទួលតម្បង ខាងបឹងត្នោត ក្នុងឃុំសត្បូរ ស្រុកស្អាង ជាភូមិស្រុកខាងម្តាយ ធ្វើរបររកស៊ី ចិញ្ចឹមឧពុកម្តាយ នឹងប្អូនតូចៗ ហើយបានទាំងរៀនខាងគណិតសាស្ត្រ លេខនព្វន្តចេះចាំបានទៀតផង នៅជាគ្រហាវាសអស់រវៀង២ឆ្នាំ
លុះមកដល់ឆ្នាំ១៩២៨ ព.ស.២៤៧១ បានចូលមកបព្វជ្ជាភាវៈជាភិក្ខុ ក្នុង
ពទ្ធសីមាវត្តប្រជុំនទី(ក្រពើហា) សង្កាត់តាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិមន្តព្រះសុវណ្ណត្ថេរ ព្រះចៅអធិការ ក្នុងទីនោះ ជាព្រះឧបជ្ឈាយ៍ បាននិមន្តព្រះ នន្ទត្ថេរ ជាគ្រូសូត្រឆ្វេងក្នុងទីវត្តនោះ ជាអនុសាវន
បាននិមន្ត ព្រះសុវណ្ណត្ថេរ ជាព្រះចៅអធិការ វត្តសត្បូរ ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល ជាកម្មវាចា បានឧបសម្បទា ឆាយាលេខ៧០ មាននាមបញ្ញត្តិឈ្មោះថា ព្រះហុលត្ថេរ ដែលព្រះឧបជ្ឈាយ៍ ប្រទានឲ្យ ។ បាននៅរៀនខាង វបស្សនាធុរៈ និងព្រះឧបជ្ឈាយ៍ អស់មួយព្រះវស្សា ។ ដល់មកឆ្នាំ ១៩២៩ ព.ស.២៤៧២ បានលាព្រះឧបជ្ឈាយ៍ ចេញទៅរករៀនខាងគន្ថធុរៈ នៅទីវត្តឥន្ទពិសី ស្រុកខ្សាច់កណ្តាល នឹងព្រះតេជៈព្រះគុណអាចារ្យនាម (សែត) ។
  បានទាំងផ្តើមចារចម្លង នូវគម្ពីរព្រះកច្ចាយណៈ មានព្រមទាំងធាតុ នឹងមេសូត្រ វិភត្តបន្លែស័ព្ទ នឹងសព្វនាម ដោយដៃខ្លួនឯង សម្រាប់សិក្សារៀន ។ ស្នាក់នៅរៀនសូត្រក្នុងទីវត្តនោះ អស់រយៈកាល២ព្រះវស្សា ក្នុងការគ្រប់គ្រងនៃព្រះតេជៈព្រះគុណ ព្រះនាម(មោក) ជាព្រះចៅអធិការ នៃវត្តនោះ ។
លុះដល់មកឆ្នាំ ១៩៣១ ព.ស.២៤៧៤ បានមកនៅរៀនសូត្រ ក្នុងទីវត្តនាគវ័ន (ហៅទឹកល្អក់) នៅក្នុងការគ្រប់គ្រងនៃព្រះចៅអធិការព្រះនាម (ផឹង) ក្នុងសង្កាត់លេខ២ ទីក្រុងភ្នំពេញ នឹងព្រះតេជៈព្រះគុណនាម(ដុំ) ជាបាលត្ថសង្ឃវង្ស នៃសម្តេចព្រះមហាសង្ឃរាជ ព្រះនាម (ទៀង) កាលនៅក្នុងបព្វជ្ជា នឹងលោកគ្រូអាចារ្យ (ផង់ សង) នឹងលោកគ្រូ(មហាសូ) នឹងព្រះមហាថេរខ្លះទៀត បំពេញវិជ្ជាតទៅ ។
កាលស្នាក់នៅរៀនសូត្រក្នុងទីវត្តនោះ បានផ្តើមកសាងធ្វើ នូវគម្ពីរបាលី នឹងអដ្ឋកថា យោជនា ដីកា នឹងអនុដីការ ទាំងគម្ពីរវុត្តោទយ មានព្រមទាំងអដ្ឋកថា យោជនា ដីកា នឹងអនុដីកា ដែលជាគ្រឿងផ្ទាត់ផ្ទៀង នូវបាទនឹងឆន្ទនៃបាលី មានកំណត់នូវមាត្រាតួអក្ខរៈជាដើម ។ 
នឹងគម្ពីរជាគ្រឿងកែ មូលកច្ចាយណៈ ចំនួនច្រើនគម្ពីរ មានអត្ថវិគ្គហៈ ជាដើមផងទៀត ។
សិក្សារៀនក្នុងទីវត្តនោះ អស់ចំនួន១០ព្រះវស្សា បានជាឧទ្ទេសាចារ្យ បង្រៀនភិក្ខុសាមណេរ ក្នុងទីវត្តនោះ អស់រយៈកាល១២ឆ្នាំ តាមសមត្ថភាពរបស់ខ្លួន ដែលមាន ឯការកសាងនូវគម្ពីរ ដីកានោះ ក៏ចេះតែធ្វើជាប់ដរាប់ទាន់តែចប់ព្រះបរិយត្តិធម៌ ដោយកម្លាំងកាយ នឹងកម្លាំងធនធានផ្ទាល់ខ្លួន គឺបានចារដោយខ្លួនឯងផង ជួលគេឲ្យចារផង ទាំងជាវគេទៀតផង ដរាប់ដល់ចប់
អាទិកម្ម ១ ទីឃនិកាយ  ១
បាចិត្តិយ១ មជ្ឈិមនិកាយ១
គម្ពីរព្រះវិន័យ៥ គឺ   មហាវគ្គ ១ គម្ពីរព្រះសូត្រ៥គឺ សំយុត្តនិកាយ១
ចុឡវគ្គ  ១ អង្គុត្តរនិកាយ ១
បរិវារៈ  ១ ខុទ្ទកនិកាយ  ១
ធម្មសង្គិណី១ បានទាំងជាវនូវសៀវភៅព្រះត្រ័យ
វិភង្គ         ១ បិដក ដែលព្រះរាជបណ្ណាល័យ បោះ
ធាតុកថា   ១ ពុម្ពផ្សាយមួយចប់ ថែមផងទៀត ជា
គម្ពីរព្រះអភិធម្ម៧ បុគ្គលបញ្ញត្តិ១ ពីរចប់ នឹងគម្ពីរស្លឹករឹត ។
កថាវត្ថុ     ១
យមកៈ     ១
មហាបដ្ឋាន១
ឯផ្នែកខាងមូលកច្ចាយណៈ ទាំង៩ខ្សែក៏បានធ្វើបែបផែន គឺ បទសន្ធិ បានធ្វើជាវិធីតាំងកាត់បទ ក្នុងឧទាហរណ៍មួយៗ ជាវវត្ថិតព្យញ្ជនៈ ហើយប្រែស័ព្ទចេញពីបាលី មកជាខេមរៈភាសា សម្ពន្ធញែកធាតុ ចងជាសម្ពន្ធព្យញ្ជនៈ ធ្វើដោយវិធីមេសូត្រ
ដូចមានឧទាហរណ៍ថា តត្រាយមាទិ កាត់បទជា តត្រ’ យំ ាទិ ប្រែថា រីមគ្គជាដំបូងនេះ បង្កើតខាងដើម ក្នុងទីស្ងាត់ចាកកិលេសនោះ ជាដើម ។
ឯបទនាម បានធ្វើវិធីតាំងចុះវិភត្ត ទាំង១៤ ជាឯកវចនៈ ពហុវចនៈ វិភត្តិណាមួយ ក្នុងឧទាហរណ៍មួយៗ ហើយប្រែចេញជាស័ព្ទ សម្ព័ន្ធញែកធាតុ ទៅតាមប្រយោគ អាទេសវិភត្តិ នឹងព្យញ្ជនៈ ធ្វើដោយវិធីមេសូត្រ ក្នុងឧទាហរណ៍មួយៗ ។
បទសមាស បានប្រែចេញជាស័ព្ទ ហើយសម្ពន្ធញែកធាតុ ទៅតាមប្រយោគ នឹងឈ្មោះសមាស ធ្វើដោយវិធីមេសូត្រ ក្នុងឧទាហរណ៍មួយៗ ។
បទតទ្ធិត បានប្រែចេញេជាស័ព្ទ ហើយជាសម្ពន្ធញែកធាតុ ទៅតាមប្រយោគ នឹងឈ្មោះតទ្ធិត ធ្វើដោយវិធីមេសូត្រ ក្នុងឧទាហរណ៍មួយៗ ។
ឯក្នុងបទអាខ្យាត បានធ្វើវិធីតាំងចុះវិភត្តិអាខ្យាតទាំង១២ ជាបរស្សបទ នឹងអត្តនោបទ ឯកវចនៈ នឹងពហុវចនៈ ក្នុងកាលទាំង៣ គឺ អតីត អនាគត បច្ចុប្បន្ន វិភត្តិណាមួយ ហើយប្រែចេញជាស័ព្ទ ទាំងជាសម្ពន្ធញែកធាតុ ក្នុងឧទាហរណ៍មួយៗ ធ្វើសម្រេចដោយវិធីមេសូត្រ ។
ឯបទក្រិត បានប្រែចេញជាស័ព្ទ នឹងជាសម្ពន្ធញែកធាតុ តាមសាធនៈ មានកតុរូប កតុសាធនៈ សបទវិគ្គហៈ អស្សបទវិគ្គហៈ ជាដើមផង នឹងបច្ច័យចុះក្នុងកាល មានបុព្វកាល សមានកាល ហេតុកាល ជាដើមផង ក្នុងឧទាហរណ៍មួយៗ សម្រេចដោយវិធីមេសូត្រ ។
បទឧណាទិចងជាប្រយោគ ។ល។.......
ឯក្នុងបទការក បានប្រែចេញជាស័ព្ទ នឹងជាសម្ពន្ធញែកធាតុ ទៅតាមប្រយោគវិភត្តិនាម ដែលចុះវិភត្តិក្នុងវិភត្តិ ដែលគួរនឹងចុះបាន ដូចជាឧទាហរណ៍ថា
តុម្ហេ រក្ខថ កាកេសុ គណ្ឌលា
ប្រែថា អ្នកទាំងឡាយចូររក្សា នូវក្អែកទាំងឡាយ អំពីអង្ករ ។ នេះជាវិភត្តិសត្តមី ចុះក្នុងទុតិយាវិភត្តិ ។
ហើយបានទាំងនិពន្ធ ចងក្រងទុកជាសៀវភៅ មានចំនួន៨ក្បាល ជាច្បាប់សម្រាប់បង្រៀន នូវភិក្ខុសាមណេរ ដែលត្រូវសិក្សារៀនជាដំបូង ផងទៀត ។
បានទាំងចរិកចារឈ្មោះទុក  ក្នុងគម្ពីរបាលី  ស្លឹករឹត នឹងសៀវភៅនោះថា  ព្រះ ហុលត្ថេរ (អន ហ៊ឹម) វត្តប្រជុំនទី សង្កាត់តាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានកសាងនូវព្រះគម្ពីរនេះ គ្រប់គម្ពីរទាំងអស់ ។ បានទាំងជាវនូវសៀវភៅ កងធម៌ នឹងវិន័យទាំងក្បូនខ្នាតផ្សេងៗដទៃទៀត មានច្បាប់រឿងព្រេងបូរាណយ៉ាងច្រើន ដែលបានបោះពុម្ពផ្សាយ ចេញមកគ្រប់មជ្ឈដ្ឋាន ស្ទើរតែទាំងអស់ បានទាំងចារឈ្មោះទុក ក្នុងសៀវភៅទាំងអស់នោះជា (សៀវភៅជារបស់   ព្រះហុលត្ថេរ (អន ហ៊ឹម)   វត្តប្រជុំនទី  តាខ្មៅ កណ្តាល) យ៉ាងនេះទាំងអស់គ្រប់សៀវភៅ ។
កាលស្នាក់នៅរៀនសូត្រ ក្នុងទីវត្តនាគវ័ន សង្កាត់លេខ២ ទីក្រុងភ្នំពេញនោះ បានទាំងកសាងនូវកុដិមួយ ធ្វើអំពីថ្ម មានជាន់២ សម្រាប់ភិក្ខុសាមណេរ នៅរៀនសូត្រក្នុងទីវត្តនោះ អស់កាលជានិច្ច ទាំងបានដំកល់ទុកនៅព្រះបរិយត្តិធម៌មួយចប់ ក្នុងកុដិនោះផង ។
លុះមកដល់ឆ្នាំកុរ ឯកស័ក ព.ស.២៥០២ គ.ស.១៩៥៩ ក្រោយដែលព្រះឧបជ្ឈាយ៍ លោកសុគតទៅ អស់រយៈកាលយូរហើយនោះ បានមកនៅកសាងព្រះចេតិយមួយ មានទំហំ៩ម៉ែត្រ៩ជ្រុង ទាំងកំផែង មានខ្លោងទ្វារទាំង៤ទិស របៀបនគរវត្ត នៅខាងលិចព្រះវិហារ  ជ្រុងខាងជើង ជាឧទ្ទេសកៈចេតិយ ក្នុងទីវត្តប្រជុំនទី (ហៅ ក្រពើហា) សង្កាត់តាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាវត្តកំណើតរបស់ខ្លួន ។
  ក្នុងកាលដែលបិតា(គឺញោមប្រុស) អនិច្ចកម្មទៅ ក្នុងជន្មាយុ៨៣ឆ្នាំ នៅថ្ងៃ     ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ គ.ស.១៩៦០ ។ 
មាតា(គឺញោមស្រី) អនិច្ចកម្មទៅ ក្នុងជន្មាយុ៧៣ឆ្នាំ ក្នុងថ្ងៃ   ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥០៤ គ.ស.១៩៦១ ។ បានបញ្ចុះនៅអដ្ឋិធាតុ ញោមទាំងពីរ នឹងអដ្ឋិធាតុគ្រួសារ មាតានឹងបិតា ទាំងពីរខាង ក្នុងឧទ្ទេសកៈចេតិយនុះ បានទាំងធ្វើបុណ្យពុទ្ធាភិសេកសម្ពោធឆ្លង អស់រវៀង៣ថ្ងៃ ជាកិច្ចបង្ហើយបុណ្យ ។
តមកទៀត បានកសាងនូវកុដិថែវមួយ ធ្វើអំពីឥដ្ឋ អំពីខាងកើតព្រះចេតិយនោះ ទាំងកសាងថែវពីរទៀត ពីខាងជើងព្រះចេតិយ បានទាំងចាក់ដីបំពេញក្នុងទីវត្ត ពីខាងជើង នឹងពីខាងកើតព្រះវិហារ ឲ្យបានរាបស្មើផងទៀត ។
លុះមកដល់ឆ្នាំ១៩៦៧ ក្នុងព.ស.២៥១០ បានទទួលដំណែង នាទីជាចៅអធិការទី៣ ពេញលក្ខណៈ ក្នុងទីវត្តប្រជុំនទី(ហៅក្រពើហា) សង្កាត់តាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ ។
តមកឯបលិពោត ក៏កាន់តែចំរើនច្រើនឡើងថែមទៀត តែបានអស់លោក អ្នក ជាពុទ្ធបរិស័ទ មានប៉ាវកុង (ហៅទាឃី) នឹងលោកអាចារ្យ (គឹម លន់ ហៅ តាំង គោក) នឹងគណៈកម្មការ មានលោកតិចស្រៀង ជាសហប្រធាន ថវិកាវត្ត នឹងលោកអាចារ្យវត្តជាដើម ជួយឧបត្ថម្ភបានរឹងប៉ឹង គឺបានកសាងថែវ នឹងបាសាំងទឹក ម៉ាស៊ីនបូមទឹក ជួសជុលសាលាបុណ្យ កសាងកុដិបាយ នឹងបង្គន់ ធ្វើអំពីឥដ្ឋនឹងថ្ម ទាំងសុំប្លងដីពោះព្រែក ពង្រីកទីវត្ត នឹងធ្វើរបងវត្តពីខាងជើងតាមពោះព្រែក បានសម្រេចការទាំងអស់ បានទាំងធ្វើបុណ្យឆ្លង ជាកិច្ចបង្ហើយបុណ្យផងទៀត ។
លុះដល់មកក្នុងឆ្នាំថោះ សប្តស័ក ថ្ងៃអង្គារ ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ ព.ស.២៥១៩ ជាអភ័ព្វក៏កើតមានមហន្តរាយយ៉ាងអស្ចារ្យ ក្នុងពេលនោះ ត្រូវវិនាសធំ គឺត្រូវព្រាត់ប្រាសគ្នាចេញ អំពីវត្តទៅកាន់ទីដទៃ គ្មានបានវត្ថុអ្វីជាប់តាមទេ ព្រោះទៅដោយការគម្រាមបង្ខំ របស់បច្ចាមិត្ត បានទៅនៅចាំវស្សា ក្នុងវត្តសំប៉ាន ស្រុកកោះធំ អស់មួយព្រះវស្សា ដរាបមកដល់១២រោច ថ្ងៃអាទិត្យ ខែកត្តិក ឆ្នាំ១៩៧៥ ក្នុងឆ្នាំថោះដដែលនោះ ត្រូវវិនាសចាកភេទ ជាបព្វជិត មកជាគ្រហាវាស បានមកស្នាក់អាស្រ័យនៅ ភូមិកំពង់ព្រីង ក្នុងឃុំសត្បូរ ស្រុកស្អាង ខេត្តកណ្តាល ជាមួយនឹងប្អូនស្រីទី៧ រហូតមកដល់ឆ្នាំ១៩៧៩ បានមកស្នាក់អាស្រ័យនៅ ភូមិដើមគរ ខាងជើងក្បាលស្ពានថ្មក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ខ្ញុំដែលត្រូវសេចក្តីទុក្ខ បៀតបៀនគ្របសង្កត់ អស់រយៈកាល៤ឆ្នាំកន្លងទៅហើយ ស្ទើរតែនឹងមិនបានរស់នៅ ព្រោះមានជន្មាយុ៧៣ឆ្នាំហើយ ដោយការមានវិបត្តិកើតឡើង នូវមហន្តរាយ ត្រូវវិនាសខ្ទេចនូវគម្ពីរដីកា នឹងក្បួនច្បាប់ ដែលបានកសាងធ្វើទុកមកទាំងប៉ុន្មានក្នុងទីវត្ត ទាំងព្រះពុទ្ធបាដិមា នឹងគរុភណ្ឌទាំងប៉ុន្មានទៀត ដែលមានក្នុងទីវត្តនោះ គ្មានសេសសល់ ។
សេចក្តីថ្លែងការណ៍ដោយសង្ខេបខ្លះ អំពីជីវៈប្រវត្តិរបស់ខ្ញុំ មកដល់ត្រឹមនេះ ក៏អស់សេចក្តីប៉ុណ្ណេះ ។
អតីតចៅអធិការទី៣ វត្តប្រជុំនទី”ក្រពើហា” ក្រុងតាខ្មៅ ខេត្តកណ្តាល
ហត្ថលេខា
អន ហ៊ឹម
វិធីរាប់ស័កឆ្នាំ
ឆ្នាំឆ្លូវ ជាឯកស័ក ព្រះពុទ្ធនិព្វាន ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ថ្ងៃអង្គារក្នុងយាមអង្គារ ១៥កើតខែពិសាខ ។

ឯឆ្នាំមាន១២ឆ្នាំ ស័កឆ្នាំមានត្រឹមតែ១០ គឺឯកស័ក ទោស័ក ត្រីស័ក ចត្វាស័ក បញ្ចស័ក ឆស័ក សប្តស័ក អដ្ឋស័ក នពស័ក សម្រិទ្ធិស័ក ។

ក្នុងរវៀង៧៣ឆ្នាំ ត្រូវត្រួតឯកស័កលើឆ្នាំដដែលម្តង ដូចជាឧទាហរណ៍ថា ឆ្នាំឆ្លូវ ឯកស័ក រាប់អំពីឆ្នាំឆ្លូវនេះ ៧៣ឆ្នាំ ក៏ត្រូវលើឆ្នាំឆ្លូវ ជាឯកស័កម្តងទៀត ។

បើទុកជាឆ្នាំណាៗក្តី ដែលត្រូវជាឯកស័ក ឲ្យរាប់អំពីឆ្នាំនោះៗ៧៣ដង ក៏នឹងត្រូវឯកស័កត្រួតលើឆ្នាំដដែលនោះៗ ជាដរាប ។

ឯឆ្នាំមិនត្រូវជាឯកស័កមាន៦ គឺឆ្នាំជូត ខាល រោង មមី វក ច ទាំង៦ឆ្នាំនេះគ្មានស័កទេ ។
ហត្ថលេខា

                   អន ហ៊ឹម

សរសេរចប់នៅថ្ងៃពុធ ៩កើត ខែមិគសីរ ឆ្នាំមមែ ឯកស័ក ព.ស.២៥២៣ 
ត្រូវនឹងថ្ងៃទី១២ ធ្នូ ឆ្នាំ១៩៧៩
ទន្ទឹមនិងព្រះពុទ្ធសាសនាទូទាំងប្រទេសបាននិងកំពុងស្តារឡើងវិញនោះ នៅឆ្នាំ១៩៨៥ ព្រះតេជគុណ អន ហ៊ឹម ចៅអធិការវត្ត និងពុទ្ធបរិស័ទ បានសាងសងឧបដ្ឋានសាលាមួយខ្នង ធ្វើអំពីឈើប្រកក្បឿង ជញ្ជាំងឥដ្ឋ ដែលមានប្រវែងបណ្តោយ ២៩,៤០ ម៉ែត្រ ទទឹង១៩,៦០ម៉ែត្រ ។
ឆ្នាំ១៩៩៣ កសាងសាលាពុទ្ធិកបឋមសិក្សា ពីបេតុងអារម៉េ ប្រក់ក្បឿងពណ៌មានប្រវែងបណ្តោយ ១៥.៦០ម៉ែត្រ និងទទឹង៨ម៉ែត្រ ។
ឆ្នាំ១៩៩៥ កសាងកុដិ ពីបេតុងអារម៉េ ប្រក់សង្កសីពណ៌ ដែលមានប្រវែងបណ្តោយ១៦.៣០ម៉ែត្រ និងទទឹង៨ម៉ែត្រ សម្រាប់ឲ្យសមណសិស្សស្នាក់នៅ និងបានចាក់ដីបំពេញក្នុងវត្តជាច្រើនរយឡាន ។
ដោយសភាការណ៍ប្រទេសជាតិ មានការរីកចម្រើនទៅមុខជាលំដាប់ ហើយទាមទារឲ្យព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា មានការរៀបចំឲ្យបានត្រឹមត្រូវ តាមស្ថាប័ន ព្រះពុទ្ធសាសនា លេខ០៧/៩០កជរស ចុះថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ព្រះតេជគុណ អន ហ៊ឹម ត្រូវបានតែងតាំងជាផ្លូវការឡើងវិញជាព្រះឧបជ្ឈាយ៍ ប្រចាំខេត្តកណ្តាល តាមសេចក្តីសម្រេច ៥៩/៩២ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩៩៣ របស់ក្រសួង សម្តេចព្រះសង្ឃរាជគណមហានិកាយ ។
នៅឆ្នាំ១៩៩៣ ទទួលបានសេចក្តីសំរេចតែងតាំងទីជាព្រះបាឡាត់វេទីវង្សា ជាព្រះបាឡាត់គណខេត្តកណ្តាល លេខ១០១ កសរវ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩៣ របស់ក្រសួងសម្តេចព្រះសង្ឃរាជគណមហានិកាយ ។
នៅឆ្នាំ១៩៩៥ បានទទួលក្រិត្យតែងតាំងទីជាព្រះអរិយមគ្គញ្ញាណ រាជាគណៈថ្នាក់ចត្វា លេខ ២៤ កសរវ ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ១៩៩៥ របស់ក្រសួងសម្តេចព្រះ
សង្ឃរាជគណៈមហានិកាយ ។
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩៩៥ ព្រះតេជគុណ អន ហ៊ឹម បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំដំបូងនៃសាលាពុទ្ធិកបឋមសិក្សាវត្តប្រជុំនទី”ក្រពើហា” ឆ្នាំ១៩៩៥-១៩៩៦ ដោយទឹកព្រះទ័យរំភើបរីករាយ ។
ពេលវេលាកន្លងទៅជាលំដាប់ សភាវធម៌គ្រប់យ៉ាង រមែងតែងតែធ្លាក់ចុះក្នុងត្រៃលក្ខណ៍ (អនិច្ច ទុក្ខំ អនត្តា) ដូចគ្នា ព្រះអរិយមគ្គញ្ញាណ ក៏ធ្លាក់ចុះក្នុងព្រះត្រៃលក្ខណ៍ ដូចជាសភាវធម៌ទាំងពួងដែរ ។
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៩៥ ព្រះអង្គមានអាពាធលើសឈាមយ៉ាងធ្ងន់ធ្ងរធ្វើឲ្យសិស្សគណ ស្លុតរន្ធត់យ៉ាងខ្លាំង ហើយបានយកព្រះអង្គទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេល ៥ថ្ងៃ ជំងឺក៏ធូរស្បើយ ទើបព្រះអង្គនិមន្តមកវត្តវិញ ។
ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៥ ជំងឺលើសឈាមរបស់ព្រះអង្គ ក៏ចាប់ផ្តើមសើរើឡើងវិញ ជាលើកទី២ ហើយបណ្តាលឲ្យគ្រុនក្តៅយ៉ាងធ្ងន់ បណ្តាសិស្សគណ ទាំងបព្វជិត  និងគ្រហស្ថ    ព្រមទាំងក្រុមញាតិមិត្តជិតឆ្ងាយ  ខិតខំយកចិត្តទុកដាក់ ព្យាបាលជំងឺ រហូតបានជាសះស្បើយ ប៉ុន្តែជាអកុសលដោយសម្ពាធឈាមក្នុងបំពង់សំលេងអស់ចលនា ធ្វើឲ្យព្រះអង្គមិនអាចមានថេរដីកាបាន ហើយនិងធ្វើឲ្យបាត់បង់ការចងចាំខ្លះៗ(វង្វេង) ។ ចាប់តាំងពីពេលនោះមក ព្រះអង្គត្រូវបានមើលថែទាំយ៉ាងហ្មត់ចត់ពីសំណាក់សិស្សគណ និងញាតិមិត្ត គួបផ្សំនិងការព្យាបាលជាប្រចាំ ពីគ្រូពេទ្យផងដើម្បីរក្សាព្រះអង្គឲ្យមានព្រះជន្មគង់នៅបន្តទៀត និងបានឃើញព្រះភ័ក្ត្រព្រះអង្គ ហើយនិងបានធ្វើវត្តប្រតិបត្តិតបស្នងសងគុណូបការៈចំពោះព្រះអង្គ ។
ដោយពិនិត្យឃើញថា ព្រះតេជគុណ អន ហ៊ឹម ព្រះអង្គកាន់តែមានព្រះកាយពលទន់ខ្សោយជាលំដាប់រៀងរាល់ថ្ងៃ ខ្ញុំព្រះករុណាអាត្មាភាព ភិក្ខុ ញ៉ែម សុភ័ក្ត្រ(សុភទ្ទត្ថេរោ) គ្រូសូត្រស្តាំ វត្តប្រជុំនទី “ក្រពើហា” និងជាព្រះសមុហ៍អនុគណស្រុក ហើយដែលជាសិស្សគណ ដែលមានកត្តញ្ញូនិងកតវេទី ចំពោះព្រះឧបជ្ឈាយ៍ បានផ្តើមជាមួយសិស្សគណ ញាតិមិត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត រៀបចំធ្វើបុណ្យសង្ឃទានប្រគេនព្រះតេជគុណ អន ហ៊ឹម នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០០០ ដោយបានយាងព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃរាជ ទេព វង្ស និងព្រះមហាថេរ ចំនួន ៥ព្រះអង្គទៀត ដើម្បីចំរើនព្រះបរិត្ត លើកកុសលរាសីប្រគេនព្រះអង្គ ។
ថ្ងៃធ្វើបុណ្យសង្ឃទាន ព្រះតេជគុណ អន ហ៊ឹម ត្រូវបានសិស្សគណ រៀបចំសំអាត ព្រះកាយគ្រងស្បង់ចីពរជាបរិមណ្ឌលប្រគេនដោយគោរព ។ ព្រះអង្គសព្វព្រះទ័យគង់លើរទេះរុញ ក្នុងនោះក៏មានសិស្សគណ ហែរហមពីក្រោយរទេះរុញ ហើយរុញរទេះនាំព្រះអង្គពិនិត្យមើលជុំវិញព្រះវិហារ រហូតដល់ក្លោងទ្វារធំ ក្នុងពេលនោះដែរ ព្រះអង្គមានទឹកព្រះភ័ក្ត្ររីករាយ និងបែរព្រះនេត្រសម្លឹងមើលនូវរាល់សមិទ្ធិផល មានក្នុងទីវត្ត ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ ព្រះអង្គហាក់ដូចជាចង់មានថេរដីកា ជាមួយសិស្សគណថា “ការឃើញនេះ ចាត់ទុកជាការឃើញ និងចុងក្រោយបំផុតនៃជីវិតព្រះអង្គចំពោះព្រះពុទ្ធសាសនាហើយ” បន្ទាប់ពីនោះ ព្រះតេជគុណ អន ហ៊ឹម ក៏បានគង់លើរទេះរុញរងចាំ ព្រះរាជដំណើរយាងដល់របស់សម្តេចព្រះសង្ឃរាជ ខណៈនោះព្រះតេជគុណ ក៏បានសំដែងនូវការគោរព ចំពោះព្រះមហាសុមេធាធិបតី ដែលជាព្រះឧបជ្ឈាយ៍របស់ព្រះអង្គជាលើកចិងក្រោយដែរ ។
នៅក្នុងវ័យជរា និងមានជំងឺប្រចាំកាយផងនោះ ព្រះកាយពលរបស់ព្រះអង្គកាន់តែថមថយចុះខ្លាំងឡើងៗ ទោះបីជាមានការខិតខំប្រឹងប្រែងព្យាបាលពីសំណាក់សិស្សគណ និងគ្រូពេទ្យយ៉ាងណាក៏ដោយ ក៏មិនបានធូរស្បើយដែរ បណ្តាលឲ្យសិស្សគណ ញាតិមិត្ត នឹងពុទ្ធបរិស័ទ មានការអស់សង្ឃឹមទាំងស្រុង ។
នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ទោស័ក ព.ស.២៥៤៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០០ វេលាម៉ោង ១៤ និង ៣០នាទី ព្រះអរិយមគ្គញ្ញាណ អន ហ៊ឹម (ហុលត្ថេរោ) ចៅអធិការវត្តប្រជុំនទី “ក្រពើហា” ព្រះបាឡាត់គណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត ព្រះអង្គបានទទួលអនិច្ចធម្ម ដោយភាពស្ងប់ស្ងាត់បំផុត ក្នុងព្រះជន្មាយុគម្រប់ ៩៤ឆ្នាំ  ដូចជាចង្កៀងអស់ទាំងប្រេង អស់ទាំងប្រឆេះ កណ្តាល សេចក្តីសោក ស្តាយអាឡោះអាល័យយ៉ាងក្រៃលែង ពីសំណាក់សិស្សគណ ញាតិមិត្ត និងពុទ្ធបរិស័ទ នៅនាកុដិថែវរបស់ព្រះអង្គ ក្នុងវត្តប្រជុំនទី”ក្រពើហា” ឃុំព្រែកប្ញស្សី ស្រុកតាខ្មៅ ខេត្ត កណ្តាល ។
ក្នុងលោកសន្និវាសនេះ គ្មាននរណាម្នាក់អាចនិយាយអង្វរករលួងលោមបន្ទន់ចិត្តមច្ចុរាជបានទេ ព្រះសម្មាសម្ពុទ្ធបរមគ្រូ បានត្រាស់សម្តែងក្នុងបព្វតោបមសូត្រថាៈ “ន ចាបិ មន្តយុទ្ធេន សក្កា ជេតុំ ធនេន វា ម្យ៉ាងទៀត ឥតមាននរណាមួយ នឹងអាចឈ្នះ (នូវជរា និង មរណៈនោះ) ដោយការតតាំងច្បាំង ដោយវេទមន្ត ឬដោយទ្រព្យសម្បត្តិបានឡើយ” ។

ចប់ជីវៈប្រវត្តិដោយសង្ខេប

កំណាព្យ
ជីវប្រវត្តិព្រះហុលត្ថេរ អន ហ៊ឹម
១.អហំ រីខ្ញុំបង្គំថ្វាយ ព្រះពុទ្ធទាំងឡាយដោយសិរសា
លើកដៃប្រណមសព្វទិសា សូមក្រាបវន្ទាដោយគោរព
២.ព្រមទាំងរំលឹកគុណព្រះធម៌ ព្រះសង្ឃបវរទាំងសព្វគ្រប់
សូមជួយប្រសិទ្ធិទាំងថ្ងៃយប់ អោយចិត្តខ្ញុំស្ងប់កើតបញ្ញា
៣.បើសិនមានការច្រឡំភាន់ កិច្ចតែងនិពន្ធខុសខ្លឹមសារ
នោះជាកំហុសអចេតនា សូមទានមេត្តាអធ្យាស្រ័យ
៤.ដ្បិតអីបញ្ញាខ្ញុំមិនខ្ពស់ លែងអីនឹងខុសទៅម្ចាស់ថ្លៃ
សូមប្រាជ្ញបណ្ឌិតលោកខន្តី ខ្ញុំម្ចាស់នឹងលៃស្តីពណ៌នា
៥.អហំ រីខ្ញុំសុំបើកបទ ជីវៈប្រវត្តិព្រះឧបជ្ឈាយ៍
ព្រះនាម អន ហ៊ឹម តាមសាវតា រំលេចអក្ខរាជាកាព្យខ្លី
៦.មមែខែជេស្ឋចាំជាក់ច្បាស់ ច័ន្ទភ្លឺមិនច្បាស់អាប់រស្មី
ថ្ងៃ១១រោចយាមរាត្រី ព្រហស្បតិ៍តិថីថ្ងៃអស្ចារ្យ
៧.ត្រូវថ្ងៃទី៥ ចាំមិនភាន់ ព.ស.ពីរពាន់ បួនរយហា
ក្នុងខែប្រាំមួយ មិថុនា អន ហ៊ឹម កុមារចេញចាកផ្ទៃ
៨.ទីស្ថានកំណើតកើតឆោមឆ្លៅ សង្កាត់ តាខ្មៅ សែនប្រពៃ
ស្រុកកណ្តាលស្ទឹងជាទឹកដី ខេត្តកណ្តាលល្បីដីភិរម្យ
៩.កើតក្នុងវណ្ណៈអ្នកចំការ ពូជពង្សសាវតាល្អឧត្តម
ប្រកាន់សុច្ចរិតចិត្តផូរផង់ ការងារស្មោះត្រង់ស្រែចម្ការ
១០.កាលកុមារភាពខំព្យាយាម អក្សររបៀនរៀនសិក្សា
ក្នុងវត្តសត្បូរថ្នាលវិជ្ជា ស្វាធ្យាយតម្រាយ៉ាងម្នីម្នា
១១.អាយុដប់បួនខ្លួនចាំជាក់ លោកមានឆន្ទៈចង់សិក្សា
ទើបបានបួសរៀនក្នុងសាសនា ប្រតិបត្តិធម៌អាថ៌សិក្ខាថ្លៃ
១២.ក្នុងពទ្ធសីមាវត្តប្រជុំ នទីភិរម្យជនប្រុសស្រី
ហៅក្រពើហានាមល្បាញល្បី ញាតិមិត្តជិតឆ្ងាយរួមជ្រះថ្លា
១៣.ក្នុងសម័យកាលព្រះឧបជ្ឈាយ៍ សេក ម៉ៅ លោកជាចៅអធិការ
ញ៉ាំងចិត្តសាមណេរឲ្យជ្រះថ្លា ខិតខំសិក្សាធម៌វិន័យ
១៤.បួសបានប្រាំឆ្នាំចាំមិនភ្លេច សាមណេរលាកិច្ចអស់និស្ស័យ
សឹកពីបព្វជ្ជាទាំងអាល័យ ដ្បិតបិតាថ្លៃរោគផ្តន្ទា
១៥.ចាំចិត្តលាផ្នួសព្រោះចាំបាច់ បំពេញភារកិច្ចជាកូនភ្លារ
ព្រោះព្រះបិតារោគពាធា ត្រូវថែរក្សារៀងរាល់ថ្លៃ
១៦.មាគ៌ាជីវិតងងិតឈឹង កុមារ អន ហ៊ឹម វិយោគក្រៃ
ចំណេះចេះតិចធ្វើការអ្វី រែងព្រួយហឬទ័យហួសគណនា
១៧.ក្នុងឆាកជីវិតពិតបត់បែន អន ហ៊ឹម ម៉ឺនសែនទុក្ខគ្រាំគ្រា
តស៊ូលំបាកធ្វើការងារ ថែរោគបិតាគ្មាននឿយហត់
១៨.ពីរឆ្នាំកម្មកាចគ្មានមេត្តា មច្ចុរាជប្ញស្យាមកពង្រាត់
កាត់ទងបេះដូងថ្លើមប្រមាត់ ឲ្យពុកស្លាប់បាត់ចោលកូនចៅ
១៩.ក្នុងចិត្តក្តុកក្តួលអួនឱរ៉ា ឈឺចាប់ខ្លោចផ្សាទុក្ខសោកសៅ
ក្តីទុក្ខនេះធ្ងន់សែនជ្រាលជ្រៅ ព្រោះបាត់រូបឪខានឃើញភ័ក្រ្ត
២០.ព.ស.ពីរពាន់បួនរយប្លាយ ក្តីទុក្ខប្រែក្លាយជាឆន្ទៈ
កាត់អស់អាល័យក្តីថ្នាំងថ្នាក់ ចាកចេញពីផ្ទះចូលបព្វជ្ជា
២១.បួសជាភិក្ខុក្នុងសាសនា កាន់យកសិក្ខាសីលភាវនា
ក្រោមអធិបតីព្រះឧបជ្ឈាយ៍ សុវណ្ណត្ថេរជា អង្គបំបួស
២២.ក្នុងវត្តប្រជុំនទីរាម ឧបជ្ឈាយ៍ទិន្ននាមសែនពិរោះ
ហុលត្ថេរៈងារខ្ពង់ខ្ពស់ ជាបញ្ញត្តិឈ្មោះក្នុងសាសនា
២៣.វស្សាទីមួយតាំងចិត្តជាក់ រៀនសមថៈវិបស្សនា
រស់នៅជាមួយព្រះឧបជ្ឈាយ៍ ប្រតិបត្តិវន្ទាទាំងយប់ថ្ងៃ
២៤.ភិក្ខុ អន ហ៊ឹម ប្រកាន់ភ្ជាប់ នូវកិច្ចវត្តជានិស្ស័យ
សង្រួមរវាំងធម៌វិន័យ បរិស័ទប្រុសស្រីសែនជ្រះថ្លា
២៥.ស្នាក់នៅបួសរៀនបានមួយគ្រា ចាំចិត្តទូលលាចៅអធិការ
ចិត្តចង់ចាកចេញចរយាត្រា ស្វែងរកសិក្សាតម្រាសាស្ត្រ
២៦.ការពិតមិនចង់ហាមាត់លា ឃ្លាតពីឧបជ្ឈាយ៍ទេអម្ចាស់
តែព្រោះភារកិច្ចសំខាន់ណាស់ ទើបសុខចិត្តលះទាំងអាល័យ
២៧.បុព្វេ កតបុញ្ញតា បុណ្យព្រេងវាសនាជាបច្ច័យ
មកស្នាក់ក្នុងវត្តឥន្ទពិសី បានរៀនបាលីតាមប្រាថ្នា
២៨.ប្រឹងប្រែងរៀនសូត្រទាំងញញឹម ភិក្ខុ អន ហ៊ឹម មិនរុញរា
អំណត់អត់ធន់ខំសិក្សា អស់ពីរវស្សាតាមប្រវត្តិ
២៩.ពីរពាន់បួនរយចិតសិបបួន លោកម្ចាស់ដឹងខ្លួនឯងប្រាដក
ថាត្រូវដល់កាលពេលកំណត់ ស្វះស្វែងរកវត្តរៀនបន្ត
៣០.វិថីជីវិតងងឹតសូន្យ ប្រៀបដូចជាក្បូនក្នុងសាគរ
ឯកោម្នាក់ឯងស្វែងត្រេចចរ រកវត្តណាល្អជាទីពឹង
៣១.ទេវតាមិនដែលបិទផ្លូវរស់ លោកតែងសន្តោសផ្តល់សង្ឃឹម
ភិក្ខុ អន ហ៊ឹម បានញញឹម ព្រោះបានទីពឹងជ្រកអាស្រ័យ
៣២.អាវាសនាគវ័នជាទីស្នាក់ គ្រាន់បានពុំនាក់រៀនបាលី
បន្តសិក្សាធម៌វិន័យ ឲ្យបានជោគជ័យតាមប្រាថ្នា
៣៣.ដប់ពីរព្រះវស្សាតាមប្រវត្តិ រៀនចេះចាំស្ទាត់ច្បាប់តម្រា
ឆន្ទ មូលកច្ចាយ យោជនា អដ្ឋកថា ដីកាផង
៣៤.ចេះទាំងផ្លូវលោកនិងផ្លូវធម៌ ក្បួនវេយ្យាករណ៍ឥតសៅហ្មង
បង្រៀនសមណ សិស្សពួកផង ឲ្យយល់ច្បាស់ច្បងអត្ថខ្លឹមសារ
៣៥.ហាក់ដូចនិស្ស័យបានកំណត់ ក្រោយការសុគតនៃឧបជ្ឈាយ៍
បរិស័ទប្រុសស្រីអារាធនា ឲ្យលោកឡើងជាចៅអធិការ
៣៦.ក្នុងវត្តប្រជុំនទីរាម នេះបើយោងតាមពង្សសាវតា
លោកបានក្លាយជាចៅអធិការ គ្រប់គ្រងវត្តវ៉ាឲ្យក្រៀងក្រៃ
៣៧.កសាងសមិទ្ធិច្រើនប្រការ មានកុដិសាលាព្រះចេតិយ៍
ឲ្យវត្តរុងរឿងដល់សព្វថ្ងៃ ព្រោះគុណស្នាដៃនៃអម្ចាស់
៣៨.ជីវិតស្ថិតក្រោមក្រឹត្យធម្មជាតិ ជួនជួបហើយឃ្លាតជួននិរាស្ត
ប្រទេសវិលរកភាពវិបល្លាស ធ្លាក់ចូលកម្មក្រាស់អន្លូងជ្រៅ
៣៩.មួយពាន់ប្រាំបួនរយចិតប្រាំ រាស្ត្រខ្មែររងកម្មទុក្ខសោកសៅ
ខ្លះត្រូវសម្លាប់យ៉ាងឃោឃៅ ឱរ៉ាផ្សាក្តៅឥតល្ហើយល្ហែរ
៤០.ពួកវាតែងចាត់ទុកព្រះសង្ឃ ជាឈ្លើងសង្គមយកប្រៀបគេ
សម្លាប់គ្មានខ្លាចបាបកម្មទេ ព្រះសង្ឃត្រូវគេចាប់ប្រល័យ
៤១.ចាំចិត្តលាផ្នួសព្រោះបច្ចា ប៉ុលពតប្ញស្យាបនអប្រិយ
ធ្វើទុក្ខបុកម្និញរៀងរាល់ថ្ងៃ សឹកទាំងអាល័យដ្បិតពួកមារ
៤២.អស់ជាងបីឆ្នាំទើបរំដោះ ប្រទេសផុតគ្រោះទុក្ខវេទនា
ខ្មែរបានរួចផុតពីកម្មពៀរ ជាតិ ក្សត្រ សាសនាបានរស់រាន
៤៣.វត្តបានបើកទ្វារវិហារបើកសោ សម្លេងព្រះធម៌សាយសព្វស្ថាន
ព្រះសង្ឃបានបួសតាមលំអាន បរិស័ទគ្រប់ប្រាណបានធ្វើបុណ្យ
៤៤.ចំណែកឧបាសក អន ហ៊ឹម មានក្តីសង្ឃឹមដូចគ្រាមុន
ចូលខ្លួនសាងផ្នួសបួសតបគុណ សន្សំផលបុណ្យក្នុងសាសនា
៤៥.មួយពាន់ប្រាំបួនរយកៅសិប កិត្តិយសពន្លឹកហួសគណនា
ត្រូវបានតែងតាំងជាឧបជ្ឈាយ៍ ហើយឡើងទីជាព្រះបាឡាត់
៤៦.ងារព្រះអរិយមគ្គញ្ញាណ ជានាមប្រទានល្អពេលក្តាត់
ជាទីជ្រះថ្លានៃបរិស័ទ ក្រសួងចែងចាត់ថ្វាយសក្តា
៤៧.នាវាជីវិតពិតស្មាញស្មុគ មានសុខមានទុក្ខគ្រប់អាត្មា
ចាក់ស្រេះខ្មួលខ្មាញ់សព្វប្រការ ដោះស្រាយបញ្ហាត្រាឈ្នះបាន
៤៨.ជីវិតបើគិតដល់ថ្ងៃនេះ តាមការត្រិះរិះពិតក្លាហាន
ឆន្ទៈស្មោះត្រង់ស៊ូប្តូរប្រាណ ទើបទទួលបានថ្កានរៀងមក
៤៩.វ័យក៏វិវឌ្ឍចាស់ជរា ព្រះកាយគ្រាំគ្រាជម្ងឺជ្រក
មានរោគលើសឈាមចូលមកគ្រប វាយរុកបុកយកឈឺផ្សាពិត
៥០.សិស្សគណខិតខំរកឱសថ មករក្សាបិទរោគរួបរិត
នាំគ្រូទៅពេទ្យជួយពិនិត្យ វេជ្ជបណ្ឌិតលោកព្យាបាល
៥១.ជំងឺនេះមិនងាយរក្សា ជារោគខ្លាំងក្លាពិតមិនស្រួល
រកពេទ្យជំនាញមកព្យាបាល មិនអាចសម្រាលរោគាបាន
៥២.លុះថ្ងៃទី ០៥ ខែឧសភា មច្ចុរាជប្ញស្យាប្រហារប្រាណ
ក្នុងឆ្នាំពីពាន់ ថ្ងៃអវសាន្ត គ្រូត្រូវឃ្លាតប្រាណអស់សង្ខារ
៥៣.សិស្សគណរស់នៅរៀងរាល់ថ្ងៃ សន្សំសំចៃបុណ្យថ្លៃថ្លា
ឧទ្ទិសផលបុណ្យជូនឧបជ្ឈាយ៍ ឲ្យផុតទុក្ខាប្រាណប្រពៃ
៥៤.សូមបានសោយសុខក្នុងឋានសួគ៌ ភិរម្យសមគួរសួគ៌ាល័យ
សម្បូរសប្បាយកាយប្រពៃ ជួបព្រះពុទ្ធថ្លៃកុំបីខាន
ជីវៈប្រវត្តិសង្ខេប
នៃ
ព្រះឃោសធម្ម ឡុង យង់
ព្រះឃោសធម្ម ឡុង យុង កើតនៅថ្ងៃ ១៤កើត ខែផល្គុណ ឆ្នាំថោះ ឯកស័ក ព.ស.២៤៥៨ ត្រូវនឹងថ្ងៃ ១៥ ខែមីនា ឆ្នាំ ១៩១៤ បិតា ស្រី ឡុង មាតា គង់ កែវ មានបងប្អូនបីនាក់ កុមារ ឡុង យង់ ជាកូនទីពីរ ក្នុងត្រកូលគ្រួសារកសិករ ឋិតនៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។
កុមារ ឡុង យង់ អាយុបាន ១០ឆ្នាំ មាតាបិតា បាននាំទៅឲ្យសិក្សាអក្សរសាស្ត្រលេខនពន្ត ក្នុងសំណាក់ព្រះតេជគុណ សៅ ឌុល ជាចៅអធិការវត្តពាមរាំងលើ ។
ឆ្នាំមមី ឆស័ក ព.ស.២៤៧៣ គ.ស.១៩២៩ បានបួសជាសាមណេរ ក្នុងសំណាក់ ព្រះតេជគុណ កែវ អ៊ុំ ជាព្រះឧបជ្ឈាយ៍ និងជាចៅអធិការវត្តពាមរាំងក្រោម។ 
ឆ្នាំជូត ទោស័ក ព.ស.២៤៧៩ គ.ស.១៩៣៥ បានឧបសម្បទា ជាភិក្ខុភាវៈក្នុងពទ្ធសីមា វត្តពាមរាំងលើ ព្រះតេជគុណ កែវ អ៊ុំ ជាឧបជ្ឈាយ៍ ព្រះតេជគុណ ស្រី វ៉ាន ជាឧបសម្បទាចារ្យ ព្រះតេជគុណ សៅ ឌុល អនុស្សាវនាចារ្យ មាននាមបញ្ញត្តិថា “ថេរប្បញ្ញោ” ។ ភិក្ខុ ថេរប្បញ្ញោ បួសបានមួយវស្សា ក៏សុំលាព្រះឧបជ្ឈាយ៍ចេញទៅសិក្សាព្រះបរិយត្តិធម៌ នៅវត្តសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងសំណាក់ ព្រះតេជគុណ ភោគ ជាចៅអធិការ នឹងទៅគង់នៅវត្ត សុវណ្ណតាមល ឃុំគគីរ ស្រុកកៀនស្វាយ ។
ព.ស.២៤៨១ គ.ស.១៩៣៨ ពុទ្ធបរិស័ទ ចំណុះជើងវត្តពាមរាំងលើ ក៏បានសុំនិមន្តភិក្ខុ” ឡុង យង់” ឲ្យនិមន្តត្រឡប់ទៅវត្តពាមរាំងលើវិញ ដើម្បីទទួលតួនាទី ជាចៅអធិការស្តីទី ដោយព្រះតេជគុណ សៅ ឌុល ជាចៅអធិការ លាចាកសិក្ខាបទ ។
ព.ស.២៤៩២ គ.ស.១៩៤៨ ភិក្ខុ ឡុង យង់ បានទទួលឋានៈជាចៅអធិការពេញសិទ្ធិ
ព.ស.២៤៩៤ គ.ស.១៩៥០ ភិក្ខុ ឡុង យង់ បានទទួលងារជាព្រះវិន័យធរអនុគណស្រុកលើកដែក
ព.ស.២៤៩៤ គ.ស.១៩៥០ បានទទួលការអប់រំ នឹងការបំប៉នធម្មវិន័យ អស់រយៈកាល៣ឆ្នាំ ក្រោមអធិបតីភាព នៃសម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ថ្នាក់ទី១ វត្តឧណ្ណាលោម ក្រុងភ្នំពេញ បានទទួលងារជា ធម្មកោសលត្រី ទោ ឯក
ព.ស.២៥០៤ គ.ស ១៩៦០ បានទទួលអប់រំ ភិក្ខុប្បាតិមោក្ខ បាលីប្រែមានងារជា”ភិក្ខុប្បាតិមោក្ខកោវិទ” ។
ព.ស.២៥០៦ គ.ស.១៩៦២ បានទទួលជានាយកពុទ្ធិកបឋមសិក្សាប្រចាំស្រុកលើកដែក ។
ព.ស.២៥០៩ គ.ស.១៩៦៥ បានទទួលទីជាព្រះគ្រូ មុនី កោវិទ ជាព្រះអនុគណស្រុកលើកដែក ។
ព.ស.២៥១៥ គ.ស.១៩៧២ វត្តពាមរាំងលើ ត្រូវខ្ទិចខ្ទាំដោយសង្គ្រាម ។ ព្រះអនុគណ ឡុង យង់ បានភៀសព្រះអង្គទៅគង់នៅវត្ត កំពង់សំប៊ួរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ព.ស.២៥១៨ គ.ស ១៩៧៥ ព្រះតេជគុណ ឡុង យង់ ត្រូវរបបកម្ពុជាប្រជាធិបតេយ្យ ផ្សឹកហើយបញ្ជូនទៅនៅឃុំ លាជ ស្រុកកណ្តៀង ខេត្តពោធិសាត់ ។ ឧបាសកឡុង យង់ បានទៅរស់នៅខេត្តនោះ ត្រូវបានពួកវាចាប់បង្ខំឲ្យធ្វើការជាទំងន់ហើយហូប ពុំបានគ្រប់គ្រាន់ ។
នៅថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃមហាជ័យជំនៈ របស់ប្រជាជនកម្ពុជាលើរបប 
បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ឧបាសក ឡុង យង់ បានត្រឡប់មកស្រុកកំណើតវិញ ។
ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃនៃមហាជ័យជំនៈ ដ៏ធំធេង នឹងជាប្រវត្តិសាស្ត្រ ដ៏ថ្មីស្រឡាង របស់ប្រជាជនកម្ពុជា ។ បន្ទាប់មកបក្សរដ្ឋ និងរណសិរ្យ បានបើកឲ្យមានជំនឿ ព្រះពុទ្ធសាសនា ទំនៀមទំលាប់ និងប្រពៃណីឡើងវិញ ។ ឧបាសក ឡុង យង់ បានរៀបចំត្រៃចីវរ ដើម្បីបំពេញឧបសម្បទា ជាភិក្ខុភាវៈជាថ្មីទៀត ។ លុះដល់ឆ្នាំ១៩៨០បានចូលទៅថ្វាយបង្គំព្រះវិន័យធរ ទេព វង្ស ជាគណៈសង្ឃទូទាំងប្រទេស ព្រះវិន័យធរ ទេព វង្ស បានអនុញ្ញាតឲ្យឧបាសក ឡុង យង់ បួសជាភិក្ខុក្នុងពទ្ធសីមាវរត្តឧណ្ណាលោម ក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំវក ទោស័ក ព.ស. ២៥២៤ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ១៩៨០ ព្រះឧបជ្ឈាយ៍ ឲ្យនាមបញ្ញត្តិ “ថេរប្បញ្ញោ” ។ បន្ទាប់ពីបួសរួចបាននិមន្តត្រឡប់ទៅគង់នៅវត្ត ពាមរាំងលើ ជាវត្តកំណើត ។ ព្រះភិក្ខុ ឡុង យង់ បានដឹកនាំពុទ្ធបរិស័ទ រៀបចំទីធ្លាវត្ត នឹងកសាងសមិទ្ធិផលផ្សេងៗ ។
ព្រះតេជគុណ ឡុង យង់ បានចូលរួមកសាង នូវសមិទ្ធិផលមានព្រះវិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ ក្នុងឃុំពាមរាំង ។ នៅស្រុកតាខ្មៅ បានចូលរួមជួសជុលព្រះវិហារ កុដិ សាលា វត្តតាខ្មៅ ដោយឡែក មន្ទីរពេទ្យឃុំតាខ្មៅ មន្ទីរពេទ្យកំពង់សំណាញ់ មន្ទីរពេទ្យក្រុងតាខ្មៅ និងសាលារៀនព្រែកសំរោង ព្រមទាំងចូលរួមសង្គមកិច្ចជាបន្តបន្ទាប់ ។
ព្រះតេជគុណ ឡុង យង់ បានគង់នៅវត្តតាខ្មៅ និងត្រូវបានទទួលតែងតាំង ជាប្រធានសង្ឃ ខេត្តកណ្តាល នៅខែឧសភា ឆ្នាំ១៩៨១ ។
បានទទួលតែងតាំង ជាអនុប្រធានគណកម្មាធិការរណសិរ្សខេត្ត លេខ ៧.៨៥ ក.រ.ស ចុះថ្ងៃ ២៩ ខែ ៦ ឆ្នាំ១៩៨៥ របស់ក្រុមប្រឹក្សា ទូទាំងប្រទេស រណសិរ្សសាមគ្គីកសាង ការពារ មាតុភូមិកម្ពុជា ។
បានទទួលតែងតាំង ជាប្រធានគណកម្មាធិការសង្ឃខេត្តកណ្តាល លេខ ១០២ 
គ.អ.រ.ស.ខ ចុះថ្ងៃទី ៩ ខែ ៣ ឆ្មាំ ១៩៨៧ របស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការរណសិរ្សខេត្តកណ្តាល តាមចំណារឯកភាព លេខ ០២៦ គ.អ.ច ចុះថ្ងៃ១០ .០៣.៨៧ របស់គណៈអចិន្ត្រៃយ៍បក្សខេត្តកណ្តាល យោងតាមសារាចរ ណែនាំនៃស្ថាប័នពុទ្ធសាសនា លេខ ០៧.០៩ ក.ជ.រ.ស ចុះថ្ងៃទី១.១.៩០ របស់ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី កសាង ការពារ មាតុភូមិកម្ពុជា ព្រះតេជគុណ ឡុង យង់ ត្រូវបានតែងតាំងជាព្រះឧបជ្ឈាយ៍សម្រាប់បំបួសកុលបុត្រ តាមសេចក្តីសម្រេចលេខ ៥៨.៩២ ក.ស.រ.វ ចុះថ្ងៃទី ២៣.៨.៩៣ របស់ក្រសួងសម្តេចព្រះសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា ។
បានទទួលការតែងតាំ ជាព្រះវិមលវេទី ជាព្រះមេគណខេត្តកណ្តាល លេខ ១០០ ក.ស.រ.វ ចុះថ្ងៃ១៤.១២.៩៣ របស់ក្រសួងសម្តេចព្រះសង្ឃរាជគណៈមហានិកាយ ។
បានទទួលក្រិត្យតែងតាំង ជាព្រះឃោសធម្ម ទីរាជាកណៈថ្នាក់ទោ តាមក្រិត្យលេខ ៦ ក.ស.រ.វ ចុះថ្ងៃទី ៨.៩.៩៥ ។
បានទទួលតែងតាំង ជាចៅអធិការ វត្តកណ្ឋារាម “តាខ្មៅ” លេខ ៥.៩៨ ក.ស.រ.វ ចុះថ្ងៃទី៩.១០.៩៨ របស់ក្រសួងសម្តេចព្រះសង្ឃរាជគណៈមហានិកាយ ។
បានទទួលតែងតាំង ជាឧត្តមទីប្រឹក្សាព្រះមេគណខេត្តកណ្តាល លេខ ៣៣.២៥ ក.ស.រ.វ ចុះថ្ងៃ ២១.១២.២០០១ របស់ក្រសួងសម្តេចព្រះសង្ឃរាជគណៈមហានិកាយ
ព្រះតេជគុណ ព្រះឃោសធម្ម ឡុង យង់ មានជរាពាធនៅឆ្នាំ២០០០ ព្រះសង្ឃគណៈកម្មការអាចារ្យ វត្តតាខ្មៅ និងពុទ្ធបរិស័ទ សិស្ស គណ និងក្រុមញាតិ បានខំព្យាបាលតែអាការៈរោគ ពុំបានធូរស្រាលឡើយ ហើយបាននិមន្តយកទៅព្យាបាលនៅពេទ្យរុស្ស៊ី អស់រយៈ១៥ថ្ងៃ បានធូរស្រាលទើបត្រឡប់មកវត្តវិញ ហើយការព្យាបាលនៅតែបន្តជានិច្ច អាការៈរោគនោះ នៅតែពុំបានធូរស្រាលឡើយ ។
នៅក្នុងវ័យជរា និងមានជម្ងឺប្រចាំកាយផងនោះ ព្រះកាយពលរបស់ព្រះអង្គកាន់តែថមថយចុះខ្លាំងឡើងៗ ទោះបីជាមានការខិតខំប្រឹងប្រែងព្យាបាលពីសំណាក់ សិស្សគណ និងគ្រូពេទ្យ យ៉ាងណាក៏ដោយក៏មិនបានធូរស្បើយដែរ បណ្តាលឲ្យសិស្សគណ ញាតិមិត្ត និងពុទ្ធបរិស័ទ មានការអស់សង្ឃឹមទាំងស្រុង ។ អាការៈរោគបានធ្វើឲ្យសរីរាង្គអវយវទ្រុតទ្រោម ខ្សោយចុះ អស់ខ្យល់ អស្សាសៈបស្សាសៈ ព្រះឃោសធម្ម ឡុង យង់ បានទទួលអនិច្ចធម្ម ក្នុងជន្មាយុ ៨៨ឆ្នាំ វេលាម៉ោង ៤ និង៤៥នាទី នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី ចត្វាស័ក ព.ស.២៥៤៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០២ ។ ក្នុងចំណោមសិស្សគណ ញាតិមិត្ត ពុទ្ធបរិស័ទ ៕














ជីវប្រវត្តិសង្ខេប
ព្រះបវរមុនីញាណ ឃឹម យឹម ខន្តិសរណោ ទីជាព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ព្រះបវរមុនីញាណ ឃឹម យឹម ប្រសូតនៅថ្ងៃព្រហស្បតិ៍ ខែភទ្របទ ឆ្នាំជូត ព.ស.២៤៦៧ គ.ស.១៩២៣ នៅភូមិក្រាំងម្កាក់ ឃុំរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឪពុកឈ្មោះ អ៊ុក ឃឹម ម្តាយឈ្មោះ ឈឹម នួន ជាកសិករ មានបងប្អូនចំនួន ០៤នាក់ ប្រុស ២ ស្រី២ កុមារ ឃឹម យឹម ជាកូនទី១ ក្នុងគ្រួសារ ។
កុមារ ឃឹម យឹម មានវ័យវឌ្ឍនាចម្រើនអាយុបាន ៦ ឆ្នាំ មាតាបិតា បានបញ្ជូនឲ្យទៅសិក្សាអក្សរសាស្ត្រ នៅវត្តព្រះធាតុ ឃុំរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងសំណាក់ព្រះគ្រូសូត្រឆ្វេងព្រះនាម អៀម ។ ក្នុងការសិក្សា កុមាររូបនេះ មានខិតខំរៀនសូត្រ អក្សរ លេខនព្វន្ត ទៅតាមសម័យកាល និងរៀនធម៌វិន័យ បានចេះចាំគួរសមទៀតផង ។
លុះថ្ងៃក្រោយមក កុមារ ឃឹម យឹម មានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក៏បានសុំអនុញ្ញាតពីមាតាបិតា ដើម្បីសាងបព្វជ្ជា ជាសាមណេរ ក្នុងសំណាក់ព្រះគ្រូសូត្រឆ្វេង ព្រះនាម អៀម ជាព្រះឧបជ្ឈាយ៍ នៅព.ស.២៤៨៤ គ.ស.១៩៤០ ក្នុងជន្មាយុ ១៧ឆ្នាំ។ លុះអាយុបាន១៩ឆ្នាំ សាមណេររូបនោះ ក៏នឿយណាយក្នុងព្រះផ្លួស ហើយក៏បានលាចាកសិក្ខាបទ កាន់ភេទជាគ្រហស្ថវិញ ។ អ្នកបណ្ឌិត ឃឹម យឹម បានទៅរស់នៅជាមួយមាតាបិតា ជួយបម្រើកិច្ចការ ដោយសេចក្តីគោរព និងយកចិត្តទុកដាក់ជាទីបំផុត ។
នៅព.ស.១៤៨៩ គ.ស ១៩៤៥ អ្នកបណ្ឌិត ឃឹម យឹម ដោយមានចិត្តជ្រះថ្លាក្នុងធម្មវិន័យ ក៏បានបួសជាភិក្ខុ ក្នុងសំណាក់ព្រះគ្រូ នង ញ៉ែម ជាព្រះឧបជ្ឈាយ៍ ព្រះគ្រូពៅ និងព្រះគ្រូ ហ៊ាង ជាព្រះឧបសម្បទាចារ្យ មាននាមបញ្ញត្តិថា សុវណ្ណប្បញ្ញា ក្នុងពទ្ធសីមា វត្តព្រះធាតុ ។ ពេលនោះ ព្រះភិក្ខុ ឃឹម យឹម មានព្រះជន្ម ២៣វស្សា ហើយថ្វាយបង្គំលាព្រះឧបជ្ឈាយ៍ ទៅសិក្សាព្រះបរិយត្តិធម៌ នៅវត្តព្រែកថ្លឹង ឃុំព្រែកកំពិស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អស់រយៈពេល៣ឆ្នាំ លុះព្រះជន្មបាន ២៦វស្សា ក៏ទៅបន្តការសិក្សានៅវត្តនាគវ័ន រាជធានីភ្នំពេញទៀត ។ ព្រះភិក្ខុ ឃឹម យឹម ក៏បានចេញស្វែងរកវិជ្ជាពីវត្តមួយទៅវត្តមួយជាបន្តបន្ទាប់ លុះព្រះជន្មបាន ៣១វស្សា ក៏មកគង់នៅវត្តសាក់សំពៅ ឃុំសាក់សំពៅ ។ ព្រះភិក្ខុអង្គនេះ បានជួយកិច្ចការកសាងវត្ត ដោយយកព្រះទ័យទុកដាក់អស់ពីលទ្ធភាព រហូតដល់បានកសាងកុដិឈើមួយទំហំ ១៨មx៩ម បានសម្រេចជាស្ថាពរ ។ លុះព្រះជន្មបាន ៣៤ វស្សា ក៏បានលាចាកសិក្ខាបទកាន់ភេទ ជាគ្រហស្ថវិញក្នុងគ.ស.១៩៥៧ ។
អ្នកបណ្ឌិត ឃឹម យឹម បានមករស់នៅជាមួយមាតាបិតាវិញ ដោយប្រកបរបរកសិកម្មផង ជាជាងឈើផង ។ អាយុបាន ៣៧ ឆ្នាំ លោកឪពុកអ្នកម្តាយ ក៏បានស្តីដណ្តឹង នាង ម៉ៃ សាយ ជាកូនលោកតា ម៉ៃ លោកយាយ ស៊ុក នៅឃុំតាខ្មៅ ស្រុកតាខ្មៅ ឲ្យជាគូស្វាមីភរិយា ។ គ្រួសារថ្មីនេះ ប្រកបរបរកសិកម្មផង ជាជាងឈើផង មានជីវភាពធូរធារដូចពលរដ្ឋដទៃដែរ និងមានកូនចំនួន ៤ នាក់ ប្រុស ៣ ស្រី ១ ។គ្រួសារនេះរស់នៅជាមួយគ្នា យ៉ាងសុខសាន្ត មិនដែលមានទំនាស់អ្វីបន្តិចសោះ ព្រមទាំងទទួលបាននូវការសរសើរ អំពីសំណាក់អ្នកជិតខាងគ្រប់ៗគ្នា ។
ឧបាសក ឃឹម យឹម បន្ទាប់ពីបានឆ្លងកាត់របបជាច្រើន ដូចជា របប លន់ ណុល និងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត មានរយៈ៣ឆ្នាំ ៨ខែ ២០ថ្ងៃជាដើម ដែលបានផ្តួលរំលំ ដោយកងទ័ពរណសិរ្ស សាមគ្គី សង្រ្គោះជាតិកម្ពុជា ដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ មក ។ ឧបាសក ឃឹម យឹម(ពេលបានបាត់បង់កូនប្រុស ៣នាក់ និងប្រពន្ធ) ក៏បានចូលមកសាងព្រះផ្នួសជាភិក្ខុភាវៈម្តងទៀត ក្នុងសំណាក់ព្រះវិន័យធរ ឧបេក្ខាសម្ពោជ្ឈង្គិកោ ទេព វង្ស ជាព្រះឧបជ្ឈាយ៍ ឲ្យឡើងជាភិក្ខុភាវៈ នៅក្នុងព័ទ្ធសីមាវត្ត បន្ទាយដី ឃុំទី៣ ស្រុកបាកាន ខេត្តពោធិសាត់ នៅថ្ងៃច័ន្ទ ១៣រោច ខែពិសាខ ព.ស.២៥២៥ ។ ព្រះភិក្ខុ ឃឹម យឹម ហេតុតែលោកជាអ្នកសិក្សាចេះដឹងស្រាបផ្នែកធម្មវិន័យ ក៏បានដឹកនាំបង្ហាត់បង្រៀន ភិក្ខុសាមណេរឲ្យចេះ និងប្រព្រឹត្តល្អ រួមសាមគ្គី នៅក្នុងព្រះពុទ្ធសាសនា ។ លុះមកដល់គ.ស.១៩៨២ លោកក៏បានមកគង់នៅវត្តប្រជុំនទី “ក្រពើហា” រហូតដល់ឆ្នាំ១៩៩៦ ។ ចាប់ពីឆ្នាំ ១៩៩៦ មកព្រះអង្គបាននិមន្តមកគង់ នៅវត្តព្រែកសំរោង រហូតដល់បច្ចុប្បន្ន តាមការនិមន្តរបស់ពុទ្ធបរស័ទ ។
សមណសក្តិ និងតួនាទី
១៩៨២ -១៩៩៦ បានទទួលនាទីជាព្រះគ្រូសូត្រស្តាំ វត្តប្រជុំនទី (ក្រពើហា)
-១៩៨៣ បានទទួលនាទីការកសង្ឃបំបួសកុលបុត្រក្នុងខេត្តកណ្តាល
-១៩៩៣ បានទទួលនាទីជាសមុហ៍គណខេត្តកណ្តាល
-១៩៩៨ បានទទួលនាទីជាព្រះចៅអធិការវត្តព្រែកសំរោង
-លុះដល់ឆ្នាំ ២០០៦ បានទទួលនាទីជាព្រះបវរមុនីញាណ រាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។
ស្នាព្រហស្ថ
ក/បានធ្វើជាប្រធានសាងសងសាលាបាលីវត្តប្រជុំនទី”ក្រពើហា”
ខ/បានដឹកនាំកសាងសាលាឆទាន១ខ្នង ធ្វើពីបេតុងដែលមានទំហំ ១២មx៦ម នៅភូមិក្រាំងម្កាក់ ឃុំរលួស ស្រុកកណ្តាលស្ទឹង ។
គ/បានដឹកនាំកសាងសមិទ្ធិផលក្នុងវត្តព្រែកសំរោង តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន រួមមានៈ
-កសាងសាលាបាលី១ខ្នងកំពស់២ជាន់ ទំហំ៩,៥មx២៤ម
-កសាងសាលាកាន់បិណ្ឌ១ខ្នងទំហំ១២មx២៦ម
-ជួសជុលកុដិ និង សមិទ្ធិផលផ្សេងៗទៀតជាច្រើន ។
សង្គមកិច្ច
ព្រះតេជគុណ ឃឹម យឹម បានជួយឧបត្ថម្ភក្នុងការបើកសាលាបាលីរង ដើម្បីឲ្យសមណសិស្សសិក្សាធម៌វិន័យ ចាប់តាំងពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ន និងជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់ចាស់ជរា តាជី យាយជី ក្មេងកំព្រា ជារៀងរាល់ឆ្នាំ ។
អនិច្ចធម្ម
ព្រះបវរមុនីញាណ ឃឹម យឹម ចាប់មានអាពាធតាំង ពីឆ្នាំ២០០៧ មកម្លេះ ហើយព្រះសង្ឃ សិស្សគណ អាចារ្យ គណៈកម្មការ និងកូនចៅបានធ្វើការថែទាំ និង ខិតខំជួលវេជ្ជបណ្ឌិតមកព្យាបាល យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។ ប៉ុន្តែទោះបីជា មានការយកចិត្តទុកដាក់ព្យាបាល ពីសំណាក់លោកវេជ្ជបណ្ឌិត យ៉ាងណាក៏ដោយក៏អាពាធរបស់ព្រះអង្គ មិនបានធូរស្បើយឡើយ ។ នៅទីបំផុតព្រះអង្គ ក៏បានទទួលអនិច្ចធម៌ នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ឯកស័ក ព.ស.២៥៥៣ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០០៩ វេលាម៉ោង ៩.៣០នាទីព្រឹក នៅក្នុងកុដិរបស់ព្រះអង្គ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា ក្នុងសភាពស្ងប់ស្ងាត់ ដោយបន្សល់ទុកនូវភាពអាឡោះអាល័យ សម្រាប់ព្រះសង្ឃ សិស្សគណ អាចារ្យ គណៈកម្មការ កូនចៅ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងខ្លាំង ។
នាមរូបំ អនិច្ចំ ទុក្ខំ អនត្តា!!!
មច្ចុរាជពិតជាមិនបានប្រណី និងអនុគ្រោះចំពោះបុគ្គលណាម្តងឡើយ ទោះបុគ្គលនោះជាស្តេច ជារាស្ត្រ ជាបព្វជិត ជាគ្រហស្ថ ជាអ្នកមាន ឬជាអ្នកក្រក៏ដោយ ក៏ត្រូវមានសេចក្តីស្លាប់នៅទីបំផុតគ្រប់ៗគ្នា ព្រោះបុគ្គលទាំងនោះ កើតមានហើយក្នុងលោកនេះ បាននាំមកជាមួយនូវជរា ព្យាធិ និង មរណៈ តាមខ្លួនស្រាបទៅហើយ ។ ការបាននូវរបស់មិនជាទីស្រឡាញ់ជាទុក្ខ ការបាត់បង់នូវរបស់ជាទីស្រឡាញ់ក៏ជាទុក្ខ ។ ដូចនេះជនសប្បុរសទាំងឡាយ មិនគប្បីមានសេចក្តីប្រកាន់មាំចំពោះបញ្ចខន្ធជ្រុលពេកឡើយ ព្រោះថាឧបាទានក្ខន្ធ តែងនាំមកនូវសេចក្តីទុក្ខគ្រប់យ៉ាង ៕


















ជីវប្រវត្តិ
ព្រះព្រហ្មសិរីញាណ គ្រួច គួន ព្រះរាជាគណៈថ្នាក់កិត្តិយស 
ទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ
ព្រះអនុគណ ក្រុងតាខ្មៅ និងជាព្រះចៅអធិការ វត្តកណ្ឋារាម “ តាខ្មៅ ”
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ព្រះព្រហ្មសិរីញាណ គ្រួច គួន ប្រសូតនៅ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំជូត ព.ស ២៤៦៧ គ.ស ១៩២៤ ។ បិតាឈ្មោះ ទិត្រ គ្រួច មាតាឈ្មោះ តុប មាច ក្នុងត្រកូលកសិករ នៅភូមិក្បាលកោះធំ ឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល ។ កុមារ គ្រួច គួន មានបងប្អូនចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់ កុមារ គ្រួច គួន ជាកូនទី៤។ 
កុមារ គ្រួច គួនមានវ័យវឌ្ឍនា បានអាយុ១៣ឆ្នាំ មាតាបិតាបាននាំយកទៅឲ្យសិក្សា អក្សរសាស្រ្តនៅ វត្តពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងសំណាក់ ព្រះតេជគុណ ពេជ្រ មាស  ជាចៅអធិការ វត្តពោធិបាន។ ក្នុងការសិក្សានោះ កុមារនេះ បានខំប្រឹងយកចិត្តទុកដាក់ដរាបដល់ចេះចាំទាំងអក្សរ និងលេខនព្វន្ត ទៅតាមសម័យ កាលនិងខំព្យាយាមសិក្សាព្រះធម៌ និងព្រះវិន័យបានចេះចាំសមគួរផងទៀត ។ ព្រះតេជគុណ ពេជ្រ មាស មានថេរដីកាប្រាប់មាតាបិតាថា (ល្មមបួសជាសាមណេរហើយ) មាតាបិតា ក៏បានយល់ស្របតាមទឹកព្រះទ័យ។
ឆ្នាំ ខាល ព.ស ២៤៣២ គ.ស ១៩៣៩ ក្នុងអាយុ ១៥ ឆ្នាំ យុវជន គ្រួច គួន បានទទួលផ្នួសជាសាមណេរ ក្នុងសំណាក់ព្រះតេជគុណពេជ្រ មាស ជាព្រះឧបជ្ឈាយ៍។ អាយុ១៨ឆ្នាំ សាមណេររូបនោះ ក៏នឿយណាយក្នុយងផ្នួសក៏បានសុំលាចាកសិក្ខាបទ មកជា គ្រហស្ថ។ បណ្ឌិត គ្រួច គួន បានចូលរួមប្រកបមុខរបរជាកសិកម្ម ជាមួយម្តាយនិង ឪពុក តមកម្តាយឪពុកបានស្តីដណ្តឹងនាង សាំង ស្រូយ ជាកូនរបស់លោក ទិត្រ សាំង អ្នកស្រី ហ៊ីង ហេង នៅភូមិឃុំជាមួយគ្នា ឲ្យជាគូស្វាមីភរិយា ក្នុងអាយុ ២៣ឆ្នាំ។
(ក្នុងសម័យនោះ ចាស់ទុំហៅថា “បណ្ឌិត” ចំពោះជនណាដែលបានសឹកពី សាមណេរនិងភិក្ខុ) ។ បណ្ឌិត គ្រួច គួន និងនាង សាំង ស្រូយ ប្រកបមុខរបរកសិកម្ម ដូចជាប្រជាពលរដ្ឋផងគ្នាដែរ។ គ្រួសារនេះ មានកូនចំនួន ៤ នាក់ ប្រុស ២ នាក់ ស្រី ២ នាក់។
ព.ស ២៥១១ គ.ស ១៩៦៨ ឧបាសក គ្រួច គួន ដោយមានចិត្តជ្រះថ្លា សប្បាយក្នុងព្រះធម៌ និងព្រះវិន័យ ក៏បានសម្រេចចិត្តសាងផ្នួសជាភិក្ខុ ក្នុងសំណាក់ ព្រះ តេជគុណ ពេជ្រ មាស ជាព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ជី ស ជាឧបសម្បទាចារ្យ (គ្រូសូត្រ) មាននាមបញ្ញត្តិថា “អគ្គទីបោ” ក្នុងពទ្ធសីមា វត្តពោធិបាន ពេលនោះដោយ មានចិត្តជ្រះថ្លាពីគ្រួសារផង។ បន្ទាប់មកភិក្ខុ គ្រួច គួន ខិតខំព្យាយាមប្រតិបត្តិព្រះធម៌វិន័យ ដែលជាគ្រឹះនៃ ព្រះពុទ្ធសាសនា។ មិនតែប៉ុណ្ណោះ ភិក្ខុអង្គនោះបានជួយកិច្ចការក្នុងវត្ត ដោយព្រះទ័យជ្រះថ្លា ទៅតាមលទ្ធភាព។ ដំណើរនៃវត្តនោះកំពុងមានការរីកចម្រើន ទាំង ការប្រតិបត្តិ ព្រះធម៌និងព្រះវិន័យ ព្រមទាំងសមិទ្ធិផលផ្សេងៗ ស្រាប់តែមានសភាព ការណ៍កើតឡើង ទូទាំងប្រទេស នាថ្ងៃ ១៨ មីនា ១៩៧០ ។ សភាពការណ៍នោះ កាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ។
ពេលនោះ របបកម្ពុជាប្រជាធិបតេយ្យ ចូលគ្រប់គ្រងប្រទេសកម្ពុជា អស់រយះពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ បនប្រល័យពូជសាសន៍កាន់អំណាច មានការធ្វើគត់ព្រះសង្ឃ កំទេចវត្តអារាម គម្ពីរដីកា ក្បួនច្បាប់ កុដិ ឧបដ្ឋានសាលា ព្រះវិហារ ។ល។ និងសម្លាប់ ប្រជាជនអស់រាប់លាននាក់។
ចំណែកភិក្ខុ គ្រួច គួន ត្រូវរបបនោះ បង្ខំឲ្យលាចាកសិក្ខាក្រោមដំណក់ទឹកភ្នែក នៅខែធ្នូ ឆ្នាំ១៩៧៥ (ខែកត្តិក) ឧបាសក គ្រួច គួន ត្រូវបានធ្វើការ ដូចប្រជាជនផង ទាំងពួង ធ្វើការហួសកម្លាំង ការហូបចុកពុំបានគ្រប់គ្រាន់ឡើយ។ ឧបាសករូបនោះទទួល រង លំបាកទាំងផ្លូវកាយទាំងផ្លូវចិត្ត តែខំតស៊ូយ៉ាងម៉ឹងម៉ាត់ ដើម្បីជីវិតរស់នៅ កំពុងតែ ទទួលយ៉ាងនេះ ស្រាប់តែមានកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានវាយរំលំ នូវរបបបនប្រល័យពូជសាសន៍នេះ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។
នៅថ្ងៃពុធ ៣ កើត ខែ អាសាឍ ឆ្នាំ ច ចត្វា ស័ក ព.ស ២៥២៦ គ.ស ១៩៨២ ឧបាសក គ្រួច គួន បានទទួលផ្នួសក្នុងសំណាក់ ព្រះអរិយមគ្គញ្ញាណ អន ហ៊ឹម (ហុលត្ថេរ) ជាព្រះឧបជ្ឈាយ៏ ព្រះតេជគុណ អ៊ុច ផន (ឥន្ទជោតោ) ជាព្រះ ឧបសម្បទា ចារ្យ (គ្រូសូធ្យ) បានទទួលនាមបញ្ញតិថា “គន្ធធម្មោ” ក្នុងពទ្ធសីមា វត្តប្រជុំនទី (ក្រពើហា) ឃុំព្រែឫស្សី ស្រុកតាខ្មៅ ខេត្តកណ្តាល។ ភិក្ខុ គ្រួច គួន ពេលបួសរួចនិមន្ត ត្រឡប់ទៅគង់វត្តពោធិបានវិញ។ ភិក្ខុអង្គនោះ បានយកព្រះទ័យទុកដាក់ក្នុងការរៀបចំ វត្តអារាមដែលសេសសល់ពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដឹកនាំភិក្ខុសាមណេរប្រតិបត្តិ ធម៍វិន័យ ឲ្យបានសមស្របតាមពុទ្ធប្បញ្ញត្តិ និង ពុទ្ធានុញ្ញាត្តិជារួម ដោយឡែក បានដឹកនាំពុទ្ធបរិស័ទ ក្នុងការប្រតិបត្តិ ធម៌អាថិ និង ចូលរួមកសាងព្រះពុទ្ធសាសនា ជាបន្តបន្ទាប់។ ឆ្នាំ ខាល ព.ស ១៥៣០ គ.ស ១៩៨៦ ភិក្ខុ គ្រួច គួន បានមកគង់នៅ វត្តគណ្ឋារាម “តាខ្មៅ”។
-ឆ្នាំ១៩៨៨ បានទទួលជាការរកសង្ឃសំរាប់បំបួស កុលបុត្រទូទាំងខេត្តកណ្តាល (គ្រូសូធ្យ)
-ឆ្នាំ ១៩៩៤ បានទទួលទីជាព្រះវិន័យធរ សហការី អនុគណស្រុកតាខ្មៅ (លេខ ក.ស.រ.វ.៦-៥-៩៤)
-ឆ្នាំ ១៩៩៤ បានទទួលទីជាគ្រូសូត្រស្តាំ វត្តកណ្ឋារាម “តាខ្មៅ” (លេខ ២៧៦៤ក.ស.រ.វ.១៥-១០-៩៨)
-ឆ្នាំ ១៩៩៨ បានទទួលទីជាព្រះគ្រូធម្មចរិយាមុនីព្រះអនុគណស្រុកតាខ្មៅ(លេខ២៧៧៤ក.ស.រ.វ.១៥-១០-៩៨)
-ឆ្នាំ ២០០២ បានទទួលទីជាចៅអធិការ វត្តកណ្ឋារាម “តាខ្មៅ” (លេខ ៣៨៩៩ ក.ស.រ.វ.២០-០៩-០២)
-ឆ្នាំ ២០០៦ បានទទួលទីជាព្រះព្រហ្មសិរីញាណ ទីរាជាគណៈថ្នាក់កិត្តិយស និង ជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជធិបតី សម្តេចព្រះមហាសង្ឃរាជ (ព្រះរាជក្រឹត្យ ន.ស/រ.ក.ត/០៧០៦/២៨៦,២៦-០៦-០៦)។
ក/បានចូលរួមកសាងសមិទ្ធិផលនានា ក្នុងវត្តពោធិបានតាំងពីឆ្នាំ ១៩៨៣ មកដល់បច្ចុប្បន្នដូចជាៈ
-ជួសជុលព្រះវិហារ,កុដិ,ឧបដ្ឋានសាលា,ជីក ស្រះ និង ចាក់ដីពង្រាបផ្ទៃវត្ត។
ខ/បានចូលរួមកសាងសមិទ្ធិផលនានា ក្នុងវត្តកណ្ឋារាម “តាខ្មៅ” តាំងពីឆ្នាំ ១៩៨៦ មកដល់បច្ចុប្បន្នដូចជាៈ
-កសាងកុដិថ្មីមួយខ្នង (៩ x ៨ ម៉ែត្រ) មួយជាន់ ពីតុងប្រក់ក្បឿង, ជួសជុលព្រះវិហារ,កុដិ, ឧបដ្ឋានសាលា,ជួសជុលទ្វារ បង្អួច តុសរសេរ, ក្រាលឥដ្ឋការ៉ូ,ចាក់
សាបក្រាលកំទេចថ្ម បំពេញទីធ្លាវត្ត និងរៀបចំសួនច្បារ លូទឹក។
-បានចូលរួមជា ជនកសមាជិក ពុទ្ធិកសមាគមន៍ កម្ពុជារដ្ឋពិភពលោកពីឆ្នាំ ២០០០ ដល់ ២០០៩។
-បានរៀបចំបើកសាលាពុទ្ធិកបឋមសិក្សា វត្តកណ្ឋារាម (តាខ្មៅ) សម្រាប់ភិក្ខុ-សាមណេរ និមន្តមក អំពីទិសទាំងបួនដើម្បីសិក្សាព្រះបរិយត្តិធម៌ ក្នុងព្រះពុទ្ធសាសនា។
-ឆ្នាំ ២០០៣-២០០៨ ព្រះព្រហ្មសិរីញ្ញាណ គ្រួច គួន ទីរាជគណៈថ្នាក់កិតិយស ជាចៅអធិការវត្ត រួមទាំងព្រឹទ្ធាចារ្យ ម៉ី ផន អាចារ្យ គណៈកម្មការចំនួន ១៩ រូប ដឹកនាំពុទ្ធបរិស័ទ ជួសជុល កែលំអរសាលាឆាន់ចាស់ ១ ខ្នង,កសាងចេតិយរួច ១ ខ្នង របងខាងមុខវត្ត និង ជុំវិញព្រះវិហារ។
-ឆ្នាំ ២០០៨ ឯកឧត្តម គន់ គីម ប្រធានក្រុមប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សហការីបានឲ្យរៀបចំជួសជុលព្រះវិហារ, សាងសង់សាលាធម្មសភា ១ខ្នង, រោងបាយ ១ខ្នង,ចេតិយរួម១, របងខាងមុខវត្ត ១ ខ្សែ ក្លោងទ្វារ ៣, បានទិញដី ពង្រីកផ្ទៃវត្ត ខាងត្បូងមានទំហំ ៩ x ៦០ម=៥៤០ ម៉ែត្រក្រឡា, ខាងជើង ១០ x ៤៥ម=៤៥០ ម៉ែត្រក្រឡា ដើម្បីឲ្យមានសោភ័ណភាព ក្នុងវត្តទាំងមូល។ បានរៀបចំទីធ្លា ខាងមុខវត្តជាប់ដងទន្លេ ដែលរួមមានរូបសំណាក់អ្នកតាខ្មៅ ជានិមិត្តរូបនៃទីកន្លែង និងជាសម្បត្តិ វប្បធម៌ប្រវត្តិសាស្រ្ត។
-បានបើកសាលារៀន “ពីបន្ទប់” បង្រៀនសីលធម៌ព្រះពុទ្ធសាសនា ដល់កុមារាកុមារីជាសិស្សានុសិស្ស ចំនួន ៥០ នាក់។
-បានឧបត្ថម្ភដល់ជនចាស់ជរាគ្មានទីពឹងជាគ្រឿងឧបភោគ និង សម្ភារៈផ្សេងៗ ជាបន្តបន្ទាប់។
បានឧបត្ថម្ភកិច្ចការផ្លូវរដ្ឋ។
បានឧបត្ថម្ភកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។
-ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០០៧ ព្រះព្រហ្មសិរីញាណ គ្រួច គួន មានអាពាធម្តង ពេលនោះព្រះគ្រូសូធ្យស្តាំ ទុយ ស៊្រន បាននិមន្តយកទៅមន្ទីរពេទ្យរុស្សី ដើម្បីពិនិត្យ ព្យាបាល តែពុំនៅសម្រាកសឹងនៅក្នុង មន្ទីរឡើយ។ ការព្យាបាលនោះ ក៏មិនបានជាសះ ស្បើយសមតាមបំណងដែរ។
-ឆ្នាំ ២០០៨ អាការៈនៃអាពាធ ក៏មានភាពរុកគួននូវសារពាង្គកាយឡើងវិញ, តែមិនជាធ្ងន់ធ្ងរប៉ុន្មានឡើយ។ អាពាធនោះ ពុំបានធ្វើឲ្យភិក្ខុសាមណេរ ចាប់អារម្មណ៏ខ្លាំង ក្លានោះទេ ព្រោះឆាន់ចង្ហាន់, ការសឹង, ការក្រោកនិមន្តចុះឡើង ក្នុងកុដិជាធម្មតា ទៅតាមបែបវ័យចាស់ជរា។ ឯកាព្យាបាលស្ថិតនៅជាប្រចាំ។
-ថ្ងៃអាទិត្យ ១១ រោច ខែ កត្តិក ឆ្នាំ ជូត សំរិទ្ធិ ស័ក ព.ស ២៥៥២ ត្រូវនឹងថ្ងៃទី ២៣ ខែ ១១ ឆ្នាំ ២០០៨ វេលាម៉ោង ៨ យប់ ព្រះព្រហ្មសិរីញាណ គ្រួច គួន មានសភាពខុសប្លែកពីធម្មតា មានអាការៈរសាប់រសល់ រសេះរសោះ,អាការៈបែបនេះ ធ្វើឲ្យព្រះតេជគុណ ទុយ ស៊្រន ចាប់អារម្មណ៍ ក៏បានឲ្យនិមន្តភិក្ខុ-សាមណេរ ព្រមទាំងលោកព្រឹទ្ធាចារ្យ ម៉ី ផន ជួបជុំនៅកុដិ។  ទន្ទឹមនឹងនោះ ក៏បានអញ្ជើញ លោកគ្រូពេទ្យ មកពិនិត្យជាបន្ទាន់។ តែលទ្ធផលមិនប្រសើរឡើយ។ អាការៈនោះចេះតែថយចុះៗ ជា លំដាប់ទៅតាមត្រៃលក្ខណ៍ធម៌ទាំង ៣ គឺ អនិច្ចំ ទុក្ខំ អនត្តា ដរាបដល់ អស់ខ្យល់ អស្សាសៈ បស្សាសៈ ធ្វើឲ្យព្រះតេជគុណ គ្រួច គួន ទទួលអនិច្ចធម្ម ក្នុងចំណោមភិក្ខុ សាមណេរ និងពុទ្ធបរិស័ទមួយចំនួន, វេលាម៉ោង៤:៣០នាទីទៀបភ្លឺក្នុងព្រះជន្មាយុ ៨៥ ឆ្នាំ (ថ្ងៃ-ខែដូចខាងលើ)៕

ជីវៈប្រវត្តិ
ព្រះវិភទ្ទញ្ញាណ គង់ នូ ព្រះរាជាគណៈថ្នាក់ចត្វា 
ព្រះគ្រូអនុគណក្រុងតាខ្មៅ ព្រះគ្រូសូត្រឆ្វេងវត្តប្រជុំនទី”ក្រពើហា” 
សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ព្រះវិភទ្ទញ្ញាណ គង់ នូ ប្រសូត្រឆ្នាំឆ្លូវ ត្រូវនឹងឆ្នាំ ១៩២០ នៅភូមិក្រាំងថ្មី ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បិតានាម ព្រៃ គង់ មាតានាម យូ ស៊ិន មានបងប្អូនបង្កើត ៦នាក់ កុមារ គង់ នូ ជាកូនទីបួន ក្នុងត្រកូលគ្រួសារកសិករ ។
កុមារ គង់ នូ គឺជាកុមារមួយរូប ដែលលុះដោយគន្លងធម៌ ស្តាប់បង្គាប់មាតាបិតា ស្លូតបូត សុភាពរាបសារ និងឧស្សាហ៍ព្យាយាម ។ 
លុះអាយុបាន ៩ឆ្នាំ មាតាបិតា បាននាំឲ្យទៅសិក្សាអក្សរសាស្ត្រ លេខនព្វន្ត ក្នុងសំណាក់ព្រះតេជគុណ ព្រះចៅអធិការវត្ត ចំប៉ក់ ហៅវត្តត្នោត ។
អាយុ ១៤ឆ្នាំ បានសុំការអនុញ្ញាតអំពីមាតាបិតា ចូលបព្វជ្ជាជាសាមណេរ នៅក្នុងវត្តកោកកាក ឃុំគោកទ្រព្យ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឆ្នាំ១៩.. ហើយបាននិមន្តទៅបន្តការសិក្សានៅវត្តចំប៉ក់ ហៅវត្តត្នោតវិញ ។
អាយុបាន២១ឆ្នាំ បាននិមន្តមកចូលបំពេញឧបសម្បទា ជាភិក្ខុភាវៈ នៅវត្តកោកកាក ក្នុងសំណាក់ព្រះតេជគុណ ព្រះនាម ក្រួច ម៉ី អនុគណស្រុកកណ្តាលស្ទឹង ជាព្រះឧបជ្ឈាយ៍ ព្រះតេជគុណ អ៊ុំ និងព្រះតេជគុណ អោ ជាឧបសម្បទាចារ្យ ។ ហើយបាននិមន្តទៅបន្តការសិក្សា នៅវត្តកោះ រាជធានីភ្នំពេញ ។ មុនឆ្នាំ ១៩៧០ ព្រះតេជគុណ គង់ នូ បានទទួលគោរម្យងារ ជាព្រះបាឡាត់ នៅវត្តកោះ រាជធានីភ្នំពេញ ។
លុះមកដល់ឆ្នាំ ១៩៧៥ បានលាចាកសិក្ខាបទ មកជាឃរាវាសវិញ ដោយសារការចាប់បង្ខំ ពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដូចព្រះសង្ឃទូទៅដែល ។ ការចាប់បង្ខំឲ្យលាចាកសិក្ខាក្រោមដំណក់ទឹកភ្នែក ឧបាសក គង់ នូ ត្រូវបានធ្វើការ ដូចប្រជាជនផង ទាំងពួង ធ្វើការហួសកម្លាំង ការហូបចុកពុំបានគ្រប់គ្រាន់ឡើយ។ ឧបាសករូបនោះទទួលរង ការលំបាកទាំងផ្លូវកាយទាំងផ្លូវចិត្ត តែខំតស៊ូយ៉ាងម៉ឹងម៉ាត់ ដើម្បីជីវិតរស់នៅ កំពុងតែទទួលយ៉ាងនេះស្រាប់តែមានកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានវាយរំលំ នូវរបបបនប្រល័យពូជសាសន៍នេះ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ 
ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃនៃមហាជ័យជំនៈ ដ៏ធំធេង នឹងជាប្រវត្តិសាស្ត្រ ដ៏ថ្មីស្រឡាង របស់ប្រជាជនកម្ពុជា ។ បន្ទាប់មកបក្សរដ្ឋ និងរណសិរ្យ បានបើកឲ្យមានជំនឿ ព្រះពុទ្ធសាសនា ទំនៀមទំលាប់ និងប្រពៃណីឡើងវិញ ។ ឧបាសក គង់ នូ បានរៀបចំត្រៃចីវរ ដើម្បីបំពេញឧបសម្បទា ជាភិក្ខុភាវៈជាថ្មីទៀត ។ លុះដល់ឆ្នាំ១៩៨០បានចូលទៅថ្វាយបង្គំព្រះវិន័យធរ ទេព វង្ស ជាគណៈសង្ឃទូទាំងប្រទេស ព្រះវិន័យធរ ទេព វង្ស បានអនុញ្ញាតឲ្យឧបាសក គង់ នូ បួសជាភិក្ខុក្នុងពទ្ធសីមាវរត្តឧណ្ណាលោម ក្រុងភ្នំពេញ នៅថ្ងៃ ខែ ឆ្នាំ ស័ក ព.ស. ២៥២. ត្រូវនឹងថ្ងៃទី  ខែ ឆ្នាំ១៩.. ព្រះឧបជ្ឈាយ៍ ឲ្យនាមបញ្ញត្តិ “” ។ បន្ទាប់ពីបួសរួចបាននិមន្តត្រឡប់ទៅគង់នៅវត្ត ប្រជុំនទី”ក្រពើហា” វិញ ។
-ឆ្នាំ១៩៩១ ព្រះតេជគុណ គង់ នូ បានទទួលនាទី ជាគ្រូសូត្រឆ្វេង ប្រចាំវត្តប្រជុំនទី”ក្រពើហា” ។
-ឆ្នាំ១៩៩១ ព្រះតេជគុណ គង់ នូ បានទទួលគោរម្យងារ ជាព្រះវិភទ្ទញ្ញាណ ព្រះរាជាគណៈថ្នាក់ចត្វា ជាមួយព្រះឧបជ្ឈាយ៍ អរិយមគ្គញ្ញាណ អន ហ៊ឹម ដែរ ។
-ឆ្នាំ១៩៩១ ព្រះតេជគុណ គង់ នូ បានទទួលតួនាទី ជាព្រះអនុគណក្រុងតាខ្មៅ
-ដោយសាររូបរបស់សព្វសត្វ សុទ្ធតែស្ថិតនៅក្រោមព្រះត្រៃលក្ខណ៍ធម៌ គឺ អនិច្ចំ ទុក្ខំ អនត្តា មិនមានបុគ្គលណាមួយ អាចចៀសឲ្យផុត រត់ឲ្យរួចពីត្រៃលក្ខណ៍ធម៌ទាំងបី
នេះបានឡើយ ។ ទើបមកដល់ឆ្នាំ១៩៩៧ ព្រះវិភទ្ទញាណ គង់ នូ ក៏បានទទួលអនិច្ចធម្មទៅ ដោយសាររោគាពាធ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា នាវត្តប្រជុំនទី”ក្រពើហា” សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយដំណត់ទឹកភ្នែក   ទួញយំ  សោកស្តាយជាពន់ពេក ពីសំណាក់សិស្សគណគ្រប់គ្នា ។ ចំពោះស្នាមព្រះហស្ថវិញ ព្រះអង្គបានចូលរួមកសាង ទីវត្តអារាមនានា រួមមានវត្តប្រជុំនទី”ក្រពើហា” និងវត្តកោកកាក ជាដើម ។
បញ្ជាក់ៈ ចំពោះជីវប្រវត្តិនេះមិនបានលម្អិតឲ្យបានគ្រប់ជ្រុងជ្រោយទេ ដោយពិបាកក្នុងការស្រាវជ្រាវស្វែងរកឯកសារណាស់ ហេតុនេះហើយ អាត្មាភាពសុំខន្តីអភ័យទោស ពីសំណាក់ចាស់ព្រឹទ្ធាចារ្យ នឹងអស់លោកអ្នកអានផងដែរ ៕
រចនាសម្ព័ន្ធមន្ត្រីសង្ឃខេត្តកណ្តាលបច្ចុប្បន្ន
ព្រះមេគណខេត្ត


ព្រះបាឡាត់គណខេត្ត                                            ព្រះវិន័យធរគណខេត្ត

      ព្រះធម្មធរគណខេត្ត

ព្រះសមុហ៍គណខេត្ត                                  ព្រះលេខាធិការគណខេត្ត






តួនាទីនិងភារកិច្ចនៃការគ្រប់គ្រង
មន្ត្រីសង្ឃក្រុងតាខ្មៅដែលត្រូវបានតែងតាំងឡើងដោយព្រះរាជប្រកាស 
និងព្រះសង្ឃប្រកាស រួមមាន៖
ថ្នាក់ព្រះរាជាគណៈ មាន ៤ ព្រះអង្គ
-ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ព្រះរាជាគណៈថ្នាក់ទោ
-ព្រះឧបាលិវង្ស ស ប៊ុណ្ណា ព្រះរាជាគណៈថ្នាក់ត្រី
-ព្រះថានចារី អ៊ុក ថុល ព្រះរាជាគណៈថ្នាក់កិត្តិយស
-ព្រះមេត្តាវិសុទ្ធិ ខឹម ប៊ុណ្ណា ព្រះរាជាគណៈថ្នាក់កិត្តិយស
ថ្នាក់សហការីគណខេត្តកណ្តាល មាន ២ ព្រះអង្គ
-ព្រះបាឡាត់វេទីវង្ស ញ៉ែម សុភ័ក្ត្រ ព្រះបាឡាត់គណខេត្ត
-ព្រះឧបាលិវង្ស ស ប៊ុណ្ណា ព្រះវិន័យធរគណខេត្ត
ថ្នាក់ដឹកនាំសាលាអនុគណក្រុង មាន ៥ ព្រះអង្គ
-ព្រះគ្រូធម្មចរិយាមុនី ញ៉ែម សុភ័ក្ត្រ ព្រះអនុគណក្រុង
-ព្រះមេត្តាវិសុទ្ធិ ខឹម ប៊ុណ្ណា ព្រះវិន័យធរអនុគណក្រុង
-ព្រះថានចារី អ៊ុក ថុល ព្រះធម្មធរអនុគណក្រុង
-ព្រះគ្រូធម្មជាតោ ញឹម ខេមរៈ ព្រះសមុហ៍អនុគណក្រុង
-ព្រះគ្រូសង្ឃមុនី ស្រេង ស្រ៊ន ព្រះលេខាធិការអនុគណក្រុង
ព្រះឧបជ្ឈាយ៍ មាន ២ ព្រះអង្គ
-ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ
-ព្រះឧបាលិវង្ស ស ប៊ុណ្ណា
ថ្នាក់ព្រះគ្រូ សហការីអនុគណ មាន១៣ ព្រះអង្គ
-ព្រះគ្រូសង្ឃានុរ័ក្ខវង្សា ឡាង បូរ៉ាត វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូធម្មបញ្ញា វ័ន្ត វណ្ណោ វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូធម្មចារោ យឹង ស្តា វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូធម្មជានោ រស់ សុភណ្ឌ វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូសេដ្ឋានុរ័ក្ខញាណ ស៊ឹម សុផេង វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូសេដ្ឋមុនី សុខ ស៊ីថា វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូវិសារទវង្សា ភី ច័ន្ទតារា វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូមង្គលរក្ខិតមុនី ជុន ចន្នា វត្តប្រជុំនទី”ក្រពើហា”
-ព្រះគ្រូធម្មជាតោ ញឹម ខេមរៈ វត្តខ្ពបអណ្តែត(ក្របៅ)
-ព្រះគ្រូគម្ពីរប្បជ្ជោតោ ឱ គក វត្តខ្ពបអណ្តែត(ក្របៅ)
-ព្រះគ្រូសង្ឃមុនី ស្រេង ស្រ៊ន វត្តកណ្ឋារាម(តាខ្មៅ)
-ព្រះគ្រូរតនសោភា មិន ជឿន វត្តព្រែកសំរោង
-ព្រះគ្រូសិរីសារមុនី សុខ សាំង វត្តព្រែកសំរោង
ថ្នាក់សហការីព្រះឃោសធម្ម មាន ៣ ព្រះអង្គ
-ព្រះគ្រូធម្មបញ្ញា វ័ន្ត វណ្ណោ ព្រះធម្មធរព្រះឃោសធម្ម
-ព្រះបាឡាត់ឃោសាវិសុទ្ធិញាណ យឹង ស្តា ព្រះបាឡាត់ព្រះឃោសធម្ម
-ព្រះសមុហ៍ឃោសធម្មបញ្ញា ស្រី ចឺម ព្រះសមុហ៍ព្រះឃោសធម្ម
ព្រះចៅអធិការវត្តទាំង ៧វត្តមានៈ
  -ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ ព្រះចៅអធិការ វត្តប្រជុំនទី”ក្រពើហា”
-ព្រះឧបាលិវង្ស ស ប៊ុណ្ណា ព្រះចៅអធិការ វត្តវេឡុការាម”ព្រែកប្ញស្សី”
-ព្រះថានចារី អ៊ុក ថុល  ព្រះចៅអធិការ    វត្តព្រះពុទ្ធអណ្តែត(ព្រែកហូរ)
-ព្រះមេត្តាវិសុទ្ធិ ខឹម ប៊ុណ្ណា ព្រះចៅអធិការ វត្តព្រែកសំរោង
-ព្រះគ្រូគម្ពីរប្បជ្ជោតោ ឱ គក ព្រះចៅអធិការ វត្តខ្ពបអណ្តែត “ក្របៅ”
-ព្រះគ្រូសង្ឃមុនី ស្រេង ស្រ៊ន ព្រះចៅអធិការ វត្តកណ្ឋារាម”តាខ្មៅ”
-ព្រះភិក្ខុ កុសលត្ថេរ ស្ងើន កុសល ព្រះចៅអធិការ វត្តបទុមសាគរ”ក្របៅ”


ត្រៃលក្ខណ៍កថា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូមនមស្ការចំពោះព្រះមានព្រះភាគជាព្រះអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ ដោយគោរព ។
បន្ទាប់ពីបទនមស្ការនេះ ខ្ញុំព្រះករុណាអាត្មាភាព សូមលើកយកព្រះត្រៃលក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា មកសម្តែងចែកជូនពុទ្ធបរិស័ទទាំងឡាយ ដើម្បីបង្កើនបដិបទាសេចក្តីប្រតិបត្តិព្រះធម៌វិន័យ របស់ព្រះបរមគ្រូ បន្តពីអស់លោកពុទ្ធសាសនិកជន បានសំអាតកាយវាចាចិត្តរក្សាឧបោសថសីល ជាសេចក្តីសង្ខេបដូចតទៅៈ
អស់លោកពុទ្ធបរិស័ទទាំងឡាយ!
នៅនាលោកសន្និវាសនេះ សព្វសត្វនឹងសភាវៈអ្វីទាំងអស់ ដែលកកើតមានឡើងហើយ សុទ្ធតែមិននឹងហ្ន៎ មិនទៀងទាត់ មិនមានសេចក្តីសុខ មិនមានអ្វីជារបស់ខ្លួនទេ គឺតែងតែប្រែប្រួល ប្រកបដោយទុក្ខ និងជាអនត្តាពិតប្រាកដ ។
ទស្សនវិទូបូរាណ បានខិតខំស្រាវជ្រាវរាវរកសភាវៈពិត ព្រមទាំងរកសមុដ្ឋាននៃត្រៃលក្ខណ៍នោះផង គំហើញមានតែពីរគឺ អនិច្ចំ មិនទៀងទាត់១, ទុក្ខំ ជាទុក្ខ១, ចំណែកអនត្តា មិនមែនជារបស់ខ្លួន រកមិនឃើញទេ ឃើញតែត្រឹម អត្តា របស់ខ្លួនប៉ុណ្ណោះ ។
ទើបនៅមុនព.ស.៤៥ឆ្នាំ មានមហាទស្សនវិទូមួយរូប ព្រះនាមព្រះគោតម បានរកឃើញព្រះត្រៃលក្ខណ៍នេះ ពិសេសគឺឃើញ អនត្តា ដោយប្រាជ្ញាញាណដ៏វាងវៃរបស់ព្រះអង្គ ។ នាថ្ងៃ៤រោច ខែអាសាធ ឆ្នាំរកា មុនព.ស.៤៥ឆ្នាំនោះ ទ្រង់បានប្រាប់រឿងនេះ ដល់បញ្ចវគ្គិយភិក្ខុ ក្នុងព្រៃឥសិបតនមិគទាយវ័ន តាមរយៈអនត្តលក្ខណសូត្រថា “រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ សុទ្ធតែជាអនត្តា ព្រោះវាមិនស្តាប់បង្គាប់
បញ្ជា និងចេះតែប្រព្រឹត្តទៅរកជម្ងឺដំកាត់ផ្សេងៗ” ។
ឃើញតាមព្រះពុទ្ធដីកានេះ ក្តីសង្ឃឹមអ្វីក៏ដោយ ទោះមានរូបក្តី មិនមានរូបក្តី សុទ្ធតែមិនទៀងទាត់ ជាទុក្ខ មិនមែនជារបស់ខ្លួន គឺជាខ្យល់ទាំងអស់ ។
មាតិកានៃព្រះត្រៃលក្ខណ៍
អនិច្ចំ ធម្មជាតិមិនទៀងទាត់ មិននឹងហ្ន៎ មិនមានស្ថេរភាព តែងតែប្រែប្រួលផ្លាស់
ប្តូរជាធម្មតា គឺប្តូរពីតូចទៅធំ ពីក្មេងទៅចាស់ ពីរស់ទៅស្លាប់ជាដើម, បណ្តូរនេះមានជាសារវ័ន្ត ចំពោះមនុស្ស សត្វគ្រប់រូប រុក្ខាលតាវល្លិ៍គ្រប់ដើមអវិញ្ញាណកៈគ្រប់រូបភាព ដែលមានឈ្មោះរាប់បាន រហូតដល់សង្គម ជីវិត រាងកាយ មហាអំណាច ចក្រពត្តិ និងដល់ទេវតា មារព្រហ្ម យមយក្សទាំងអស់ ព្រោះធម៌អនិច្ចំនេះ ជាធម៌មានប្រចាំទ្វីបលោក ប្រចាំទ្វីបទេវលោក បើអ្វីមានក្នុងទ្វីបទាំងនោះ គឺត្រូវតែប្រែប្រួលជាប្រចាំ ។
ដោយឡែក ចំពោះអ្នកមានបុណ្យវាសនាខ្លះ គេបានរៀបចំជីវិតរបស់ខ្លួន ឲ្យបរិសុទ្ធទៅតាមមធ្យោបាយ និងឧត្តមគតិរបស់ខ្លួន បុណ្យវាសនាគឺផលនោះ ក៏បានដឹកនាំវិញ្ញាណថ្មី ឲ្យទៅសម្ភពក្នុងត្រកូលខ្ពស់ ឬ ត្រកូលដែលមានសីលធម៌ មានយសសក្តិធំ មានទ្រព្យសម្បត្តិច្រើន មានរូបសម្បត្តិល្អ មានប្រាជ្ញាវាងវៃ យល់ការរាក់ជ្រៅក្នុងផ្លូវលោក ផ្លូវធម៌ ហើយក៏មានការកក់ក្តៅសង្ឃឹមក្នុងជីវិត ប្រកបដោយសុភមង្គល និងកិត្តិយស, តែជីវិតនោះ ដែលរស់នៅក្នុងទ្វីបចំណុះឲ្យអនិច្ចំ ក៏លុះក្នុងអនិច្ចតាធម៌ដោយពិត ។
ព្រះពុទ្ធដីកាបញ្ជាក់ថា “មានរូប មានការមិនទៀង រូបំ អនិច្ចំ”។
សូម្បីអរូបធម៌ មានតែឈ្មោះ គ្មានរូប គឺវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលជ្រកអាស្រ័យក្នុងរូប ក៏មិនទៀងដូចរូបដែរ ។
ទុក្ខំ ធម្មជាតជាទុក្ខ ការព្រួយលំបាក លំបាកអត់ទ្រាំ នឿយគំនិតខ្វល់ទាំងកាយ 
ខ្វល់ទាំងចិត្ត បណ្តាលឲ្យក្តៅក្រហាយពើតផ្សា សព្វពេលវេលា ឈ្មោះថាទុក្ខ ។
នៅក្នុងបឋមទេសនាប្រោសបញ្ចវគ្គិយក្បែរក្រុងពារាណសី ព្រៃឥសិបតនមិគទាយវ័ន ថ្ងៃពេញបូណ៌មី ខែអាសាធ ឆ្នាំរកា ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ជាក់អំពីទុក្ខនេះថា មាន១២កងគឺៈ
ក/ជាតិទុក្ខ កិរិយាកើតឡើងនៃខន្ធ ជាហេតុនាំមកនូវទុក្ខ,
  សព្វសត្តនិករ ពេលចុះចាប់បដិសន្ធិក្នុងផ្ទៃមាតា សុទ្ធតែអង្គុយលើអាហារចាស់ក្បាលទល់ទ្រអាហារថ្មី បែរមុខទៅខ្នងម្តាយគ្រប់ៗគ្នា ។ ពេលម្តាយបរិភោគអាហារពុំសមគួរដូចជាក្តៅពេក ហិលពេក ជូរពេក ប្រៃពេកជាដើម ឬម្តាយធ្វើការងារធ្ងន់ រកកម្រៃចិញ្ចឹមជីវិត (ប្រភេទម្តាយក្រីក្រ) ឬក៏ម្តាយភ្លាត់រអិលដួល រត់ លោតជាដើម អាការមិនធម្មតានោះ ធ្វើឲ្យទារករងទុក្ខទោស នៅក្នុងផ្ទៃស្ទើរសន្លប់បាត់បង់ស្មារតី ។ សេចក្តីទុក្ខនេះ មានរហូតដល់ថ្ងៃសម្រាល ។
ខ/ជរាទុក្ខ ការចាស់គ្រាំគ្រានៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ,
ជរាមានពីរប្រភេទៈ
ប្រភេទមួយ ជរាបិទមុខ គឺជរានេះ ញាំញីយាយីរាងកាយ ដែលសម្រាលមកនោះឲ្យមានការចម្រើនធំធាត់ មានកម្លាំង មានអាយុច្រើន មានវ័យចំណាស់ មានកម្លាំងខ្លាំងមានកម្លាំងខ្សោយ ដោយមិនប្រាប់ប្រងអ្វីទាំងអស់ គឺជរាទៅតាមរយៈថ្ងៃខែឆ្នាំ ។
ប្រភេទមួយទៀត ជរាមិនបិទមុខ គឺជរានេះ ធ្វើឲ្យមំសចក្ខុមើលឃើញច្បាស់ថា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រីវជ្រួញ ខ្នងកោង ភ្នែកងងឹត ត្រចៀកថ្លង់ជាដើម ។
គ/ព្យាធិទុក្ខ ជំងឺដម្កាត់ផ្សេងៗ ក៏ជាហេតុនាំមកនូវទុក្ខ,
សេចក្តីទុក្ខដែលកើតពីព្យាធិនេះ ព្រះសម្ពុទ្ធ ទ្រង់បង្រៀនព្រះអានន្ទត្ថេរ ច្រើន
ណាស់នៅក្នុងគិរីមានន្ទសូត្រថា ពហុទុក្ខោ ខោ អយំ កាយោ ពហុអាទីនវោតិ រូបកាយនេះ មានទុក្ខច្រើន មានទោសច្រើនមែនពិត ។
ឥតិ ឥមស្មឹ កាយេ វិវិធា អាពាធា ឧប្បជ្ជន្តិ អាពាធ គឺជម្ងឺដម្កាត់
ទាំងឡាយផ្សេងៗ តែងកើតឡើងក្នុងកាយនេះ ដូច្នេះ គឺទ្រង់រាប់តាំងពីរោគកើតក្នុងភ្នែក ក្នុងត្រចៀក រហូតដល់កើតពី ឧច្ចារៈ និងបស្សាវៈជាទីបំផុត ។
ដូច្នេះ កាយទាំងមូលនេះ ជាសំបុកទ្រយុគនៃរោគគ្រប់ប្រភេទ ។
ឃ/មរណទុក្ខ ការបែកធ្លាយនៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ,
សេចក្តីទុក្ខនេះ កើតមានដល់សត្តនិករ ព្រោះតែការស្លាប់បាត់បង់អាយុជីវិត ទោះជាការស្លាប់តាមអាយុក្ខ័យ គឺកាលមរណៈ ឬក៏ស្លាប់ដោយគ្រោះកាចបណ្តាលមកពីបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់ព្យុះ ផ្ទុះភ្នំភ្លើង ពុំនោះសោត ធ្លាក់អាកាសយាន ឬលិចលង់នាវាផ្សេងៗ ក៏សុទ្ធតែនាំមកនូវទុក្ខទាំងអស់ ។
ទុក្ខទាំង៤កងនេះ ជាសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងខាងក្នុង ហៅថា អជ្ឈត្តិកទុក្ខ។
ង/សោកទុក្ខ សេចក្តីសោក ក៏ជាហេតុនាំមកនូវទុក្ខ,
ច/បរិទេវទុក្ខ សេចក្តីខ្សឹកខ្សួលក៏ជាហេតុនាំមកនូវទុក្ខ,
ឆ/ទុក្ខទុក្ខ សេចក្តីទុក្ខជាហេតុនាំមកនូវទុក្ខ គឺសេចក្តីទុក្ខត្រួតលើទុក្ខ,
ជ/ទោមនស្សទុក្ខ សេចក្តីថ្នាំងថ្នាក់ចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
ឈ/ឧបាយាសទុក្ខ សេចក្តីចង្អៀតចង្អល់ចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
ញ/អប្បយេហិ សម្បយោគទុក្ខ ការជួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
ដ/បិយេហិ វិប្បយោគទុក្ខ ការព្រាត់ប្រាស់ចាកសត្វ និងសង្ខារជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ,
ឋ/យម្បិច្ឆំ ន លព្ភតិ តម្បិទុក្ខ ការបើចង់បានវត្ថុណាមួយ ហើយមិនបានវត្ថុនោះ ក៏ជាហេតុនាំមកនូវទុក្ខ, បើរាប់ឧបាទានក្ខន្ធ ដែលទ្រង់សម្តែងដោយបំព្រួញមួយទៀតបញ្ចូលផង រួមកងទុក្ខមានដល់១៣កង ។
អនត្តា សភាពមិនមែនជារបស់ខ្លួន,
សភាពមិនមែនជារបស់ខ្លួននេះ លោកសំដៅយករូបធម៌ និងនាមធម៌ គឺ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលមិនស្តាប់បញ្ជា ដូចជាការឃាត់ថា ធ្មេញកុំបាក់ សក់កុំស្កូវជាដើម វានៅតែបាក់ នៅតែស្កូវដដែល ព្រោះលុះក្នុងអំណាច ជាតិ ជរា ព្យាធិ និងមរណៈតែមិនលុះក្នុងការបញ្ជា ឬការអង្វរករអាត្មាខ្លួន ដូច្នេះគ្មាននរណាអាចនិយាយបានថា រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ  ជារបស់ខ្លួនបានឡើយ ព្រោះជា អនត្តា។
ព្រះពុទ្ធដីកាបញ្ជាក់ច្បាស់ថា”រូបំ ភិក្ខវេ អនត្តា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួនទេ” ។
រូបញ្ច ហិទំ ភិក្ខវេ អត្តា អភវិស្ស ម្នាលភិក្ខុទាំងឡាយ ប្រសិនបើរូបនេះ ជារបស់ខ្លួនពិតមែន ។
ន យិទំ រូបំ អាពាធាយ សំវត្តេយ្យ រូបនេះក៏មិនគប្បីប្រព្រឹត្តទៅ ដើម្បីអាពាធ គឺជម្ងឺដម្កាត់ឡើយ ។
យស្មា ច ខោ ភិក្ខវេ រូបំ អនត្តា តស្មា រូបំ អាពាធាយ សំវត្តតិ ម្នាល់ភិក្ខុទាំងឡាយរូបជា អនត្តា ពិតមែន ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ។
កាលបើរូបធម៌ ជា អនត្តា ដូច្នេះហើយ នាមធម៌គឺវេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលអាស្រ័យនៅក្នុងរូបនោះ ក៏ជា អនត្តា ដោយពិត ។
សាធុជនទាំងឡាយ!
ធម៌ទាំង៣នេះ គឺអនិច្ចំ ទុក្ខំ អនត្តា ជាធម៌មានសម្រាប់អ្វីៗទាំងអស់ ដែលកើតមានឡើងក្នុងលោក ទោះមានរូបក្តី ឥតរូបក្តី ក៏គេចមិនផុតពីធម៌ទាំង៣នេះ ជាដាច់ខាត ជាធម៌មានសម្រាប់គ្រប់ត្រកូល គ្រប់ស្រុក គ្រប់និគម គ្រប់ខេត្តខ័ណ្ឌ រដ្ឋធានី រាជធានីគ្រប់រូប គ្រប់ជីវិត ទាំងសត្វ ទាំងមនុស្ស ទេវតា មារ ឥន្ទ ព្រហ្ម យមយក្ស រហូតដល់
អវិញ្ញាណកវត្ថុផងដែរ ។
ព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់ ទ្រង់ត្រាស់ពីលក្ខណៈធម៌ទាំងបីប្រការនេះថា ជាមត៌កប្រចាំលោក គេចវៀសចៀសវាងពុំរួចទេ គ្រប់រូប គ្រប់ប្រាណ ដោយព្រះពុទ្ធដីកាថា
ន គាមធម្មោ និគមស្ស ធម្មោ
ន ចាបិ យំ ឯកកុលស្ស ធម្មោ
សព្វស្ស លោកស្ស សទេវកស្ស
ឯសេវ ធម្មោ យទិទំ អនិច្ចតា
ធម៌ណា ដែលមានឈ្មោះថា ជាអនិច្ចតាធម៌ គឺសភាពប្រែប្រួលមិនទៀងទាត់ អនិច្ចតាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុក(តែមួយៗ)ទេ មិនមែនជាធម៌សម្រាប់អ្នកនិគម(តែមួយ)ទេ ឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ អនិច្ចតាធម៌នុះ ជាធម៌សម្រាប់មនុស្ស សត្វ ព្រមទាំងទេវតា មារព្រហ្ម ទាំងអស់គ្រប់រូប។
ន គាមធម្មោ និគមស្ស ធម្មោ
ន ចាបិ យំ ឯកកុលស្ស ធម្មោ
សព្វស្ស លោកស្ស សទេវកស្ស
ឯសេវ ធម្មោ យទិទញ្ច ទុក្ខតា
ធម៌ណា ដែលមានឈ្មោះថា ទុក្ខតាធម៌ គឺសភាពជាទុក្ខ ទុក្ខតាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុក(តែមួយៗ)ទេ មិនមែនជាធម៌សម្រាប់អ្នកនិគម(តែមួយៗ)ទេ ឬនឹងថា ជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ ទុក្ខតាធម៌នុះ ជាធម៌សម្រាប់មនុស្ស សត្វ ព្រមទាំងទេវតា មារព្រហ្ម ទាំងអស់គ្រប់រូប ។
ន គាមធម្មោ និគមស្ស ធម្មោ
ន ចាបិ យំ ឯកកុលស្ស ធម្មោ
សព្វស្ស លោកស្ស សទេវកស្ស
ឯសេវ ធម្មោ យទិទំអនត្តតា
ធម៌ណា ដែលមានឈ្មោះថា អនត្តាធម៌ គឺសភាពមិនមែនជារបស់ខ្លួន អនត្តាធម៌នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុក(តែមួយៗ)ទេ មិនមែនជាធម៌សម្រាប់អ្នកនិគម(តែមួយៗ)ទេ ឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយ ក៏មិនមែនទេ អនត្តាធម៌នុះ ជាធម៌សម្រាប់ មនុស្ស សត្វ ព្រមទាំងទេវតា មារព្រហ្ម ទាំងអស់គ្រប់រូប ។
ដើម្បីគេចចេញចាកធម៌ទាំងបីប្រការនេះ គួរសាធុជនទាំងឡាយ បើជាគ្រហស្ថគប្បីខិតខំធ្វើទាន រក្សាសីល ចំរើនភាវនា ឲ្យបានខ្ជាប់ខ្ជួនជាប់លាប់ សម្រាប់ជាស្បៀងឆ្លងកាត់សមុទ្រវដ្តសង្សារ បើជាបព្វជិត គួរស្ងួនគ្រងសីលឲ្យបរិសុទ្ធម៉ត់ហ្មង អប់រំពត់ចិត្តដែលរមែងភ្លើតភ្លើនរប៉ិលរប៉ូចដូចពានរ ដោយសមាធិ ឲ្យបានជាចិត្តមានរបត់ មានខ្សែញាក់ទាញតម្រង់ ដូចជាងពត់កូនសរ ដូច្នោះ និងឃើញច្បាស់នូវចតុរារិយសច្ចធម៌ គឺកងទុក្ខ កំណើតកងទុក្ខ ធម៌កំចាត់រលត់កងទុក្ខ ផ្លូវសម្រាប់ដើរទៅរកទីរំលត់កងទុក្ខ ដោយវិបស្សនាបញ្ញា ។
ក្នុងធម្មចក្កប្បវត្តនសូត្រ ជាបឋមទេសនា ព្រះសម្មាសម្ពុទ្ធ ទ្រង់អំពាវនាវឲ្យគ្រប់គ្នាទាំងអស់ ដើរទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន ជាស្ថានផុតត្រៃលក្ខណ៍ និងមានសេចក្តីសុខស្ងប់ដ៏ក្រៃលែង តាមផ្លូវដ៏ប្រសើរមានអង្គ ៨ (អដ្ឋង្គិកមគ្គ) គឺ់ៈ
១/សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
២/សម្មាសង្កប្បោ សេចក្តីត្រិះរិះត្រូវ
៣/សម្មាវាចា សំដីត្រូវ
៤/សម្មាកម្មន្តោ ការងារត្រូវ
៥/សម្មាអាជីវោ កិរិយាចិញ្ចឹមជីវិតត្រូវ
៦/សម្មាវាយាមោ ព្យាយាមត្រូវ
៧/សម្មាសតិ សេចក្តីរលឹកត្រូវ
៨/សម្មាសមាធិ កិរិយាតំកល់ចិត្តឲ្យនឹងត្រូវ
ដោយព្រះពុទ្ធដីកាបញ្ជាក់ការណ៍ថាៈ
អយំ ខោ សា ភិក្ខវេ មជ្ឈិមា បដិបទា តថាគតេន អភិសម្ពុទ្ធា ចក្ខុករណី ញាណករណី ឧបសមាយ អភិញ្ញាយ សម្ពោធាយ និព្វានាយ សំវត្តតិ ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯង ដែលហៅថា សេចក្តីប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីព្រះនិព្វាន ។
សម្តែងមកក្នុងព្រះត្រៃលក្ខណ៍ គឺអនិច្ចំ ទុក្ខំ អនត្តា ជាបែបទេសនា បរិយាយយ៉ាងសង្ខេបនេះ ក៏ល្មមតាមកាលវេលា និងបញ្ចប់ហើយ សូមសត្តនិករទាំងឡាយ ក្នុងត្រៃភព កុំមានពៀរ កុំមានអាឃាតព្យាបាទ កុំកាប់សម្លាប់គ្នា សូមឋិតនៅក្នុងមេត្តាធម៌រៀងៗខ្លួន ដូចជា មេត្តាធម៌មាតា ផ្សាយទៅរកបុត្រធីតា ដូច្នោះ សូមឲ្យមានសេចក្តីសុខ និរទុក្ខ និរភ័យតទៅ ជាពិសេស សូមកម្ពោជជនទាំងក្នុង និងក្រៅប្រទេសបានប្រកបដោយពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ សូមមានវិជ្ជាជីវៈ កាក់កបល្អប្រសើរ ព្រមទាំងមានជោគជ័យជានិច្ចនិរន្តរ៍ ៕






អនត្តាធម៌
នមត្ថុ រតនត្តយស្ស
សូមនមស្ការចំពោះ ព្រះរតនត្រ័យដោយសេចក្តីគោរព
សព្វេ ធម្មា អនត្តាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
ប្រែថា បុគ្គលណាពិចារណាឃើញដោយបញ្ញាថា ធម៌ទាំងឡាយទាំងពួង (ខ្លួន)ជាអនត្តាក្នុងកាលណា ក្នុងកាលនោះបុគ្គលនោះ តែងនឿយណាយក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ។
ក្នុងផ្ទៃនៃពុទ្ធភាសិតនេះ សូមអធិប្បាយពង្រឹងសេចក្តីត្រង់ពាក្យថា អនត្តា ដូចតទៅនេះ៖
ពាក្យថា “អនត្តា” អ្នកណាមួយមិនអាចឲ្យប្រព្រឹត្តទៅក្នុងអំណាចថា “ចូរកុំចាស់ចូរកុំស្លាប់”ដូច្នេះបានឡើយ គឺសភាពសោះសូន្យមិនមានម្ចាស់ ឥតមានអ្នកណាត្រួតត្រាបាន ព្រោះមិនបានប្រព្រឹត្តទៅក្នុងអំណាចនៃធម្មជាតណាមួយ ។ អនត្តា បានដល់ធម្មជាតណាឈប់ទំពារស៊ីនូវសុខនិងទុក្ខ ធម្មជាតនោះឈ្មោះថា “អនត្តា”(មិនមែនខ្លួន)។អនត្តាសព្ទនេះ លោកសំដៅយកធម្មជាត មិនមែនជាចិត្ត មិនមែនខ្លួន គឺជារបស់ឥតមានម្ចាស់ត្រួតត្រាឡើយ ។ ពាក្យថា អនត្តា ជាគូបដិបក្ខ និងពាក្យថា អត្តា ។ អត្តានេះ បានដល់សភាវៈណា ទំពារស៊ីនូវសុខនិងទុក្ខ សភាវៈនោះឈ្មោះថា អត្តា ឬអាត្ម័ន ។ អត្តា ឬអាត្ម័នសព្ទនេះ លោកសំដៅយកចិត្តនិងខ្លួន ។
អនត្តានេះមានន័យថាៈ
១.អនត្តា សភាពមិនប្រព្រឹត្តទៅក្នុងអំណាច(នៃធម្មជាតណាមួយឡើយ!)
២.អនត្តា សភាពមិនមានម្ចាស់ត្រួតត្រា
៣.អនត្តា សភាពសោះសូន្យ
៤.អនត្តា សភាពជាគូទាស់និងខ្លួន ។
ឯអត្តា ឬអាត្ម័នសព្ទនេះ លោកសំដៅយកចិត្តនិងខ្លួន ។ ដូច្នេះ អត្តាមានន័យថាៈ
១.អត្តា បានដល់ចិត្ត ដូច្នេះព្រះពុទ្ធដីកាថាៈ
“អត្តានំ ទមយន្តិ បណ្ឌិតា=បណ្ឌិតទាំងឡាយតែងទូន្មាននូវខ្លួន” ពាក្យថា អត្តាក្នុងទីនេះ សំដៅយកចិត្ត ។
២.អត្តា បានដល់ខ្លួនដូចព្រះពុទ្ធដីកាថាៈ
“នត្ថិ អត្ត សមំ បេមំ= សេចក្តីស្រឡាញ់ស្មើដោយខ្លួនមិនមាន” ពាក្យថា អត្តាក្នុងទីនេះសំដៅយកកាយ ឬរាងកាយទាំងមូល ។
ក្នុងពិភពលោកនេះ អ្វីទាំងអស់ដែលបច្ច័យ ឬសង្ខតធាតុប្រមូលផ្តុំឡើង បានជារូបរាងនោះ ទោះបីមានវិញ្ញាណក្តី ឥតវិញ្ញាណក្តី សុទ្ធតែជាអានិត្យៈទាំងអស់ គឺពុំស្ថិតស្ថេរនៅទៀងទាត់ ឬនឹងថ្កល់ឥតប្រែប្រួល កម្រើករញ្ជួយនោះទេ ទាំងតួធាតុឯងសោតទៀត ក៏ត្រូវមានចលនាតែងតែផ្លាស់ប្តូរប្រែប្រួលជាធម្មតាដែរ ។ ដូច្នេះវត្ថុទាំងអស់ក្នុងលោក ធាតុអានិត្យៈបែបនោះ ក៏ត្រូវតែផ្លាស់ប្តូរ ពីផ្នែកមួយទៅផ្នែកមួយ ហើយការផ្លាស់ប្តូរនេះ ក៏ចេះតែវិវឌ្ឍជាដរាប ដោយសារកម្លាំងវិទ្យាសាស្ត្រ ដែលមនុស្សលោក ខំប្រឹងស្រាវជ្រាវ ហើយបង្កើតឡើងតៗគ្នាមក ។ យើងអាចសង្កេតឃើញ មនុស្សសត្វចេះកម្រើកដៃជើង ចេះទទះស្លាប ចរលីលា ហើរពីទីមួយទៅទីមួយ ឬពីភូមិមួយទៅភូមិមួយទៀតបាន ចេះស្រេកទឹក ចេះឃ្លានអាហារចំណី ។ ការប្រាថ្នាវត្ថុបែបនោះមក ដើម្បីបំប៉នរូបរាងកាយឲ្យមានដំណើរប្រព្រឹត្តទៅបានស្រួល ហើយជាគ្រឿងបន្តពូជធារ គឺកូនចៅ ។ មនុស្សលោកកាលបើប្រសូតិពីឧទរនៃមាតា មកពេលណា ពេលនោះ ត្រូវមានរូបរាងកាយប្រកបដោយទ្វត្តឹសាការៈ(អាការៈ៣២) មានសក់ជាដើម ។ រូបរាងកាយនេះ គេអាចកំណត់បានថា ភេទប្រុស ស្រី ដោយគំហើញយ៉ាងជាក់ច្បាស់ នឹងមំសចក្ខុ ហើយអាចចាប់កាន់ប៉ះពាល់ដោយដៃបានថែមទៀត ។ រូបរាងកាយរបស់មនុស្ស សត្វ សុទ្ធតែប្រកបដោយធាតុបួន ។ ឯធាតុបួននោះ គឺវត្ថុណា មានលក្ខណៈរឹងៗ វត្ថុនោះឈ្មោះថា បឋវីធាតុ បានដល់ធាតុដី,វត្ថុណា មានលក្ខណៈរាវៗ វត្ថុនោះឈ្មោះថា អាបោធាតុ បានដល់ធាតុទឹក, វត្ថុណា មានលក្ខណៈក្តៅៗ វត្ថុនោះឈ្មោះថា តេជោធាតុ បានដល់ធាតុភ្លើង, វត្ថុណា មានលក្ខណៈបក់ទៅមក វត្ថុនោះឈ្មោះថា វាយោធាតុ បានដល់ធាតុខ្យល់ ។
ធាតុទាំងបួននេះហើយ ដែលសម្រាប់ញ៉ាំងអត្តា ឬអាត្ម័នឲ្យប្រព្រឹត្តទៅរាល់ថ្ងៃ មិនឲ្យវិនាសដោយអាការៈណាមួយ ដែលលោកវោហារថា ជីវិត (ការរស់នៅ) អាស្រ័យដោយធាតុទាំងបួនជាដើមចម ។ បើធាតុទាំងបួននោះ ធាតុណាមួយពុំមានចលនាទេ រូបរាងកាយរបស់មនុស្ស សត្វ តែងមានដំណើរប្រព្រឹត្តទៅពុំបានស្រួល ព្រោះគ្រឿងផ្សំទាំងនោះមានអាការៈពុំស្របគ្នា ។
សរុបសេចក្តីទៅ ខ្លួនមនុស្សក្នុងលោកនេះ សុទ្ធតែប្រកបដោយរាងឆ្អឹងជាគ្រឿងផ្សំឡើងទាំងអស់ កាលបើគ្រឿងផ្សំទាំងនោះ ពុំស្របគ្នា ឬពុំមានចលនាស្មើគ្នាទេ រូបនោះ ក៏មិនអាចមានសភាវៈរឹងប៉ឹងបានដែរ បើរូបរាងកាយពុំបរិបូណ៌ដូច្នេះហើយ បានជាពិភពលោកសព្វថ្ងៃនេះ បានបង្កើតអង្គការមួយឈ្មោះថា “អង្គការសុខភាព” ។ តាមន័យនេះ ខ្លួនគឺរាងកាយរបស់មនុស្សក្នុងលោកនេះ ប្រកបដោយគ្រឿងផ្សំពិតមែន ។ និមិត្តហេតុប៉ុណ្ណេះហើយ បានជាព្រះលោកនាថទ្រង់ត្រាស់ថា រូបរាងកាយ ឬរបស់គ្រប់បែបយ៉ាងក្នុងលោកនេះ សុទ្ធតែជា អនត្តា គឺជាសភាវៈមិនមែនខ្លួន មិនស្តាប់បង្គាប់ ឥតមានម្ចាស់ត្រួតត្រាឡើយ ។ បើជារបស់យើងពិតមែន យើងអាចឃាត់បាន នៅពេលដែលមានវិបត្តិវិបរិតក្នុងកាលៈទេសៈណាមួយ ។ ខ្លួនគឺរាងកាយរបស់មនុស្សនេះ ដែលក្នុងវិទ្យាសាស្ត្រថា ប្រកបដោយគម្រោងឆ្អឹង ពុទ្ធសាសនា ថាពិតមែនហើយ ប៉ុន្តែគម្រោងឆ្អឹងនោះ មិនអាចមានការទៀងទាត់ ស្ថិតស្ថេរនៅបានឡើយ ។ សមដូចពុទ្ធភាសិតថាៈ
បស្ស ចិត្តកតំ ពិម្ពំ អរុកាយំ សមុស្សិតំ ពហុសង្កប្បំ យស្ស នត្ថិ ធុវំ ឋិតំ ។
ប្រែថា អត្តភាពណាមួយ ដែលមានការមិនទៀងទាត់ ស្ថិតស្ថេរ ចូរអ្នកមើលអត្តភាព(នោះ) ដែលគេធ្វើវិចិត្រហើយ ជាកាយពេញពាសដោយដំបៅ ដែលកុសលាកុសលកម្មផ្គុំឡើងដោយឆ្អឹងបីរយកំណាត់ ជាអត្តភាពក្តៅក្រហាយជានិច្ច ជាកាយដែលមហាជនរំពឹងត្រិះរិះដោយប្រការជាច្រើន ។
នៅពេលដែលព្រះអង្គបានត្រាស់ដឹងទ្រង់យល់ច្បាស់នូវពាក្យថា អនត្តា ដូច្នេះហើយក៏ដោយ   ព្រះមហាបុរស  នៅតែពោលពាក្យថា អត្តា ឬអាត្ម័ន ដដែល ។ ព្រោះ ពុំនោលពាក្យ ដែលធ្លាប់សន្ទនាគ្នា អស់រយៈកាលដ៏យូរលង់មកហើយ ទៅជាពាក្យងាយស្តាប់ ឬជាឧបាយដ៏វិសេសមួយ អាចទាញទឹកចិត្តរបស់មនុស្សឲ្យចុះស៊ប់ក្នុងអំណាចនៃទ្រឹស្តីថា អនត្តា នេះវិញ ។ មួយទៀត ព្រះមានព្រះភាគទ្រង់ត្រាស់ថា អរិយសាវ័ក ក្នុងសាសនានេះ កាលបើដឹងច្បាស់នូវហេតុការណ៍នៃអនត្តា ចិត្តរមែងរួចផុត(ចាកកំណាន់) ប៉ុន្តែអរិយសាវ័កនោះឯង រមែងមិនមានវិវាទនឹងអ្នកឯណា សម្តីណាដែលគេសន្មតនិយាយក្នុងលោក អរិយសាវ័ក រមែងពោលពាក្យតាមនោះ ព្រះពុទ្ធបរមគ្រូទ្រង់សំដែងទុកមក គ្រាន់តែជាសំនួនវោហារងាយទូន្មានវេនេយ្យសត្វ ដែលមានកំណាន់ថា ជាខ្លួនរបស់អញ ហើយឲ្យខំតាំងចិត្តប្រតិបត្តិធម៌តែប៉ុណ្ណោះ ព្រោះព្រះអង្គគ្មានជំពាក់ក្នុងរឿងអត្តា ឬអាត្ម័នឡើយ ។ ជាទូទៅព្រះពិជិតមារ ទ្រង់បដិសេធពាក្យថា អត្តា ឬអាត្ម័ន ហើយទ្រង់សម្តែង ដោយបរមត្ថវោហារថា វត្ថុទាំងអស់ដែលមាននៅក្នុងលោក កាលមានរូបសណ្ឋានទ្រង់ទ្រាយតូច ធំ ល្អ អាក្រក់ លក្ខណៈបែបណាក៏ដោយ សុទ្ធតែជារបស់មិនទៀង ជាទុក្ខ មិនមែនជារបស់ខ្លួន (គឺអនត្តា)ទៅវិញ ។ ឧទាហរណ៍ ដូចជា ទឹកសមុទ្រ ទន្លេ ស្ទឹង បឹង មានលក្ខណៈមិនទៀង គង់ទ្រាំមិនបាន ឥតមានអ្នកណាមួយ ជាម្ចាស់ត្រួតត្រាថា ត្រូវផ្លាស់ប្តូរជាដរាប ។ ទឹកនោះឯង កាលបើមានកម្តៅត្រូវយ៉ាងខ្លាំង តែងប្រែប្រួលទៅជាចំហាយ ហើយហុយឡើងទៅលើអាកាសវេហាស៍ ។ ចំហាយនោះ បើប៉ះនិងធាតុត្រជាក់ ក៏ផ្គុំគ្នាក្លាយទៅជាទឹកភ្លៀង ធ្លាក់ចុះមកលើផ្ទៃពសុធា នឹងសម្ងំនៅក្នុងសមុទ្រ ទន្លេ ស្ទឹង បឹង ដូចមុនទៀត វិលចុះវិលឡើងយ៉ាងនេះ បានជាលោកវិទូទ្រង់ត្រាស់ថា វត្ថុទាំងអស់ សុទ្ធតែអនត្តា ។ តាមទ្រឹស្តីពុទ្ធសាសនា យើងបានដឹងហើយថា មនុស្សម្នាក់ៗ មានខន្ធ៥ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ។ ខន្ធទាំង៥នេះហើយ លោកមិនបានកំណត់រាប់យកជីវិតមកនិយាយផងទេ ។ ព្រោះខន្ធទាំង៥នេះ លោកចែកជាពីរប្រការ គឺរូប១ នាម១ ។ ធម្មជាតណា ដែលវិនាសដោយក្តៅ និងត្រជាក់ ធម្មជាតនោះ លោកឲ្យឈ្មោះថា រូប ដោយមានតួមើលឃើញផង ចាប់ពាល់បានផង ។ ធម្មជាតណា ដែលឱនចូលទៅតាមអារម្មណ៍ គឺវេទនា សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណ ធម្មជាតនោះ លោកឲ្យឈ្មោះថា នាមធម៌ ដោយគ្រាន់តែមានឈ្មោះប៉ុណ្ណោះ គឺជាធម្មជាតផ្លាស់ប្តូរប្រែប្រួល មិនបានទទួលអារម្មណ៍ល្អ អាក្រក់ មិនមែនជាបុណ្យ បាប គឺជាអព្យាក្រិត្យ ។ កាលបើរូបកើតឡើង រូបនោះក៏រមែងបែកធ្លាយ ឬរលត់ទៅវិញជាធម្មតា ដូចពុទ្ធភាសិតថា
ផេណុបិណ្ឌោបមំ រូបំ វេទនា បុព្វុឡូបមា
មរីចិកូបមា សញ្ញា សង្ខារា កទលូបមា
មាយូបមញ្ច វិញ្ញាណំ ទេសិតាទិច្ចពន្ធុនា ។
ប្រែថា រូបប្រៀបដូចជាដុំនៃពពុះទឹក វេទនាប្រៀបដូចជាក្រពេញទឹក ដែលប៉ោងឡើងព្រួចៗ សញ្ញាប្រៀបដូចជាថ្ងៃបណ្តើរកូន សង្ខារទាំងឡាយប្រៀបដូចជាដើមចេក វិញ្ញាណប្រៀបដូចជាកលមាយា (បម្រៀបនៃខន្ធទាំង៥នេះ) គឺព្រះសម្មាសម្ពុទ្ធ មានផៅពង្សដ៏ខ្ពង់ខ្ពស់ដូចជាព្រះអាទិត្យ ទ្រង់សម្តែងហើយ ។
ពុទ្ធភាសិតនេះ ព្រះអនាវរណញ្ញាណ ទ្រង់បំភ្លឺថា ខន្ធទាំង៥នេះ មានរូបជាដើម មិនអាចស្ថិតស្ថេរចីរកាលបានទេ ។ ព្រោះរូបនេះជាទីជម្រក នៃជរា ព្យាធិ និងមរណៈ ។ រូបនេះលោកប្រៀបដូចជាចង្កៀង ។ ធម្មតាចង្កៀងដែលមានពន្លឺទៅបាន ដោយអាស្រ័យឧបករណ៍បរិបូណ៌ គឺមានតួចង្កៀង ប្រេង ប្រឆេះ អាកាស និងអ្នកអុច ទើបមានពន្លឺយ៉ាងណា ឯរូបរាងកាយ ដែលមានជីវិតរស់នៅកើតមានឡើងបាន ដោយអំណាចការប្រជុំនៃហេតុបច្ច័យទាំងនោះយ៉ាងនោះដែរ រូបដែលកើតឡើងតៗគ្នា គ្រាន់ជាឧប្បាទធម៌ ឬជាការវិលទៅនៃនាមធម៌ ឬក៏មានចលនានៃរាងកាយ ដែលប្រកបដោយធាតុប៉ុណ្ណោះ។ ការប្រព្រឹត្តទៅនៃរូបនេះ ជាឧប្បាទធម៌មួយ ដែលកើតឡើង ឋិតនៅ រលត់ទៅវិញ របស់នាមធម៌ជាបន្តបន្ទាប់គ្នា ដូចពុទ្ធភាសិតថា “យំកិញ្ចិ សមុទយធម្មំ សព្វន្តំ នរោធធម្មំ របស់ណាមួយ មានកិរិយាកើតធម្មតា របស់នោះមានកិរិយារលត់ទៅវិញជាធម្មតាដែរ” ។ ព្រោះហេតុដូច្នោះ បានជាព្រះសយម្ភូញ្ញាណ ទ្រង់ត្រាស់ថា អនត្តា ។
នៅពេលដែលព្រះបរមសាស្ត្រាចារ្យ ទើបនិងត្រាស់ដឹងឡើងក្នុងលោក ព្រះអង្គទ្រង់សម្តែងអំពី អនត្តា នេះចំពោះបញ្ចវគ្គិយភិក្ខុ ព្រោះភិក្ខុទាំងនោះច្រើនប្រកាន់ថា អត្តា ឬអាត្ម័នជារបស់ប្រសើរ ។ ហេតុប៉ុណ្ណោះហើយ ទើបព្រះទ្រង់ញាណ សម្តែងរឿងនេះឡើង ដើម្បីឲ្យពួកភិក្ខុទាំងនោះ ពិចារណាឃើញថា “របស់អញ ឬមិនរបស់អញ” ។ ព្រះអង្គទ្រង់យល់ដល់ខន្ធ៥ ថាជា អនត្តា ព្រោះធម៌ទាំងនោះតែងប្រព្រឹត្តទៅ ក្នុងអំណាចនៃធម្មជាតមិនទៀង ជាទុក្ខគ្រប់យ៉ាង កាលបើខន្ធ៥ ប្រែប្រួលទៅតាមធម្មជាត ដែលមិនទៀង ជាទុក្ខហើយ ពុំអាចរកបុគ្គលណាមួយ ឲ្យមានអំណាចជាម្ចាស់ ហាមឃាត់នូវការមិនទៀង ជាទុក្ខរបស់ខ្លួននោះ ឲ្យមកជាទៀង ជាសុខវិញ ពុំបានឡើយ។ ហេតុនៃការមិនទៀង ជាទុក្ខបែបនេះ បានជាព្រះសព្វញ្ញូពុទ្ធទ្រង់ត្រាស់ថា ខន្ធទាំងនោះ ជារបស់អនត្តា ដូចពុទ្ធដីកាថាៈ
“ម្នាលភិក្ខុទាំងឡាយ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណនេះ មិនទៀងទេ ធម្មជាតណាមិនទៀងហើយ ធម្មជាតនោះ តែងជាទុក្ខ ធម្មជាតណាជាទុក្ខហើយ ធម្មជាតនោះ     តែងជាអនត្តា   ធម្មជាតណាតែងជាអនត្តាហើយ     ធម្មជាតនោះឯង 
អ្នកប្រាជ្ញគប្បីដឹងថា នុះមិនមែនរបស់អញ នុះមិនមែនជាអញ នុះមិនមែនខ្លួនអញទេ”។
មួយទៀត ព្រះជិនស្រីពុំមែនសម្តែងចំពោះតែខន្ធ៥ ថាជាអនត្តា ប៉ុណ្ណោះទេ សូម្បីអាយតនៈទាំងខាងក្នុងទាំងខាងក្រៅ ក៏ព្រះអង្គសម្តែងថាជា អនត្តាដែរ ។ ព្រោះហេតុនោះ អាយតនៈទាំង១២នេះ តែងប្រព្រឹត្តទៅក្នុងអំណាចនៃការមិនទៀង និងសេចក្តីទុក្ខគ្រប់យ៉ាងដូចគ្នានឹងខន្ធ៥ ។ កាលបើអាយនៈទាំង១២នេះ ជាធម្មជាតមិនទៀង ជាទុក្ខ រកអ្នកណាមួយ ដែលមានអំណាចមកហាម កុំឲ្យអាយតនៈទាំងអស់នេះ មកកាន់ធម៌មិនទៀង ជាទុក្ខ ឲ្យមកជាធម៌ទៀង និងសេចក្តីសុខវិញពុំបានឡើយ ។ ហេតុនៃអនិច្ចតា ទុក្ខតាធម៌បែបនេះហើយ បានជាព្រះបរមគ្រូទ្រង់សម្តែងថា “អាតយនៈទាំង១២នេះ សុទ្ធតែជាអនត្តា” ។ ដូចពុទ្ធតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ទាំងរូប សម្លេង ក្លិន រស សម្ផស្ស និងធម៌ ទាំងអស់នេះ តែងប្រព្រឹត្តទៅតាមទំនើងនៃខ្លួនៗ ឥតមានអំណាចអ្វី និងហាមឃាត់បានទេ។
ដូច្នេះពាក្យថា អនត្តា ជាពុទ្ធទស្សនៈមួយ ដែលព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់មកនេះ ដើម្បីជាគ្រឿងពិចារណា នៃប្រជាពលលោក ។ ព្រោះអនត្តានេះ ជាឧប្បាទធម៌ ដែលអាចបង្វិលមនុស្ស ទេព្តា មារព្រហ្ម ទាំងអស់នោះ ឲ្យចុះស៊ប់ក្នុងអំណាចនៃទ្រឹស្តីថា នុះមិនមែនអញ នុះមិនមែនជារបស់អញឡើយ ។ គឺជាសភាពមិនប្រព្រឹត្តទៅ ក្នុងអំណាចនៃហេតុណាមួយ សភាពមិនមានម្ចាស់ត្រួតត្រា ហួងហែង រក្សាការពារ សភាពសោះសូន្យទទេ សភាពគូបដិបក្ខ និងអត្តា(គឺខ្លួនប្រាណ) ។ ក្នុងលោកនេះ មនុស្សគ្រប់សញ្ជាតិ គ្រប់សាសន៍ ទោះបីមានវ័យបែបណា ឋានៈបែបណាក៏ដោយ ត្រូវមានធម៌ប្រព្រឹត្តទៅតាម ឬឋិតនៅជាប់ជាដរាប ។ បើទុកជា នរជនណាមួយ ដែលមានបំណងចង់គេចវេះឲ្យផុតអំពីធម៌នោះក៏ពុំបាន សូម្បីនរជននោះ បានចូលទៅសម្ងំនៅក្នុងអាកាសក្តី ក្នុងសមុទ្រក្តី ក្នុងល្អាងភ្នំក្តី ឬចន្លោះភ្នំ ឬក៏ជ្រោះជ្រលងដងអូរក្តី ក៏នៅតែគេចមិនរួចអំពីអនត្តាធម៌នោះដដែល ។ ជាទូទៅប្រទេសលើផែនដី ដែលមនុស្សលោកឋិតនៅ ឬរស់នៅក៏ត្រូវមានធម៌នេះគ្របសង្កត់ជាធម្មតា ។ គម្របនៃអនត្តាធម៌នេះ ចំពោះមនុស្ស សត្វ ឬវត្ថុគ្រប់យ៉ាងក្នុងលោកនេះ ពុំរើសវណ្ណៈទេ ទោះបីស្តេច នាហ្មឺន មន្ត្រីគហបតី ប្រជារាស្ត្រ អ្នកមាន ក្រ ល្អ អាក្រក់ ក្មេង ចាស់ កម្លោះ ក្រមុំ ប្រុស ស្រី មានវ័យចាស់បែបណាក៏ដោយ ឲ្យតែមានរូបរាងកាយ សុទ្ធតែត្រូវនៅក្នុងអំណាចនៃធម៌នេះទាំងអស់ ។ ធម៌នេះពុំមែនជាធម៌សម្រាប់អ្នកស្រុក ពុំមែនជាធម៌សម្រាប់អ្នកនិគម ឬនឹងថា ជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏ពុំមែនទេ ធម៌នេះគឺជាធម៌សម្រាប់មនុស្ស សត្វ ទេព្តា មារព្រហ្មគ្រប់រូបទាំងអស់ ។ និមិត្តហេតុប៉ុណ្ណេះហើយ បានជាព្រះសម្មាសម្ពុទ្ធ ជាមហាទស្សនវិទូយ៉ាងឯកទ្រង់ត្រាស់ថា ក្នុងលោក អ្វីៗទាំងអស់ ដែលបច័្ចយ ឬសង្ខតធាតុប្រមូលផ្តុំឡើងជារូបរាងកាយនោះ ទោះបីមានវិញ្ញាណក្តី ឥតវិញ្ញាណក្តី ក៏ត្រូវប្រែប្រួល ជាវិបរិណាមធម៌ សភាវៈផ្លាស់ប្តូរ ជាវិប៌យាយៈ ឬវិបរ្យាយៈ ដំណើរមិនទៀងទាត់ ជាវិប៌យាសៈ ឬវិបរ្យាសៈ ការប្រែប្រួលមិនតាំងនៅជាប្រក្រតី គឺសុទ្ធតែជារបស់មិនស្តាប់បង្គាប់ឥតមានម្ចាស់ត្រួតត្រាបានឡើយ ៕








ឧបាទានក្ខន្ធទុក្ខ
សត្វលោកកើតមកទាំងចំណង ចាស់ទាំងចំណង ស្លាប់ទាំងចំណង ទៅកាន់បរលោកក៏ទាំងចំណងដែរ ។ កិលេសបានចងសត្វលោក ឲ្យជាប់នឹងទីកន្លែង ជាប់នឹងភព ជាប់នឹងឧបាទានក្ខន្ធ ៥ នេះជាប្រភពនៃបញ្ហាគ្រប់យ៉ាង ។
ពាក្យថា សត្វ ក្នុងទីនេះ មានន័យសេចក្តីថា សេចក្តីពេញចិត្តណា សេចក្តីត្រេក អរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូបក្តី វេទនាក្តី សញ្ញាក្តី សង្ខារក្តី និង វិញ្ញាណក្តី បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្តជាដើមនោះ ជំពាក់នៅក្នុងសេចក្តី ពេញចិត្តជាដើមនោះ លោកហៅថា សត្វ ។
ទ្រព្យសម្បត្តិពេញណែនក្នុងផ្ទះ និងនៅខាងក្រៅផ្ទះទៀត មិនមែនព្រោះមកពីឧបាទានក្ខន្ធ៥នេះទេឬ?
ឧបាទានក្ខន្ធ ៥ នោះបានដល់រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ និងវិញ្ញាណខន្ធ ។ សត្វលោកទាំងឡាយ តែងជាប់ជំពាក់ក្នុងរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ មិនងាយលះបង់បានឡើយ ។ បើមិនមានឧបាទានក្ខន្ធ ៥ ទេ តើមានអ្វីដែលត្រូវការចាំបាច់ នឹងស្វែងរកយកមកបរិភោគ ប្រើប្រាស់ តែព្រោះ សត្វលោកត្រូវអវិជ្ជា បិទបាំង ទើបសត្វលោកបែរទៅជាត្រេកអរជាមួយ នឹងអ្វីៗដែលបានមកហើយ ប្រកាន់ឧបាទានក្ខន្ធ ៥ ថាជាតួខ្លួន ដោយមិនបានកំណត់ដឹង នូវឧបាទានក្ខន្ធ ៥ ថាជាទុក្ខឡើយ ។ ឧបាទានក្ខន្ធ ៥ នេះហើយ ជាជំរកនៃសេចក្តីទុក្ខគ្រប់យ៉ាង ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងថា អ្នកទាំងឡាយ ចូរកម្ចាយចោល ឈូសចោល កម្ចាត់ចោល នូវរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិដើម្បីអស់ទៅនៃតណ្ហា ព្រោះថា ការអស់ទៅនៃតណ្ហា ឈ្មោះថា ព្រះនិព្វាន ។
តណ្ហា គឺសេចក្តីត្រេកត្រអាល ចង់បានគ្មានទីបំផុត ។ តណ្ហាមាន ៣ ប្រការគឺ
១.កាមតណ្ហា ការប្រាថ្នាចង់បាន នូវវត្ថុជាទីត្រេកត្រអាល ក្នុងអារម្មណ៍ បានដល់
វត្ថុកាម និងកិលេសកាម យ៉ាងតក់ក្រហល់ ។
២.ភវតណ្ហា ការប្រាថ្នាចង់បានឲ្យវត្ថុ ជាទីត្រេកត្រអាលក្នុងអារម្មណ៍ ដែលខ្លួនបានហើយនោះ តាំងនៅអស់កាលជានិច្ច ។
៣.វិភវតណ្ហា ការប្រាថ្នាចង់បាន មិនឲ្យវត្ថុជាទីត្រេកត្រអាលក្នុងអារម្មណ៍ ដែលខ្លួនបានហើយនោះ បាត់បង់វិនាសទៅវិញឡើយ ។
តណ្ហាទាំង៣ប្រការនេះ តែងចងសត្វលោកយ៉ាងតឹងណែន មិនងាយនឹងរើខ្លួនរួចបានឡើយ ។ កាលដែលសត្វលោក អាចរលាស់ខ្លួនចេញផុតអំពីតណ្ហាទាំងនេះបាន លុះត្រាសត្វលោកទាំងនោះ ធ្វើសេចក្តីកំណត់ដឹងថា តណ្ហាទាំងនេះ ជាមូលហេតុនៃសេចក្តីទុក្ខគ្រប់យ៉ាង ហើយខិតខំព្យាយាមកម្ចាត់ចោល ឈូសចោល និងធ្វើឲ្យជាក់ច្បាស់ក្នុងចិត្តថា ជាហេតុនៃសេចក្តីទុក្ខពិត ។ ម្យ៉ាងទៀត សត្វលោក គប្បីខិតខំរកឧបាយជាគ្រឿងប្រាជ្ញា ដើម្បីកម្ចាត់ចោលនូវតណ្ហាទាំងនោះ ដោយសេចក្តីប្រតិបត្តិដ៏ប្រពៃ តាមអដ្ឋង្គិកមគ្គទាំង ៨ ប្រការគឺ
១.សម្មាទិដ្ឋិ ការយល់ឃើញត្រូវ
២.សម្មាសង្កប្បោ ការត្រិះរិះត្រូវ
៣.សម្មាវាចា ការនិយាយត្រូវ
៤.សម្មាកម្មន្តោ ការងារត្រូវ
៥.សម្មាអាជីវោ ការចិញ្ចឹមជីវិតត្រូវ
៦.សម្មាវាយាមោ ការព្យាយាមត្រូវ
៧.សម្មាសតិ ការរលឹកត្រូវ
៨.សម្មាសមាធិ ការតម្កល់ចិត្តត្រូវ
ផ្លូវប្រកបដោយអង្គ៨ប្រការនេះហើយ ជាផ្លូវប្រតបត្តិដ៏ប្រពៃ ដើម្បីកម្ចាត់បង់នូវសេចក្តីទុក្ខទាំងឡាយ មានឧបាទានក្ខន្ធទុក្ខជាដើម ដែលបានកើតឡើង អំពីតណ្ហានោះ និងក៏ជាផ្លូវដែលសត្វលោក ត្រូវដើរទៅកាន់ទីបរមសុខ ពោលគឺព្រះនិព្វានផងដែរ។
សត្វលោកទាំងឡាយ ត្រូវបានចាញ់ការបោកបញ្ឆោត របស់បញ្ចខន្ធគ្រប់គ្នា ហើយបានដេកត្រាំ នៅជាមួយនឹងបញ្ចខន្ធនោះ យ៉ាងមានសេចក្តីសុខតាមផ្លូវលោកិយ ទាំងភ្លេចខ្លួនទៀតផង ។ លុះដល់ជីវិតខិតចូលដំណាក់កាលចុងក្រោយ ទើបភ្ញាក់ខ្លួន ហើយខិតខំប្រវេប្រវ៉ារកធម៌ជាទីពឹង ទីរលឹក ប៉ុន្តែវាហាក់ដូចជាហួសពេលទៅហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រសើរជាងបុគ្គលខ្លះ ដែលឈានដល់បច្ឆិមវ័យអាយុជាង ៧០ឆ្នាំ ទៅហើយ ក៏នៅតែត្រូវតណ្ហាគ្រប់សង្កត់ រហូតហ៊ានប្រព្រឹត្តអនាចារ ទៅលើកុមារីទាំងមិនទាន់គ្រប់អាយុទៀតផង ។ នេះហើយលោកហៅថា ជាបុគ្គលងងឹតក្នុងលោកនេះផង និងត្រូវងងឹតក្នុងលោកខាងមុខផង ព្រោះមិនបានអប់រំចិត្តរបស់ខ្លួនឲ្យបានល្អ ។ ចិត្តំ គុត្តំ សុខាវហំ ហោតិ ចិត្តដែលបុគ្គលគ្រប់គ្រងល្អរ មែងនាំមកនូវសេចក្តីសុខ ។
បើយើងត្រិះរិះពិចារណាទៅ មិនមានអ្វីគួរជាទីរីករាយ ត្រេកអរ ត្រេកត្រអាល ប្រកាន់(ឧបាទាន) ចំពោះបញ្ចខន្ធ ដែលជារបស់ពុកផុយ គ្មានខ្លឹមសារ មិនឋិតឋេរ ជាទុក្ខ និងមិនមែនជារបស់ខ្លួនយើងឡើយ ។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា
ផេណុបិណ្ឌោបមំ រូបំ វេទនា បុព្វុឡូបមា
មរីចិកូបមា សញ្ញា សង្ខារា កទលូបមា
មាយូបមញ្ច វិញ្ញាណំ ទេសិតាទិច្ចពន្ធុនា
រូបមានសេចក្តីប្រៀបធៀប នឹងដុំនៃពពុះទឹក វេទនាមានសេចក្តីប្រៀបធៀប នឹងក្រពេញទឹក ដែលប៉ោងឡើងព្រួចៗ សញ្ញាមានសេចក្តីប្រៀបធៀប នឹងថ្ងៃបណ្តើរកូន សង្ខារទាំងឡាយ មានសេចក្តីប្រៀបធៀប នឹងដើមចេក វិញ្ញាណមានសេចក្តីប្រៀបធៀបនឹងកលមាយា(សេចក្តីប្រៀបធៀប នៃខន្ធទាំង៥នេះ) គឺព្រះសម្ពុទ្ធមានផៅពង្សដ៏ខ្ពង់
ខ្ពស់ដូចព្រះអាទិត្យ ព្រះអង្គទ្រង់សម្តែងហើយ ។
យោងតាមសេចក្តី នៃព្រះគាថាខាងលើនេះ មិនមានអ្វីដែលយើងត្រូវជឿជាក់ ត្រេកអររីករាយចំពោះបញ្ចខន្ធ ដែលជារបស់មានការប្រែប្រួលដូច្នេះឡើយ ។ ហេតុដូច្នោះហើយ បានជាព្រះសម្ពុទ្ធប្រៀនប្រដៅ សត្វលោកឲ្យចេះ ធ្វើការត្រិះរិះពិចារណា ឲ្យមានសេចក្តីតក់ស្លុត ចំពោះសង្ខារធម៌ ដែលជារបស់មិនទៀងទាត់នោះជារឿយៗ ដើម្បីហាមឃាត់ នូវចិត្តរបស់យើង មិនឲ្យមានសេចក្តីភ្លើតភ្លើន ព្រោះតែតណ្ហាគ្របសង្កត់ ។ សមដូចជាព្រះមានព្រះភាគទ្រង់សម្តែងថា
សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោវិសុទ្ធិយា ។
នៅពេលណា បុគ្គលពិចារណាឃើញច្បាស់ ដោយបញ្ញាថា សង្ខារធម៌ទាំងឡាយ ជារបស់មិនទៀងទាត់ នៅពេលនោះ គេរមែងនឿយណាយនឹងទុក្ខ នុះហើយ គឺជាផ្លូវនៃសេចក្តីបរិសុទ្ធ(ព្រះនិព្វាន) ។
សព្វេ សង្ខារា ទុក្ខាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
នៅពេលណា បុគ្គលពិចារណាឃើញច្បាស់ដោយបញ្ញាថា សង្ខារធម៌ទាំងឡាយ ជាទុក្ខ នៅពេលនោះ គេរមែងនឿយណាយនឹងទុក្ខ នុះហើយគឺជាផ្លូវនៃសេចក្តីបរិសុទ្ធ(ព្រះនិព្វាន) ។
សព្វេ ធម្មា អនត្តាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
នៅពេលណា បុគ្គលទាំងឡាយពិចារណាឃើញច្បាស់ថា ធម៌ទាំងឡាយ ជា
អនត្តា (មិនមែនជារបស់ខ្លួន) នៅពេលនោះ គេរមែងនឿយណាយនឹងទុក្ខ នុះហើយ គឺ ជាផ្លូវនៃសេចក្តីបរិសុទ្ធ (ព្រះនិព្វាន) ។
ការប្រកាន់មាំចំពោះបញ្ចខន្ធ ដែលលោកហៅថា ឧបាទានក្ខន្ធនោះ មានតែនាំមកនូវសេចក្តីទុក្ខតែម្យ៉ាង មិនមានសេចក្តីដែលកើតចេញ ពីឧបាទានក្ខន្ធនោះឡើយ ។ យើងជាអ្នកជឿជាក់ក្នុងព្រះពុទ្ធសាសនា គួរគប្បីត្រិះរិះពិចារណា ដោយវិចារណញាណ និងយកព្រះធម៌ជាគោលការណ៍ដឹកនាំជីវិត ដើម្បីបានសេចក្តីសុខប្រព្រឹត្តទៅក្នុងលោកនេះផង និងក្នុងលោកខាងមុខផង ។ ជាងនេះទៅទៀត គួរគប្បីលះបង់ចោលនូវការប្រកាន់ជ្រុលហួស ចំពោះបញ្ចខន្ធ ដែលជារបស់មិនទៀងទាត់ ហើយប្រព្រឹត្តខ្លួនឲ្យប្រាស់ចាកធម៌នោះទេ ។   ការនៅគ្រប់គ្រងផ្ទះ ពិតជាមានការលំបាក ក្នុងការប្រតិបត្តិ ធម៌ ។ តែទោះជាយ៉ាងណា យើងគប្បីឆ្លៀតឱកាស ស្តាប់ព្រះធម៌ទេសនា រៀនធម៌ និងពិចារណាធម៌ ក្នុងកាលដ៏សមគួរ ព្រោះការប្រព្រឹត្តធម៌នាំមកនូវសេចក្តីសុខ  ធម្មោ ហវេ រក្ខតិ ធម្មចារឹ ធម៌រមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ ។ កុំបណ្តោយខ្លួនឲ្យសូន្យទៅ ដោយមិនមានធម៌ជាប់នៅជាមួយផងនោះ ។ បើមានសេចក្តីជ្រះថ្លា ក្នុងការសាងបព្វជ្ជា គឺជាការប្រសើរណាស់ ព្រោះភេទបព្វជ្ជា ជាឧត្តមភេទ នឹងងាយក្នុងការប្រតិបត្តិព្រះធម៌ ហើយសូម្បីស្តេចផែនដី ក៏ក្រាបថ្វាយបង្គំដែរ ។ ប៉ុន្តែវាជាការកម្រណាស់ ដែលមានបុគ្គលចេញចាកអំពីផ្ទះ  មកសាងបព្វជ្ជានោះ ហេតុដូច្នេះហើយ  ទើបព្រះសម្ពុទ្ធទ្រង់ សម្តែងថា ទុប្បព្វជ្ជំ ទុភិរមំ ឃរាវាសា ទុរាទុក្ខា ការសាងបព្វជ្ជា ជាការក្រក្រៃលែង ការនៅគ្រប់គ្រងផ្ទះជាការលំបាក ។ ម្យ៉ាងទៀត គប្បីធ្វើសេចក្តីល្អ(មេត្តា) ចំពោះមាតាបិតា ក្រុមគ្រួសារ ញាតិមិត្រនិងអ្នកដទៃទូទៅឲ្យបានច្រើន ដោយមិនប្រកាន់ខ្លួនឬវណ្ណៈ វង្សត្រកូល ទ្រព្យសម្បត្តិរបស់ខ្លួនថា ប្រសើរខ្ពង់ខ្ពស់ជាងគេទេ ព្រោះជីវិតមិនមានអ្វីសំខាន់ជាងការស្រឡាញ់រាប់អាន ពីអ្នកដទៃឡើយ ។ គប្បីកសាងកេរ្តិ៍ឈ្មោះឲ្យល្អ គួរជាទីនឹករលឹក និងចងចាំក្នុងចិត្ត នៃមនុស្សទាំងឡាយទាំងពួងដូចជា ព្រះសម្មាសម្ពុទ្ធ ជា
គំរូស្រាប ។ ព្រះអង្គបានសម្តែងថា
រូបំ ជីរតិ មច្ចានំ នាមគោត្តំ ន ជីរតិ
រូបនៃសត្វទាំងឡាយ តែងចាស់គ្រាំគ្រា
នាមនិងគោត្ត តែងមិនចាស់គ្រាំគ្រាឡើយ ។
ការមិនមានសេចក្តីប្រកាន់មាំជាប់ជំពាក់ក្នុងរបស់ក្រៅខ្លួនក្តី និងរូបកាយរបស់ខ្លួនក្តី គឺជាឧបាយប្រកបដោយប្រាជ្ញា ក្នុងការកម្ចាត់បង់ចោល នូវកម្មកិលេសទាំងឡាយ មានលោភៈ ទោសៈ មោហៈជាដើម និងអាចធ្វើសេចក្តីសន្តោស និងសេចក្តីសង្រ្គោះចំពោះបុគ្គលដទៃ ដោយការឲ្យទាន ការនិយាយពាក្យពិរោះផ្អែមល្ហែម ការប្រព្រឹត្តនូវអំពើជាប្រយោជន៍និងមានសមានចិត្ត ស្រឡាញ់រាប់អានអ្នកដទៃ ដូចជាញាតិរបស់ខ្លួន។
យើងអាចនិយាយបានថា ការធ្វើសេចក្តីល្អគ្រប់យ៉ាង ទោះសម្រាប់ខ្លួនក្តី សម្រាប់បុគ្គលដទៃក្តី គឺកើតចេញពីការមិនប្រកាន់មាំ និងជាប់ជំពាក់ជ្រុលហួសពេកនោះឯង ។ ដូច្នេះមនុស្សគ្រប់រូប គប្បីធ្វើសេចក្តីល្អឲ្យបានច្រើន ក្នុងលោកនេះ ដើម្បីបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អ សម្រាប់មនុស្សជំនាន់ក្រោយ ធ្វើសេចក្តីគោរព និងធ្វើជានិមិត្តរូប ។ កើតមួយជាតិ ធាតុមួយចាន បានធ្វើល្អ បុណ្យកំដរតជីវិត ពិតប្រពៃ ពេលស្លាប់ទៅ នៅល្អឈ្មោះ រស់មានន័យ អ្នកដទៃ នឹងធ្វើត្រាប ច្បាប់គំរូ ។
យាទិសំ វប្បតេ ពីជំ តាទិសំ លភតេ ផលំ
  បុគ្គលតែងសាបព្រោះនូវពូជបែបណា តែងទទួលបាននូវផលបែបនោះ ។
កល្យាណការី កល្យាណំ បាបការី ច បាបកំ
  បុគ្គលធ្វើនូវអំពើល្អ ទទួលផលល្អ បុគ្គលធ្វើអំពើអាក្រក់ ទទួលផលអាក្រក់ ។
នត្ថិ សន្តិ បរំ សុខំ
សេចក្តីសុខអ្វី ក្រៅពីសេចក្តីស្ងប់ពុំមានឡើយ ។
និព្វានំ បរមំ សុខំ
ព្រះនិព្វានជាទីឋានបរមសុខ ៕


បុព្វការីកថា
នមត្ថុ រតនត្តយស្ស
សូមនមស្ការចំពោះព្រះរតនត្រៃ ដោយសេចក្តីគោរព។
ទ្វេ    មេ   ភិក្ខវេ   បុគ្គលា    ទុល្លភា លោកស្មឹ ។   កតមេ   ទ្វេ ។   យោ    ច    បុព្វការី យោ   ច    កតញ្ញូកតវេទី ។   ឥមេ    ខោ   ភិក្ខវេ ទ្វេ   បុគ្គលា   ទុល្លភា   លោកស្មិន្តិ ។
សេចក្តីថាៈ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ រកបានដោយកម្រក្នុងលោក។ បុគ្គលទាំងឡាយពីរពួកគឺអ្វីខ្លះ? បុគ្គលទាំងឡាយនោះ មានពីរពួកគឺៈ បុព្វការីបុគ្គល ១, កត្តញ្ញូកតវេទីបុគ្គល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក ។
ក្នុងផ្ទៃនៃពុទ្ធដីកានេះ បើចែកចេញជាមាតិកាធម៌នោះមានពីរប្រការគឺៈ
១-បុព្វការី បុគ្គលអ្នកធ្វើឧបការៈមុន
២-កតញ្ញូកតវេទី បុគ្គលអ្នកដឹងនូវឧបការៈ ដែលអ្នកដ៏ទៃធ្វើដល់ខ្លួន ហើយធ្វើតបវិញ ។
បណ្តាគោលធម៌ទាំងពីរប្រការនេះ នឹងអធិប្បាយចំពោះគោលធម៌មួយៗដូចមានតទៅនេះ
១-បុព្វការីៈ អ្នកធ្វើឧបការៈ ឬអ្នកធ្វើសេចក្តីល្អ ឬក៏ធ្វើអំពើល្អដល់អ្នកដទៃទុកជា មុន   ឬខាងដើម ។ បុគ្គលដែលនឹងធ្វើឲ្យទៅជាបុព្វការីនោះ មានច្រើនប្រភេទ ច្រើនផ្នែក ពិតមែន,ក៏ប៉ុន្តែបើនិយាយចំពោះគោលធំៗ មាន៤ពួកគឺៈ
-ពួកទីមួយៈ មាតាបិតា ជាបុព្វការីរបស់បុត្រធីតា។
-ពួកទីពីរៈ គ្រូឧបជ្ឈាយាចារ្យ ជាបុព្វការីរបស់ អន្តេវាសិក។
-ពួកទីបីៈ  ថ្នាក់ដឹកនាំរដ្ឋ គឺព្រះមហាក្សត្រ ឬប្រធានាធិបតី ជាបុព្វការីរបស់ប្រជា ពលរដ្ឋ។
-ពួកទីបួនៈ ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់វេនេយ្យសត្វ។
-ពួកទី១ មាតាបិតា ឬម្តាយឪពុក ឬក៏ម៉ែឪ។
ចំពោះរូបម៉ែកាលណាបើដឹងថា មានសត្វចុះចាប់បដិសន្ធិ ក្នុងគភ៌របស់ខ្លួនកាលនោះ 
ម្តាយលះបង់នូវចំណង់ផ្សេងៗ ដូចជាបរិភោគហិរជូរចត់ល្វីងប្រៃជាដើម។ ម្យ៉ាងទៀត ម្តាយលះបង់ នូវគ្រឿងកំសាន្តសប្បាយផ្សេងៗទៀតផង។ ទង្វើបែបនេះម្តាយនឹកដល់ទារកនៅក្នុងគភ៌។ ចំណែកលោកឪពុកវិញ បើភរិយារបស់ខ្លួនមានគភ៌ហើយ មានការគិតចំបែងទាំងយប់ថ្ងៃ ខ្លាចក្រែងលោកមានគ្រោះកាចចង្រៃមកពាធាយាយី ជីវិតម្តាយ ឬកូននៅក្នុងផ្ទៃ ឲ្យវិនាសចាកលោកនេះ។ ម្យ៉ាងទៀត ការងារសព្វសារពើប្រចាំជីវិត, ការដើមឡើយតែង ធ្វើការនោះរួមគ្នាពេលមានគភ៌ ឪពុកធ្វើការម្នាក់ឯង បើការងារនោះធ្វើមិនឈ្នះឪជួលអ្នកដទៃឲ្យធ្វើទៀត។ ការធ្វើបែបនេះ គឺរក្សាសុខភាពម្តាយ និងកូន។ នៅពេលប្រសូត្រ ម្តាយឪពុកខិតខំស្ងួនគ្រងថែរក្សាការពារគ្រប់វិនាទី ដើម្បីកូនតូច កុំឲ្យមានផលវិបាក អាក្រក់កើតមាន។ ការចិញ្ជឹមថែរក្សានោះ មាតាបិតា មានការលំបាកយ៉ាប់យ៉ឺនជាខ្លាំង ហើយនៅខំតស៊ូចិញ្ជឹមរហូតគ្មានជិនណាយឡើយ, ខ្លួនម៉ែឪក្លាយទៅជាកន្ថោ ឬបង្គន់ សម្រាប់ទ្រលាមកកូនគ្រប់ពេលវេលា ជួនកាលបរិភោគអាហារ ក៏កូនបន្ទោបង់ក្នុងវង់ ហូប បាន,លក្ខណៈបែបនេះ។
ម្តាយមោះហ្មងដល់កូន ក៏ឥតអង្គឺមានឡើយ។ ម៉ែឪតែងតែមានចិត្ត គិតកូនប្រុសស្រី គ្រប់ម៉ោងនាទីទាំងអស់ ក្រែងកូនទាំងនោះ មានវ័យវឌ្ឍនាការធំឡើង មានមោះមិនគប្បីអត្តចរិកពុំសមស្រប តាមបែបបទរបស់សង្គមជាតិ, ជាពិសេសកូន ប្រុស ស្រីដែលពេញរូបរាងកាយ មានកិរិយាច្រឡើសបើសច្រឡោមខាម ឫកពាអាកប្បកិរិយា ប្រព្រឹត្តខុសប្រពៃណីជាតិ ដែលជាទំនៀមរបស់ត្រកូល។ មាតាបិតាតែងតែណែនាំ ប្រៀនប្រដៅឲ្យប្រព្រឹត្តត្រឹមត្រូវល្អ កុំឲ្យខុសភ្នែកអ្នកផងទាំងពួង។ នៅពេលកូនមាន វ័យធំល្មមចូលសាលារៀន ម្តាយឪពុកនាំ យកទៅសាលាដើម្បីសិក្សាអក្សរភាសា លេខនព្វន្ត គុណហារជាដើម តាមការវិវឌ្ឃន៍របស់សង្គមជាតិ។ មាតាបិតា បានខិតខំជម្រុញ លើកទឹកចិត្តកូនប្រុសស្រី ឲ្យខំព្យាយាមក្រេបយក នូវវិជ្ជាផ្លូវលោក-ធម៌ ឲ្យបានខ្ពង់ខ្ពស់ ។ និមិត្តហេតុដូច្នេះ បានជាព្រះលោកនាថទ្រង់ត្រាស់ថាៈមាតាបិតាទុកដូចជា ព្រះព្រហ្ម។ ព្រោះលោកទាំងពីរប្រាណ មានចិត្តដ៏ទោរទន់ចំពោះបុត្រធីតា។ ពាក្យថា ព្រហ្មនេះ ព្រះវិជិតមារសំដៅយក លោកអ្នកធំពោលគឺ មាតាបិតា។ ឯព្រហ្មវិហារធម៌៤យ៉ាងនោះគឺៈ
ក-មេត្តាៈ សេចក្តីប្រាថ្នាចង់ឲ្យកូនបានសេចក្តីសុខ,
ខ-ករុណាៈ សេចក្តីអាណិតអាសូរ និង ជួយឲ្យកូនរួចចាកសេចក្តីលំបាក,
គ-មុទិតាៈ សេចក្តីត្រេអរក្នុងវេលាដែលកូន បានល្អប្រសើរ,
ឃ-ឧបេក្ខាៈ សេចក្តីតាំងចិត្ត ជាកណ្តាល មិនសោមនស្ស-ទោមនស្ស។
ធម៌ទាំងបួនយ៉ាងនេះ ជាគ្រឿងប្រព្រឹត្តរបស់លោកអ្នកធំបាន ដល់មាតាបិតានេះ
ឯង។
រួមសេចក្តីមក ឃើញថា មាតាបិតាមានការគិតគូរចំពោះកូន ប្រុសស្រីជាប់ ជានិច្ច កាល ។ មិនតែប៉ុណ្ណោះ ម្តាយឪពុកត្រូវមានកិច្ចមួយទៀត គឺការសង្រ្គោះ។ឯការសង្គ្រោះ បុត្រធីតានោះមានស្ថាន ៥ យ៉ាងគឺៈ
១-បាបា និវារេន្តិ ហាមឃាត់កូនមិនឲ្យធ្វើអំពើអាក្រក់ផ្សេងៗ,
២-កល្យាណេ និវេសេន្តិ ឲ្យកូនតាំងនៅក្នុងអំពើល្អផ្សេងៗ,
៣-សិក្ខំ សិក្ខាបេន្តិ ឲ្យកូនសិក្សាវិជ្ជាផ្សេងៗ,
៤-បដិរូបេន ទារេន សំយោជេន្តិ រៀបចំកូនឲ្យមានគូរស្វាមី ភរិយាតាមជាតិត្រកូល និង កាលសម័យ ។
៥-សមយេ ទាយជ្ជំ និយ្យាទេន្តិ ឲ្យទ្រព្យសម្បត្តិដល់កូន ក្នុងសម័យដែលគួរ គឺ និច្ចសម័យ និងកាលសម័យ ។
បើបុរសស្រ្តីណា បានប្រព្រឹត្តធ្វើ និង អនុវត្តន៍តាមដូចន័យនេះ បុរសស្រ្តីនោះ លោកចាត់ទុកជាបុព្វការី របស់កូនប្រុសស្រី។
-ពួកទី២ គ្រូឧបជ្ឃាយាចារ្យក្តី ឧបសម្បទាចារ្យក្តី ឧទ្ទេសាចារ្យក្តី បានប្រៀនប្រដៅ ទូន្មានពីធម៌ និង វិន័យ ត្រៃ-សិក្ខាឲ្យយល់ពីតួនាទី ភាពជាបព្វជិតពុទ្ធសាសនិក ដែលពុទ្ធបរិស័ទគួរគោរពបូជា និង ធ្វើទាន។ ព្រោះជាអ្នកបួសក្នុងព្រះពុទ្ធសាសនានេះ គឺត្រូវសិក្សារៀនសូត្រ ឲ្យបានស៊ីជម្រៅក្នុងផ្លូវព្រះវិន័យ។ ព្រះវិន័យនេះ ជាឫសគល់របស់ ព្រះពុទ្ធសាសនា ហើយអ្នកបួសនេះ ត្រូវពឹងផ្អែកលើព្រះវិន័យជាគោលធំ។ មិនតែប៉ុណ្ណោះ គ្រូឧបជ្ឃាយាចារ្យត្រូវអនុគ្រោះសិស្ស ដោយស្ថាន ៥ យ៉ាងទៀតគឺៈ
១-សុវិនីតំ វិនេន្តិ ទូន្មានប្រៀនប្រដៅសិស្សដោយល្អ,
២-សុគ្គហិតំ គាហាបេន្តិ បង្ហាត់បង្រៀនសិស្សដោយល្អ,
៣-សព្វសិប្បេសុ តំ សមក្ខាយិនោភវន្តិ បង្ហាត់បង្រៀនសិស្ស គ្រប់សិល្ប៍សាស្រ្ត ចំណេះវិជ្ជាដែលខ្លួនចេះ,
៤-មិត្តាមច្ចេសុ បដិវេទន្តិ សំដែងគុណសម្បត្តិក្នុងកណ្តាលមិត្ត និងអាមាត្យ
៥-ទិសាសុ បវេត្តានំ ករោន្តិ ធ្វើនូវសេចក្តីការពាររក្សាសិស្ស សព្វទិស។
ឧបជ្ឃាយាចារ្យក្តី និស្សយាចារ្យក្តី ឧបសម្បទាចារ្យក្តី ឧទ្ទេសាចារ្យក្តី បានប្រៀន ប្រដៅ និង អនុគ្រោះដល់សិទ្ធិវិហារិក និង អន្តេវាសិក ជាសិស្សានុសិស្ស ដូច្នេះលោក ចាត់ទុកជាបុព្វការីរបស់សិស្ស។
-ពួកទី៣ ថ្នាក់ដឹកនាំរដ្ឋ ឬប្រទេស បានរៀបចំផ្ទៃប្រទេស ឲ្យមានរបៀបរបប សមរម្យសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមទីកន្លែងនីមួយៗ ទោះបីខ្ពង់រាបក្ដី ទីទួលក្ដី ទីទំនាបក្ដី ដងភ្នំក្ដី រស់នៅតំបន់នោះៗក្ដី ហើយមនុស្សប្រុសស្រី នៅរួមរស់ជាមួយគ្នា ចាប់តាំងពី ពីរនាក់ឡើងទៅជាប្ដីប្រពន្ធ លោកហៅថា”គ្រួសារ”។ គ្រួសាររួមជាច្រើនគ្រួសារ ហៅថា “ភូមិ”។ ភូមិរួមជាច្រើនភូមិ ហៅថា “ឃុំ”។ ឃុំរួមជាច្រើនឃុំ ហៅថា “ស្រុក”។ ស្រុករួមជាច្រើនស្រុក ហៅថា “ខេត្ត”។ ខេត្តរួមជាច្រើនខេត្ត ហៅថា “ប្រទេស”។ ក៏ពាក្យថា ប្រទេសនេះមានអ្នកគ្រប់គ្រងអ្នករៀបចំកិច្ចការផ្សេងៗ ពិសេស លោក រៀបចំបង្កើតជាច្បាប់ សម្រាប់ការពារសណ្ដាប់ធ្នាប់ ក្នុងប្រទេស សន្មត ហៅថា នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ។ ច្បាប់ទាំងអស់នេះ សម្រាប់រក្សាឲ្យមានសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនិងមាតុភូមិ រៀបចំទឹកដីជូនប្រជាពលរដ្ឋ សម្រាប់បង្កបង្កើតផល ទោះបីជាកសិកម្មក្ដី ឧស្សាហកម្មក្ដី សិប្បកម្មក្ដី ទៅតាមមុខជំនាញ បច្ចេកទេសរបស់ ប្រជាពលរដ្ឋម្នាក់ៗ ដែលរស់នៅតាមតំបន់ ឬ ខេត្តខ័ណ្ឌនីមួយៗ។ ពិសេស ថ្នាក់ដឹកនាំរដ្ឋបានរៀបចំបើកទូលាយ ឲ្យមានសិទ្ធិសេរីភាព ជំនឿសាសនា និង ប្រពៃណីជាតិរបស់ខ្លួន។ ថ្នាក់ដឹកនាំប្រទេស បានរៀបចំការពារឲ្យបាននូវសុខសាន្ដត្រាណក្នុងផ្ទៃ ប្រទេស ដើម្បីឲ្យបានសមតាមបំណងរបស់ប្រជាជន។ ដូច្នេះលោកចាត់ទុកថា ជាបុព្វការី របស់ប្រជាពលរដ្ឋ។
-ពួកទីបួន ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់បានខំតស៊ូស្វែងរក នូវអនុត្តរសម្មាសម្ពោធិញ្ញាណ  គឺសម្រាប់ទូន្មានប្រៀនប្រដៅសត្តនិករទូទៅដោយមិនរើសឋានៈឡើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានធ្វើ ទុក្ករកិរិយាអស់៦ព្រះវស្សាទើបបានសម្រេចសម្មាសម្ពោធិញ្ញាណ។ ពេលព្រះភគវន្ត បានសម្រេចហើយ ទ្រង់សម្ដែងធម៌ តែងតាំងបញ្ញត្តិវិន័យ ដល់ពុទ្ធ សាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ ដើម្បីឲ្យប្រព្រឹត្តបានសម្រេចមគ្គផលទៅតាម ឧប និស្ស័យរៀងៗខ្លួន។ ពិសេស ព្រះលោកនាថ ទ្រង់បានលើកឡើងនូវវិន័យ ជាគោលធំ របស់ព្រះពុទ្ធសាសនា។ ពុទ្ធបំណងនេះ ព្រះអរហំទ្រង់បញ្ញត្តិដាច់ខាត ដើម្បីឲ្យពួកបព្វជិត ក្នុងសាសនាមណ្ឌលរបស់ព្រះអង្គប្រតិបត្តិ ព្រះវិន័យបានខ្ជាប់ខ្ជួន កុំឲ្យពាយងាយអលជ្ជី ដើម្បីមិនជាទីជ្រះថ្លា របស់ពុទ្ធបរិស័ទ។ មួយទៀត ព្រះវិជិតមារ ទ្រង់បាន បញ្ញត្តិ វិន័យយ៉ាងតឹងរឹងនេះ ឲ្យអ្នកបួសក្នុងព្រះពុទ្ធសាសនា មានសណ្ដាប់ធ្នាប់ចរិយាសមរម្យ ជា សមណភេទ ដូចជាទ្រង់លើកឡើងនូវសីល៤ សិក្ខាបទ២២៨ អានេសនៈ២១ និង បានធម៌៥ ដែលភិក្ខុត្រូវវៀរចាក។ ឯសីល១០ ឬ អតិរេកសីល សម្រាប់សាមណេរ ឬ ឧបាសក ឧបាសិកា មានបំណងរក្សាក៏បាន។ ចំពោះសីល៨ សីល៥ នេះជាឧបោសថសីល និង និច្ចសីល របស់ឧបាសក និង ឧបាសិកា។ ព្រះសក្យមុនីគោត្តម បរមគ្រូ ទ្រង់បានសម្ដែងធម៌ និង បញ្ញត្តិវិន័យទុកមកនេះ ដើម្បីឲ្យសាសនារឹងមាំ ស្ថិតស្ថេរ យូរអង្វែង។ ដូច្នេះ ព្រះអង្គជាបុព្វការីជនរបស់វេនេយ្យសត្វ សាវ័ក សាវិកា និង ពុទ្ធមាមក ជន។
២-កតញ្ញូកតវេទីៈ បុគ្គលអ្នកដឹងឧបការៈ
ដែលអ្នកដទៃធ្វើហើយធ្វើតបវិញ។បុគ្គលណាដែលបានទទួលឧបការៈគុណរបស់អ្នដទៃហើយ មនុស្សនោះមានចិត្តគិតនឹកខ្វាយខ្វល់ រកឳកាសធ្វើតបវិញដោយយល់ថា “ខ្លួនមានជីវិតរស់រានទ្បើងនេះដោយសារអ្នកដទៃធ្វើ ឬ ជួយ”។ ដូចជា បុត្តធីតា ដែលវ័យចំរើនធំឡើង ដោយទឹកចិត្តបរិសុទ្ធរបស់ មាតាបិតា បានចិញ្ជឹមបីបាច់ថ្នាក់ថ្នម សព្វទិវារាត្រី រហូតមានរូបកាយធំធាត់មានចំណេះដឹងផ្លូវលោកធម៌,បានរៀបចំឲ្យមានស្វាមីភរិយា ក៏ដោយសារម្តាយឪពុកធ្វើទុកពីខាងដើម។ កូនប្រុសស្រីគួរពិចារណា ឲ្យបានយល់ច្បាស់ កុំភាន់ប្រឡំថា “ម្តាយឪពុកឥតគុណ”។ ហើយយើងត្រូវស្វែងយល់ ឲ្យបានស៊ីជម្រៅថា “ព្រះសម្មាសម្ពុទ្ធទ្រង់បានចាត់ថា” មាតាបិតា មានគុណដ៏ធ្ងន់ ហៅថាអនន្តគុណ” គឺគុណគ្មានទីបញ្ចប់រាប់ពុំបានស្មានពុំត្រូវគណនាមិនបានថា ប៉ុណ្ណេះប៉ណ្ណោះក៏ឥតអង្គឺ
មានឡើយ។
ពុទ្ធាទិបណ្ឌិតទាំឡាយ មានព្រះពុទ្ធជាដើម ព្រះអង្គពុំដែលលះ  បង់គុណមាតាបិតា ឡើយ, ព្រះអង្គទ្រង់ យោនយក កំណើតជាសត្វទ្វេបាទក្តី ចតុប្បាទក្តី ក៏នៅតែគោរពគុណមាតាបិតាជាប់ជានិច្ច។ ព្រះភគវន្តមុនី ទ្រង់បញ្ជាក់ថា កូនប្រុសស្រីត្រូវក្រាបសំពះមាតាបិតា ជូនបាយទឹក នំ ចំណី មានរស់ជាតិឆ្ងាញ់ផ្សេងៗ ជូនសំពត់ សំលៀកបំពាក់ ខោ អាវ សាវស្បៃ ចំពោះលោកអ្នកមានគុណ លោកហៅថាតបគុណ។ កូនប្រុសស្រី ត្រូវតែ ថែរក្សាថ្នាក់ថ្នមលោក ដោយស្មោះអស់ពីចិត្តថ្លើមទាំងខ្លួនសោតទៀត ក៏ខំប្រឹងប្រព្រឹត្ត ប្រតិបត្តិល្អ កុំឲ្យលោកអ្នកមានគុណព្រួយបារម្ភ ពិបាកចិត្តដោយសារខ្លួន។ ន័យមួយទៀត ក្នុងកម្ពីរមង្គលត្ថទីបនី ទ្រង់បញ្ជាក់ថា “បើកូនសោយរាជ្យជាស្តេចចក្រពត្តិបានលើករាជ្យ នោះ ថ្វាយព្រះមាតាបិតា អោយគ្រងរាជ្យ គឺបិតាជាស្តេចចក្រពត្តិចាត់ថាត្រឹមតែតប គុណប៉ុណ្ណោះពុំបានឈ្មោះថា សងគុណទេ”។
ម្យ៉ាងទៀត  ការធ្វើតបគុណនេះ   ឬសងគុណនេះ ពុំមែនធ្វើបានតែគ្រហស្ថទេ សូម្បីបព្វជិត ពុទ្ធសាសនិក ក៏ធ្វើបានដូចគ្នាប្លែកជាអន្លើៗ បព្វជិតគ្មានការក្រាបសំពះ តែការជូន ភោជនាហារ នំ ចំ ណី មានរស់ឆ្ងាញ់ផ្សេងៗនិងសំលៀកបំពាក់ បាន តាម បំណង។ ព្រះលោកនាថ ទ្រង់បញ្ជាក់បន្ថែមទៀតថា “ភិក្ខុណាមួយបិណ្ឌបាត បានចង្ហាន់ មកហើយ បានចាត់ចែងជូនដល់ មាតាបិតាឲ្យលោកពិសា ដរាបដល់ឆ្អែត ភិក្ខុនោះអាចទៅបិណ្ឌបាតយកចង្ហាន់ខ្លួនឯងជាខាងក្រោយបាន, បើភិក្ខុដទៃណាពោល លើកទោស ហើយធ្វើសទ្ធាទាយកទាយិកាឲ្យធ្លាក់ចុះ   ភិក្ខុនោះឯងត្រូវអាបត្តិទុក្កដ”   ។  នេះជា លក្ខណៈ ធ្វើតបគុណមាតាបិតា។
រីឯការសងគុណមាតាបិតាវិញ បុត្រធីតាគួរធ្វើឲ្យបានសមស្របតាមគោលដៅ របស់ព្រះសម្មាសម្ពុទ្ធ គឺព្រះអង្គសំដៅយក មាតាបិតាមិនទាន់មានៈ សទ្ធា, សីល,ចាគៈ,បញ្ញា, គប្បីញុំាងលោកទាំងពីរនោះអោយមានឡើង។
មិនតែប៉ុណ្ណោះកូនប្រុសស្រីត្រូវប្រតិបត្តិមាតាបិតា ដោយស្ថាន ៥ យ៉ាងគឺៈ
១-ភតោ នេសំ ភរិស្សាតិៈ កូនត្រូវចិញ្ចឹមមាតាបិតា
២-កិច្ចំ នេសំ ករិស្សតិៈ កូនត្រូវធ្វើកិច្ចការជំនួសមាតាបិតា
៣-កុលវំសំ ឋបិស្សតិៈ  កូនត្រូវធ្វើតម្កល់វង្សត្រកូលមាតាបិតា ទុកឲ្យល្អមិនឲ្យវិនាស
៤-ទាយជ្ជំ បដិបជ្ជិស្សតិៈ កូនត្រូវប្រតិបត្តិឲ្យសម គួរដល់ការទទួល សម្បត្តិមត៌ក
៥-ទក្ខិណំ អនុប្បទិស្សតិៈ កូនត្រូវធ្វើកិច្ចទក្ខិណានុប្បទាន ឧទ្ទិសជូនមាតាបិតា ឲ្យបានរឿយៗ។
បើកូនប្រុសស្រីបានធ្វើដូច្នេះ លោកហៅថាៈ កតញ្ញូកតវេទី ចំពោះមាតាបិតា។
សិទ្ធិវិហារិក និង អន្តេវាសិកជាសិស្សានុសិស្ស បានទទួលការអប់រំ ណែនាំ ប្រៀន 
ប្រដៅ អំពីសំណាក់ព្រះឧបជ្ឈាយាចារ្យ និស្សយាចារ្យ និង ឧទេ្ទសាចារ្យ ហើយ ប្រតិបត្តិ តាមដំបូន្មាននោះៗ។ មិនត្រឹមតែប៉ុណោះ ត្រូវសិស្សានុសិស្សធ្វើកិច្ចវត្តផ្សេងៗ មានការគក់ច្របាច់ជាដើម។
សិស្សានុសិស្សត្រូវប្រតិបត្តិគ្រូអាចារ្យ ដោយស្ថាន ៥ យ៉ាងៈ
    ១-ឧដ្ឋានៈ សិស្សត្រូវធ្វើគមនាការ (ការក្រោកទទួល) និង អនុគមនាការ (ការជូនដំណើរ),
          ២-បច្ចុដ្ឋានៈ សិស្សត្រូវចូលទៅតាមកាល,
          ៣-សុស្សុសៈ សិស្សត្រូវស្ដាប់ឪវាទ គ្រូអាចារ្យ,
          ៤-បារិចរិយៈ សិស្សត្រូវបំរើបន្តិចបន្ទួចមិនកំណត់,
          ៥-សក្កច្ចំ សិប្បុគ្គហណៈ សិស្សត្រូវរៀនសិល្ប៍សាស្ត្រដោយគោរព។
     សិស្សានុសិស្ស បានគោរពតាមលក្ខណៈដូច្នេះ លោកហៅថា កតញ្ញូកតវេទី ចំពោះ គ្រូ អាចារ្យ។
    ប្រជាពលរដ្ឋ ដែលបានការឧបត្ថម្ភពីថ្នាក់ដឹកនាំរដ្ឋ ឬ ប្រទេសជាតិ ដែលលោកបាន ខំរៀបចំច្បាប់ ឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពដល់ប្រជាជន ដោយមិន រើសឋានៈ រៀបចំផ្ទៃដីសម្រាប់បង្ករបង្កើនផល ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម ភូមិ ឃុំ ឬ តំបន់នីមួយៗ ដែលនៅដាច់ស្រយ៉ាលពីប្រជុំជន។ មិនតែប៉ុណ្ណោះ លោកបាន បើកទូលាយ ឲ្យមានជំនឿសាសនា ប្រពៃណីដ៏ល្អៗ ដែលជាទំនៀមរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ គឺត្រូវមានសាមគ្គីស្វាមីភក្កិ ចំពោះថ្នាក់ដឹកនាំរដ្ឋ ឬ ប្រទេស។ ប្រជាពលរដ្ឋនោះ លោកហៅថា កត្តញ្ញូកតវេទី ចំពោះថ្នាក់ដឹកនាំប្រទេស ឬ រដ្ឋ។
វេនេយ្យសត្វ ឬ សាវ័ក ឬ ក៏ពុទ្ធមាមិកជន បានខំប្រឹងប្រែងសិក្សារៀនសូធ្យធម៌ និងវិន័យ ដោយយកចិត្តទុកដាក់ និងគោរពប្រតិបត្តិដោយស្មោះស្ម័គ្រ ព្រោះយល់ថា ធម៌ និងវិន័យរបស់ព្រះវិជិតមា ទ្រង់ត្រាស់សម្ដែងទុកមក អស់រយៈកាលជាច្រើនពាន់ឆ្នាំពិតមែន ,ប៉ុន្តែព្រះធម៌ និងព្រះវិន័យនោះស្ថិតនៅដដែល ឥតមាននរជនណាកែប្រែជានេះ ជានោះ ក៏ឥតអង្គឺមានទ្បើយ។ ពុទ្ធបរិស័ទទាំងទ្បាយ ទាំងបព្វជិត ទាំងគ្រហស្ថ មានជំនឿយ៉ាង មុតមាំជាប់ជាផ្នត់គំនិត ដិតជាប់ក្នុងក្រអៅបេះដូង ដោយយល់យ៉ាងប្រត្យក្សថា ព្រះធម៌ និងព្រះវិន័យនេះ សុទ្ធតែផ្ដល់នូវសេចក្ដីចំរើន និងផល្លានិសង្សក្នុង បច្ចុប្បន្នក៏មានក្នុង បរលោកនាយក៏មាន តាមនិស័្សយនៃអ្នកប្រតិបត្តិ។ វេនេយ្យសត្វទាំងទ្បាយបានធ្វើដូច្នេះ លោកហៅថា កត្តញ្ញូកតវេទី ចំពោះព្រះសម្មាសម្ពុទ្ធ។
        ធម៌ទាំងពីរប្រការគឺៈ“បុព្វការី”និង“កតញ្ញូកតវេទី”   ដែលព្រះលោកវិទទ្រង់សម្ដែងថា ជាធម៌បានដោយក្រ ឬកម្ររកបាន គឺការតាំងខ្លួនឲ្យជាបុព្វការី កត្តញ្ញូកតវេទី ។ នរជនណា ដែលពិចារណា និងធ្វើខ្លួនឲ្យតាំងនៅក្នុងទាំងពីនោះ, នរជននោះ រមែងមិនច្យុត, មិនជួបឧបសគ្គផ្សេងៗ, តែងតែទទួលផលបុណ្យគ្រប់យ៉ាងបាន។ សមដូចព្រះពុទ្ធដីកាក្នុងគម្ពីរមហាបដ្ឋានថាៈ
កតញ្ញូតា  ធម្មមូលា កតញ្ញូតា  បធានតា
 កតញ្ញូតាយ  សន្តិយា សព្វបុញ្ញញ្ច  វិជ្ជតិ។
សេចក្ដីថាៈ កតញ្ញូតាធម៏ ជាឬសគល់នៃធម៌
(ក្នុងលោក), កតញ្ញូតាធម៌ ជាប្រធាននៃធម៌
(ក្នុងលោក),កាលបើកតញ្ញូតាធម៌មាន បុណ្យទាំងឡាយ
រមែងមាន(ដល់បុគ្គលនោះ)។
ដូច្នេះ ធម៌ទាំងពីរនេះ រមែងមានជាប់នៅជានិច្ច ចំពោះមនុស្សប្រុសស្រី ដែលមាននាមថា “មាតា បិតា និងបុត្តធីតា”។ មាតាបិតា និងបុត្តធីតាណា ដែលបាន បំពេញនូវធម៌ទាំងនោះតាមនាទីរៀងខ្លួនហើយ សមស្របតាមគោលដៅនៃព្រះពុទ្ធវចនៈមាតាបិតា និង បុត្តធីតានោះ ឈ្មោះថា មិនមានសេចក្តីសាបសូន្យ ឬសេចក្តីវិនាសដោយ ប្រការណាមួយឡើយ។
ធម៌ទាំងពីរយ៉ាងនេះ  ដែលបានពណ៌នាមកខាងលើក៏សន្មត់ថាចប់តែប៉ុណ្ណេះ តាម កាលដ៏សមគួរ ៕




បុគ្គលាធិដ្ឋានរបស់ពុទ្ធជយមង្គល
578
នមត្ថុ  រតនត្តយស្ស
សូមនមស្ការព្រះរតនត្រ័យដោយគោរព
875
ពុទ្ធជយមង្គលគាថា
ពាហុំ សហស្សមភិនិម្មិតសាវុធន្តំ គ្រីមេខលំ ឧទិតឃោរសសេនមារំ
ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ        តន្តេជសា  ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ និម្មិតដៃមួយពាន់  
កាន់សស្រ្តាវុធនានា។
ជិះគ្រីមេខលជាត     កោញ្ចនាទខ្ទ័រពសុធា ព្រមដោយមារសេនា   ពន្លឹកលន់កងស័ព្ទស៊ាន។
ដោយធម្មពិធី     ទានបារមីជាប្រធាន        ក្រុងមារចាញ់ទ្រង់ញាណ   ប្រណមកាយថ្វាយវន្ទា។
រីជយមង្គល       ចូរមានដល់អ្នករាល់គ្នា ដោយតេជ:ជយា       ព្រះឈ្នះមារគ្រានោះហោង។
&?'
មារាតិរេកមភិយុជ្ឈិតសព្វរត្តឹ ឃោរម្បនាឡវកមក្ខមថទ្ឋយក្ខំ
ខន្តីសុទន្តវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទពិននាយក: ផ្ចាញ់អាឡវកយក្ខឃោរឃៅ រឹងរូសមិនតាំងនៅ   ក្នុងខន្តីគុណសត្យា។
រហូតអស់រាត្រី           ព្រះជិនស្រីទ្រង់យុទ្ធនា     ក្រៃលែងក្រុងមារា     ក្នុងបឋមសម្ពោធី។
ដោយព្រះពិធីញាណ ទ្រង់ទូន្មានដោយខន្តី     ញុំាងចិត្តអសុរី         ឲ្យបង់ព្យសន៍ចុះវន្ទា ។
រីជយមង្គល     ចូរមានដល់អ្នករាល់គ្នា   ដោយតេជ:ជយា       ព្រះឈ្នះអាឡវ័កយក្ខហោង។
(2)
នាឡាគិរឹ គជវរំ អតិមត្តភូតំ ទាវគ្គិចក្កមសនីវ សុទារុណន្តំ
មេត្តម្ពុសេកវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា   គិរីវរគជា                 ដ៏ហានក្លាចុះប្រេងព្រេច ។
សាហាវឆាវឆេះក្រៃ       ដូចភ្លើងព្រៃឆេះកំទេច មុតដូចចក្រក្រុតពេជ្រ ខ្លាំងដូចកាំអសនី។
ដោយព្រះពិធីស្រប   ស្រោចទឹកអប់គឺបារមី       មេត្តាព្រះជិនស្រី           ញុំាងដំរីឲ្យជ្រះថ្លា ។
រីជយមង្គល             ចូរមានដល់អ្នករាល់គ្នា ដោយតេជ:ជយា       ព្រះឈ្នះនាឡាគិរី។
&2'
ឧក្ខិត្តខគ្គមតិហត្ថសុទារុណន្តំ ធាវន្តិយោជនបថង្គុលិមាលវន្តំ
ឥទ្ឋីភិសង្ខតមនោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទពិនលោកត្រ័យ   មានព្រះទ័យធ្វើបាដិហារ្យ ផ្ចាញ់ចោរអង្គុលិមា
មានកម្រងគឺម្រាមដៃ។
នៃមនុស្សដែលគាត់កាត់   មកដោតចាត់ជាមាល័យ   អង់អាចកំណាចក្រៃ   ដ៏មានដៃស្ទាត់ប្រហារ។
កាន់ដាវងាគ្រវី         ដេញព្រះមុនីសាស្តាចារ្យ   ចម្ងាយផ្លូវកន្តារ         កណ្តាលព្រៃបីយោជនា។
រីជយមង្គល                                                                                                           ចូរមានដល់អ្នករាល់គ្នា ដោយតេជ:ជយា               ព្រះឈ្នះអង្គុលិមាល។
&?'
កត្វាន កដ្ឋមុទរំ ឥវ គព្ភិនិយា ចិញ្ចាយ ទុដ្ឋវចនំ ជនកាយមជ្ឈេ
សន្តេន សោមវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្តពាក្យនាងចិញ្ចា អំពើធ្វើដូចជា             ស្រីមានគភ៌ចាស់ចើលពោះ។
យកឈើធ្វើជាកូន   ព័ន្ឋពោះខ្លួនពោលទ្រគោះ ព្រះពុទ្ធឈ្នះកាលនោះ ដោយសមាចារពិធី។
រម្ងាប់ពាក្យចណ្ឌាល     នាកណ្តាលជនប្រុសស្រី     ចិញ្ចាចាញ់បារមី       គឺសច្ចំពាក្យសត្យា។
រីជយមង្គល           ចូរមានដល់អ្នករាល់គ្នា ដោយតេជ:ជយា         ព្រះសាស្តាឈ្នះចិញ្ចា។
r9s
សច្ចំ វិហាយមតិសច្ចកវាទកេតុំ វាទាភិរោបិតមនំ អតិអន្ឋភូតំ
បញ្ញាបទីបជលិតោ ជិតវា មុនិន្ទោ   តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា   ផ្ចាញ់សច្ចក:ជា     និគ្រន្ថក្រៅពុទ្ធវេនេយ្យ។
អធ្យាស្រ័យលះបង់ ពាក្យសត្យត្រង់តាមគាប់ចៃ សរសើរខ្លួនឯងក្រៃ   លើកកំពស់ដូចដងទង់។
បង្កើតមោហ៍ងងឹត       ដោយពោលឥតពាក្យទៀងត្រង់ ព្រះទ្រង់កំចាត់បង់   ដោយប្រទីបគឺបញ្ញា។
រីជយមង្គល             ចូរមានដល់អ្នករាល់គ្នា         ដោយតេជ:ជយា     ឈ្នះសច្ចកនិគ្រន្ថ។
r2s
នន្ទោបនន្ទភុជគំ វិពុធំ មហិទ្ឋឹ បុត្តេន ថេរភុជគេន ទមាបយន្តោ
ឥទ្ឋូបទេសវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទពិនទ្រង់ញាណ ញុំាងមោគ្គល្លានមានអំណាច ឲ្យប្លែងជានាគរាជ       ទៅទូន្មានព្យសន៍ភុជង្គ។
ឈ្មោះនន្ទោបនន្ទ             ចិត្តមោហន្ឋរឿងឫទ្ធិរង្គ         ទិដ្ឋិកាចទ្រនង់               ទ្រង់ផ្ចាញ់ដោយពិធីឈាន។
គឺឲ្យឧបទេស               ប្ញទ្ធិវិសេសដល់មោគ្គល្លាន ប្ញទ្ធិនាគអន្តរធាន             ឱនចុះចាញ់ព្រះចេស្តា។
រីជយមង្គល                 ចូរមានដល់អ្នករាល់គ្នា         ដោយតេជ:ជយា   ព្រះភគវាឈ្នះនាគហោង។
r9s
ទុគ្គាហទិដ្ឋិភុជគេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ឋិជុតិមិទ្ឋិពកាភិធានំ
ញាណាគទេនវិធិនាជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទពិនគោតម   ផ្ចាញ់មហាព្រហ្មឈ្មោះពកា សំគាល់ថាអាត្មា       រុងរឿងដោយគុណបរិសុទ្ធ។
ដៃកាន់អាសិរ្ពិស       គឺចិត្តទ្រឹស្តិដ៏មុះមុត     កាន់ខុសផ្លូវសម្ពុទ្ធ         មិនលើកលាកលះបង់ប្រាណ។
ទ្រង់ឈ្នះដោយពិធី   ឱសថវិសេសសម្រាន្ត   ផ្សំត្រូវគាប់សន្តាន         គឺព្រះញាណប្រោសទេសនា។
រីជយមង្គល           ចូរមានដល់អ្នករាល់គ្នា       ដោយតេជ:ជយា     ឈ្នះព្រហ្មាឥតមានហ្មង។
s9r
ឯតាបិ ពុទ្ឋជយមង្គលអដ្ឋគាថា យោ វាចនោ ទិនទិនេ សរតេ មតន្ទី
ហិត្វាននេកវិវិធានិ ចុបទ្ទវានិ មោក្ខំ សុខំ អធិគមេយ្យ នរោ សបញ្ញោ។
យោ នរោ ជនឯណា     កបបញ្ញាប្រាស់ក្តីខ្ជិល ឧស្សាហ៍សាងទានសីល សូធ្យរំលឹកព្រះធម៌ថ្លៃ។
គាថាប្រាំបីបទ             នេះកំណត់ឈ្មោះពុទ្ធជ័យ ខំសូធ្យសព្វៗថ្ងៃ         កើតមង្គលជានិរន្តរ៍។
សោ នរោ រីជននោះ     បានរំដោះរោគអាសន្ន ឧបទ្រពអនេកលន់     មានប្រការផ្សេងៗផង។
នឹងដល់ធម៌ក្សេមក្សាន្ត គឹនិព្វានសុខកន្លង លែងទុក្ខទាំង៤កង       ដោយពុទ្ធជយមង្គលនេះ។
s2r












បរិយាយដើម
&'
កាលពីព្រេងនាយ ព្រះសម្ពុទ្ធបរមគ្រូរបស់យើង  ទ្រង់ស្វែងរកព្រះពោធិញ្ញាណ    បានយោនយកកំណើតជាព្រាហ្មណ៍មហាសាល នាមសុមេធបណ្ឌិត  នៅនានគរអមរវតី    បានលះបង់ទ្រព្យសម្បត្តិ ចេញសាងព្រះផ្នួសជាតាបសប្ញសី  នៅព្រៃហេមពាន្ត   បានសម្រេចឈាននិងអភិញ្ញា អាចហោះហើរលើអាកាសវេហាស៍បាន។ ថ្ងៃមួយ តាបសឫសីកំពុងហោះធ្យាន  បានឃើញមហាជនមីរដេរដាស  កសាងថ្នល់ថ្វាយព្រះទសពលព្រះនាមទីបង្ករ ស្តេចយាងចេញពីសុទស្សន មហាវិហារ ទៅកាន់នគរអមរវតី  ក៏បានចុះមកសុំទទួល  នាទីមួយកន្លែងធ្វើថ្វាយព្រះអង្គដែរ ។   គ្រាកសាងថ្នល់នោះ    ពុំទាន់ហើយ ទទួលព្រះសម្ពុទ្ធយាងមកដល់ តាបសក៏ក្រាលស្បែកខ្លាឃ្មុំលើភក់ ហើយប្រះខ្លួនទ្រាលធ្វើជាស្ពាន      និមន្តព្រះអង្គនិងព្រះសង្ឃសាវក យាង-និមន្ត ជាន់លើខ្នងឆ្លងភក់នោះទៅ។  ព្រះទីបង្ករទ្រង់ឆ្លងផុត ភក់ហើយ ក៏ព្យាករថា “តាបសនេះនឹងបានជាពុទ្ធង្កុរ   បណ្តូលសារពេជ្ញតាញាណ បានត្រាស់ជាព្រះពុទ្ធព្រះនាមសិទ្ធត្ថគោតម។
ក្រោយពីបានពុទ្ធព្យាករណ៍មក  ព្រះពោធិសត្វទ្រង់ បានខិតខំបំពេញបារមី រហូតមកដល់សោយព្រះជាតិជាព្រះវេស្សន្តរ ព្រះចៅនគរជេតុត្តរ សេ្តចបានបំពេញទានបារមី បង្រ្គប់ជា១០ព្រះបារមីដោយបរិបូណ៌ ពេលអស់ព្រះជន្មសោយព្រះទីវង្គត បានទៅកើតនៅស្ថានតុសិតទេវលោកជាន់ទី៤ ព្រះនាមសន្តុស្សិតទេវបុត្រ ។ ការសាងព្រះបារមីនេះ  មានរយ:វេលាដ៏យូរលង់ណាស់ គណនារាប់បានបួនអសង្ខេយ្យ និងបន្ថែមមួយសែនកប្បទៀត។
ពេលវេលាមកដល់និងតាមការអារាធនា របស់ទេវតាទាំង១ ម៉ឺនចក្រវាឡ សន្តុស្សិតទេវបុត្រ បានច្យុតមកចាប់បដិសន្ឋិក្នុងព្រះឧទរ នៃព្រះនាងសិរីមហាមាយា ជាព្រះអគ្គមហេសីព្រះបាទ សិរីសុទ្ឋោទន ព្រះចៅក្រុងកបិលភស្តុ ក្នុងសក្យត្រកូល នាថ្ងៃ ព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំរកា មុនព.ស.៨០ឆ្នាំ។
           ព្រះជន្មវស្សាបាន១៦ឆ្នាំ បានប្រាប្តាភិសេកជាមួយព្រះនាង យសោធរាពិម្ពាទេវី 
សោយរាជសម្បត្តិស្នងព្រះវររាជបិតា ។ ព្រះជន្ម ២៨-២៩ ស្តេចយាងចេញទតសួន 
បានឃើញទេវទូតទាំង៤គឺ មនុស្សចាស់ , ឈឺ, ស្លាប់និងបព្វជិត មានព្រះហឫទ័យអួលអាក់ជាពន់ពេក ចំពោះមនុស្សទាំង៣ប្រភេទខាងដើម តែទ្រង់សប្បាយរីករាយណាស់ និងប្រភេទអ្នកបួស ។ ស្តេចឈ្វេងយល់ថា អ្នកបួសនេះហើយ ដែលអាចរំដោះខ្លួនពីមនុស្សទាំង៣ពួកខាងដើមបាន ទើបផ្គងព្រះហឫទ័យ នឹងចេញសាងព្រះផ្នួសជាកំណត់ ។ នៅរាត្រីនោះ ទិដ្ឋភាពព្រះបរមរាជវាំងទាំងមូល មានបរិយាកាសអាប់អួរតប់ប្រមល់ណាស់ ក្នុងព្រះហឫទ័យព្រះអង្គ។ ស្តេចផ្ទុំលង់លក់ស្កប់ស្កល់ ក្នុងបឋមយាម លុះដល់មជ្ឈិមយាមទ្រង់តើនឡើង ទតឃើញវិប្រការ:នាដកិត្ថីទាំងឡាយ    ដេកប្រគាក់ប្រគងគ្នាខ្លះនិងខ្លះទៀត   អាក្រាតកាយ  ដេកបង្ហៀរទឹកមាត់ជាដើម  ប្រាសាទទាំងមូល  ហាក់ដូចជាពោរពេញដោយសាកសព ក៏ចេញសាងព្រះផ្នួស នារាត្រីមជ្ឈិមយាមនោះ នៃថ្ងៃព្រហស្បតិ៍   ពេញបូណ៌មី     ខែអាសាធ    ឆ្នាំថោះក្នុងព្រះជន្មាយុ២៩ឆ្នាំ។
ក្រោយបព្វជ្ជាហើយ ស្តេចស្វែងរកមោក្ខធម៌ ក្នុងសំណាក់សាស្រ្តាចារ្យនានា មានអាឡារតាបស និងឧទ្ទកតាបសជាដើម សិក្សាចំរើនបានត្រឹមតែសមាបត្តិ៧ និងសមាបត្តិ៨ប៉ុណ្ណោះ ក៏សន្និដ្ឋានថា នេះមិនមែនជាផ្លូវត្រាស់ដឹងទេ ទើបយាងទៅកាន់ឧរុវេលនិគម តាំងមហាបធានទុក្ករកិរិយាក្នុងទីនោះ មានចុះត្រាំទឹកក្នុងរដូវរងារ ហាលថ្ងៃក្នុងរដូវក្តៅ និងបង្អត់អាហារជាដើម ដរាបដល់មានព្រះកាយស្គាំងស្គម ស្បែកដណ្តប់ឆ្អឹង ដេកដួលសន្លប់លើប្រឹថពី, លុះភ្ងារព្រះកាយដឹងស្មារតីឡើងវិញ ស្តេចឈ្វេងយល់ថា ការតាំងព្យាយាមតឹងតែងពេកយ៉ាងនេះ មិនមែនជាឧបាយនៃការត្រាស់ដឹងសព្វញ្ញុតញ្ញាណទេ ទើបយាងបិណ្ឌបាតសោយព្រះក្រយាហារឡើងវិញ, ព្រះសព៌ាង្គកាយ មានព្រះលក្ខណសម្បត្តិពេញដូចដើម ធ្វើឲ្យមិត្តសម្លាញ់៥រូប (បញ្ចវគ្គិយ) ដែលតាមបំរើព្រះអង្គ អស់ជំនឿលើវេទមន្តទស្សន៍ទាយរបស់ខ្លួន ក៏រត់ចោលព្រះអង្គ 
ទៅនៅឯព្រៃឥសិបតនមិគទាយវ័ន ចម្ងាយ១៨យោជន៍ ពី ឧរុវេលនិគមនោះ។
    មហាបធានទុក្ករកិរិយានេះ ជាទំវើតឹងរ៉ឹងបំផុត ដែលមនុស្សលោកព្រមទាំងទេវលោកធ្វើត្រាប់ពុំបានឡើយ ព្រះមហាបុរសធ្វើអស់រយ:ពេល៦វស្សា ទើបបានត្រាស់បរមាភិសេកសម្មាសម្ពោធិញ្ញាណ ជាព្រះសព្វញ្ញូពុទ្ធ លើរតនបល្លង្កវជិរាសន: កំពស់ ១៤ហត្ថ ក្រោមម្លប់ព្រះពោធិព្រឹក្ស នៅថ្ងៃពុធ ពេញបូណ៌មី ខែ វិសាខ ឆ្នាំរកាមុនព.ស៤៥ឆ្នាំ។
  ក្នុងថ្ងៃនក្ខត្តឫក្សជាអភិលក្ខិតសម័យនោះ សក្កទេវរាជ បានយកស័ង្ខមកផ្លុំថ្វាយ គន្ឋព្វទេវបុត្រយកពិណមកប្រគំថ្វាយ, សុយាមទេវបុត្រយកចាមរទិព្វមកបក់ថ្វាយ, សហម្បតីព្រហ្មយក ស្វេតច្ឆ័ត្រមកបាំងថ្វាយ មហាកាឡនាគរាជ នាំយកកញ្ញានាគី មករេរាំថ្វាយ និងទេវតាក្នុងចក្រវាឡទាំង១ម៉ឺនបាននាំយកទិព្វ មាលាមកធ្វើសក្ការបូជា ព្រមទាំងបានថ្វាយព្រះពរសព្ទសាធុការ ដល់ព្រះអង្គគ្រប់ៗគ្នា ហើយឈរនៅក្នុងទីនោះ ដោយក្តីសប្បាយរីករាយ។
    រួមជាមួយការថ្វាយព្រះពរអបអរសាទរ ចំពោះព្រះសិទ្ធត្ថ ដែលបានត្រាស់ដឹងជាព្រះពុទ្ធនោះ ក៏នៅមានមេខ្លោងទុយ៌សមហារបឹង៨រូប ប្រកាន់អស្មិមាន:ប្រទូស្តរាយ ចំពោះព្រះអង្គក្នុងបឋមពោធិកាលជាបន្តបន្ទាប់គ្នា ដែលជាទំវើដ៏អាក្រក់ធំបំផុត នៅក្នុង ពុទ្ធុប្បាទនេះ តែត្រូវបរាជ័យចុះចាញ់ព្រះអង្គទាំងអស់ ដោយកម្លាំងបារមីធម៌  ដែលទ្រង់បានបំពេញមក។
ព្រះអដ្ឋកថាចារ្យបានចងក្រងជ័យជំនះ   ទាំង៨លើកនេះ  ជាគាថាពុទ្ធជយមង្គល ដើម្បីពុទ្ធបរិស័ទស្វាធ្យាយគោរពប្រតិបត្តិ   នឹងបានសេចក្តីសុខចំរើនជានិច្ចនិរន្តរ៍ ។ម្យ៉ាងទៀត    ពុទ្ធជយមង្គលគាថានេះ នៅប្រទេសកម្ពុជាពេញនិយម នៃពុទ្ធបរិស័ទណាស់   តែមានពិធីបុណ្យទាន ព្រះសង្ឃ ឬគ្រហស្ថតែងស្វាធ្យាយគាថានេះ ដើម្បីកំចោកកំចាត់ឧបសគ្គ ឧបទ្រពចង្រៃផងទាំងពួង   ឲ្យវិនាសខ្ចាត់ខ្ចាយចេញទៅ ហើយសូមផ្តល់មកវិញ នូវសុខសួស្តីសិរីមង្គលនិងជ័យជំនះ គ្រប់ពេលវេលា។
  តទៅនិងដកស្រង់ពុទ្ធជយមង្គលគាថាមួយបាទៗ និង ពាក្យប្រែរាយផងមកដាក់ខាងលើ  ហើយលើកតួអង្គអ្នករបឹងទាំង៨មក រៀបរាប់តាមលំដាប់ លេខរៀងដូចត
ទៅនេះ៖
១-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់មារាធិរាជ
ពាហុំ សហស្សមភិនិម្មិតសាវុធន្តំ គ្រីមេខលំ ឧទិតឃោរសសេន មារំ
ទានាទិធម្មវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
           ព្រះសម្ពុទ្ធជាធំជាងអ្នកប្រាជ្ញ ទ្រង់បានឈ្នះហើយនូវស្តេចមារ ដែលនិម្មិតដៃ១ពាន់ កាន់អាវុធគ្រប់ដៃ  ជិះលើហត្ថីឈ្មោះ គ្រីមេខល:  ព្រមទាំងរេហ៍ពលសេនាមារ  មានសូរស័ព្ទហ៊ោកងរំពង(ទ្រង់ផ្ចាញ់) ដោយធម្មពិធីមាន ទានបារមីជាដើម ដោយតេជ:នៃពុទ្ធជ័យនោះ សូមជយមង្គល កើតមានដល់អ្នក។
រឿងមារាធិរាជ
នៅពេលទេវតា  ព្រះឥន្ទ ព្រះព្រហ្ម  កំពុងត្រេកអរចោមរោម ជុំជិតថ្វាយព្រះពរ និងបូជាមាលាដ៏ជាទិព្វ ចំពោះព្រះអង្គនោះ ទេវបុត្រមារនៅទេវលោក  ឈ្មោះបរនិម្មិតវសវតី(ទេវលោកជាន់ ទី៦) អ្នកមានចិត្តបាបគិតក្នុងចិត្តថា  ” សិទ្ធត្ថនេះ    ចង់កន្លងវិស័យអញហើយតើ តែអញមិនឲ្យកន្លងបានទេ”ទើបមារឃោសនាកេណ្ឌរេហ៍ពលសេនាដ៏ច្រើនមហិមា គណនារាប់បាន ខាងមុខកម្រាស់១២យោជន៍ ខាងឆ្វេងខាងស្តាំ១២យោជន៍ដូចគ្នា   ឯខាងលើវិញ កម្រាស់៩យោជន៍   ឋិតនៅដេរដាសពាសពេញមហាប្រឹថពី   រហូតដល់កណ្តាប់ចក្រវាឡ ។ សម្លេងឃោសនានោះ ឮខ្ទរខ្ទារ ខ្ចរខ្ចាយទៅចម្ងាយ១សែនយោជន៍ដោយជុំវិញ   ដូចជាសន្ធឹកញ័រកក្រើកផែនដីទាំងមូល។
ឯមារាធិរាជ    ឡើងជិះលើដំរីគ្រីមេខល:     មានកំពស់១៥០ យោជន៍ និម្មិតដៃ១ពាន់កាន់សស្រ្តាវុធផ្សេងៗ ។  ចំណែកមារសេនាសោត បាននិម្មិតកាយប្លែកៗគ្នា មានពណ៌ខៀវលឿងជាដើម   មានដៃកាន់អាវុធផ្សេងៗគ្នា, ពួកខ្លះមានខ្លួនជាសត្វ   មានក្បាលជាយក្ស ពួកខ្លះមានខ្លួនជាយក្ស មានក្បាលជាម្រឹគ និងបក្សីជាដើម   មានកាយខ្ពស់ជ្រគ្រោង  ១គាវុតខ្លះ  ២គាវុតខ្លះ  ៣គាវុតខ្លះ ១យោជន៍ខ្លះ ហោះហើរសំដៅទៅកាន់ពោធិមណ្ឌលរាល់ៗគ្នា ។
         ដំណើរមិនទាន់មកដល់នៃមារនិងសេនា, ទេវតាទាំង១ម៉ឺនចក្រវាឡ ដែលចោមរោមគាល់ហ្វៅ ដោយអំណរចំពោះព្រះសិទ្ធត្ថ ដែលបានត្រាស់ជាព្រះពុទ្ធនោះ ស្រាប់តែឮសម្លេងសន្ធឹកគឹកកង នៃមារនិងសេនាលើកមក ក៏រត់ប្រាស់អាយុទៅកាន់ទីដទៃផ្សេងៗគ្នា ។ សក្កទេវរាជកាន់ស័ង្ខវិជយុត្តលាក់ក្រោយខ្នង រត់ទៅឈរនៅលើភ្នំចក្រវាឡ ។ មហាព្រហ្ម ចាប់កំពូលស្វេតច្ឆ័ត្រហោះរត់ទៅ ។ ឯស្តេចកាឡនាគរាជ ក៏នាំកញ្ញានាគីទាំងអស់ រត់ជ្រែកដីចុះទៅ កាន់ពិភពនាគយកដៃខ្ទប់មុខដេក ។ កាលបើពួកទេវតារត់ទៅអស់, ព្រះបរមពោធិសត្វ គង់នៅតែមួយអង្គឯង ដូចជាមហាព្រហ្មឋិតនៅក្នុងវិមាន មិនខ្លាចមារនិងសេនាមារឡើយ។
         លំដាប់នោះមារាធិរាជ ក៏ស្រែកប្រាប់សេនា ជាបរិស័ទខ្លួនថា នែកនយើងរាល់គ្នា បុរសដទៃស្មើដោយសិទ្ឋត្ថនេះមិនមានទេ យើងមិនអាចធ្វើសង្រ្គាម ក្នុងទីចំពោះមុខបានឡើយ,    យើងត្រូវចូលទៅ បានតែខាងឆ្វេងខាងស្តាំនិងខាងក្រោយប៉ុណ្ណោះ។
         រីឯព្រះមហាបុរសទ្រង់ទតទៅ ឥតឃើញទេវតាមួយអង្គសោះ ឃើញតែពួកពលមារលើកគ្នា មកខ្នាន់ខ្នាប់ អំពីទិសខាងជើង ទ្រង់ព្រះចិន្តាថា ”ជនទាំងអំបាលនេះ លះបង់អាត្មាអញរត់ទៅអស់ ឲ្យអាត្មាអញនៅតែឯកឯង មាតាបិតាបងប្អូន ញាតិសន្តាន របស់អាត្មាអញឯណាមួយមិនមានឡើយ មានតែបារមីទាំង១០ប្រការ ដែលអាត្មាអញបានបំពេញមក អស់កាលដ៏យូរណាស់ហើយនេះ ជាជនជាបរិវារអាត្មាអញ។ ព្រះអង្គនឹករំពឹងបារមីទាំង១០ប្រការ ស្រេចហើយគង់នៅព្រងើយ។
លំដាប់នោះ មារបានបញ្ចេញយុទ្ឋសាស្រ្តសង្រ្គាម៩បែបមកលើព្រះអង្គ៖
-មណ្ឌលខ្យល់ដ៏ខ្លាំងក្លា អាចបក់បំប៉ើងកំពូលភ្នំឲ្យរបើករលើងបាន តែមកដល់សូម្បីជាយចីពរព្រះអង្គ ក៏មិនអាចបក់ឲ្យ រំជួយកំរើកបានឡើយ,
              -ភ្លៀងធំ 
          -ភ្លៀងដុំថ្ម
          -ភ្លៀងគ្រឿងប្រហារ
          -ភ្លៀងរងើកភ្លើង
          -ភ្លៀងផេះក្តៅ
          -ភ្លៀងដីខ្សាច់
          -ភ្លៀងភក់
          -បណ្តាលជាផ្សែងអ័ព្ទ ងងឹតសូន្យសុងគ្រប់ទាំង៤ទិស ក៏មិនអាចបៀត
បៀនព្រះអង្គបានដែរ    បែរជាក្លាយទៅជាគ្រឿងបូជាទៅវិញ។
មារមិនអាចធ្វើឲ្យព្រះពោធិសត្វរត់ទៅ ដោយយុទ្ឋសាស្រ្តទាំង៩ប្រការបានឡើយ ទើបបង្គាប់ឲ្យពួកពលសេនា ចូលទៅចាប់សម្លាប់ព្រះអង្គ ឬបណ្តេញឲ្យរត់ចេញទៅ។ ឯមារខ្លួនឯង ក៏ឡើងអង្គុយលើ-កដំរី ដៃកាន់អាវុធ១ពាន់បែប បរចូលទៅជិតស្រែក គម្រាមថា “ នែសិទ្ធត្ថ! ចូរអ្នកចុះចេញពីរតនបល្ល័ង្កនេះៗមិនត្រូវបានអ្នកទេ,ត្រូវបានយើងតើ” ។
ព្រះពោធិសត្វពោលតបថា  “ហៃមារអើយ បារមីទាំង១០ ប្រការ មហាបរិច្ចាគ៥ និងចរិយា៣ប្រការ អ្នកមិនបានបំពេញឡើយ បល្ល័ង្កនេះ មិនមែនកើតឡើង សម្រាប់អ្នកទេ គឺកើតឡើង ដោយបុណ្យបារមីយើង និងសម្រាប់យើងប៉ុណ្ណោះ។
មារាធិរាជមានចិត្តបាបបានឮហើយ ក៏រឹងរឹតតែខេខឹងក្រេវក្រោធមហិមា ទើបស្រវាចាប់យកចក្រាវុធមានមុខដ៏មុតថ្លា ចោលតម្រង់ទៅព្រះពោធិសត្វ តែចក្រាវុធនោះក្លាយទៅជាពិតាន ឋិតនៅលើព្រះអង្គទៅវិញ។ ចំណែកពពួកសេនាមារ ក៏លើកយកកំពូលភ្នំធំៗ គប់តម្រង់ទៅរកព្រះអង្គ, កំពូលភ្នំទាំងនោះ ក៏ក្លាយទៅជាមាលាបូជាទាំងអស់។
ថ្លែងពីពពួកទេវតាដែលរត់ចោលព្រះអង្គ ទៅឈរចាំមើល នៅលើភ្នំចក្រវាឡ ក៏គិតគ្នាថា “ព្រះសិទ្ធត្ថប្រហែលជាវិនាសខ្ទេច ដោយដៃមារ និងសេនាហើយដឹង”។
ព្រះមហាបុរសទ្រង់ព្រះចិន្តាថា បល្ល័ង្កដែលកើតឡើងដល់ពោធិសត្វគ្រប់អង្គ ក្នុងថ្ងៃជាទីត្រាស់ដឹង បានកើតឡើងដល់អាត្មាអញហើយ ទើបត្រាស់សួរមារថា នែមារ!ក្នុងរឿងបល្ល័ង្កនេះ អ្នកណាជាបន្ទាល់របស់អ្នក?
មារឆ្លើយថា ” ពួកពលសេនាទាំងអស់ហ្នឹងឯង ជាបន្ទាល់របស់យើង” ។
         ព្រះពោធិសត្វ:- មារអើយ! បន្ទាល់អ្នកសុទ្ធសឹងតែមានចេតនា, តែបុគ្គលណាមួយជាបន្ទាល់ របស់យើងមិនមានទេ។ ព្រះអង្គទ្រង់រំពឹងនឹកដល់ទាន ដែលបានឲ្យហើយ ក្នុងកាលកើតជាព្រះវេស្សន្តរ ទើបបញ្ចេញព្រះហស្ថស្តាំពីក្នុងចីវរ  ចង្អុលទៅផែន
ដី ហើយត្រាស់តបថា៖ មារអើយ! មហាប្រឹថពីនេះជាបន្ទាល់យើង។
ផែនដីក៏កំទរសម្លេងកងរំពងឡើង ហាក់ដូចជាក្រាបទូលថា៖ យើងខ្ញុំជាបន្ទាល់ពិតរបស់ព្រះអង្គ។
លំដាប់នោះ ព្រះមហាបុរសទ្រង់ពិចារណាទានបារមី      ដែលបានព្រះរាជទាន
ដំរីបច្ចយនាគេន្រ្ទជាមង្គលដល់ពួកព្រាហ្មណ៍   អ្នកដែនកលិង្គរាស្រ្ត ដែលកើតទុរ្ភិក្ស ព្រោះគ្មានភ្លៀងសោះ ក្នុងគ្រាព្រះអង្គ សោយព្រះជាតិជាព្រះវេស្សន្តរ ធ្វើឲ្យដំរីគ្រីមេខ:ជាជំនិះមារ ទប់ទល់មិនបាន ក៏ស្លុតទន់ជង្គង់លុតចុះលើផែនដី ។
មារាធិរាជបរាជ័យហើយ ក៏លើកដៃទាំង១ពាន់ដាក់លើសិរសា ផ្គងប្រណម្យ ពោលគាថានមស្ការថា៖
    “ នមោ តេ បុរិសាជញ្ញ នមោ តេ បុរិសុត្តម
         សទេវកស្មឹ លោកស្មឹ នត្ថិ តេ បដិបុគ្គលោ
    តុវំ ពុទ្ឋោ តុវំ សត្ថា   តុវំ មារាភិភូ មុនិ
                តុវំ អនុស្សយេ ឆិន្នោ    តិណ្ណោ តារេហិ មំ បជំ”
  បពិត្របុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្របុរសឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ ក្នុងលោកព្រមទាំងទេវលោក គ្មានបុគ្គលផ្ទឹមព្រះអង្គទេ, ព្រះអង្គជាព្រះពុទ្ធ ជាព្រះសាស្តា ជាមុនី គ្របសង្កត់ពួកមារ ព្រះអង្គកាត់ផ្តាច់អនុស្សយក្កិលេសទាំងឡាយហើយ ឆ្លងផុត(ចាកសង្សារវដ្ត)ហើយ សូមទ្រង់ចម្លងខ្ញុំព្រះអង្គជាសត្វផង។
មារាធិរាជនមស្ការហើយ ហោះរត់ទៅកាន់ឋានបរនិម្មិតវសវតីវិញ។ ឯមារសេនាក៏រត់ទៅកាន់ទីដទៃៗពីគ្នា ធ្វើឲ្យបរិយាកាសជុំវិញ ស្ថានទីព្រះពោធិព្រឹក្ស ភ្លឺស្វាងរុងរឿងក្រៃលែង។
          ចំពោះពពួកទេវតាដែលឈរមើលចម្បាំងនោះ ពីលើខ្នងភ្នំចក្រវាឡ បានឃើញរេហ៍ពលមារ កំពុងរត់ប្រសាចរប៉ាត់រប៉ាយ ដូច្នោះ ក៏ដឹងច្បាស់ថា ” ទេវបុត្រមារបរាជ័យហើយ ព្រះសិទ្ឋត្ថយើង មានជ័យជំនះឈ្នះមារហើយ ទើបកាន់យកគន្ឋមាលាជាទិព្វ ហោះធ្យានមកកាន់ពោធិបល្លង្ក បូជាថ្វាយព្រះមហាបុរស ដោយចិត្ត ត្រេកអរ ស្រែកជយឃោសន៍ លាន់ឮកងរំពងពាសពេញ អាកាសវេហាស៍ ថា្វយព្រះពរសព្ទសាធុការ គ្រប់ៗគ្នានាគ្រានោះ។
             ព្រះអដ្ឋកថាចារ្យចងក្រង សម្រែកជយឃោសន៍ ថ្វាយព្រះពររបស់ពួកនាគ គ្រុឌ ទេវតានិងព្រហ្មនេះ ជា៤គាថា តែសុំលើក តែត្រង់ជយឃោសន៍ថា
        ជយោ ហិ ពុទ្ឋស្ស សិរីមតោ អយំ
    មារស្ស ច បាបិមតោ បរាជយោ!
ព្រះពុទ្ធដ៏មានសិរីទ្រង់ឈ្នះហើយ ឯមារមានបាបចុះចាញ់ ព្រះអង្គហើយ។ សម្រាប់ពុទ្ធបរិស័ទ បន្លឺជយឃោសន៍នេះ ថ្វាយព្រះសព្ទសាធុការពរ ចំពោះព្រះពុទ្ធរូបអង្គថ្មី ក្នុងពិធីពុទ្ធាភិសេក។
ព្រះមុនិន្ទសម្ពុទ្ធ  ទ្រង់ផ្ចាញ់មារាធិរាជ ព្រមទាំងសេនាមារ ដោយទានបារមី។
&'
២-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់អាឡវកយក្ស
មារាតិរេកមភិយុជ្ឈិតសព្វរត្តឹ ឃោរម្បនាឡវកមក្ខមថទ្ឋយក្ខំ
ខន្តីសុទន្តវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
             ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់បានឈ្នះហើយ នូវអាឡវកយក្ស ជាអ្នកមានចិត្តរបឹងរឹងរូសឃោរឃៅ ប្រាស់ចាកសេចក្តីអត់ធន់ ដែលតតាំងច្បាំងនឹងព្រះអង្គ ពេញមួយយប់ សំបើមក្រៃលែងជាងស្តេចមារទៅទៀត(ទ្រង់ផ្ចាញ់) ដោយពិធីទូន្មានដ៏ល្អ ដោយព្រះខន្តី ដោយតេជ:នៃពុទ្ធជ័យនោះ សូមជយមង្គល កើតមានដល់អ្នក។
រឿងអាឡវកយក្ស
               ក្នុងជំនាន់ពុទ្ធសម័យ នាបឋមពោធិកាល មានព្រះរាជាមួយអង្គ ព្រះនាមអាឡវីរាជ គ្រប់គ្រងរាជសម្បត្តិ នៅក្នុងដែនអាឡវី។ ថ្ងៃមួយ ព្រះរាជាបាននាំពួកពលសេនាចេញពីព្រះរាជវាំង យាងទៅក្នុងជនបទនានា ដើម្បីសួរសុខទុក្ខប្រជារាស្រ្តផង ដេញ កំចាត់ពួកចោរ និងបច្ចាមិត្តផង។ ស្តេចយាងទៅបាន៧ថ្ងៃ ទ្រង់ភ្នកព្រះទ័យចង់ប្រពាតម្រឹគ បានប្រជុំពួកពលសេនាហើយ ដាក់ព្រះរាជអាជ្ញាថា បើបានព័ទ្ធម្រឹគជាប់ហើយ ម្រឹគនោះរត់ចេញរួចត្រង់មុខអ្នកណា អ្នកនោះត្រូវទទួលទោស ។ ទ្រង់ដាក់ព្រះរាជអាជ្ញាដូច្នេះហើយ ព្រះអង្គទ្រង់ធ្នូចូលទៅឡោមព័ទ្ធម្រឹគដែរ។
       គ្រានោះមានម្រឹគទ្រាយមួយ ត្រូវព្រះអង្គនិងពលសេនាព័ទ្ធជាប់ មានសេចក្តីតក់ស្លុតខ្លាំង ខំបោលសំរុករកច្រកចេញគ្រប់ទិសទី ។ ពួកសេនាគ្រប់គ្នាខំការពារគម្រាមម្រឹគនោះ កុំឲ្យចេញរួចចំពោះមុខខ្លួន ស្រាប់តែម្រឹគបោលសំដៅទីចំព្រះភ័ក្រ្តព្រះរាជារត់ ចេញទៅ, ព្រះអង្គស្ទុះដេញតាមម្រឹគនោះ ចូលជ្រៅទៅក្នុងព្រៃ វង្វេងបាត់សេនាអស់ ទើបបាញ់ម្រឹគនោះបាន , ទ្រង់អារពន្លះយក សាច់រែកលើព្រះអង្សាត្រាច់ទៅ ។ ព្រះបាទអាឡវីរាជទ្រង់នឿយ ព្រះកាយពលពេក បានទតឃើញដើមជ្រៃធំមួយដើម មានម្លប់ ត្រជាក់ល្អ ស្តេចក៏ចូលទៅសម្រាក់ព្រះកាយពល ។ ដើមជ្រៃនោះដុះនៅក្នុងអាណាខេត្ត របស់យក្សមួយឈ្មោះអាឡវក ដែលស្តេចចតុលោកបាលប្រទានឲ្យ។
ក្នុងពេលនោះ អាឡវកយក្សធុំក្លិនមនុស្ស ក្រឡេកភ្នែកទៅក្រោមដើមជ្រៃ បានឃើញស្តេចអាឡវីរាជ ហើយក៏ស្ទុះទៅចាប់ ប្រុងនឹងស៊ី ។ ព្រះបាទអាឡវីរាជ ទ្រង់ភិតភ័យ ញាប់ញ័រសុំអង្វរយក្សថា នែមហាយក្ស! ចូរអ្នកលែងយើងចុះ យើងនិងបញ្ជូនមនុស្ស ម្នាក់និងបាយមួយភាជន៍ មកឲ្យអ្នករាល់ថ្ងៃ ចាប់តាំងពីថ្ងៃស្អែកនេះតទៅ ។
យក្សតបថា   ក្រែងព្រះអង្គបានរួចពីដៃយើង    ហើយរវល់តែសប្បាយនិងស្រីស្នំ ភ្លេចពាក្យសំដីរបស់ខ្លួនទេដឹង? ចំណែកខាងយើង ត្រូវការតែស៊ីព្រះអង្គក្នុងពេលនេះ ព្រោះព្រះអង្គបានចូលមក ក្នុងអាណាខេត្តរបស់យើងហើយ ។ ឯយើងគ្មានអំណាចទៅចាប់មនុស្សក្រៅអាណាខេត្ត ដែលស្តេចចតុលោកបាលប្រទានឲ្យ ធ្វើជាចំណីបានឡើយ យើងឈ្នះចាប់ព្រះអង្គបានហើយ យើងមិនឆោតលែងឲ្យរួចទៅវិញទេ។ 
  ព្រះបាទអាឡវីរាជស្តេចអង្វរទៀតថា នែមហាយក្ស! បើយើងភ្លេចបញ្ជូនមនុស្សនិងបាយមួយភាជន៍មកឲ្យអ្នកថ្ងៃណា ចូរអ្នកទៅ ព្រះរាជវាំងយើង ចាប់យើងនិងពលសេនាយើងធ្វើជាចំណីចុះ។ ពេលនេះ បើអ្នកស៊ីយើងហើយ មុខជាល្បីខ្ទរខ្ទារទៅគ្រប់ទិសទីថា ក្នុងទីនេះ មានយក្សកំណាចចាប់មនុស្សស៊ី, ពួកមនុស្សទាំងឡាយ លែងហ៊ានទៅជិតទីនោះឡើយ អ្នកនឹងខាតលាភធំតាំងពីថ្ងៃនេះតទៅ។ យក្សបានស្តាប់ពាក្យអង្វរ និងពាក្យបំភ័យដូច្នេះហើយ ក៏លែងព្រះបាទអាឡវីរាជ ក្នុងពេលនោះ។ ព្រះអង្គបានលាយក្ស ត្រឡប់ទៅព្រះនគរវិញ។ ឯពួកពលសេនា ដែលបោះកងទ័ព ចាំព្រះរាជាខ្លួន ក្នុងទីពាក់កណ្តាលផ្លូវជាយូរថ្ងៃហើយនោះ លុះបានឃើញស្តេចមកដល់ហើយ ក៏នាំគ្នាក្រោកឡើងគោរពទទួលតាមទម្លាប់ ក្រាបទូលសាកសួរហេតុ ដែលព្រះអង្គដេញតាមម្រឹគទ្រាយនោះ ។ ព្រះរាជាត្រាស់ប្រាប់ពលសេនាតាមដំណើរការចប់ហើយ ស្តេចយាងចូលព្រះបរមរាជវាំងវិញ ជម្រះព្រះកាយសោយព្រះស្ងោយ ហើយត្រាស់ហៅសេនាជានាយពន្ធនាគារ(មេគុក) មកប្រាប់តាមហេតុដែលកើតមានឡើង។ នាយពន្ឋនាគារ ក្រាបបង្គំទូលសួរថា ការសន្យានឹងយក្សនោះ ព្រះអង្គបានកំណត់ប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំ?
            ព្រះរាជាតបថា យើងភ័យពេកមិនបានកំណត់ថ្ងៃខែឆ្នាំទេ។
            នាយពន្ធនាគារក្រាបទូលថា រឿងនេះធ្ងន់ណាស់ ប្រជារាស្រ្តក្នុងនគរយើង និងរងទុក្ខវេទនាដោយសារយក្សនោះ រកទីបំផុតគ្មានឡើយ។ ប៉ុន្តែរឿងនេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ សូមគ្រប់គ្រងរាជ្យជាសុខចុះ, ទូលព្រះបង្គំ នឹងទទួលភារ:ចាត់ការថ្វាយតាមកិច្ចសន្យា។
ចាប់តាំងពីថ្ងៃនោះមក នាយពន្ធនាគារបានជ្រើសរើសយកអ្នកទោស ដែលត្រូវប្រហារជីវិត បញ្ជូនទៅឲ្យយក្សមួយថ្ងៃម្នាក់ និងបាយមួយភាជន៍រាល់ៗថ្ងៃ។ ឯយក្សក៏និម្មិតអត្តភាពធំសម្បើម មុខគួរឲ្យខ្លាច ស្ទុះមកទទួលយកមនុស្ស នឹងបាយមួយភាជន៍មកស៊ី ដូចជាគេទំពាមើមដំឡូង ។ លុះអស់អ្នកទោសឧក្រិដ្ឋហើយ ក៏បញ្ជូនអ្នកទោសទាំងឡាយ ដែលមានក្នុងគុកនោះ ទៅឲ្យយក្សតៗមកជាច្រើនខែ ។ ពួកអ្នកនគរដឹងថា ព្រះរាជាបញ្ជូនអ្នកទោស ដែលជាប់គុកទៅឲ្យយក្សស៊ីដូច្នោះហើយ ក៏លែងហ៊ានប្រព្រឹត្ត អំពើចោរកម្មជាដើមទៀត, មិនយូរប៉ុន្មានក្នុងគុកស្ងាត់ឈឹង គ្មានអ្នកទោសម្នាក់ឡើយ។
នាយពន្ធនាគារចូលទៅក្រាបទូលព្រះរាជាថា មនុស្សទោសអស់រលីងពីគុកហើយ គ្មានអ្នកទោសថ្មីចូលមកទៀតទេ ព្រោះអ្នកនគរមិនហ៊ានប្រព្រឹត្តអំពើខុសឆ្គង និងច្បាប់ មានចោរកម្មជាដើម។
ព្រះបាទអាឡវីរាជបានត្រាស់ហៅនាយឃ្លាំង មកបង្គាប់ឲ្យចំណាយព្រះរាជទ្រព្យជាច្រើន ហើយឲ្យប្រកាសទូទៅក្នុងព្រះនគរថា បើនរណាហ៊ានប្រថុយជីវិត ចូលខ្លួនទៅឲ្យយក្សស៊ី ព្រះអង្គនិងព្រះរាជទានទ្រព្យជាច្រើនដល់គ្រួសារអ្នកនោះ។ ពួកអ្នកនគរទាំងឡាយ គ្មានអ្នកណាម្នាក់សុខចិត្តយកជីវិតដូរ និងទ្រព្យសម្បត្តិដ៏ច្រើននោះឡើយ។ 
ពួកមហាមាត្យបានក្រាបបង្គំទូលថា  គួរបញ្ជូនមនុស្សចាស់ ជរាម្នាក់ក្នុង១ថ្ងៃទៅឲ្យយក្សស៊ីវិញ     ព្រោះពួកមនុស្សប្រភេទនេះ មុខតែស្លាប់ដដែលទេ។
ព្រះរាជាតបថា មិនគួរធ្វើដូច្នោះឡើយ ព្រោះមនុស្សចាស់ជរាទាំងអស់នោះ សុទ្ធតែមានកូនចៅ មានបងប្អូនមាមីងគ្រប់ៗគ្នា។
          មហាមាត្យ-សូមទ្រង់ព្រះមេត្តាប្រោស បើដូច្នោះគួរបញ្ជូនទារកតូចៗ ដែលនៅមិនទាន់ចេះអង្គុយ ទៅឲ្យយក្សស៊ីវិញ ព្រោះទារកតូចៗទាំងនោះ មិនទាន់ដឹងស្គាល់ជីដូនជីតា មាតាបិតាច្បាស់លាស់នៅឡើយ។
          ព្រះរាជាយល់ស្របហើយ ទើបមហាមាត្យចាប់ទារកតូចៗ បញ្ជូនទៅឲ្យយក្សស៊ី
រាល់ថ្ងៃតៗមកទៀត។
          ពេលនោះ ពួកស្រ្តីជាមាតាទារក ដែលប្រសូតិហើយថ្មីៗក្តី ដែលកំពុងមានគភ៌ក្តី បានដឹងដូច្នេះហើយ ក៏នាំគ្នាពកូនជញ្ជូនចៅ រត់ពពាក់ពពូនចេញពីដែនអាឡវី ទៅជ្រកនៅក្នុងដែនដទៃ។ ពួកមហាមាត្យខំស្កាត់ស្ទាក់ផ្លូវរកចាប់ បញ្ជូនទៅឲ្យយក្សតែយ៉ាងនេះ អស់វារ:១២ឆ្នាំ។ កាលបើរកចាប់ទៀតមិនបានហើយ ក៏ចូលទៅក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេពជាអម្ចាស់ ឥឡូវនេះ អស់ទារកហើយ នៅសល់តែអាឡវីរាជកុមារ ជាព្រះរាជបុត្រព្រះអង្គម្នាក់គត់តែប៉ុណ្ណោះ ។
ព្រះបាទអាឡវីរាជមានព្រះបន្ទូលដោយក្រៀមក្រំថា   ព្រះរាជបុត្រជាទីស្រឡាញ់ពេញហឫទ័យរបស់យើងយ៉ាងណា អ្នកដទៃក៏គង់ស្រឡាញ់កូនខ្លួនយ៉ាងនោះដែរ ទើបទ្រង់សម្រេចព្រះទ័យបញ្ជាថា “អ្នកទាំងឡាយ ចូរចាប់ព្រះរាជបុត្រយើងទៅឲ្យយក្ស ស៊ីចុះ”។
            (ត្រង់ចំណុចនេះឯងបញ្ជាក់ឲ្យឃើញច្បាស់ថា ស្រឡាញ់អ្វីទាំងអស់ក្នុងលោកនេះមិនស្មើនិងស្រឡាញ់ខ្លួនឡើយ ទើបមានពុទ្ឋភាសិតថា”នត្ថិ អត្តសមំ បេមំ គ្មានស្រឡាញ់អ្វីជាងខ្លួនទេ”,ព្រះបាទអាឡវីរាជស្ម័គ្រព្រះទ័យឲ្យព្រះរាជបុត្រស្លាប់ ដើម្បីព្រះអង្គរស់)។
សម័យនោះ ព្រះរាជទេវីជាព្រះអគ្គមហេសី កំពុងផ្ងូតទឹកអាឡវីរាជកុមារ ហើយផ្តេកលើសំពត់ទុកូល ពស្រ្តបីស្ទួយផ្ទាប់ព្រះឱរា ស្រាប់តែពួកមហាមាត្យទៅទូលសុំព្រះរាជកុមារ យកទៅឲ្យយក្សស៊ី។ ព្រះទេវី ពួកមេនំ និងពួកស្នំទាំង១៦ពាន់នាក់ យំសោក អង្វរយ៉ាងណា ក៏ពួកមហាមាត្យមិនហ៊ានទទឹងទាស់ចំពោះព្រះរាជ បញ្ជាឡើយ បានក្រាបទូលព្រះរាជទេវីថា ព្រឹកស្អែកនេះ ដល់វេនព្រះរាជកុមារហើយ, ព្រះរាជាបានព្រះរាជានុញ្ញាតរួចស្រេចហើយ។
          តស្មឹ ទិវសេយេវ ក្នុងថ្ងៃនោះឯង ព្រះមានព្រះភាគទ្រង់តើន ក្នុងបច្ចូសសម័យអរុណោទ័យភ្លឺស្រាងៗ ស្តេចចូលមហាករុណាសមាបត្តិ នាគន្ឋកុដិក្នុងវត្តព្រះជេតពន ប្រមើលមើលសត្វ លោកដោយពុទ្ឋចក្ខុ, ទ្រង់ជ្រាបឃើញឧបនិស្ស័យ ថ្នាក់អនាគាមិ ផលរបស់អាឡវីរាជកុមារផង ថ្នាក់សោតាបត្តិផលរបស់អាឡវកយក្សផង និងថ្នាក់សោតាបត្តិមគ្គជាដើម របស់មហាជនចំនួន៨ម៉ឺន៤ពាន់នាក់ផង ទើបស្តេចទ្រង់បិណ្ឌបាត បំពេញពុទ្ធកិច្ចរួចស្រេចហើយ វេលាព្រលប់ទ្រង់ពុទ្ឋដំណើរ ទៅតាមផ្លូវចម្ងាយ៣០យោជន៍ តែមួយព្រះអង្គឯង សំដៅទៅអាណាខេត្តរបស់អាឡវកយក្ស ក្នុងថ្ងៃឧបោសថខាងរនោច។
អដ្ឋកថាពន្យល់ថា ពួកយក្សឃើញវិមានខ្លួនយ៉ាងណា ព្រះមានព្រះភាគ ក៏បានទតឃើញវិមាន របស់ពួកយក្សដូច្នោះដែរ។ 
ព្រះអង្គយាងទៅដល់អាណាខេត្តអាឡវកយក្សហើយ ទ្រង់ឋិតនៅមាត់ទ្វារវិមានរបស់យក្ស។ ពេលនោះ អាឡវកយក្សមិននៅ ទៅធ្វើយក្ខសន្និបាតឯព្រៃហេមពាន្ត នៅតែគទ្រភយក្សឈរយាមទ្វារ ។ លុះឃើញព្រះសម្ពុទ្ធហើយ គទ្រភយក្ស ក៏ស្ទុះទៅថ្វាយបង្គំ ទូលសួរថា ព្រះអង្គស្តេចមកក្នុងវេលាវិកាលដូច្នេះ តើមានហេតុអ្វី?
           ព្រះសម្ពុទ្ឋតបថា អើគទ្រភ: តថាគតមកដល់អម្បាញ់នេះឯង បើវិមាននេះទូលាយមិនចង្អៀតទេ   គួរតថាគតឈប់សម្រាក់មួយរាត្រីផងបានឬទេ?
          គទ្រភយក្សក្រាបទូលថា មិនចង្អៀតទេ អាចទ្រង់សម្រាក់បាន តែអាឡវកយក្សមិននៅ គេនោះកាចណាស់ សូម្បីតែមាតាបិតា របស់ខ្លួនក៏មិនគោរពដែរ, សូមអង្វរ
ព្រះអង្គ សូមស្តេចកុំសព្វព្រះហឫទ័យ សម្រាក់ក្នុងទីនេះធ្វើអ្វី។
ព្រះសម្ពុទ្ធ- អើគទ្រភ:!តថាគតដឹងហើយ ឥតមានអន្តរាយដល់តថាគតឡើយ ។
គទ្រភ:-ខ្ញុំព្រះអង្គសូមអង្វរជាគម្រប់២ដង សូមកុំសម្រាក់ក្នុងទីនេះឡើយ ព្រោះយក្សនេះមិនស្គាល់មាតាបិតា សមណព្រាហ្មណ៍ មិនដឹងធម៌អាថ៌អ្វីទេ តែខឹងហើយអាចធ្វើចិត្តអ្នកដទៃឲ្យរាយមាយទៅជាឆ្កួត ឬវះបេះដូងអ្នកទាំងនោះ ឲ្យដាច់ខ្ចាត់ខ្ចាយ ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយ សមុទ្រខាងនាយក៏សឹងមាន ដល់កណ្តាប់ចក្រវាឡក៏សឹងមាន តាមកំហឹងរបស់ខ្លួន។
ព្រះសម្ពុទ្ធ-អើគទ្រភ:! តថាគតដឹងហើយ ឥតមានអន្តរាយដល់តថាគតឡើយ។
គទ្រភយក្សអង្វរព្រះសម្ពុទ្ឋជាគម្រប់បីដង, ព្រះសម្ពុទ្ធមានបន្ទូលដូចមុនជាគម្រប់បីដងដែរ ទើបគទ្រភ:ក្រាបទូលថា បើដូច្នោះចាំខ្ញុំព្រះអង្គទៅប្រាប់អាឡវកយក្សសិន ទើបហោះសំដៅព្រៃហេមពាន្ត ក្នុង១រំពេចនោះបាត់ទៅ។ រីឯទ្វារវិមានរបស់អាឡវកយក្សក៏របើកឡើង ថ្វាយព្រះសម្ពុទ្ឋក្នុងខណ:នោះដែរ។ ព្រះអង្គស្តេចយាងទៅ គង់លើបល្លង្កកែវដ៏ជាទិព្វ ត្រង់កន្លែងជាមង្គលរបស់អាឡវកយក្ស បញ្ចេញរស្មីពណ៌មាសភ្លឺរន្ទាលច្រាលឆ្អៅឡើង។ ពួកស្រីស្នំយក្ស បានឃើញហើយកើតសេចក្តីជ្រះថ្លា នាំគ្នាថ្វាយបង្គំ អង្គុយគាល់ក្នុងទីដ៏សមគួរ ទើបព្រះសម្ពុទ្ធទ្រង់សំដែងបកិណ្ណកធម្មកថា ចំពោះស្រីទាំងនោះថា នាងទាំងឡាយបានធ្វើទានសីល បានធ្វើសក្ការបូជា ចំពោះបុគ្គលដែលគួរបូជាទុកពីជាតិមុនមកច្រើន ទើបជាតិនេះ បានសោយទិព្វសម្បត្តិដូច្នេះ នាងទាំងឡាយត្រូវខិត ខំធ្វើបុញ្ញកិរិយាវត្ថុដូចមុនទៀត កុំច្រណែនឈ្នានីសគ្នាឡើយ។
ស្រីស្នំយក្សទាំងនោះ លុះស្តាប់ចប់ហើយ មានសេចក្តីរីករាយនាំគ្នាបន្លឺសព្ទសាធុការថ្វាយព្រះសម្ពុទ្ឋ ហើយអង្គុយគាល់ព្រះអង្គត្រៀបត្រាក្នុងទីនោះ។
ឯគទ្រភយក្ស ទៅដល់ព្រៃហេមពាន្តហើយ បានប្រាប់អាឡវកយក្ស តាមដំណើរការណ៍។ អាឡវកយក្សគ្រហឹមឆ្លើយថា អើចាំអញទៅធ្វើទុក្ខសមណ:នោះ ឲ្យស្គាល់ដៃម្តង។ គាប់ជួនពេលនោះ ពួកសាតាគិរីយក្ស នាំគ្នាត្រាច់តាមអាកាសវេហាស៍ ដោយ យានផ្សេងៗ បំណងទៅថ្វាយបង្គំព្រះសម្ពុទ្ធសិន ទើបទៅកាន់ សន្និបាតជាខាងក្រោយ ប៉ុន្តែផ្ទៃអាកាស ចង្អៀតដោយយានរបស់ពួកយក្សទាំងឡាយ ដែលទៅកាន់ទីយក្ខសន្និបាតនោះដែរ ទើបពួកសាតាគិរីយក្ស ក្រឡេកឃើញវិមានរបស់អាឡវកយក្ស ដែលស្ថិតនៅលើផែនដី ជាវិមានស្តុកស្តម្ភខាងលើពាសសំណាញ់ដែក កំពស់បីយោជន៍មានទ្វារបិទជិត ទើបបំបែរយានប្រុងបរកាត់លើវិមាននោះ ស្រាប់តែយានធ្លាក់ក្តុកមកដីវិញ ព្រោះជាធម្មតារបស់ព្រះសម្ពុទ្ធគ្រប់ព្រះអង្គ បើស្តេចគង់ត្រង់ទីណាហើយ ទីនោះមិនអាចមានទេព្តា យក្ស មារ ព្រហ្មណាកន្លងរំលងពីលើបានឡើយ។
សាតាគិរីយក្សបានឃើញព្រះសម្ពុទ្ធ គង់ក្នុងប្រាសាទអាឡវកយក្ស   ក៏ចូលទៅថ្វាយបង្គំស្តាប់ព្រះធម្មទេសនា និងសរសើរគុណព្រះរតនត្រ័យយ៉ាងក្រៃលែង ហើយទើបថ្វាយបង្គំលាទៅកាន់យក្ខសន្និបាត បានពាក់កណ្តាលផ្លូវក៏ជួបអាឡវកយក្ស ទើបស្រែកប្រាប់ថា នែសម្លាញ់!អ្នកពេញជាមានលាភធំ ព្រោះព្រះមានបុណ្យ ស្តេចគង់នៅក្នុងវិមានរបស់អ្នក, បើសម្លាញ់ទៅដល់ ត្រូវឱនកាយថ្វាយបង្គំហើយ ចូលទៅអង្គុយជិតស្តាប់ព្រះធម៌កុំបីខាន។ ពួកយក្សឯទៀត ក៏ពោលពណ៌នាសរសើរ ព្រះគុណព្រះមានព្រះភាគគ្រប់ៗគ្នា។ អាឡវកយក្សឮពាក្យសរសើរនោះហើយ រឹងរឹតតែក្រេវក្រោធ ស្រែក
សន្ធាប់ថា យើស!នរណាជាព្រះមានបុណ្យ ម្តេចក៏ហ៊ានចូលមកអង្គុយក្នុងវិមានយើង?
យក្សទាំងឡាយប្រាប់ថា ព្រះមានបុណ្យជាបរមគ្រូយើង យាងចុះពីស្ថានតុសិតមកសោយព្រះជាតិជាមនុស្ស ជាឱរសក្សត្រ ព្រះអង្គចេញសាងបព្វជ្ជា ស្វែងរកមោក្ខធម៌ បានត្រាស់ជាព្រះសព្វញ្ញុពុទ្ធក្នុងត្រៃលោក សម្តែងព្រះធម្មកថាភ្លូកភ្លឹក ផ្អើលអស់ទេវ-លោក ព្រហ្មលោក ម៉េចក៏អ្នកធ្វើជាមិនដឹង? អាឡវកយក្សក៏បានដឹងដូចយក្សឯទៀតដែរ ប៉ុន្តែដោយអស្មិមាន:ធ្វើជាមិនដឹងក្រោធ ខេខឹងមហិមា ស្ទុះស្ទាក្រទីក្រទា ច្រងេងច្រងាងទៅជាន់លើកំពូល ភ្នំក្រៃលាសស្រែកកំទរថា អ្នកទាំងឡាយចាំមើលចុះ គ្រូអ្នកមានអានុភាពធំ ឬក៏យើងឯណេះទេ ជាអ្នកមានអានុភាពធំជាង? ចំណែកដុំដែកដែលបែកចេញពីភ្នំ ដូចគេប្រហារដោយញញួរដែក បែកភ្លើងព្រាកៗ ទើបអាឡវកយក្សស្រែកសន្ធាប់ថា យើងនេះ ហើយឈ្មោះអាឡវកយក្ស! លាន់ឮទ្រហឹងអឺងអាប់ ពាសពេញជម្ពូទ្វីបកក្រើករំពើកញ័ររញ្ជួយ ភ្នំតូច-ធំដោយអានុភាពរបស់ខ្លួន ព្រមទាំងបានបញ្ចេញមហិទ្ធិឫទ្ធិ ឲ្យកើតជាខ្យល់ភ្លៀង៩ប្រការ:
១-បង្កើតព្យុះសង្ឃរាលាយដោយគ្រាប់ភ្លៀង បក់បំប៉ើងព្រះសម្ពុទ្ធ, មណ្ឌលខ្យល់នោះកាចសាហាវបក់បោក ព្រៃឈើ ភ្នំធំតូច រលំបាក់រាប តែបក់មកជិតព្រះអង្គក៏ស្ងប់សូន្យឈឹង សូម្បីតែជាយចីវរ ក៏មិនរញ្ជួយឡើយ ទាំងមនុស្សសត្វទាំងឡាយ ក៏គ្មានអន្តរាយដែរ ដោយតេជ:នៃព្រះពុទ្ធ,
២-ភ្លៀងធំមានគ្រាប់ថ្លោសៗ បំណងឲ្យកើតជាទឹកជំនន់ ពន្លិចព្រះសម្ពុទ្ធ ប៉ុន្តែ
ទឹកជំនន់នោះ ហូរគួចមកជិតព្រះអង្គក៏រីង បាត់អស់ទៅទាំងអន្តរាយក៏គ្មានដែរ,
៣-ភ្លៀងដុំថ្មធំៗប៉ុនកំពូលភ្នំ ធ្លាក់បាចសាចពីលើអាកាសវេហាស៍ សំដៅមករកព្រះអង្គ លុះធ្លាក់មកជិតដល់ហើយ ក៏ក្លាយទៅជាកម្រងផ្កាទិព្វទៅវិញ,
៤-ភ្លៀងគ្រឿងសស្រ្តាវុធគ្រប់មុខមានដាវលំពែងជាដើម ក៏ធ្លាក់ចុះស្រោចប្រសាចមករកព្រះសម្ពុទ្ធ លុះធ្លាក់មកជិតបានក្លាយជាកម្រងផ្កាទិព្វបូជាទៀត,
៥-ភ្លៀងរងើកភ្លើងក្រហមច្រាលរន្ទាលឆ្អិនឆ្អៅពេញមេឃ ធ្លាក់ស្រោចចុះមក លុះមកជិតព្រះសម្ពុទ្ធ ក៏ក្លាយទៅជាគំនរផ្កាទិព្វបូជាទៀត,
៦-ភ្លៀងផេះក្តៅពាសពេញអាកាសធ្លាក់ចុះស្រោចមករកព្រះសម្ពុទ្ធ តែធ្លាក់មកជិត ក៏ក្លាយជាលំអិតខ្លឹមចន្ទន៍ទិព្វបូជាវិញ,
៧-ភ្លៀងដីខ្សាច់ធ្លាក់ចុះមកយ៉ាងខ្លាំងមហិមា លុះធ្លាក់មកជិត ក៏ក្លាយទៅជាផ្កាទិព្វបូជាទៀត,
៨-ភ្លៀងភក់ជ្រាំធ្លាក់ចុះមកយ៉ាងច្រើនពន្លឹក លុះធ្លាក់មកជិត ក៏ក្លាយទៅជាគ្រឿងក្រអូបជាទិព្វបូជាទៅវិញ,
៩-បង្កើតជាអព្ទ័ងងឹតប្រកបដោយអង្គ៤ បិទបាំងពន្លឺគ្រប់ទិសទី ងងឹតសូន្យសុង រកមើលអ្វីមិនយល់ ស្រាប់តែរំពេចនោះមានពន្លឺរស្មី ដូចជាព្រះអាទិត្យទៅវិញ ដោយតេជានុភាពនៃព្រះសម្ពុទ្ធ។
កាលបើអាឡវកយក្សបញ្ចេញមហិទ្ធិឫទ្ធិដេញព្រះសម្ពុទ្ធ ឬបៀតបៀនព្រះអង្គមិនបានអស់សមត្ថភាពហើយ ក៏នាំចតុរង្គសេនាគឺ ពលសេះ ពលដំរី ពលរថ និងពលថ្មើរជើងរួមទាំងពួកភូត បិសាច មានរូបផ្សេងៗគួររន្ឋត់តក់ស្លុត សម្រុកចូលទៅរកព្រះមានព្រះភាគ ស្រែកគំរាម ជេរប្រមាថ ដោយអាការ:កាចសាហាវឃោរឃៅ យង់ឃ្នងក្រៃលែងជាងមារាធិរាជ ដរាបអស់ពាក់កណ្តាលរាត្រី មិនព្រមថយសោះ ប៉ុន្តែមិនអាចចូលទៅជិតព្រះអង្គបាន ទើបយក្សចាប់ទុស្សា វុធ អាវុធគឺឈ្នួតក្បាលរបស់ ខ្លួន ចោលសំដៅទៅរកព្រះសម្ពុទ្ធ កក្រើកឮសូរលាន់ពេញផ្ទៃអាកាសដូចរន្ទះបាញ់ មានពន្លឺភ្លឺច្រាល លុះចូលទៅជិតហើយ ក៏អស់អានុភាពធ្លាក់ទៀបព្រះបាទាព្រះអង្គ ហាក់ដូចជាសំពត់សម្រាប់ជូតព្រះបាទទៅវិញ។
ទុស្សាវុធនេះ បើអាឡវកយក្សខឹងហើយ ចាប់គ្រវែងទៅលើអាកាស និងរាំងភ្លៀង១២ឆ្នាំ គ្រវែងទៅលើផែនដី រុក្ខាលតាជាតិសព្វសារពើ ស្វិតស្រពោនលូតលាស់មិនបាន១២ឆ្នាំ គ្រវែងទៅក្នុងមហាសមុទ្រ និងរីងទឹកអស់ បើគ្រវែងទៅត្រង់ភ្នំធំៗ ភ្នំនោះ នឹងបាក់ខ្ទេចខ្ទីអស់។ នេះជាអានុភាពនៃទុស្សាវុធរបស់អាឡវកយក្ស។
ពេលនោះទេវតា១ម៉ឺនលោកធាតុ បានប្រជុំគ្នាពេញផ្ទៃអាកាស ដោយចង់ឃើញចម្បាំងផង ចង់ស្តាប់ធម៌របស់ព្រះសម្ពុទ្ធផង ប៉ុន្តែមិនហ៊ានចូលទៅជិតទេ។
ចំណែកអាឡវកយក្ស ឃើញឈ្នួតក្បាលខ្លួន អស់អានុភាពដូច្នោះហើយ  ក៏នឹកឃើញថា    ប្រហែលជាសមណ:នេះ ប្រកបដោយមេត្តាព្រហ្មវិហារធម៌ទេដឹង? អញត្រូវផ្ចាញ់ដោយមេត្តាវិញ ទើបនិយាយស្រួលជាមួយព្រះសម្ពុទ្ធថា ម្នាលសមណ: អ្នកចូរចុះពីលើបល្លង្កយើង!
ព្រះសម្ពុទ្ធទ្រង់ជ្រាបថា យក្សនេះរបឹងរឹងរូសណាស់ មិនគួរទូន្មានដោយឧបាយរឹងត្អឹងទេ គួរទូន្មានដោយឧបាយទន់ភ្លន់វិញ ទើបព្រះអង្គចុះពីបល្ល័ង្កយាងចេញមកក្រៅ។ លំដាប់នោះអាឡវកយក្សនឹកក្នុងចិត្តថា សមណ:នេះប្រដៅងាយទេតើអញបង្គាប់តែ១ម៉ាត់ ធ្វើតាមអញភ្លាម មិនគួរយកចម្បាំងមកប្រើអស់មួយរាត្រីសោះ។ ស្រាប់តែនឹកភ្លកឃើញថា សមណ:នេះចុះចេញដោយកំហឹង ឬដោយការប្រដៅងាយ ដូច្នេះគួរអញសាកល្បងម្តងទៀត ទើបហៅឲ្យចូលមកវិញ។ ព្រះអង្គត្រាស់ថាល្អហើយៗ ក៏យាង
ចូលមកវិញ។ យក្សចេះតែប្រើព្រះអង្គ ឲ្យចេញចូលយ៉ាងនេះ អស់វារ:បីដង។
អាឡវកយក្សឃើញ ព្រះសម្ពុទ្ធស្តាប់បង្គាប់ខ្លួនដូច្នេះ ក៏កើតចិត្តបាបថា អញនឹងប្រើសមណ:នេះ ឲ្យចេញចូលដរាបដល់ភ្លឺ ហើយចាប់ជើងគ្រវែងចោលទៅត្រើយនាយទន្លេគង្គា ទើបប្រើព្រះអង្គ ជាគម្រប់ទី៤ទៀត ។ ព្រះសម្ពុទ្ធជ្រាបចិត្តគំនិតយក្សហើយ ត្រាស់តបថា តថាគតមិនចុះចេញទៅ មិនចូលមកវិញទៀតទេ ។ អាឡវកយក្សដឹងថា ព្រះសាស្តាឈប់ស្តាប់បង្គាប់ខ្លួនហើយ ក៏គិតថា អញនឹងផ្ចាញ់សមណ:នេះ ឲ្យខ្លាំងជាងមុន ដោយត្រូវសួរប្រស្នាអាថ៌កំបាំង ដែលឪពុកអញបានបង្រៀន ស្រាប់តែនឹកឃើញភ្លាមថា សួរមិនបានទេ ព្រោះសមណ:នេះជាអ្នកឆ្លាតវាងវៃខាងធម្មកថាណាស់។ ប្រស្នានេះឪពុកអញបានទៅសួរព្រះពុទ្ធកស្សប: ព្រះអង្គឆ្លើយប្រាប់ ទើបគាត់ចងចាំយកមកបង្រៀនអញ ។ អាឡវកយក្សរៀនប្រស្នាទាំង៨បទ ពីឪពុកទាំងសំណួរនិងចម្លើយ តាំងពីខ្លួននៅតូចមក តែក្រោយមកក៏ភ្លេចចម្លើយអស់ទៅ នៅចាំតែសំណួរ ទើបចារឹកទុកលើផែនមាសក្នុងវិមាន។ អាឡវកយក្ស គិតឃើញដូច្នោះហើយ ក៏ទ្រឹងស្ងៀមនិងសញ្ជឹង រំពឹងរាវរកឧបាយព្យាបាទផ្សេងៗទៀត។
ពេលនោះ ព្រះសម្ពុទ្ធត្រាស់ថា  នែ!អាឡវកយក្ស  អ្នកគិតធ្វើតថាគត ឲ្យលំបាក
ពេញ១រាត្រីនេះ ហើយចាប់ជើងតថាគត គ្រវែងចោលទៅត្រើយនាយនៃទន្លេគង្គា និងសួរប្រស្នាផ្ចាញ់តថាគតតទៀត ចូរអ្នកធ្វើតាមគំនិតនោះចុះ តថាគតឥតប្រកែកឡើយ។ 
អាឡវកយក្សលើកប្រស្នាទាំង៨បទនោះ មកសួរ៤បទម្តងថា:
កឹសូធ វិត្តំ បុរិសស្ស សេដ្ឋំ កឹសុ សុចិណ្ណំ សុខមាវហាតិ
កឹសុ ហវេ សាធុតរំ រសានំ កថំ ជីវី ជីវិតមាហុ សេដ្ឋំ។
អ្វីជាទ្រព្យប្រសើរបំផុតរបស់បុរសស្រ្តីក្នុងលោកនេះ?
អ្វីដែលគេសន្សំល្អហើយ នាំសុខមកឲ្យ? 
អ្វីហ្ន៎ ដែលមានរសឆ្ងាញ់ជាងរសនានា?
ពួកអ្នកប្រាជ្ញហៅអ្នករស់នៅយ៉ាងណា ថារស់នៅប្រសើរបំផុត?
ព្រះសម្ពុទ្ឋទ្រង់ឆ្លើយថា
សទ្ឋីធ វិត្តំ បុរិសស្ស សេដ្ឋំ ធម្មោ សុចិណ្ណោ សុខមាវហាតិ
សច្ចំ ហវេ សាធុតរំ រសានំ បញ្ញាជីវី ជីវិតមាហុ សេដ្ឋំ។
សទ្ធាជាទ្រព្យប្រសើរបំផុតរបស់បុរសស្រ្តីក្នុងលោកនេះ
សុចរិតធម៌ដែលគេសន្សំល្អហើយតែងនាំសុខមកឲ្យ
ពាក្យសច្ច:មានរសឆ្ងាញ់ជាងរសនានា,
ពួកអ្នកប្រាជ្ញហៅអ្នករស់ដោយប្រាជ្ញា ថារស់នៅប្រសើរបំផុត។
អាឡវកយក្សបានស្តាប់ចម្លើយរបស់ព្រះសម្ពុទ្ធទាំង៤បទដូច្នេះចប់ហើយ ត្រឡប់ជាមានចិត្តត្រេកអររីករាយជាពន់ពេក ទើបក្រាបបង្គំទូលសួរប្រស្នា៤បទទៀតថា:
កថំសុ តរតិ ឱឃំ      កថំសុ តរតិ អណ្ណវំ
កថំសុ ទុក្ខមច្ចេតិ    កថំសុ បរិសុជ្ឈតិ។
សត្វឆ្លងអន្លង់បានដោយសារអ្វី? សត្វឆ្លងសមុទ្របានដោយសារអ្វី?
សត្វឆ្លងសេចក្តីទុក្ខបានដោយសារអ្វី? សត្វបរិសុទ្ឋបានដោយសារអ្វី?
ចម្លើយព្រះសម្ពុទ្ឋថា
    សទ្ឋាយ តរតិ ឱឃំ    អប្បមាទេន អណ្ណវំ
    វីរិយេន ទុក្ខមច្ចេតិ   បញ្ញាយ បរិសុជ្ឈតិ។
សត្វឆ្លងអន្លង់គឺឱឃ:ទាំង៤បានដោយសទ្ធា, សត្វឆ្លងសមុទ្រគឺសង្សារវដ្តបានដោយអប្បមាទធម៌
សត្វឆ្លងទុក្ខព្រួយបាន ដោយសេចក្តីព្យាយាម, សត្វបរិសុទ្ធបាន ដោយបញ្ញា។
អាឡវកយក្សបានស្តាប់ចម្លើយរបស់ព្រះសម្ពុទ្ធ ដែលមានន័យជាប់ទាក់ទងចំពោះមហគ្គតធម៌នេះហើយ ក៏បានសម្រេចសោតាបត្តិផល ទើបយក្សសូត្រព្រះគាថា ថ្វាយសព្ទសាធុការចំពោះព្រះអង្គ ស្របជាមួយពេលអរុណរះផង ពួករាជបុរស ក៏នាំ អាឡវីរាជកុមារ មកដល់ពិភពយក្សពេលនោះផង មិនមុនមិនក្រោយ។
ឯពួករាជបុរសទៅដល់អាណាខេត្តយក្ស បានឮសម្លេងសព្ទសាធុការពរគឹកកងដូច្នោះ ក៏ក្រឡេកមើលទៅទិស ដែលផ្សាយសម្លេងចេញមក ឃើញវិមាន ឃើញពន្លឺ ដឹងច្បាស់ថា ព្រះសម្ពុទ្ធបរមគ្រូគង់ក្នុងទីនោះ ក៏នាំរាជកុមារចូលទៅឃើញអាឡវកយក្ស កំពុងផ្គងអញ្ជលីប្រណម្យ ចំពោះព្រះសម្ពុទ្ធ ក៏និយាយឡើងថា នែ! មហាយក្ស អ្នកចូរយករាជកុមារ ធ្វើជាចំណីក្នុងថ្ងៃនេះចុះ យើងយកមកឲ្យអ្នកហើយ ។
           អាឡវកយក្ស ដែលបានសម្រេចមគ្គផលហើយនោះ មានសេចក្តីអៀនខ្មាស់ ព្រះសាស្តាណាស់ ខំលើកដៃទាំងពីរទទួលព្រះរាជកុមារ ទើបថ្វាយទៅព្រះអង្គ ដោយសូត្រពរជាព្រះគាថាថា
ឥមំ កុមារំ សតបុញ្ញលក្ខណំ សព្វង្គុបេតំ បរិបុណ្ណព្យញ្ជនំ
ឧទគ្គចិត្តោ សុមនោ ទទាមិ តេ បដិគ្គហ លោកហិតាយ ចក្ខុម។
  បពិត្រព្រះអង្គទ្រង់មានព្រះចក្ខុ! ខ្ញុំព្រះអង្គ មានចិត្តអណ្តែតអណ្តូងសោមនស្សណាស់ សូមថ្វាយព្រះកុមារនេះ ដែលមានបុញ្ញលក្ខណ: ដោយរយគុណ  បរិបូណ៌ដោយអវយវ:តូចធំសព្វពេញលេញ ដោយព្យញ្ជន:ចំពោះព្រះអង្គ, សូមទ្រង់ព្រះមេត្តាទទួល ដើម្បីសង្រ្គោះសត្វលោក។
ព្រះសម្ពុទ្ធទទួលព្រះរាជកុមារនោះ អំពីដៃអាឡវកយក្ស ហើយស្តេចប្រទានព្រះពរជ័យ ដល់រាជកុមារនិងយក្ស ដោយព្រះគាថា៣បាទថា
ទីឃាយុកោ ហោតុ អយំ កុមារោ ភវញ្ច យក្ខ សុខិតោ ភវាហិ
អព្យាធិតា លោកហិតាយ តិដ្ឋតុ អយំ កុមារោ សរណមុបេតិ ពុទ្ឋំ ,
ទីឃាយុកោ ហោតុ អយំ កុមារោ ភវញ្ច យក្ខ សុខិតោ ភវាហិ
អព្យាធិតា លោកហិតាយ តិដ្ឋតុ អយំ កុមារោ សរណមុបេតិ ធម្មំ ,
ទីឃាយុកោ ហោតុ អយំ កុមារោ ភវញ្ច យក្ខ សុខិតោ ភវាហិ
អព្យាធិតា លោកហិតាយ តិដ្ឋតុ អយំ កុមារោ សរណមុបេតិ សង្ឃំ។
“សូមឲ្យកុមារនេះមានអាយុវែង,  ម្នាលយក្ស  ទាំងអ្នកដ៏ចំរើនសោត  ក៏សូមឲ្យ
បានសេចក្តីសុខកុំបីមានជម្ងឺដំកាត់ឡើយ ចូរស្ថិតនៅដើម្បីសេចក្តីចំរើនដល់សត្វលោក, ព្រះរាជកុមារនេះ ដល់ព្រះពុទ្ធជាទីពឹងហើយ, សូមឲ្យកុមារនេះមានអាយុវែង, ម្នាលយក្ស ទាំងអ្នកដ៏ចំរើនសោត ក៏សូមឲ្យបានសេចក្តីសុខកុំបីមានជម្ងឺដំកាត់ឡើយ ចូរស្ថិតនៅដើម្បីសេចក្តីចំរើនដល់សត្វលោក, ព្រះរាជកុមារនេះ ដល់ព្រះធម៌ជាទីពឹងហើយ,សូមឲ្យកុមារនេះមានអាយុវែង, ម្នាលយក្ស ទាំងអ្នកដ៏ចំរើនសោត ក៏សូមឲ្យបានសេចក្តីសុខ កុំបីមានជម្ងឺដំកាត់ឡើយ ចូរស្ថិតនៅដើម្បីសេចក្តីចំរើនដល់សត្វលោក,ព្រះរាជកុមារនេះ ដល់ព្រះសង្ឃជាទីពឹងហើយ”។
ទើបស្តេចប្រោសប្រទានព្រះរាជកុមារ ឲ្យរាជបុរសយកទៅថែរក្សា ដល់ធំចំរើន
វ័យឲ្យយកមកថ្វាយព្រះអង្គវិញ។ ព្រះរាជកុមារនោះ ក៏មាននាមថា “ហត្ថកអាឡវករាជកុមារ” ព្រោះយក្សបានទទួលព្រះរាជកុមារពីដៃរាជបុរស ព្រះសម្ពុទ្ធបានទទួលរាជកុមារ អំពីដៃយក្ស   ពួករាជបុរសបានទទួលអំពីព្រះហស្ថព្រះសម្ពុទ្ធ ត្រឡប់យកទៅព្រះនគរវិញ។
មហាជនអ្នកនគរ កាលបានឃើញរាជបុរសនាំព្រះរាជកុមារត្រឡប់មកវិញដូច្នោះ 
ក៏នាំគ្នាផ្អើលឆោឡោស្លន់ស្លោភិតភ័យ គិតថា យក្សមិនទទួលយកព្រះរាជកុមារ ព្រោះក្មេងតូចពេកស៊ីមិនឆ្អែត ពួកយើងពិតជាមានគ្រោះថ្នាក់ធំហើយ។ ពួករាជបុរសស្រែក ប្រាប់ថា អ្នកទាំងឡាយកុំភិតភ័យ! អាឡវកយក្សនោះ ព្រះបរមគ្រូ បានធ្វើឲ្យក្សេមក្សាន្តហើយ។ ពួកអ្នកក្រុងអាឡវី នាំគ្នាស្រែកថា សាធុ!សាធុ! ពួកយើងបានរួចពីគ្រោះភ័យ ត្រឹមថ្ងៃនេះហើយ។
ឯអាឡវកយក្ស កាលបើដល់ពេលព្រះសម្ពុទ្ធ ទ្រង់យាងបិណ្ឌបាតហើយ ក៏កាន់បាត្រជូនព្រះដំណើរដល់ពាក់កណ្តាលផ្លូវ ទើបត្រឡប់មកវិមានវិញ ។ លុះព្រះមានព្រះភាគ ទ្រង់យាងបិណ្ឌបាតក្នុងក្រុងអាឡវី និងធ្វើភត្តកិច្ចរួចហើយ ស្តេចយាងទៅគង់លើពុទ្ឋាសន: ក្រោមដើមឈើ១ដើម ក្នុងទីស្ងាត់ជិតទ្វារក្រុងនោះ។
លំដាប់នោះ ព្រះបាទអាឡវីនិងព្រះញាតិវង្ស ព្រមទាំងអ្នកក្រុងជាច្រើន បានចូលទៅក្រាបបង្គំគាល់ព្រះបរមគ្រូទូលសួររឿងហេតុ ដែលព្រះអង្គបានទូន្មានអាឡវកយក្ស។ ព្រះសម្ពុទ្ឋ បានសម្តែងរឿងរ៉ាវ ព្រមទាំងប្រស្នាទាំង៨បទប្រោសប្រទាន ដល់មហា-ជនទាំង៨ម៉ឺន៤ពាន់ម្តងទៀត ដរាបដល់បានសម្រេចមគ្គផលទាំងអស់គ្នា។ ចំណែកព្រះបាទអាឡវី បានបញ្ជាឲ្យរាជបុរសសាងទីអាស្រម ឲ្យអាឡវកយក្សក្បែរទីកន្លែង ព្រះវេស្សវ័ណដែរ បានធ្វើសក្ការបូជាមានផ្កាកម្រងជាដើម ក្នុងពេលនោះ។ ឯអាឡវីរាជកុមារ កាលបើមានវ័យធំហើយ ក៏ចូលទៅថ្វាយបង្គំស្តាប់ ព្រះធម្មកថា ព្រះបរមគ្រូ បានសម្រចអនាគាមិផល ចេះចាំព្រះពុទ្ធវចន:ច្រើន មានឧបាសក៥០០នាក់ជាបរិវារ។ ព្រះសម្ពុទ្ធទ្រង់ លើកថាន:ព្រះរាជកុមារនោះ ជាឯតទគ្គ:ខាងការសង្រ្គោះបរិស័ទ ដោយសង្គហធម៌វិសេសជាងសាវកដទៃ។
             ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់អាឡវកយក្ស ដោយខន្តិបារមី។
&'
៣-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ដំរីនាឡាគិរី
នាឡាគិរឹ គជវរំ អតិមត្តភូតំ ទាវគ្គិចក្កមសនីវ សុទារុណន្តំ
មេត្តម្ពុសេកវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់បានឈ្នះហើយនូវដំរីដ៏ប្រសើរ ឈ្មោះនាឡាគិរី ជាដំរីចុះប្រេងខ្លាំងកាចមហិមា ដូចជាភ្លើងព្រៃ និងចក្រាវុធ និងកាំអសនី (ទ្រង់ផ្ចាញ់) ដោយពិធីស្រោចស្រប់ ដោយទឹកគឺ ព្រះមេត្តា ដោយតេជ:នៃពុទ្ធជ័យនោះ សូមជ័យមង្គលកើតមានដល់អ្នក។
រឿងដំរីនាឡាគិរី
ដំរីនាឡាគិរីនេះ ជាព្រះរាជទ្រព្យនៃព្រះរាជវាំងក្រុងរាជគ្រឹះ របស់ព្រះបាទអជាតសត្តុរាជកុមារ ជាដំរីកាចសាហាវឃោរឃៅណាស់ ឆេវឆាវដូចភ្លើងឆេះព្រៃ មោះមុតដូចចក្រាវុធ ឬដូចកាំរន្ទះ ត្រូវហ្មបង្ខាំងទុកក្នុងរោងជាប់ជានិច្ច។ ដំរីនេះជាតួអង្គសំខាន់ក្នុង ការព្រេចព្រះសម្ពុទ្ធ តាមបញ្ជាព្រះបាទអជាតសត្រូវ, ដូច្នេះ សូមលើកពីដំណើរសេពគប់រវាងភិក្ខុទេវទត្ត និងអជាតសត្តុរាជកុមារ មកបរិយាយជាខាងដើមសិន។
ពេលដែលព្រាហ្មណ៍ទស្សន៍ទាយលក្ខណ: ថ្វាយព្រះឱរសពោធិសត្វហើយ ព្រះញាតិវង្សទាំងអស់បានសន្យាថា បើព្រះសិទ្ធត្ថ បានជាស្តេចចក្រ និងថ្វាយព្រះរាជធីតាមួយអង្គៗជាព្រះស្នំ តែបើបានត្រាស់ជាព្រះពុទ្ធ និងឲ្យព្រះរាជបុត្រក្នុង១វង្សមួយអង្គ ចេញបួសតាម។ ក្សត្រព្រះញាតិវង្ស ពេលព្រះអង្គបានត្រាស់ដឹង ក៏ឲ្យព្រះរាជបុត្រចេញបួសតាមពាក្យសន្យា នៅតែក្សត្រ៦អង្គ មិនទាន់ចេញបួស។ ក្នុងចំណោមក្សត្រទាំង៦អង្គនោះ ទេវទត្តក៏ជាក្សត្រ១អង្គ ដែលត្រូវចេញបួសតាមពាក្យសន្យា ដើម្បីស្វែងរកសេចក្តីសុខស្ងប់ ក្នុងព្រះពុទ្ធសាសនា តាមព្រះបរមពុទ្ធោវាទដែរ។ លុះបួសហើយ នៅក្នុងវស្សាដំបូងនោះ ភិក្ខុទេវទត្ត បានសម្រេចត្រឹមឫទ្ធិបុថុជ្ជន អាចហោះហើរលើអាកាសវេហាស៍ និងប្រែកាឡារូបកាយបានតាមចំណង់ចំណូលចិត្ត។ 
ថ្ងៃមួយ ព្រះបរមសាស្តាស្តេចគង់ប្រថាប់ក្នុងក្រុងកោសម្ពី ជាមួយព្រះសាវក មានលាភសក្ការ:ដ៏ច្រើនកើតឡើងដល់ព្រះអង្គ និងព្រះសាវក ដោយសេចក្តីជ្រះថ្លារបស់មហាជន ជាពុទ្ធបរិស័ទ។ មនុស្សម្នាទាំងឡាយ កាន់សំពត់ ភេសជ្ជ: និង កម្រងផ្កាជាដើម បបួលគ្នាដើរត្រសងទៅកាន់វត្ត សួររកព្រះសាស្តា ព្រះសារីបុត្តត្ថេរ ព្រះមហាមោគ្គល្លានត្ថេរ ព្រះមហាកស្សប ព្រះភទ្ទិយ ព្រះអនុរុទ្ឋ ព្រះអានន្ទ ព្រះភគុ និងព្រះកិមិលជាដើម គ្មាននរណាម្នាក់សួររកព្រះទេវទត្តសោះ ធ្វើឲ្យលោកថ្នាំងថ្នាក់ចិត្ត មានគំនិតលាមកត្រិះរិះរកឧបាយកលអាក្រក់ផ្សេងៗ ឈ្វេងយល់ថា គួរនិងទៅបញ្ចុះ បញ្ចូលញុះញង់អជាតសត្តុរាជកុមារ ជាព្រះរាជបុត្រព្រះបាទពិម្ពិសារ ព្រះចៅក្រុងមគធ: និងជាព្រះរជ្ជទាយាទនៃនគរនោះ ឲ្យខ្លបខ្លាចចុះចូលជាមួយខ្លួន ងាយនិងធ្វើកម្មផ្សេងៗ ព្រោះទ្រង់ជាអ្នកមានអំណាចផង មិនស្គាល់គុណទោសអ្វីផង។ ភិក្ខុទេវទត្តក៏ប្រែកាឡា ខ្លួនជាកុមារមានវ័យពេញ និងនិមិ្មតយកអាសិរ្ពិសមកពាក់ជាម្កុដ ជាសង្វារ ហោះឡើងលើអាកាស ហើយចុះចូលទៅក្នុងព្រះដំណាក់ អង្គុយលើភ្លៅព្រះរាជកុមារៗ ភិតភ័យណាស់ត្រាស់សួរថា លោកជានរណា?
ទេវទត្ត- អាត្មាភាពជាភិក្ខុទេវទត្ត, ព្រះអង្គស្ញប់ស្ញែង និង ជ្រះថ្លាចំពោះអាត្មាទេ?
អជាតសត្តុរាជកុមារទូលថា ស្ញប់ស្ញែងនិងជ្រះថ្លាណាស់ ចំពោះឫទ្ធិចេស្តាព្រះគុណម្ចាស់។
ចាប់តាំងពីពេលនោះមក ព្រះអង្គម្ចាស់អជាតសត្រូវរាជកុមារ តែងយាងទៅកាន់ទីបំរើភិក្ខុទេវទត្តព្រឹក-ល្ងាចធ្វើឲ្យលាភសក្ការ:ច្រើនសន្ធឹកសន្ធាប់ កើតមានដល់ទេវទត្តៗឈ្លក់ និងលាភសក្ការ:ទាំងនោះ ក៏មានចិត្តល្មោភបាបអប្រិយកើតឡើងថា នឹងគ្រប់គ្រង បរិហារព្រះភិក្ខុសង្ឃជំនួសព្រះមានព្រះភាគ ស្របាលគ្នានិងគំនិតលាមកនោះកើតឡើង ឫទ្ធិបុថុជ្ជនរបស់ទេវទត្ត ក៏សាបសូន្យរលត់រលាយអស់រលីង ទើបដើរចូលទៅកាន់វត្តព្រះវេឡុវ័ន ជួបព្រះបរមសាស្តា ទូលសុំគ្រប់គ្រងព្រះភិក្ខុសង្ឃជំនួសព្រះអង្គ ដោយលេសថា ព្រះមានជោគស្តេចទ្រង់ព្រះជរាណាស់ហើយ តែត្រូវព្រះសាស្តា ទ្រង់បដិសេធបំណងនោះ។
ទេវទត្តខឹងសម្បានិងចងអាឃាត ចំពោះព្រះអង្គ ហើយដើរទៅជួបព្រះកុមារអជាតសត្រូវ ញុះញង់បញ្ចុះបញ្ចូលថា ព្រះកុមារ មនុស្សយើងពីដើមមានអាយុវែង  តែឥឡូវនេះមានអាយុខ្លីណាស់ហើយ ព្រះអង្គទ្រង់អាចសោយព្រះទីវង្គត ទាំងនៅជាព្រះកុមារក៏សឹងមាន បើដូច្នោះទ្រង់គួរតែធ្វើគត់ព្រះរាជបិតាទៅនិងបានឡើងស្នងរាជសម្បត្តិ ជាព្រះចៅម្ចាស់ផែនដីនៃក្រុងរាជគ្រឹះនេះ ឯអាត្មាភាពវិញ និងសម្លាប់ព្រះមានព្រះភាគនោះ ទើបបានជាព្រះពុទ្ធ។
  ទេវទត្តបានធ្វើកម្មដ៏អាក្រក់៤យ៉ាងគឺ
  ១-ញុះញង់ឲ្យអជាតសត្រូវរាជកុមារ ធ្វើឃាតព្រះបាទពិម្ពិសារ ជាព្រះវររាជបិតា,
  ២-ញុំាងរាជបុរសជាពេជ្ឈឃាតឲ្យធ្វើគត់ព្រះមានព្រះភាគ,
  ៣-ឡើងលើភ្នំគិជ្ឈកូដខ្លួនឯង ប្រមៀលដុំថ្មធ្វើព្រះលោហិតុប្បាទកម្ម ឲ្យកើត មានឡើង,
  ៤-ឲ្យព្រះបាទអជាតសត្រូវ លែងដំរីនាឡាគិរី ទៅព្រេចសម្លាប់ព្រះអង្គ។
  ចំពោះដំរីនាឡាគិរីនេះ ពេលទេវទត្តញុះញង់ព្រះបាទអជាតសត្រូវ ឲ្យលែង ដើម្បីព្រេចព្រះសាស្តានោះ កំពុងតែចុះប្រេងរកញី ភ្នែកក្រហមថ្មែសម្លក់សម្លឹង ទិដ្ឋភាព ទូទៅ ដោយចិត្តក្រោធក្នាញ់ក្រៃលែង ទទួលហ្មបង្អកបំផឹកសុរាបន្ថែមទៀត តាមព្រះរាជ បញ្ជា ដំរីនោះរឹងរិតតែកាចសាហាវយង់ឃ្នងទ្វេមួយជាពីរជាបី។
  គ្រានោះ ព្រះបរមគ្រូគង់នៅក្នុងវត្តវេឡុវ័ន ពេលវេលាភិក្ខាចារមកដល់ ស្តេចបាន នាំព្រះភិក្ខុសង្ឃមាន ព្រះអានន្ទត្ថេរជាដើម ត្រាច់ចរបិណ្ឌបាត តាមលំដាប់ច្រកល្ហក ប្រោសសត្វក្នុងក្រុងរាជគ្រឹះនោះ។ ហ្មដំរី ឃើញព្រះមានព្រះភាគនិងព្រះភិក្ខុសង្ឃ កំពុង ទ្រង់ដើរបិណ្ឌបាត ក៏លែងដំរីនាឡាគិរីនោះ ឲ្យទៅព្រេចធ្វើគត់ព្រះអង្គតាមព្រះរាជបញ្ជា ស្តេចអជាតសត្រូវ ដែលញុះញង់ដោយភិក្ខុទេវទត្ត ។ ឯដំរីនិម្មិតតែហ្មលែងហើយភ្លាម ក៏បោលលឿនស្លេវ សំដៅមករកព្រះសម្ពុទ្ឋ ដើម្បីព្រេចសម្លាប់។
  ខណ:ដែលដំរីស្ទុះលឿនស្លេវមកនោះ ព្រះអានន្ទត្ថេរ ជាព្រះពុទ្ធុបដ្ឋាកបានយក ខ្លួន ទៅពាំងជំនួសព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា អានន្ទ តថាគតមិនអីទេ អ្នកកុំបារម្ភ! ទើបស្តេចផ្សាយព្រះមេត្តាព្រហ្មវិហារធម៌ ដោយទឹកព្រះហឫទ័យដ៏ត្រជាក់ដូចជា ទឹកអម្រឹត ទៅស្រោចស្រប់ចំបេះដូង ដំរីនាឡាគិរីនោះ។ ដំរីនោះ ក៏ត្រជាក់ចិត្ត រំលត់កំហឹង ដូចជាត្រូវគេស្រោចស្រប់ដោយទឹកកុន្ទី អម្រឹត ទើបលុតជង្គង់គ្រឹប ក្រាបថ្វាយបង្គំព្រះអង្គ កណ្តាលទីប្រជុំជន ពុទ្ឋបរិស័ទរាប់ម៉ឺនសែននាក់ ចុះចាញ់ព្រះបារមី ចេស្តានៃព្រះសម្ពុទ្ធយ៉ាងមហស្ចារ្យ។
  ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់ផ្ចាញ់ដំរីកំណាចឈ្មោះនាឡាគិរីនេះ ដោយព្រះមេត្តាបារមី។
&'
            ៤-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ចោរអង្គុលិមាល
  ឧក្ខិត្តខគ្គមតិហត្ថសុទារុណន្តំ ធាវន្តិយោជនបថង្គុលិមាលវន្តំ
  ឥទ្ឋីភិសង្ខតមនោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
  ព្រះមុនិន្ទសម្ពុទ្ធ មានព្រះហឫទ័យបង្អោនទៅក្នុងកិរិយាសម្តែង នូវឫទ្ធិបាដិហារ្យ ទ្រង់បានឈ្នះ នូវចោរឈ្មោះ អង្គុលិមាល ជាអ្នកមានកម្រងផ្កា គឺម្រាមដៃ (នៃមនុស្ស ដែលខ្លួនកាត់យកមកដោតក្រង) ជាមនុស្សកាចអាក្រក់ក្រៃលែង មានដៃដ៏ស្ទាត់ជំនាញ កាន់ដាវគ្រវី ដេញតាមព្រះអង្គទៅ អស់ចម្ងាយផ្លូវ៣យោជន៍ ដោយតេជ:នៃពុទ្ធជ័យ នោះ  សូមជ័យមង្គល កើតមានដល់អ្នក។
រឿងចោរអង្គុលិមាល
  ចោរអង្គុលិមាល ក្នុងជាតិជាចុងក្រោយនេះ ពេលចុះមកចាប់បដិសន្ឋិក្នុងផ្ទៃ នៃ នាងមន្តានីព្រាហ្មណីជាមាតា បណ្តាលឲ្យមាតាយល់សុបិននិមិត្តមោះមិនគប្បី, ដឹងខ្លួន ឡើងភិតភ័យ តក់ស្លុតរន្ឋត់ក្នុងចិត្តជាមហិមា។ លុះព្រឹកឡើង ក៏បានទៅរកហោរា ទស្សន៍ទាយសុបិននិមិត្តនោះ។ ហោរាវាយលេខអត្ត: រាប់ថ្ងៃខែឆ្នាំនិង មើលជោគជតា រាសីផង ទើបទស្សន៍ទាយថា ”កូននេះ ជាកូនប្រុសមានកម្លាំងពលំខ្លាំងក្លាក្រៃលែង ជា មនុស្សកាចសាហាវយង់ឃ្នងណាស់ កាប់សម្លាប់គេឯង ដោយឥតកោតក្រែង តែមាន ឧបនិស្ស័យវាសនាខ្ពស់”។ ព្រាហ្មណីមានក្តីបារម្ភមមៃភិតភ័យ ចំពោះវាស្នាកូននោះ តែនាងបានថែថ្នមគភ៌ រក្សាបានល្អឥតខ្ចោះ ដោយភាពជាមាតាប្រកបដោយព្រហ្មវិហារ ធម៌។ លុះគ្រប់ទសមាសាហើយ កូននោះបានប្រសូតមកដោយសុវត្ថិភាព។ មាតាបិតា និងក្រុមញាតិ បានសន្មតនាមធេយ្យឧបកិច្ចឲ្យកូននោះថា ”អហឹសក: អ្នកមិនកាច” ទៅវិញ ដើម្បីបញ្ជៀសទំនាយហោរផង បញ្ជៀសការភ័យខ្លាចរបស់ខ្លួន ពីហេតុភេទ ដែលមិនទាន់កើតឡើង ក្រែងជាការពិតផង។ ពេលចំរើនវ័យវឌ្ឍនាការ ពេញបរិបូណ៌ ហើយ អហឹសក: មានកម្លាំងដូចដំរីសារ មានសន្ទុះល្បឿនដ៏អស្ចារ្យ បានតាំងខ្លួន ជាចោរព្រៃកាចសាហាវឃោរឃៅណាស់ នៅស្នាក់អាស្រ័យនាព្រៃមហាវ័ន ដែនរបស់ ព្រះបាទបសេនទិកោសល, បានកាប់សម្លាប់មនុស្សជាច្រើន ដែលដើរជាពួក ជាក្រុម ក្បែរព្រៃនោះ ទោះ១០, ២០, ៣០, ៤០នាក់ក្តី កាត់យកម្រាមដៃមកដោតក្រង ធ្វើជា កម្រងភួងមាលា សម្រាប់ពាក់ក បានចំនួន៩៩៩ម្រាម (ម្នាក់យកម្រាមដៃមួយ) ទើប បានប្រែឈ្មោះពីអហឹសក: មកជាអង្គុលិមាល អ្នកដោតក្រងម្រាមដៃជាមាលាវិញ។ មហាចោរបំណងនិងស្វែងរកកាត់ម្រាមដៃនោះ ឲ្យបានគ្រប់១ពាន់ម្រាម តែត្រូវមនុស្ស ម្នាគេគេចវេះពួនសម្ងំ នៅក្នុងផ្ទះ ធ្វើឲ្យបំណងអាក្រក់លាមកនោះ មិនបានសម្រេចទេ ក៏នឹកភ្នកដល់ម្តាយបង្កើតរបស់ខ្លួន ទើបកាន់គ្រឿងប្រហារ ធ្វើដំណើរទៅរក។
  ទំវើកោងកាចព្រៃផ្សៃ របស់ចោរអង្គុលិមាល បានល្បីខ្ចរខ្ចាយពាសពេញដែន ព្រះ បាទបសេនទិកោសលថា មានចោរម្នាក់ ឈ្មោះអង្គុលិមាល ជាចោរកាចឃោរឃៅ ក្រៃលែង មានដៃប្រឡាក់ឈាម ចូលចិត្តបៀតបៀន និងកាប់សម្លាប់មនុស្សឥតអាណិត អាសូរ ធ្វើស្រុក និគម ជនបទឲ្យស្ងាត់សូន្យឈឹង ព្រោះការសម្លាប់ នោះ។
  នៅគ្រានោះឯង ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងមហា វិហារព្រះជេតពន នាពេលភិក្ខាចារ ស្តេចយាងចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ប្រោសសត្វវេនេយ្យគ្រប់ច្រកល្ហក់។ លុះថ្ងៃរសៀល ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ សំដៅ ទៅរកទីនៅអាស្រ័យនៃចោរអង្គុលិមាល តែមួយព្រះអង្គឯង។ ពួកអ្នកឃ្វាលគោ ឃ្វាល បសុសត្វ អ្នកភ្ជួររាស់ និងអ្នកដើរផ្លូវ បានឃើញព្រះមានព្រះភាគ យាងទៅកាន់ទីដែល ចោរអង្គុលិមាលនៅ ក៏ក្រាបទូលថា បពិត្រព្រះសមណគោតម សូមទ្រង់កុំយាងទៅតាម ផ្លូវនុ៎ះឡើយ ព្រោះជាលំនៅចោរអង្គុលិមាល។ ពួកមនុស្សក្រាបទូលយ៉ាងនេះ អស់វារ: ពីរដងបីដង។ ព្រះមានព្រះភាគ ទ្រង់ស្ងៀមហើយចេះ តែយាងព្រះដំណើរទៅ។
  ឯអង្គុលិមាលចោរ បានឃើញព្រះមានព្រះភាគកំពុងយាងមកពីចម្ងាយ ក៏ត្រិះរិះ ថា យីអើអស្ចារ្យណាស់ហ្ន៎! បុរស១០នាក់ក្តី, ២០នាក់ក្តី,៣០នាក់ក្តី, ៤០នាក់ក្តីនាំគ្នា ដើរជាពួកៗ មកតាមផ្លូវនេះ បុរសទាំងនោះ ក៏ដល់សេចក្តីវិនាសដោយកណ្តាប់ដៃអញ, ចុះសមណ:នេះ តែឯកឯងឥតមានគ្នាសោះ ម្តេចក៏ហ៊ានដើរមកដូចជា មិនញញើត ឡើយ ដូច្នេះអញ និងសម្លាប់សមណ:នេះឲ្យក្ស័យបង់។ អង្គុលិមាលចោរ គិតយ៉ាងនេះ ហើយ ក៏ចាប់ដាវនិងខែល សៀតធ្នូបំពង់ព្រួញដេញព្រះអង្គជាប់ពីក្រោយ អស់ចម្ងាយ ផ្លូវចំនួនបីយោជន៍។ ព្រះមានព្រះភាគ ទ្រង់សម្តែងឫទ្ឋិបាដិហារ្យ ធ្វើឲ្យអង្គុលិមាលចោរ ដែលរត់ដេញពេញទំហឹង មិនឲ្យទាន់ព្រះអង្គ ដែលស្តេចយាងតាមព្រះដំណើរប្រក្រតី។ អង្គុលិមាលចោរគិតស្ញប់ស្ញែងថា ឱហ្ន៎ម្តេចក៏ប្លែកម្ល៉េះ! ពីមុនអញស្ទុះដេញចាប់ដំរីសារ កំពុងបោលក៏បាន សេះកំពុងផាយក៏បាន រថកំពុងលឿនក៏បាន ម្រឹគផ្លាងកំពុងបោល ក៏បាន ចុះម្តងនេះ ហេតុអ្វីក៏អញរត់ពេញទំហឹងហើយ ក៏នៅតែមិនទាន់សមណ:នេះ ដែលដើរតាមប្រក្រតីផង។ ទើបចោរឈប់ស្ងៀម ស្រែកឃាត់ថា ឈប់សិន ឈប់សិនសមណ:!។ ព្រះអង្គត្រាស់ថា នែអង្គុលិមាល តថាគតឈប់ហើយតើ នៅតែអ្នកឯងទេ មិនទាន់ឈប់ ចូរឈប់ដែរទៅ។ អង្គុលិមាលគិតថា ពួកសមណសក្យបុត្រធ្លាប់តែ និយាយពិត ថាពិត ប្តេជ្ញាពាក្យពិត ចំឡែកតែសមណ:នេះ ជើងចេះតែដើរ ម្តេចក៏ពោល ថា តថាគតឈប់ហើយ ដូច្នេះគួរអញសួរសមណ:នេះមើល។
  លំដាប់នោះ អង្គុលិមាលក៏ពោលនិងព្រះអង្គថា ហៃសមណ:អើយ! លោកកំពុង តែដើរសោះ បែរជានិយាយថា តថាគតឈប់ហើយ ថែមទាំងថា ឲ្យអញដែលឈប់ ហើយថា អ្នកឯងទេ ដែលមិនទាន់ឈប់ដូច្នេះវិញ, នែសមណៈ! អញសួរដំណើរនេះនិង លោក ដែលលោកថាឈប់ហើយ តើដូចម្តេច? អញមិនទាន់ឈប់ តើដូចម្តេច?
  ព្រះអង្គតបថា នែអង្គុលិមាល តថាគតបានឈ្មោះថា ឈប់ហើយ ព្រោះដាក់ចុះ នូវគ្រឿងវាយដំកាប់សម្លាប់សព្វសត្វទាំងអស់ហើយ, ឯអ្នកឯង ជាអ្នកមិនសង្រួម មិន ដាក់គ្រឿងប្រហារចុះ នៅកាប់សម្លាប់សព្វសត្វ ហេតុនោះអ្នកឯងឈ្មោះថា មិនទាន់ ឈប់ទេ។
  អង្គុលិមាលតបថា បពិត្រសមណ: អ្នកស្វែងរកគុណដ៏ធំ ជាអ្នកដែលទេព្តា និង មនុស្សតែងបូជា! លោកមកកាន់មហាវ័ន ដើម្បីសង្រ្គោះដល់ខ្ញុំ ដែលជាមនុស្សឃោរ ឃៅកាចឫស្យា ឲ្យបានជាអ្នកស្លូតបូតសុភាពរាបសា ស្គាល់គុណទោស ខ្ញុំនឹងប្រព្រឹត្ត តាម នឹងលះបង់បាបចោល   ព្រោះបានស្តាប់គាថា  ព្រះអង្គប្រកបដោយធម៌,  ថា ដូច្នោះហើយ   ក៏គ្រវែងអាវុធទាំងអស់ចោលទៅក្នុងត្រពាំងជ្រោះ ថ្លុក រណ្តៅ ហើយចូល ទៅក្រាបថ្វាយបង្គំព្រះបាទាព្រះអង្គ សូមផ្នួសក្នុងទីនោះឯង។ ព្រះអង្គត្រាស់ហៅ អង្គុលិមាលចោរនោះថា អ្នកចូរចូលមកជាភិក្ខុចុះ។ គ្រានោះភិក្ខុភាព ក៏កើតឡើងដល់
អង្គុលិមាលចោរនោះ។
ព្រះសម្ពុទ្ធ ទ្រង់យកអង្គុលិមាលភិក្ខុជាបច្ឆាស្រមណ៍ ពុទ្ធដំណើរទៅកាន់ក្រុងសាវត្ថី ទៅគង់នៅនាវត្តព្រះជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី។ គាប់ជួនជាសម័យនោះ ពួកមនុស្សអ្នកក្រុង កំពុងតែផ្អើលឆោឡោ ប្រជុំគ្នាទៀបទ្វារក្នុងបុរី ព្រះបាទ បសេនទិកោសល ស្រែកហ៊ោកញ្ជៀវកងរំពងថា បពិត្រព្រះសម្មតិទេព ក្នុងដែនរបស់ព្រះអង្គមានចោរម្នាក់ឈ្មោះ អង្គុលិមាល កាចសាហាវឃោរឃៅណាស់ តែងកាប់សម្លាប់មនុស្សហើយ កាត់ម្រាមដៃមកធ្វើជាកម្រងពាក់, សូមព្រះបពិត្រ កំចាត់អង្គុលិមាលចោរនោះចេញ។ ព្រះបាទបសេនទិកោសល ទ្រង់យាងចេញពីក្រុងសាវត្ថី ដោយអស្សយានចំនួន៥០០ បរចូលទៅកាន់អារាមទាំងថ្ងៃ ដល់ទីឈប់ហើយ ក៏ចុះយាងដោយព្រះបាទចូលទៅ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។
ព្រះមានព្រះភាគត្រាស់សួរថា បពិត្រមហារាជ ទំនងជាទ្រង់ខ្ញាល់ និងព្រះបាទពិម្ពិសារ ឬខ្ញាល់និងស្តេចលិច្ឆវី អ្នកក្រុងវេសាលី ឬខ្ញាល់និងពួកស្តេច ដែលជាបច្ចាមិត្តឯទៀតហើយ បានជាស្តេចមកទាំងថ្ងៃយ៉ាងនេះ?
ព្រះរាជា-បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឥតខឹង និងស្តេចអង្គណាទេ តែក្នុងដែនរបស់ខ្ញុំព្រះអង្គ មានចោរម្នាក់ឈ្មោះ អង្គុលិមាល ជាមនុស្សកាចអាក្រក់ណាស់, ខ្ញុំព្រះអង្គនិងកំចាត់ចោរនោះចេញ។
ព្រះមានព្រះភាគ- បពិត្រមហារាជ ចុះបើព្រះអង្គទតឃើញ អង្គុលិមាលកោរសក់ កោរពុកមាត់ ស្លៀកស្បង់ចីពរ  តើទ្រង់ធ្វើដូចម្តេចទៅវិញ?
ព្រះរាជា-បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនិងថ្វាយបង្គំ ឬក្រោកទៅទទួលនិមន្តដោយអាសន: ឬទំនុកបំរុងដោយចីវរ បិណ្ឌបាត សេនាសន: ថ្នាំកែរោគ បរិក្ខារផ្សេងៗ ឬក៏ចាត់ចែងថែរក្សា និងការគ្រប់គ្រងដោយធម៌ ដល់អង្គុលិមាលនោះ។
ជួនពេលនោះឯង អង្គុលិមាលភិក្ខុកំពុងអង្គុយជិតព្រះអង្គៗលើកព្រះហស្ថស្តាំចង្អុលបង្ហាញព្រះបាទបសេនទិកោសលថា នុ៎ះហ្ន៎ អង្គុលិមាល។ ព្រះរាជាក៏មានសេចក្តីភិតភ័យតក់ស្លុត ព្រឺរោមព្រឺស្បែកឡើង១រំពេច។ ព្រះមានព្រះភាគជ្រាបច្បាស់ថា ព្រះបាទបសេនទិកោសលភ័យញ័រចំប្រប់ព្រឺរោមដូច្នោះហើយ ក៏ត្រាស់ថា បពិត្រមហារាជ សូមទ្រង់កុំខ្លាចអីភ័យពីអង្គុលិមាលមិនមានដល់ព្រះអង្គទេ។ ព្រះរាជាបាត់ភ័យហើយ ក៏យាងចូលទៅជិតអង្គុលិមាលភិក្ខុមានបន្ទូលថា លោកដ៏ចំរើន លោកឈ្មោះអង្គុលិមាលឬ?
អង្គុលិមាលភិក្ខុ- ថ្វាយព្រះពរមហារាជ។
ព្រះរាជា-ចុះមាតាបិតាលោកម្ចាស់គោត្រអ្វី?
អង្គុលិមាល-បិតាអាត្មាភាពជាគគ្គគោត្រ មាតាជាមន្តានីគោត្រ។
ព្រះរាជាស្តេចត្រាស់ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់គគ្គគោត្រមន្តានីបុត្រអភិរម្យចុះ ខ្ញុំនិងទំនុកបំរុងដោយចីវរ បិណ្ឌបាត សេនាសន: ថ្នាំកែរោគ និងបរិក្ខារទាំងឡាយដល់លោក។ សម័យនោះ អង្គុលិមាលភិក្ខុប្រព្រឹត្ត នៅក្នុងព្រៃជាវត្ត ប្រព្រឹត្តបិណ្ឌបាតជាវត្ត ប្រើប្រាស់សំពត់បង្សុកូល ប្រើប្រាស់តែចីវរ៣ បានជាលោក ថ្វាយព្រះពរថា មិនបាច់ទេមហារាជ អាត្មាភាពមានត្រៃចីវរគ្រប់គ្រាន់ហើយ។
លំដាប់នោះ ព្រះរាជាក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ ប្លែកណាស់ ព្រះអង្គអាចទូន្មាន បុរសដែលគេទូន្មានមិនបាន អាចរម្ងាប់បុរសដែលគេរម្ងាប់មិនបាន អាចរំលត់ពុតត្បុតបុរសដែលគេរំលត់មិនបាន, បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាចទូន្មានបុរសណាដោយអាជ្ញាក្តី ដោយសស្រ្តាវុធក្តី ព្រះអង្គអាចទូន្មានបុរសនោះបាន ដោយមិនបាច់មានអាជ្ញាមិនបាច់មានសស្រ្តាវុធ, ឥឡូវនេះ ខ្ញុំព្រះអង្គសូមថ្វាយ បង្គំលាទៅវិញ ព្រោះមានកិច្ចការច្រើនមានរវល់ច្រើន។
ក្នុងបុព្វណ្ហសម័យនាភិក្ខាចារ ភិក្ខុអង្គុលិមាល បានចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី តាមលំដាប់ច្រកល្ហក បានជួបស្រ្តី ម្នាក់ឈឺពោះសម្រាលកូន លោកគិតថា ពួកសត្វលំបាកណាស់ហ្ន៎ ក្នុងវដ្តវង្សារនេះ? ដល់ពេលរសៀល ក៏និមន្តចូលទៅ ក្រាបបង្គំគាល់ព្រះមានព្រះភាគ ទូលដំណឹងនោះសព្វគ្រប់ប្រការ។ ព្រះសាស្តាត្រាស់ថា ម្នាលអង្គុលិមាល បើដូច្នោះ ចូរអ្នកចូលទៅរកស្រ្តីនោះ ហើយនិយាយថា ម្នាលនាង តាំងពីអាត្មាកើតមក មិនដែលផ្តាច់ផ្តិលជីវិតសត្វឡើយ ដោយពាក្យសច្ច:នេះ សូមសិរី សួស្តី កើតមានដល់នាងដល់គភ៌នាង។ អង្គុលិមាលភិក្ខុទូលថា ខ្ញុំព្រះអង្គនឹងត្រូវ សម្បជានមុសាវាទពុំខាន  ព្រោះបានផ្តាច់ផ្តិល   ជីវិតសត្វជាច្រើនណាស់ ។   បើដូច្នោះ 
ចូរអ្នកនិយាយនឹងស្រ្តីនោះថា 
យតោហំ ភគិនិ អរិយាយ ជាតិយា ជាតោ    ម្នាលប្អូនស្រី! តាំងអំពីអាត្មាកើត
ហើយ ដោយអរិយជាតិ
នាភិជានាមិ សញ្ចិច្ច បាណំ ជីវិតា វោរោបេតា មិនចេះក្លែងផ្តាច់ផ្តិលជីវិតសត្វឡើយ
តេន សច្ចេន សោត្ថិ តេ ដោយពាក្យសច្ច:នេះ សូមសិរី សួស្តីកើតមានដល់នាង
ហោតុ សោត្ថិ គព្ភស្ស សូមសិរីសួស្តីកើតមានដល់គភ៌(នៃនាង)។
អង្គុលិមាលភិក្ខុចូលទៅរកស្រ្តីនោះ និយាយតាមព្រះពុទ្ធតម្រាស់ សិរីសួស្តីក៏កើតមានដល់ស្រ្តីនោះនិងគភ៌ គឺសម្រាលកូន ដោយឥតលំបាកសោះ។
អង្គុលិមាលភិក្ខុ ជាបុគ្គលតែម្នាក់ឯង ដោះខ្លួនគេចចេញចាកពួកហើយ ពួនសម្ងំនៅក្នុងព្រះកម្មដ្ឋាន ឥតមានសេចក្តីធ្វេសប្រហែស មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ប្រថុយលះបង់អត្តភាព មិនយូរប៉ុន្មានក៏បានសម្រេចព្រះអរហត្តផល, ដល់ពេលបុព្វណ្ហសម័យ លោកក៏និមន្តបិណ្ឌបាតក្នុងក្រុងសាវត្ថី។ ពួកមនុស្សម្នា បានយកដុំដីខ្លះ ដំបងខ្លះ ដុំគ្រួសខ្លះ គ្រវែងចោលសំដៅទៅលើ រូបកាយលោកៗក៏ត្រូវរបួសបែកព្រះសិរសាហូរឈាមរហាម បែកបាត្ររហែកសង្ឃាដីត្រឡប់មកវិញ បានចូលទៅគាល់ព្រះជិនស្រីសម្ពុទ្ធ ព្រះអង្គត្រាស់ទូន្មានថា ហៃព្រាហ្មណ៍! ចូរអ្នកអត់ទ្រាំទៅ, អ្នកគួរឆេះក្នុងនរករាប់រយពាន់ឆ្នាំដ៏ច្រើន ដោយវិបាកកម្មឯណា អ្នកបានទទួលរងវិបាកកម្មនោះ ក្នុងបច្ចុប្បន្នតែប៉ុណ្ណេះទេ។
ព្រះមុនិន្ទសម្ពុទ្ឋ ទ្រង់ផ្ចាញ់អង្គុលិមាលចោរ ដោយ ឫទ្ឋិបាដិហារ្យ។
&'
           ៥-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ក្រមុំចិញ្ចា
  កត្វាន កដ្ឋមុទរំ ឥវ គព្ភិនិយា ចិញ្ចាយ ទុដ្ឋវចនំ ជនកាយមជ្ឈេ
  សន្តេន សោមវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
  ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់បានឈ្នះនូវពាក្យពោលដ៏អាក្រក់ របស់នាងចិញ្ចា មាន អាការដូចជាស្រ្តីមានគភ៌ ព្រោះធ្វើនូវឈើមានសណ្ឋានមូល ឲ្យជាបុត្រនៅក្នុងឧទរ (ទ្រង់ផ្ចាញ់) ដោយពិធីនៃសមាធិដ៏ល្អ គឺ ព្រះហឫទ័យស្ងប់រម្ងាប់ក្នុងកណ្តាលនៃពួកជន 
ដោយតេជ:នៃពុទ្ឋជ័យនោះ សូមជ័យមង្គល កើតមានដល់អ្នក។
រឿងនាងក្រមុំចិញ្ចា
             សេចក្តីថា នៅក្នុងបឋមពោធិកាល ដែលព្រះមានបុណ្យ ប្រថាប់នៅក្នុង មហាវិហារព្រះជេតពន ក្រុងសាវត្ថី ពេលនោះ ព្រះសាវ័ក កើតមានក្រាស់ក្រែល ទេព្តា និងមនុស្សទាំងឡាយ មានចំនួនច្រើនលើសលប់ បានចុះកាន់អរិយភូមិ, ព្រះកិត្តិនាម ព្រះទសពលបរមសាស្តា ល្បីល្បាញផ្សព្វផ្សាយទៅគ្រប់ទិសទី ម្លោះហើយលាភសក្ការ: ដ៏ច្រើន ក៏កើតឡើងដល់ព្រះអង្គ និងព្រះសាវក ដូចទឹកហូរ ចូលទៅក្នុងមហាសមុទ្រ។ រីពួកនិគ្រន្ថតិរិ្ថយវិញ ប្រៀបដូចអំពិលអំពែកចាញ់រស្មី ក្នុងពេលព្រះអាទិត្យរះឡើង សាបសូន្យចាកលាភសក្ការ: និងកេរ្តិឈ្មោះអស់រលីងធេង។ ពួកនោះក៏នាំគ្នាទៅឈរ ប្របផ្លូវត្រឡែងកែង ឃោសនាបញ្ចុះបញ្ចូលមនុស្សម្នាមហាជន ដែលធ្វើដំណើរចរាចរ ទៅវិញទៅមកថា “សមណគោតម ជាព្រះពុទ្ធម្តេចកើត ឯយើងឯណេះ ទើបជាព្រះពុទ្ធ, ទានដែលគេឲ្យហើយដល់សមណគោតមនោះ មានផលច្រើនម្តេចកើត ឲ្យដល់ពួកយើងឯណេះទេ ទើបជាទានមានផលច្រើន, អ្នកទាំងឡាយចូរឲ្យ ចូរធ្វើលាភសក្ការ: ដល់ពួកយើងផង, តែមធ្យោបាយឃោសនានោះ នៅតែមិនបានផលទៀត គឺ មនុស្សគេ មិនជ្រះថ្លា មិនចូលចិត្ត នឹងធ្វើទានចំពោះពួកនោះ ទើបនិគ្រន្ថទាំងនោះ នាំគ្នាទៅប្រជុំ ក្នុងទីស្ងាត់ពិគ្រោះគ្នាថា “ដោយឧបាយដូចម្តេច និងធ្វើមនុស្សទាំងឡាយ ឲ្យថ្កោល ទោសសមណគោតមហើយ ឲ្យសាបសូន្យលាភសក្ការ:បាន?”ក្នុងចំណោមពួកគេនោះ មាននិគ្រន្ថម្នាក់ ជាអ្នកមានយោបល់ខែងរែង ពោលថា ”គ្រានេះ ក្នុងក្រុងសាវត្ថី មាននារី ម្នាក់ឈ្មោះចិញ្ចមាណវិកា ជាស្រ្តីមានរូបឆោមលោមពណ៌ល្អល្អះឥតខ្ចោះ សម្រស់គ្មាន ពីរ ឆវីភ្លឺថ្លាសោភា ដូចអប្សរាសួគ៌ាល័យ មានរស្មីផ្សាយចេញពីសរីរ:ដ៏ត្រចះត្រចង់ សម្ផស្សសមទ្រង់ រាងល្វតល្វៃគួរជាទីប្រតិព័ទ្ធស្នេហានៃបុរសទាំងពួង។ អាស្រ័យ សម្រស់ប្រិមប្រីយនៃនាង ដែលយើងឲ្យទៅប្រលោមសមណគោតម ធ្វើឲ្យគាត់សាប សូន្យលាភសក្ការ: និងអាស្រូវកេរ្តិ៍ ខូចកិត្តិយសដោយពិត”។ លុះស្របយោបល់គ្នាជាឯកច្ឆន្ទ តាមឧបាយនេះហើយ ក៏ជួលនាងចិញ្ចមាណវិកា និងប្រាប់ឧបាយផ្សេងៗ ឲ្យនាងធ្វើតាម។ នាងនេះ បានទទួលរង្វាន់ពីពួកតិរ្ថិយហើយ ក៏បានធ្វើតាមបញ្ជាទាំងអស់ ព្រោះនាងឈ្លាសវៃក្នុងកលមាយារបស់ស្រ្តីស្រាប់។
វេលាថ្ងៃមួយ នាសាយណ្ហសម័យទន់ទាប មហាជនអ្នក នៅក្នុងក្រុងសាវត្ថី ស្តាប់ព្រះធម៌ទេសនា ហើយដើរចេញមកពីវត្ត ជេតពនវិលទៅផ្ទះសម្បែងវិញ បានឃើញនាងចិញ្ចមាណវិកា ដណ្តប់សំពត់ពណ៌មេភ្លៀង ហាក់ដូចជាដើរទៅកាន់វត្តជេតពន ក៏សួរថា ”វេលាថ្មើរនេះហើយ នាងទៅណា?”
នាងចិញ្ចមាណវិកា- មានប្រយោជន៍អ្វីដោយការទៅរបស់ខ្ញុំ ដល់អ្នកទាំងឡាយ?
  ពេលមហាជនដើរចេញពីក្រុងអំពីព្រឹក ទៅថ្វាយបង្គំព្រះមានព្រះភាគ ឃើញនាង ចិញ្ចាហាក់ដូចជាដេកនៅក្នុងវត្តជេតពន ហើយដើរចេញមកចូលទៅកាន់ក្រុងវិញ ទើប សួរថា ”យប់មិញនាងនៅក្នុងទីណា?”
  នាងចិញ្ចា-មានប្រយោជន៍អ្វី ដោយទីដែលខ្ញុំនៅហើយ ដល់អ្នកទាំងឡាយ?
  ក្នុងខែទី១-២ មហាជនសួរ, នាងឆ្លើយថា នៅនាគន្ធកុដិរួមរក្សមេត្រី ជាមួយ សមណគោតម ក្នុងវត្តជេតពន។
  ខែទី៣-៤ នាងចិញ្ចាយកក្រណាត់មករុំពោះ សំដែងអាការជាស្រ្តីមានគភ៌ ដោយ យកសំពត់ពណ៌ក្រហមមកទទូល ហើយប្រាប់មហាជន អន្ធពាលថា អាស្រ័យសមណ គោតម ខ្ញុំមានគភ៌ហើយ ធ្វើឲ្យពួកទាំងនោះជឿថាជាការពិត។
  ខែទី៨-៩ នាងបានជួលជាងឲ្យឆ្លាក់ឈើ មានសណ្ឋានមូល យកមកចងភ្ជាប់ និងពោះ ធ្វើហាក់ដូចជាពោះកាន់តែប៉ោងធំឡើងៗ ជិតគ្រប់ខែហើយៗ រុំសំពត់ពីលើ និងឲ្យគេយកអន្លូងក្បាលស្វា មកដំខ្នងដៃជើងឲ្យហើមប៉ោងឡើង ដូចជាមានឥន្រ្ទិយ លំបាកណាស់ ដើរទៅសាលាធម្មសភានាពេលរសៀល ដែលព្រះមានព្រះភាគ កំពុង សម្តែងព្រះធម៌លើធម្មាសន: កណ្តាលជំនុំមហាជនបរិស័ទ ឈរជំទែងពីមុខ ស្រែកជេរ ត្មះព្រះអង្គថា សមណគោតម លោកសម្តែងធម៌ដល់មហាជនប៉ុណ្ណឹងហើយ, សម្លេង លោកពិរោះក្រអួនក្រអៅ ចិញ្ចាញទន្តាលោកជិតស្និទ្ឋរាបស្មើ! តែខ្ញុំឯណេះទេ ដែល រួមរក្សមេត្រីជាមួយលោកមានគភ៌ជិតគ្រប់ខែហើយ ម្តេចក៏មិន រកផ្ទះសម្រាប់ប្រសូតិ និងភេសជ្ជ:មានទឹកដោះរាវ និងប្រេងជាដើម ទុកឲ្យខ្ញុំ, ណ្ហើយបើមិនធ្វើខ្លួនឯងទេ គួរ ប្រើឧបដ្ឋាក:ដូចជាព្រះបាទកោសលរាជ អនាថបិណ្ឌិកសេដ្ឋី និងមហាឧបាសិកាវិសាខា ឲ្យចាត់ចែងរកសម្រាប់ខ្ញុំក៏បាន នេះមិនដូច្នោះ ដឹងតែត្រេកត្រអាល រួមរស់ភ្លើតភ្លើន ក្នុងកាមតែប៉ុណ្ណោះ មិនរកថ្នាំទុកសម្រាប់រក្សាគភ៌ទេ។ 
  ព្រះតថាគតបរមសាស្តា ទ្រង់ផ្អាកព្រះធម៌ទេសនាហើយ បន្លឺព្រះសូរសីហនាទថា  នែនាង!  វាចាដែលនាងពោលពិត   ឬមិនពិត គង់នឹងដឹងនៅពេលក្រោយ។
  លំដាប់នោះ អាសន:សក្កទេវរាជក៏សំដែងអាការក្តៅឡើង, ទ្រង់ពិចារណាមើល ឃើញថា នាងចិញ្ចមាណវិកាជេរប្រទេចព្រះអង្គ ដោយពុំមានការពិត, យើងនិងជម្រះ រឿងនេះ ទើបនាំទេវបុត្រ៤អង្គទៀត មកនិម្មិតខ្លួនជាកូនសត្វកណ្តុរ វារចូលទៅកាត់ ចំណងរុំឈើ នោះព្រមគ្នាតែម្តង និងនិម្មិតជាខ្យល់បក់បំប៉ើងសំពត់ ដែលនាងចិញ្ចារុំ ស្រោបលើដុំឈើនោះ ទម្លាក់ចុះកណ្តាលចំណោមជំនុំមហាជន ដែលនៅត្រៀបត្រា ក្នុងបរិវេណវត្តព្រះជេតពននោះ។ ពួកមហាជនឃើញជាក់ស្តែងនិងភ្នែកដូច្នោះ ក៏ជេរប្រទេចផ្តាសាថា នែមេកាឡកិណ្ណី មេចោរឆន្ទា ម្តេចហងឯង ធ្វើឧបាយបង្ខូចព្រះកិត្តិ នាម ព្រះសាស្តាយើងយ៉ាងនេះ? រួចស្តោះទឹកមាត់ដាក់លើក្បាល និងយកដុំដី ដំបង គប់វាយ សំពង ឲ្យរត់ចេញពីទីវត្តអារាម រំពេចនោះឯង, គ្រាន់តែនាងចិញ្ចមាណវិកា រត់ចេញផុតរង្វង់ព្រះចក្ខុព្រះអង្គភ្លាម ត្រូវមហាប្រឹថពីស្រូបទំលាក់ទៅឲ្យឆេះ នៅក្នុង មហានរកឈ្មោះ អវីចិ ទាំងនាងនោះស្លៀកដណ្តប់សំពត់កម្ពល ដែលត្រកូលឲ្យហើយ។ ចាប់ពីនោះមក ព្រះកិត្តិយសព្រះបរមគ្រូ បានល្បីខ្ចរខ្ចាយរន្ទឺគ្រប់ទិសទី និងសម្បូរ ហូរហៀ ដោយលាភ សក្ការ:ក្រៃលែង។ ឯតិរ្ថិយវិញក៏សាបសូន្យលាភសក្ការ:អស់រលីង។
  ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់ផ្ចាញ់នាងចិញ្ចមាណវិកា ដោយសច្ច បារមី។
&2'
៦-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់សច្ចកនិគ្រន្ថ
សច្ចំ វិហាយមតិសច្ចកវាទកេតុំ វាទាភិរោបិតមនំ អតិអន្ឋភូតំ
បញ្ញាបទីបជលិតោ ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
            ព្រះមុនិន្ទសម្ពុទ្ធ ព្រះអង្គរុងរឿងដោយប្រទីបគឺ ប្រាជ្ញាទ្រង់បានឈ្នះ នូវសច្ចក និគ្រន្ថ ជាអ្នកមានអធ្យាស្រ័យក្នុងកិរិយាលះបង់ នូវពាក្យសច្ច: គាប់ចិត្តក្នុងកិរិយាពោល លើកតម្កើង នូវសំដីរបស់ខ្លួនឲ្យខ្ពស់ ដូចជាគេលើកទង់ ជាមនុស្សងងឹតល្ងង់ក្រៃពេក 
ដូចជា មនុស្សខ្វាក់ ដោយតេជ:នៃពុទ្ធជ័យនោះ សូមជ័យមង្គល កើតមានដល់អ្នក។
រឿងសច្ចកនិគ្រន្ថ
  សេចក្តីថា នៅវស្សាទី៥ ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់គង់ចាំព្រះវស្សា នាកូដាគារ សាលា ក្នុងព្រៃមហាវ័ន ក្បែរក្រុងវេសាលី ស្តេចបានផ្ចាញ់សច្ចកនិគ្រន្ថ អ្នកក្អេងក្អាង ប្រកាន់អស្មិមាន:ថា ខ្លួនជាកំពូលនៃជនអ្នកមានប្រាជ្ញាក្នុងលោក គ្មាននរណាត្រឹមស្មើ ឡើយ ពោលអួតសរសើរ លើកកំពស់ខ្លួនឯង ឲ្យខ្ពស់ត្រដឹមត្រដែតដូចជា ដងទង់ មាន ដំណើររឿងដូចតទៅ:
  បានឮមកថា នៅក្នុងក្រុងវេសាលី មាននិគ្រន្ថម្នាក់ឈ្មោះ សច្ចក: ជាអ្នកបង្ហាត់ បង្ហាញសិល្បសាស្រ្តវិជ្ជាការ ដល់ព្រះរាជកុមារជាច្រើនអង្គ និងជាអ្នកពោលអួតខ្លួនឯង ថា ជាអ្នកប្រាជ្ញបណ្ឌិតឆ្នើមក្នុងលោក។ ជាមួយអំនួត និគ្រន្ថនេះ ភ័យខ្លាចផ្ទៃពោះគាត់ ផ្ទុះធ្លាយព្រោះផ្ទុកពេញហូរហៀដោយប្រាជ្ញាទើបយកបន្ទះដែកមកស្រោបប៉ានផ្ទៃនោះ។ ម្យ៉ាងទៀត និគ្រន្ថនេះ មានឈ្មោះសម្រាប់ហៅមួយទៀតថា អគ្គិវេស្សន:។
  គ្រាមួយ នាបុព្វណ្ហសម័យ ព្រះអស្សជិនិមន្តចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី។ សច្ចកនិគ្រន្ថដើរកាត់ទៅរកជួបព្រះអស្សជិ ធ្វើសេចក្តីរីករាយហើយសួរថា បពិត្រព្រះ អស្សជិ ព្រះសមណគោតមតែងទូន្មានសាវកដូចម្តេចខ្លះ?
  ព្រះអស្សជិ-ម្នាលអគ្គិវេស្សន: ព្រះមានព្រះភាគ តែងទូន្មានសាវកថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង មិនមែនជារបស់ខ្លួនទេ។
  សច្ចកនិគ្រន្ថ- បពិត្រព្រះអស្សជិ ធ្វើម្តេចយើងនិងបានជួបសមណគោតម ចរចា អ្វីនិមួយទៅអេះ? ធ្វើម្តេចយើងនិងដោះសមណគោតម ឲ្យផុតពីទិដ្ឋិដ៏លាមកនោះបាន ហ្ន៎?
  ក្រោយពីផ្តល់ពាក្យប្តេជ្ញា ជាមួយព្រះអស្សជិរួចហើយ សច្ចកនិគ្រន្ថបានដើរទៅ ជួបស្តេចលិច្ឆវី៥០០អង្គ ដែលកំពុងប្រជុំគ្នាក្នុងសណ្ឋាគារប្រាប់ថា សូមស្តេចលិច្ឆវីទាំង ឡាយអញ្ជើញទៅ ខ្ញុំនឹងចរចាជាមួយសមណគោតមក្នុងថ្ងៃនេះ ថាបើសមណគោតម តតាំងនិងខ្ញុំៗនឹងទាញមកច្រានទៅគ្រវាត់គ្រវែងពាក្យសំដី ដោយពាក្យសំដីចំពោះ សមណគោតមនោះ ដូចជាបុរសមានកម្លាំង ចាប់សត្វចៀមមានរោមវែង ទាញមកច្រាន ទៅ គ្រវាត់គ្រវែងដូច្នោះឯង។ ក្នុងរឿងនេះ ស្តេចលិច្ឆវីទាំងឡាយ មានយោបល់ផ្សេងៗគ្នា ទើបចោមរោមសច្ចកនិគ្រន្ថ រួមដំណើរសំដៅទៅកូដាគារសាលា នាព្រៃមហាវ័ន។
  ពេលនោះភិក្ខុច្រើនអង្គកំពុងចង្រ្កមនៅទីវាល ។ សច្ចកនិគ្រន្ថ ដើរចូលទៅសួរថា 
នែលោកទាំងឡាយ ព្រះគោតមដ៏ចំរើន គង់ក្នុងទីណា?
  ភិក្ខុទាំងនោះតបថា ម្នាលអគ្គិវេស្សន: ព្រះមានព្រះភាគជាម្ចាស់ ទ្រង់សំរាកព្រះ 
កាយពលពេលថ្ងៃ នៅក្រោមម្លប់ឈើ១ដើម ក្នុងមហាវ័ន។
  សច្ចកនិគ្រន្ថជាមួយស្តេចលិច្ឆវី ជាបរិស័ទដ៏ច្រើន ក៏បានចូលទៅជួបព្រះអង្គ ធ្វើសេចក្តីរីករាយហើយ សុំអនុញ្ញាតទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គតែង ទូន្មានសាវកដូចម្តេចខ្លះ?
  ព្រះសាស្តា-ម្នាលអគ្គិវេស្សន: តថាគតតែងទូន្មានសាវកថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណមិនទៀង និងមិនមែនជារបស់ខ្លួនទេ។
  សច្ចកនិគ្រន្ថ-បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គសូមសំដែង ពាក្យឧបមាថា ពីជ គាមនិងភូតគាមទាំងឡាយ ដល់ការចំរើនលូតលាស់ធំទូលាយ ក៏ដោយសារអាស្រ័យ ផែនដី, ឧបមាមួយទៀតថា ការងារទាំងឡាយ ដែលគួរធ្វើដោយកម្លាំង គេតែងធ្វើ អាស្រ័យនូវផែនដី តាំងនៅលើផែនដី, បុរសបុគ្គលមានរូបជារបស់ខ្លួន តាំងនៅក្នុងរូប មានវេទនាជារបស់ខ្លួន តាំងនៅក្នុងវេទនា មានសញ្ញាជារបស់ខ្លួន តាំងនៅក្នុងសញ្ញា មានសង្ខារទាំងឡាយជារបស់ខ្លួន តាំងនៅក្នុងសង្ខារទាំងឡាយ មានវិញ្ញាណជារបស់ ខ្លួន តាំងនៅក្នុងវិញ្ញាណ តែងទទួលបុណ្យឬបាប មានឧបមេយ្យដូច្នោះឯង។
  ព្រះសាស្តា-ម្នាលអគ្គិវេស្សន: អ្នកពោលថា រូប  វេទនា  សញ្ញា សង្ខារទាំងឡាយ និងវិញ្ញាណជារបស់ខ្លួនឬ?
  សច្ចកនិគ្រន្ថ-បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំពោលយ៉ាងនេះឯង, ទាំងប្រជុំជនជា ច្រើនក៏គេថាដូច្នេះដែរ។
  ព្រះសាស្តា-ម្នាលអគ្គិវេស្សន: បើដូច្នោះតថាគតសួរទៅអ្នកវិញថា ព្រះរាជាដែល បានមុទ្ឋាភិសេកហើយ ដូចស្តេចបសេនទិកោសល ឬស្តេចអជាតសត្រូវ មានអំណាច ក្នុងដែនរបស់ខ្លួន គប្បីសម្លាប់ រឹបជាន់និរទេស បុគ្គលដែលគួរសម្លាប់ គួររឹបជាន់ គួរ 
និរទេសបានឬទេ?
  សច្ចកនិគ្រន្ថ- បពិត្រព្រះគោតមដ៏ចំរើន អាចបានដោយពិត។
ព្រះសាស្តា- នែអគ្គិវេស្សន: អ្នកសំគាល់ហេតុនោះ ដូចម្តេច? អ្នកពោលនូវរូប 
នេះថា រូបជារបស់អញ, អំណាចអ្នកប្រព្រឹត្តទៅក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះ 
ទៅ ចូរកុំយ៉ាងនេះឡើយបានឬទេ?
  កាលបើព្រះសាស្តាត្រាស់សួរយ៉ាងនេះ ម្តងជាពីរដងជាបីដង សច្ចកនិគ្រន្ថ ក៏នៅ ស្ងៀមទាំងបីដង ទើបទ្រង់ត្រាស់ថា អគ្គិវេស្សន: កាលនេះមិនមែនជាកាលគួរនៅស្ងៀម ទេ តថាគត សួរបញ្ហាប្រកបដោយធម៌ ជាគំរប់បីដង ចំពោះអ្នកណាហើយ នៅតែមិន ឆ្លើយ ក្បាលអ្នកនោះ នឹងបែកជា៧ភាគក្នុងទីនុ៎ះឯង។
  សម័យនោះ មានយក្សម្នាក់ឈ្មោះវជិរបាណី កាន់ដែកដូចជាកែវវជិរ ដែលឆេះ ច្រាលរន្ទាល ភ្លឺសន្ឋោសន្ឋៅមកសណ្ឋិតនៅឰដ៏អាកាស ខាងលើសច្ចកនិគ្រន្ថពោលថា បើសច្ចកនិគ្រន្ថនេះ ដែលព្រះមានព្រះភាគសួរបញ្ហាប្រកបដោយធម៌ ជាគំរប់បីដង ហើយ នៅតែមិនដោះស្រាយ អញនឹងសំពងបំបែកក្បាលសច្ចកនិគ្រន្ថនោះ ជា៧ភាគ ក្នុងទីនេះឯង។ ព្រះមានព្រះភាគ និងសច្ចកនិគ្រន្ថ បានឃើញយក្សវជិរបាណីនោះ ប្រាកដ។ សច្ចកនិគ្រន្ថភ័យ តក់ស្លុត រន្ឋត់ ព្រឺព្រួចរោម ក៏អាងព្រះមានព្រះភាគជាទីពឹង ទីពួន ជាទីកំចាត់បង់ភ័យ ទើបក្រាបទូលថា ព្រះអង្គសួរប្រស្នាមកចុះ ខ្ញុំព្រះអង្គនឹងដោះស្រាយឥឡូវនេះ។
  ព្រះសាស្តា- ម្នាលអគ្គិវេស្សន: អ្នកពោលនូវរូប វេទនា សញ្ញា សង្ខារ វិញ្ញាណនេះ ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់អញ, អំណាចអ្នកប្រព្រឹត្តទៅក្នុងរូប វេទនា សញ្ញា សង្ខារ វិញ្ញាណនោះថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណរបស់អញ ចូរយ៉ាងនេះ ចុះ ចូរកុំយ៉ាងនុ៎ះឡើយបានទេ?
  សច្ចកនិគ្រន្ថ- បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនបានទេ។
  ព្រះសាស្តា- អគ្គិវេស្សន: រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ទៀងឬមិនទៀង។
  សច្ចកនិគ្រន្ថ- បពិត្រព្រះគោតមដ៏ចំរើន រូប វេទនា សញ្ញា សង្ខារ វិញ្ញាណមិន ទៀងទេ។
  ព្រះសាស្តា-របស់ណាមិនទៀង របស់នោះ ជាទុក្ខឬសុខ?
  សច្ចកនិគ្រន្ថ- បពិត្រព្រះគោតមដ៏ចំរើន របស់នោះជាទុក្ខ។
  ព្រះសាស្តា-ចុះរបស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជា ធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ  នុ៎ះជាអញ នុ៎ះជាខ្លួនអញឬទេ?
  សច្ចកនិគ្រន្ថ- បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញយ៉ាង នុ៎ះទេ។
  ព្រះសាស្តា- អគ្គិវេស្សន: បុគ្គលណាជាប់ស្អិតនិងសេចក្តីទុក្ខ ប្រកបនិងសេចក្តី ទុក្ខ លិចចុះក្នុងសេចក្តីទុក្ខ ឃើញសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួន អញដូច្នេះហើយ បុគ្គលនោះគប្បីកំណត់ដឹងសេចក្តីទុក្ខខ្លួនឯងបាន ឬធ្វើសេចក្តីទុក្ខ ឲ្យអស់ទៅបាន តើមានឬទេ?
  សច្ចកនិគ្រន្ថ- បពិត្រព្រះគោតមដ៏ចំរើន នឹងមានដូចម្តេចបាន, ហេតុនេះមិន មានទេ។
  ព្រះសាស្តា- ចុះក្រែងអ្នកជាបុគ្គលជាប់ស្អិតនិងសេចក្តីទុក្ខ ប្រកបនិងសេចក្តីទុក្ខ លិចចុះក្នុងសេចក្តីទុក្ខហើយ ឃើញសេចក្តីទុក្ខថា ជារបស់អញ ជាអញ ជាខ្លួនអញ ដូច្នេះមែនឬ?
  សច្ចកនិគ្រន្ថ- បពិត្រព្រះគោតមដ៏ចំរើន ថ្វីក៏មិនមានដូច្នោះ, ហេតុនោះយ៉ាងនេះ ឯង។
  ព្រះមានព្រះភាគទ្រង់ប្រៀបធៀបវាទ:សច្ចកនិគ្រន្ថ ដូចជា បុរសស្វែងរកខ្លឹមឈើ ក្នុងព្រៃ ឃើញដើមចេកធំ មានដើមត្រង់ សាច់ខ្ចីមិនមានស្នូលស្ទង ទើបកាត់ដើមចេក នោះ ត្រង់គល់និងកាត់ចុងចេញបកស្រទបរកខ្លឹម ក៏រកមិនបានឡើយ, ទើបត្រាស់ថា អគ្គិវេស្សន: ក្រែងអ្នកពោលកណ្តាលបរិស័ទ ក្នុងក្រុងវេសាលីថា បុគ្គលណា ដែលយើង លើកទោសដោយសំដីហើយ មិនកក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើសក៏មិនហូរ ចេញពីក្លៀក បុគ្គលនោះ ទោះជាសមណ:ក្តី ព្រាហ្មណ៍ក្តី អ្នកប្តេជ្ញាខ្លួនជាអរហន្ត សម្មាសម្ពុទ្ឋក្តី រមែងមិនមានទេ, ឯបង្គោលដែលគ្មានចេតនាសោះ បើយើងថ្កោលទោស ដោយពាក្យសំដីហើយ តែងរំភើបកក្រើក ញាប់ញ័រមិនខាន ចាំបាច់និយាយថ្វីដល់ មនុស្សជាតផងគ្នា, នែអគ្គិវេស្សន: ចំណែកអ្នកមានដំណក់ញើសខ្លះ ហូរចេញពីថ្ងាស ធ្លាក់មកដីហើយ ឯតថាគតវិញ ឥតមានញើសក្នុងកាយទេ, ទើបទ្រង់បើកព្រះកាយ  មានសម្បុរ ដូចមាសក្នុងបរិស័ទនោះ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ ហើយ សច្ចកនិគ្រន្ថ ក៏អង្គុយស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត
មិនក្លៀវក្លា។       
  គ្រានោះឯង លិច្ឆវីបុត្រឈ្មោះទុម្មុខ: ក្រាបទូលព្រះអង្គថា សេចក្តីចំរូងចំរាស់ គឺ ទិដ្ឋិ ពុតត្បុតគឺទិដ្ឋិ និងការញាប់ញ័រ គឺទិដ្ឋិរបស់សច្ចកនិគ្រន្ថ ព្រះអង្គកាច់បំបាក់អស់ ហើយ ឥឡូវនេះ សច្ចកនិគ្រន្ថ មិនគួរនិងមានវាទ:លើកឡើងចំពោះព្រះអង្គទៀតទេ។
  សច្ចកនិគ្រន្ថនិយាយទៅរកទុម្មុខ:ថា នែទុម្មុខ: ចូរឈប់សិន ឈប់សិន អ្នកជា បុគ្គលមានមាត់រឹង យើងមិនប្រឹក្សាជាមួយអ្នកឯងទេ យើងប្រឹក្សាជាមួយព្រះគោតម ទើបទូលសួរបន្តទៀតថា សាវកព្រះគោតមដ៏ចំរើន ធ្វើតាមពាក្យប្រដៅ ប្រព្រឹត្តតាម ដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យ ប្រាស់ចាកសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវ ក្លា មិនជឿអ្នកដទៃ ក្នុងសាសនាព្រះសាស្តា ដោយហេតុមានប៉ុន្មានយ៉ាង?
  ព្រះសាស្តា- ម្នាលអគ្គិវេស្សន: រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណានីមួយ ជា អតីត អនាគត និងបច្ចុប្បន្ន ជារូប វេទនា សញ្ញា សង្ខារ វិញ្ញាណខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ណានៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ទាំងអស់នោះ ក៏ គ្រាន់តែជារូប វេទនា សញ្ញា សង្ខារ វិញ្ញាណ(ប៉ុណ្ណោះឯង), សាវកតថាគត ក្នុង សាសនានេះ តែងឃើញរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នុ៎ះតាមសេចក្តីពិត ដោយ បញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ មិនមែនជាអញ មិនមែនជាខ្លួនរបស់អញ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
  សច្ចកនិគ្រន្ថ-បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុដែលឈ្មោះថា ជាអរហន្តខីណាស្រព 
មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានគ្រឿងធ្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសំយោជន:ក្នុងភពអស់ហើយ មានចិត្តរួច 
ស្រឡះហើយ   ព្រោះបានត្រាស់ដឹងដោយប្រពៃ    ដោយហេតុមានប្រមាណប៉ុន្មាន?
  ព្រះសាស្តា- ម្នាលអគ្គិវេស្សន: រូបណានីមួយ វេទនាណា នីមួយ សញ្ញាណានី មួយ សង្ខារទាំងឡាយណានីមួយ វិញ្ញាណណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជារូប ជាវេទនា ជាសញ្ញា ជាសង្ខារទាំងឡាយ ជាវិញ្ញាណខាងក្នុងក្តី ខាងក្រៅក្តី គ្រោត គ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូប វេទនា សញ្ញា សង្ខារ វិញ្ញាណទាំងអស់នោះ បាន ឈ្មោះថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ (តែប៉ុណ្ណោះ) ភិក្ខុមានចិត្តផុតស្រឡះ ហើយ ដោយមិនមាន សេចក្តីប្រកាន់មាំ ព្រោះឃើញនូវរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ មិនមែន ជាអញ មិនមែនជាខ្លួនរបស់អញ លុះភិក្ខុមានចិត្តផុតស្រឡះយ៉ាងនេះហើយ តែង ប្រកបដោយអនុត្តរិយ:ទាំង៣គឺ ទស្សនា នុត្តរិយ:១ បដិបទា នុត្តរិយ:១ វិមុត្តា នុត្តរិយ: ១។
  កាលដែលព្រះមានព្រះភាគទ្រង់សំដែងយ៉ាងនេះហើយ សច្ចកនិគ្រន្ថក្រាបទូល សារភាពថា   ខ្ញុំព្រះអង្គជាអ្នកកំចាត់បង់នូវគុណ ជាអ្នកឃ្នើសឃ្នងដោយវាចា ជាអ្នក សំគាល់ថា អាចសង្កត់សង្កិនព្រះគោតមដោយវាទ:បាន ដូច្នេះហើយ ក៏សូមអារាធនា ព្រះអង្គ ព្រមទាំងភិក្ខុសង្ឃ ដើម្បីភត្តកិច្ចមានក្នុងថ្ងៃស្អែក។ 
  ព្រឹកស្អែកឡើង សច្ចកនិគ្រន្ថបានចាត់ចែងអាសន: និងអាហារដ៏ប្រណីតចំនួន ៥០០សម្រាប់ ដែលស្តេចលិច្ឆវី យកមកប្រគេនខ្លួន អង្គាសព្រះភិក្ខុសង្ឃមានព្រះពុទ្ឋ ជាប្រធាន ដោយផ្ទាល់ដៃ ដរាបដល់ឆាន់ឆ្អែតស្កប់ស្កល់ ក្នុងអារាមរបស់ខ្លួន។
  បន្តបន្ទាប់ពីថ្ងៃនោះ សច្ចកនិគ្រន្ថបានចូលទៅ ជួបព្រះអង្គក្នុងព្រៃមហាវ័ន ទូលសួរព្រះអង្គទៀតថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវកាយភាវនា(វិបស្សនា) មិនខ្វល់ខ្វាយប្រកបចិត្ត ភាវនា(សមថ:)ទេ សមណព្រាហ្មណ៍ទាំងនោះ តែងបានទុក្ខវេទនា ដែលកើតឡើងក្នុង សរីរ: គឺជាមនុស្សរឹងភ្លៅក៏មាន បែកធ្លាយបេះដូងក៏មាន ក្អួតឈាមក្តៅចេញមកក៏មាន ឆ្កួតរាយមាយចិត្តក៏មាន ព្រោះមិនបានអប់រំចិត្ត, សមណព្រាហ្មណ៍ពួកមួយ ខ្វល់ខ្វាយប្រកបរឿយៗនូវចិត្តភាវនា មិនខ្វល់ខ្វាយប្រកបនូវកាយភាវនាឡើយ សមណព្រាហ្មណ៍ ទាំងនោះ តែងបានទុក្ខវេទនាដែលប្រព្រឹត្តទៅក្នុងចិត្ត ជាមនុស្សរឹងភ្លៅក៏មាន បែកធ្លាយ 
បេះដូងក៏មាន   ក្អួតឈាមក្តៅចេញមកក៏មាន   ឆ្កួតរាយមាយចិត្តក៏មាន  ព្រោះមិនបាន 
អប់រំកាយ?
  ព្រះសាស្តា- ម្នាលអគ្គិវេស្សន: ចុះកាយភាវនា អ្នកបានឮមកដូចម្តេច?
  សច្ចកនិគ្រន្ថ-បពិត្រព្រះគោតមដ៏ចំរើនអចេលក៍ទាំងនេះ គឺនន្ទវច្ឆ:១ កិសសង្កិច្ច: ១ មក្ខលិគោសាល១ ប្រព្រឹត្តលះបង់មារយាទល្អ ស៊ីលិទ្ឋដៃ គេឲ្យចូលមកក៏មិនចូល គេឃាត់ក៏មិនព្រមឈប់ មិនត្រេកអរចង្ហាន់ ដែលគេនាំមកមុន នឹងចង្ហាន់ដែលគេនាំមក ចំពោះខ្លួន មិនត្រេកអរនិងកិច្ចនិមន្ត, មិនទទួលចង្ហាន់ដែលគេ នាំចេញពីមាត់ឆ្នាំង និង ពីមាត់កញ្ជើ, មិនទទួលចង្ហាន់ ដែលគេដើរកន្លងព្រះធរណី ដើរកន្លងកំណាត់ឈើ ដើរ កន្លងអង្រែហើយនាំមកឲ្យ, មិនទទួលចង្ហាន់ពីដៃមនុស្សពីរនាក់កំពុងបរិភោគ ដៃស្រី មានគភ៌ ដៃស្រីកំពុងបំបៅកូន ដៃស្រីកំពុងកាន់បុរសដទៃ, មិនទទួល ចង្ហាន់ក្នុងកន្លែង ដែលរៃវត្ថុបានមក កន្លែងដែលមានឆ្កែនៅចាំ កន្លែងដែលរុយរោមទាំងហ្វូង, មិនស៊ីត្រី សាច់ មិនផឹកសុរាមេរ័យ ទឹកថ្នាំត្រាំ, ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះមួយ ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយបាយតែមួយដុំខ្លះ។ល។ ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះ ៧ ញ៉ាំង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយ៧ដុំខ្លះ ដោយចង្ហាន់ក្នុង ភាជន៍តូចមួយខ្លះ។ល។ ដោយចង្ហាន់ក្នុងភាជន៍តូច៧ខ្លះ, ស៊ីអាហារខាន១ថ្ងៃខ្លះ។ល។ ស៊ីអាហារខាន៧ថ្ងៃខ្លះ តែងខ្វល់ខ្វាយការបរិភោគបាយផ្លាស់ប្តូរថ្ងៃអស់កន្លះខែខ្លះ, ជួនកាលទំពារស៊ីខាទនីយ: បរិភោគភោជន ក្រេបជញ្ជាបសាយនីយ: និងផឹកទឹកទាំងឡាយដ៏ឧត្តមក្រៃលែង ធ្វើឲ្យកាយនេះ មានកម្លាំងចំរើនធំធាត់។
  ព្រះសាស្តា- ម្នាលអគ្គិវេស្សន: ចុះចំណែកខាងចិត្តភាវនា អ្នកបានឮមកយ៉ាង 
ដូចម្តេច?
  សច្ចកនិគ្រន្ថ-ដោះស្រាយសំណួរក្នុងចិត្តភាវនា មិនបានទេ ទើបព្រះមានព្រះភាគ ត្រាស់ប្រាប់ថា អគ្គិវេស្សន: កាយភាវនា ដែលអ្នកបានអប់រំក្នុងកាលមុននោះ មិនប្រកប ដោយធម៌ក្នុងអរិយវិន័យទេ អ្នកមិនអាចដឹង សូម្បីនូវកាយភាវនាផង តើនឹងអាចដឹង ចិត្តភាវនា ដូចម្តេចបាន? ឯបុគ្គលមិនបានអប់រំកាយនិងចិត្តផង បានអប់រំកាយ និងចិត្ត ផង ដោយប្រការណានោះ អ្នកចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង ឥឡូវនេះ។
  ព្រះមានព្រះភាគទ្រង់តាំងជាសំណួរថា  នែអគ្គិវេស្សន: បុគ្គលដែលមិនបានអប់រំ 
កាយ និងមិនបានអប់រំចិត្ត តើដូចម្តេច?
  ទ្រង់ឆ្លើយថា   សុខវេទនា     តែងកើតឡើងដល់បុគ្គលជាបុថុជ្ជន ដែលមិន ចេះដឹងក្នុងលោកនេះ បុគ្គលជាបុថុជ្ជននោះ លុះសុខវេទនាពាល់ត្រូវហើយ ក៏មាន តម្រេកខ្លាំង ក្នុងសេចក្តីសុខផង តែងដល់តម្រេកខ្លាំងដោយសេចក្តីសុខផង បើសុខ វេទនានោះ រលត់ទៅ ទុក្ខវេទនាក៏កើតឡើង, លុះទុក្ខវេទនា ពាល់ត្រូវហើយ បុគ្គលជា បុថុជ្ជននោះតែងសៅសោក លំបាកខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តី វង្វេង, សុខវេទនា របស់បុគ្គលជាបុថុជ្ជននោះ ដែលកើតឡើងហើយ តែងគ្របសង្កត់ ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំចិត្តផង សុខវេទនារបស់បុគ្គលណានិមួយ ដែលកើតឡើងហើយ ដោយចំណែកទាំងពីរយ៉ាងនេះ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខ វេទនាដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំចិត្តផង, បុគ្គលមិន បានអប់រំកាយផង មិនបានអប់រំចិត្តផងយ៉ាងនេះឯង។
  នែអគ្គិវេស្សន:  បុគ្គលដែលបានអប់រំកាយផង    បានអប់រំចិត្តផង តើដូចម្តេច?
  សុខវេទនាតែងកើតឡើង ដល់បុគ្គលជាអរិយសាវក ជាអ្នកចេះដឹងក្នុងលោក នេះ លុះសុខវេទនាពាល់ត្រូវហើយ ក៏មិនមានតម្រេកខ្លាំងក្នុងសេចក្តីសុខ មិនដល់ តម្រេកខ្លាំង ដោយសេចក្តីសុខឡើយ, សុខវេទនានោះរលត់ទៅ ទុក្ខវេទនាក៏កើតឡើង 
លុះទុក្ខវេទនា ពាល់ត្រូវហើយ បុគ្គលជាអរិយសាវកនោះ ក៏មិនសៅសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងឡើយ, សុខវេទនានោះ របស់អរិយសាវកនោះ ដែលកើតឡើងហើយ មិនគ្របសង្កត់ ព្រោះបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ មិនគ្របសង្កត់ ព្រោះបានអប់រំចិត្តផង យ៉ាងនេះឯង, សុខវេទនារបស់បុគ្គលណាមួយ ដែលកើតឡើងហើយ ដោយចំណែកទាំងពីរ មិនបានគ្របសង្កត់ចិត្ត ព្រោះបានអប់រំកាយផង ទុក្ខវេទនាដែលកើតឡើងហើយ ក៏មិនបាន គ្របសង្កត់ចិត្ត ព្រោះបានអប់រំចិត្តផង, បុគ្គលបានអប់រំកាយផង បានអប់រំចិត្តផង 
យ៉ាងនេះឯង។
  ជាបន្ទាប់ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែង ពីសេចក្តីត្រិះរិះរបស់ព្រះពោធិ សត្វ , ព្រះដំណើរយាងចូលទៅរកអាឡារតាបសកាលាមគោត្រ, ឧទ្ទកតាបសរាមបុត្រ, សេចក្តីឧបមា៣ យ៉ាង, ប្រភេទនៃទុក្ករកិរិយា, វិញ្ញាណជាគ្រឿងរលឹកតាមនូវស្មារតី, វិជ្ជា៣ប្រការ, ភាពនៃបុគ្គលដែលវង្វេងនិង មិនវង្វេងដល់សច្ចកនិគ្រន្ថៗ ក៏និយាយដូច្នេះនិងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់!ចម្លែកណាស់! ព្រោះព្រះគោតមដ៏ចំរើន កាលដែលខ្ញុំពោលសង្កត់សង្កិន និយាយពាក្យជ្រៀតបៀតផ្សេងៗយ៉ាងនេះ ក៏នៅតែមានព្រះឆវិវណ្ណផូរផង់   ទាំងសម្បុរព្រះភ័ក្រ្តទៀតក៏ថ្លាស្រស់បស់ល្អ ព្រះអង្គសមជាព្រះអរហន្តសម្មាសម្ពុទ្ឋពិត, ប៉ុណ្ណឹងចុះព្រះគោតមដ៏ចំរើន  ឥឡូវនេះ ខ្ញុំព្រះអង្គសូមលាទៅ  ព្រោះមានកិច្ចច្រើន មានការងារច្រើន។
ព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដីកាថា   អើអគ្គិវេស្សន: ឥឡូវនេះ អ្នកសំគាល់នូវកាលដែលគួរនិងត្រឡប់ទៅវិញចុះ។ លំដាប់នោះ សច្ចកនិគ្រន្ថត្រេកអររីករាយហើយចំពោះភាសិតព្រះមានព្រះភាគ ហើយក្រោកចាកទីអង្គុយចៀសចេញទៅ។
ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់ផ្ចាញ់សច្ចកនិគ្រន្ថ ដោយបញ្ញាបារមី។
សេចក្តីបញ្ចាក់បន្ថែម
ព្រះសិរីមង្គលាចារ្យ អ្នកធ្វើអត្ថាធិប្បាយមង្គលសូត្រប្រាប់ថា សច្ចកនិគ្រន្ថនេះ ពេលអស់ជន្មាយុ បានទៅកើតនៅនាទេវលោក ដោយផលនៃការស្តាប់ចូឡសច្ចកសូត្រ និងមហាសច្ចកសូត្រ នៅព្រៃមហាវ័ន ពីសំណាក់នៃព្រះដ៏មានព្រះភាគជាម្ចាស់ផ្ទាល់។ នៅឆ្នាំ២១៨នៃពុទ្ធសករាជកន្លងទៅ ពេលសាសនាទៅប្រតិស្ថាននៅតម្ពបណ្ណិទ្វីប លោកបានច្យុតចាកទេវលោក មកកើតក្នុងត្រកូលអាមាត្យម្នាក់ នាភិក្ខាចារគ្រាមនៃវត្តទក្ខិណាគិរី ក្នុងតម្ពបណ្ណិទ្វីប (កោះលង្កា)នោះ។ ពេលចំរើនវ័យវឌ្ឍនាការ ក៏ទៅបួសខិតខំរៀនសូត្រស្វាធ្យាយព្រះត្រៃបិដក   និងចំរើនវិបស្សនាភាវនា   ក៏បានសម្រេចព្រះ
អរហត្តព្រមទាំងបដិសម្ភិទាទាំង៤ ជាមហាខីណាស្រពនាម កាឡពុទ្ធរក្ខិត។
&'
៧-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់នន្ទោបនន្ទនាគរាជ
  នន្ទោបនន្ទភុជគំ វិពុធំ មហិទ្ឋឹ បុត្តេន ថេរភុជគេន ទមាបយន្តោ
ឥទ្ឋូបទេសវិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
  ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់ត្រាស់ប្រើព្រះមោគ្គល្លានត្ថេរ ជាពុទ្ឋជិនោរសឲ្យនិមិ្មត កាយជានាគរាជ ទៅទូន្មានស្តេចនាគ ឈ្មោះ នន្ទោបនន្ទ ដែលមានឫទ្ឋិច្រើន មាន សេចក្តីយល់ឃើញខុស ព្រះអង្គឈ្នះដោយវិធីឲ្យនូវឧបទេសគឺ សេចក្តីពន្យល់(ដល់ព្រះ មោគ្គល្លានត្ថេរ) ដោយតេជ:នៃពុទ្ធជ័យនោះ សូមជ័យមង្គល កើតមានដល់អ្នក។
រឿងនន្ទោបនន្ទនាគរាជ
  នាគរាជនេះ មានឫទ្ធិអំណាចណាស់អាចបញ្ចេញផ្សែង បញ្ចេញចំហេះភ្លើង សន្ធោសន្ធៅ បញ្ចេញខ្យល់តាមច្រមុះ បក់បំប៉ើងភ្នំតូច-ធំ ឬគូសត្រូវបានដោយ ប្រសិទ្ធិភាព ជាពិសេសអាចប្រែកាឡាខ្លួនជាមាណពបាន តែជានាគមិច្ឆាទិដ្ឋិ មានចិត្ត ឃោរឃៅ ឫស្យាសាហាវយង់ឃ្នងក្រៃលែង តែងផ្ចាលផ្ចាញ់ អ្នកមានឫទ្ធិដទៃ ដោយ មហិទ្ធិឫទ្ធិដ៏ខ្លាំងក្លារបស់ខ្លួន និងយកឫទ្ធិអំណាចនោះ ទៅបៀតបៀនគេឯង ដោយចិត្ត មោហន្ធមាន:ថា មានតែអញទេ ដែលជាកំពូលអ្នកមានឫទ្ធិក្នុងលោក តែជានាគមាន ឧបនិស្ស័យវាសនា ត្រូវបានជួបព្រះបរមគ្រូសម្ពុទ្ធជាម្ចាស់។ នៅពេលមួយនាបច្ចូស សម័យ ព្រះសាស្តា ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វបានឃើញនន្ទោបនន្ទនាគរាជ នេះ ចូលក្នុងបណ្តាញព្រះញាណព្រះអង្គ, ទើបចាត់ព្រះមហាមោគ្គល្លានត្ថេរ ឯតទគ្គ: ខាងមហិទ្ធិឫទ្ធិទៅទូន្មាន តាមដំណើររឿងមានមកក្នុង បករណ៍ពិសេស ឈ្មោះវិសុទ្ធិមគ្គ 
ត្រង់ឥទ្ធិវិធនិទ្ទេសថា :
  សេចក្តីថា សម័យមួយគហបតីអនាថបិណ្ឌិក (មហាសេដ្ឋីក្រុងសាវត្ថី) បានស្តាប់ ព្រះធម្មទេសនា របស់ព្រះមានព្រះភាគ (ក្នុងមហាវិហារជេតពន)ហើយ ទូលអារាធនា និមន្តថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃស្អែក សូមព្រះអង្គព្រមទាំងព្រះភិក្ខុសង្ឃ ៥០០ អង្គ ទ្រង់ព្រះមេត្តាទទួលភិក្ខាក្នុងគេហដ្ឋាន ខ្ញុំព្រះអង្គ ដូច្នេះហើយ ទើបថ្វាយបង្គំចៀស ចេញទៅ។ ព្រះមានព្រះភាគទទួលនិមន្ត ដោយតុណ្ហីភាព ទ្រង់ញ៉ាំងចំណែករាត្រី ឲ្យ កន្លងទៅក្នុងថ្ងៃនោះ ស្តេចប្រមើលមើលឧបនិស្ស័យសត្វ ក្នុងលោកធាតុទាំង១ម៉ឺន នាបច្ចូសសម័យ បានទតឃើញនន្ទោបនន្ទនាគរាជ មានវាសនាចូលមកក្នុង បណ្តាញ ព្រះញាណព្រះអង្គ ទើបទ្រង់រំពឹងពិចារណាតទៅទៀតថា នាគរាជនេះ មកកាន់ បណ្តាញញាណតថាគតហើយ តើនាគនុ៎ះ មានឧបនិស្ស័យ នឹងបានសម្រេចមគ្គផល ឬទេ? ទ្រង់ឃើញថា នាគរាជនេះ ជាមិច្ឆាទិដ្ឋិ មិនជ្រះថ្លាក្នុងព្រះរតនត្រ័យទេ, តើ នរណា គួរនឹងទូន្មានរំដោះនាគរាជនេះ ពីមិច្ឆាទិដ្ឋិបាន? ស្តេចបានឃើញ ព្រះមហា មោគ្គល្លានត្ថេរ អាចមានសមត្ថភាព រំដោះនាគនេះបាន តាមការណែនាំពន្យល់ពីព្រះអង្គ។ លំដាប់នោះ ពេលរាត្រីភ្លឺស្វាងហើយ ព្រះមានព្រះភាគ ទ្រង់ជម្រះសរីរ:រួច ត្រាស់ ហៅព្រះអានន្ទត្ថេរដ៏មានអាយុ ឲ្យប្រាប់ភិក្ខុសង្ឃទាំង៥០០អង្គថា តថាគតនឹងទៅកាន់ ទេវចារិក។
  ស្របពេលថ្ងៃនោះឯង នាគទាំងឡាយបានចាត់ចែងវិមានកិត្តិយស សម្រាប់ជប់ លៀងភោជនដ៏ប្រណីត និងសុរាផង ចំពោះនន្ទោបនន្ទនាគរាជ។ នន្ទោបនន្ទ ប្រថាប់ ក្រោមស្វេតច្ឆ័ត្រជាទិព្វ ដែលគេបាំងថ្វាយលើរតនបល្លង្កទិព្វ មានអ្នករបាំ៣ក្រុមរេរាំ ថ្វាយ និងមាននាគបរិស័ទគាល់ហ្វៅ ចោមរោមជាបរិវារ គង់ទតរបាំនិងរបៀបបាយទឹក ដែលគេផ្គត់ផ្គង់ថ្វាយក្នុងភាជន៍ទិព្វ រំពេចនោះ ស្រាប់តែទតឃើញព្រះមានព្រះភាគជា ម្ចាស់ និងព្រះភិក្ខុសង្ឃ ៥០០អង្គ យាងនិមន្តទៅកាន់ស្ថានតាវត្តឹង្សទេវលោក កាត់លើ ដំបូលវិមានកិត្តិយស សម្រាប់ជប់លៀងរបស់ខ្លួននោះ។
  ក៏ក្នុងគ្រានោះ ទិដ្ឋិកាចទ្រនង់អាក្រក់ បានកើតឡើងដល់ នន្ទោបនន្ទនាគរាជថា ពួកស្រមណ៍ត្រងោលទាំងនេះ ចូលទៅកាន់ភពតាវត្តឹង្ស របស់ទេវតាទាំងឡាយក្តី ចេញ មកវិញក្តី តែតាមផ្លួវកាត់លើវិមានរបស់អញ ឥឡូវនេះ ចាប់ពីពេលនេះតទៅ អញមិន ឲ្យពួកសមណ:ទាំងនេះទៅមកកាត់លើវិមានជ្រុះធូលីជើងលើអញទៀតទេ ទើបនាគរាជ ស្ទុះទៅកាន់ជើងភ្នំសិនេរុ សំដែងឫទ្ធិព័ន្ធពទ្ធភ្នំនោះជាភ្នែន៧ជុំ បើកពពារគ្របភព តាវត្តឹង្សឲ្យដល់ភាពងងឹតសូន្យសុងអន្ឋការ។
  លំដាប់នោះ    ព្រះរដ្ឋបាលដ៏មានអាយុ   បានក្រាបទូលពោលពាក្យនេះ   និង 
ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីមុនខ្ញុំព្រះអង្គធ្លាប់ឈរក្នុងទីនេះ មើល ឃើញភ្នំសិនេរុ ឃើញសិនេរុបរិភណ្ឌ ឃើញឋានត្រៃត្រឹង្ស ឃើញវេជយន្តប្រាសាទ ឃើញ ទង់ជ័យខាងលើប្រាសាទ, ឥឡូវនេះ មានអ្វីជាហេតុ អ្វីជាបច្ច័យ បានជាខ្ញុំព្រះអង្គមើល 
មិនឃើញភ្នំសិនេរុ ។ល។ មើលមិនឃើញ ទង់ជ័យលើប្រាសាទវេជយន្ត?
  ព្រះមានព្រះភាគជាម្ចាស់ត្រាស់តបថា  ម្នាលរដ្ឋបាល  នន្ទោបនន្ទនាគរាជនេះ 
ខេខឹងក្រេវក្រោធចំពោះតថាគត និង អ្នកទាំងឡាយ ទើបព័ន្ធពទ្ធភ្នំសិនេរុ៧ជុំ ឈរបើក ពពារគ្រប ពីលើធ្វើឲ្យងងឹតសូន្យសុងយ៉ាងនេះ។
  ព្រះរដ្ឋបាលក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមព្រះអនុញ្ញាតទៅ ប្រដៅទូន្មាននាគរាជនេះ?
  ព្រះមានព្រះភាគទ្រង់មិនអនុញ្ញាតឡើយ។
  គ្រានោះឯង ព្រះភិក្ខុទាំងឡាយមានព្រះភទ្ទិយ:ដ៏មានអាយុ ព្រះរាហុលដ៏មាន អាយុជាដើម ក្រោកឡើងសុំទៅប្រដៅទូន្មាន នាគរាជ តាមលំដាប់លំដោយ។
  ព្រះមានព្រះភាគ ទ្រង់នៅតែមិនអនុញ្ញាតដដែល។
  ជាចុងក្រោយ ព្រះមហាមោគ្គល្លានត្ថេរ សុំខ្លួនទៅប្រដៅ  ទូន្មាននាគរាជ  ទើបព្រះមានព្រះភាគទ្រង់អនុញ្ញាត ដោយព្រះពុទ្ធដីកាថា ម្នាលមោគ្គល្លានអ្នកចូរទៅ ប្រដៅទូន្មានចុះ។
  ព្រះថេរ: ប្រែកាឡាអត្តភាពនិម្មិតជានាគរាជដ៏ធំរុំព័ទ្ធនន្ទោបនន្ទដោយភ្នែន១៤ជុំ បើកពពារគ្របភ្នំសិនេរុរាជ លើពពារនន្ទោបនន្ទនោះទៅទៀត។
  នាគរាជបង្ហុយផ្សែងដាក់ព្រះថេរ:។
  ព្រះថេរ: បង្ហុយដាក់វិញ ដោយពោលប្រាប់ថា  “ ន  តុយ្ហំយេវ    សរីរេ   ធូមោ  
អត្ថិ មយ្ហម្បិ អត្ថិ,    ផ្សែងក្នុងសរីរ:អ្នកឯង មិនមានទេ ខាងយើងទើបមាន”។
  ផ្សែងនាគរាជបៀតបៀនព្រះថេរ:មិនបានទេ ឯផ្សែងព្រះថេរ: ទើបបៀតបៀន នាគរាជបាន។
  បន្ទាប់មក នាគរាជបញ្ចេញចំហេះភ្លើង ដ៏សន្ធោសន្ធៅដាក់ព្រះថេរ:។
  ឯព្រះថេរ:បញ្ចេញចំហេះភ្លើងសន្ធោសន្ធៅដាក់វិញ   និងប្រាប់ថា  ភ្លើងក្នុងសរីរ: 
អ្នកឯងមិនមានទេ ខាងយើងទើបមាន។
  ភ្លើងនាគរាជបៀតបៀនព្រះថេរ:មិនបានទេ ឯភ្លើងព្រះថេរ: ទើបបៀតបៀន នាគរាជបាន។
  នាគរាជគិតថា “នាគនេះ មានឥទ្ធិឫទ្ធិច្រើន អាចបញ្ចេញផ្សែង បញ្ចេញចំហេះ ភ្លើងសន្ធោសន្ធៅដាក់អញ និងភ្នំសិនេរុរាជ បានដោយប្រពៃពិត” ទើបបែរជាសួរថា ភឿនអើយ! អ្នកជានរណា?
  ព្រះថេរ:ប្រាប់ថា នែនន្ទោបនន្ទ យើងហ្នឹងហើយឈ្មោះ មោគ្គល្លាន!
  នាគរាជពោលថា លោកដ៏ចំរើន សូមលោកឋិតនៅជា ភិក្ខុភាពរបស់ខ្លួនវិញទៅ។
  ព្រះថេរ:ប្រែកាឡាខ្លួន ជាព្រះមោគ្គល្លានវិញហើយ និមន្តចូលតាមប្រហោង ត្រចៀកស្តាំនាគនោះ ចេញខាងឆ្វេង ចូលតាមប្រហោងត្រចៀកឆ្វេង ចេញខាងស្តាំ, ចូលតាមប្រហោងច្រមុះខាងស្តាំ ចេញខាងឆ្វេង ចូលតាមប្រហោងច្រមុះខាងឆ្វេង ចេញ ខាងស្តាំ។ (ការនិមន្តចូល-ចេញ, ចេញ-ចូលយ៉ាងនេះ ជាការសំដែងមហិទ្ធិឫទ្ធិ ឲ្យ នាគរាជដឹង)។
  លំដាប់នោះ  នាគរាជហាមាត់   (ដោយបំណងអាថ៌កំបាំង ដើម្បីទំពាកំទេចព្រះ ថេរ:)។
  ព្រះថេរ: ក៏ចូលក្នុងមាត់នាគ និមន្តចង្រ្កមខាងកើតខាងលិច ក្នុងខាងក្នុងផ្ទៃ នាគរាជនោះ។
  ចំណែកខាង ព្រះមានព្រះភាគជាម្ចាស់ត្រាស់ប្រាប់ថា ម្នាលមោគ្គល្លាន អ្នកចូរ ចាំទុកក្នុងចិត្តថា មហិទ្ឋិកោ ឯស នាគោ នាគរាជនុ៎ះមានឫទ្ធិច្រើន។
  ព្រះថេរ:ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានអប់រំចំរើន តាំងទុក សន្សំជុំវិញ និងប្រារព្ឋល្អប្រពៃហើយ នូវឥទ្ធបាទធម៌ទាំងឡាយទាំង៤ប្រការ, បពិត្រ ព្រះអង្គដ៏ចំរើន នន្ទោបនន្ទនាគរាជ និងបញ្ឈប់(សកម្មភាពខ្លួន), នាគរាជ អម្បាល នន្ទោបនន្ទទាំងរយ ទាំងពាន់ ទាំងសែន ខ្ញុំព្រះអង្គគប្បីប្រដៅទូន្មានបាន។
  ឯនាគរាជគិតថា  អញមើលមិនឃើញលោក  ចូលមកក្នុងមាត់អញសោះ  រង់ចាំ 
លោកចេញមកវិញ អញនឹងចាប់ដាក់ចន្លោះ  ចង្កូម  ទំពាស៊ីកំទេចតែម្តង ទើបនិយាយ 
ទៅកាន់ព្រះមោគ្គល្លានថា បពិត្រលោកដ៏ចំរើន សូមលោកនិមន្តចេញមកកុំបៀតបៀនខ្ញុំ ព្រោះការដើរចង្រ្កមក្នុងផ្ទៃ។ ព្រះថេរ: ក៏និមន្តចេញមកឈរខាងក្រៅ ហើយចូលកាន់ ឈានទី៤។ នាគរាជបានឃើញហើយ ក៏បញ្ចេញខ្យល់តាមច្រមុះដាក់ព្រះមោគ្គល្លាន។ ខ្យល់នោះមិនអាចញ៉ាំងរោមព្រះថេរ: សូម្បី១សរសៃ ឲ្យរញ្ជួយកំរើកបានឡើយ។
  សេចក្តីបញ្ជាក់ថា ពួកភិក្ខុដ៏សេស លើកលែងព្រះមហាមោគ្គល្លានចេញ ក៏អាច ធ្វើបាដិហារ្យទាំងអស់បានដែរ តែមកដល់ទីនេះ លោកមិនអាចចូលកាន់ឈាន បានឆាប់ រហ័សឡើយ ព្រោះហេតុនោះហើយ ទើបព្រះមានព្រះភាគ មិនអនុញ្ញាតឲ្យពួកភិក្ខុទាំង នោះទៅប្រដៅទូន្មាន នាគរាជ ឈ្មោះនន្ទោបនន្ទនោះ។
  នាគរាជគិតថា ខ្យល់តាមច្រមុះអញ មិនអាចឲ្យរណ្តៅរោមមួយ នៃសមណ:នេះ កំរើករញ្ជួយបានឡើយ, សមណ:នេះពិតជាមានឫទ្ធិច្រើនមែន។
  ពេលនាគរាជបញ្ចេញខ្យល់តាមច្រមុះ ដាក់ព្រះថេរ:ៗ ក៏និម្មិតខ្លួនជាគ្រុឌដ៏ធំ បញ្ចេញខ្យល់គ្រុឌដេញតាមនាគរាជនោះ។ ឯនាគរាជបានប្រែកាឡាខ្លួន ជាមាណព (ចុះចាញ់ព្រះមោគ្គល្លានត្ថេរ) ហើយថ្វាយបង្គំព្រះបាទព្រះថេរ:ពោលថា ខ្ញុំសុំដល់ លោកម្ចាស់ជាទីពឹង។
  ព្រះថេរ:ប្រដៅទូន្មាននន្ទោបនន្ទនាគរាជ មិនឲ្យមានពុតត្បុតប្រាប់ថា នន្ទោបនន្ទ ព្រះសាស្តាស្តេចយាងមកហើយ អ្នកចូរមក យើងនិងថ្វាយបង្គំព្រះអង្គ។ នាគរាជ ក្រាប ថ្វាយបង្គំ ព្រះមានព្រះភាគហើយក្រាបទូលថា ភន្តេ តុម្ហាកំ សរណំ គច្ឆាមិ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមដល់ព្រះអង្គជាទីពឹង ទីរលឹក។
  ព្រះមានព្រះភាគត្រាស់ថា សុខី ហោតិ នាគរាជា នាគរាជ ចូរជាអ្នកមាន សេចក្តីសុខចុះ ទើបស្តេចជាមួយ និងព្រះភិក្ខុសង្ឃ បានយាងនិមន្តទៅកាន់និវេសនដ្ឋាន អនាថបិណ្ឌិកមហាសេដ្ឋី តាមការអារាធនា។
  ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់នន្ទោបនន្ទនាគរាជ ដោយវិធីឲ្យនូវឧបទេសគឺ   សេចក្តី ពន្យល់ដល់ព្រះមហាមោគ្គល្លានត្ថេរ   ដែលជាអ្នកទៅប្រដៅទូន្មាន នាគរាជផ្ទាល់។
&'
៨-ព្រះមុនិន្ទសម្ពុទ្ធទ្រង់ផ្ចាញ់ពកាព្រហ្ម
  ទុគ្គាហទិដ្ឋិភុជគេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ធិជុតិមិទ្ឋិពកាភិធានំ
  ញាណាគទេន វិធិនា ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ
            ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់បានឈ្នះនូវមហាព្រហ្មឈ្មោះ ពកា មានកិរិយាសំគាល់ថា ខ្លួនជាអ្នករុងរឿងដោយគុណដ៏បរិសុទ្ធ ជាអ្នកមានឫទ្ធិ មានដៃគឺអាសិរ្ពិស ពោលគឺទិដ្ឋិ ដែលខ្លួនកាន់យកខុស រួបរឹតមាំ(ទ្រង់ផ្ចាញ់) ដោយវិធីដាក់នូវឱសថវិសេស គឺទេសនា 
ញាណ ដោយតេជ:នៃពុទ្ធជ័យនោះ សូមជយមង្គល កើតមានដល់អ្នក។
រឿងពកាព្រហ្ម
             ពកាព្រហ្មនេះ មានទិដ្ឋិរឹងត្អឹងណាស់ សំគាល់ថា ខ្លួនរុងរឿងដោយគុណបរិសុទ្ធ មានដៃគឺអាសិរ្ពិសពោលគឺ ទិដ្ឋិដែល ខ្លួនកាន់យកខុស រួបរឹតចាក់ស្រេះយ៉ាងជាប់មាំ ដោយអស្មិមាន:ថា ក្នុងព្រហ្មលោកនេះ សភាវ:គ្រប់យ៉ាង សុទ្ធតែទៀងទាត់ នឹងហ្ន៎ ឋិត ថេរ ខ្ជាប់ខ្ជួនជានិច្ចនិរន្តរ៍ សូម្បីសត្វមកកើតក្នុងព្រហ្មលោកនេះ ក៏មិនចាស់ មិនឈឺ មិនស្លាប់ដែរ។ ព្រះសម្ពុទ្ធជាបុព្វការីនៃវេនេយ្យ សត្វទាំងទេវតានិងមនុស្ស ទ្រង់ជ្រាប បរិវិតក្ក:នោះហើយ ក៏ស្តេចយាងទៅកាន់ព្រហ្មលោក ដើម្បីទេសនាពន្យល់ដោះ ស្រាយ សេចក្តីត្រិះរិះ របស់ពកាព្រហ្មនោះ តាមដំណើររឿងតទៅ :
  សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិក គហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពកាព្រហ្មមានទិដ្ឋិអាក្រក់ យ៉ាងនេះកើតឡើង ថា ទីនេះទៀងឋិតថេរ មានគ្រប់កាល ខ្ជាប់ខ្ជួនមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃជាគ្រឿងរលាស់ចេញក្រៃលែង ជាងទី របស់ព្រហ្មនេះ មិនមានឡើយ។
            គ្រានោះ ព្រះមានព្រះភាគ ជ្រាបបរិវិតក្ករបស់ពកាព្រហ្ម ដោយព្រះទ័យ ព្រះអង្គហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស ដូចបុរស មានកំលាំងលាចេញ  នូវដៃដែលបត់ចូល  ឬបត់ចូលនូវដៃដែលលាចេញ ។  ពកាព្រហ្ម បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកពីចម្ងាយក៏ចូលទៅជិត ហើយ ពោលពាក្យនេះនិងព្រះអង្គថា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ សូមព្រះអង្គស្តេចមក, ព្រះអង្គមកល្អហើយ ព្រះអង្គបានធ្វើបរិយាយ ដើម្បីយាងមកក្នុងទីនេះយូរអង្វែងហើយ, បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទីនេះទៀងឋិតថេរមានគ្រប់កាល ខ្ជាប់ខ្ជួនមិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនឈឺ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃជាគ្រឿងរលាស់ចេញក្រៃលែង ជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។
កាលបើពកាព្រហ្មពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ 
និងព្រហ្មថា ឱហ្ន៎ ពកាព្រហ្មប្រកបដោយអវិជ្ជា ហើយព្រោះពោលនូវរបស់មិនទៀងថា
ទៀង មិនឋិតថេរថា ឋិតថេរ មិនមានគ្រប់កាល ថាមានគ្រប់កាល មិនខ្ជាប់ខ្ជួនថាខ្ជាប់ខ្ជួន ដែលមានសភាពច្យុត ថាមិនច្យុតវិញ មួយទៀតសត្វតែងកើត ចាស់ ឈឺ ស្លាប់ ច្យុត និងបដិសន្ឋិក្នុងទីណា គាត់ពោលក្នុងទីនោះថា សត្វក្នុងទីនេះមិនកើត មិនចាស់ មិនឈឺ មិនស្លាប់ មិនច្យុត មិនបដិសន្ឋិ ដូច្នេះវិញ មួយទៀតគាត់ពោលទីដទៃជាគ្រឿង រលាស់ចេញក្រៃលែង ថាមិនមានឡើយ។
ពកាព្រហ្ម- បពិត្រព្រះគោតម យើងទាំងឡាយជាជន ៧២នាក់ អ្នកស្រឡាញ់បុណ្យ ញ៉ាំងអ្នកដទៃ ឲ្យប្រព្រឹត្តទៅតាមអំណាចខ្លួន កន្លងហើយនូវជាតិ និងជរា,កំណើតក្នុងព្រហ្មនេះជាទីបំផុត ប្រព្រឹត្តទៅដោយវេទ ជនទាំងឡាយដ៏ច្រើន រមែងស្រឡាញ់ពួកយើង។
ព្រះមានព្រះភាគ-ម្នាលពកាព្រហ្ម អ្នកសំគាល់អាយុណាថាវែង អាយុនុ៎ះមិនវែងទេ, ម្យ៉ាងទៀត តថាគតដឹងច្បាស់នូវអាយុ មានប្រមាណមួយសែននៃនិរព្វុទ: ។
            ពកាព្រហ្ម-បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឃើញអារម្មណ៍ 
រកទីបំផុតគ្មាន ប្រព្រឹត្តកន្លងហើយនូវជាតិជរា និងសេចក្តីសោក ចុះសីលវត្តមានមកពី ខាងដើមរបស់ខ្ញុំព្រះអង្គដូចម្តេច?
សូមទ្រង់ព្រះមេត្តាប្រាប់ដល់ខ្ញុំព្រះអង្គ។
  ព្រះមានព្រះភាគ (សីលវត្តអ្នកមានមកពីខាងដើម)
  -អ្នកឲ្យទឹកផឹកក្នុងរដូវក្តៅ(គិម្ហរដូវ)ដល់មនុស្សជាច្រើន ដែលស្រេកទឹក ដែលត្រូវកំដៅគ្របសង្កត់,
  -អ្នកបានជួយប្រជុំជន ដែលត្រូវចោរចាប់ក្នុងឆ្នេរស្ទឹងឈ្មោះឯណិ នាំយកទៅធ្វើ ជាឈ្លើយឲ្យបានរួចខ្លួន,                         
  -អ្នកបានជួយមនុស្សទាំងឡាយកំពុងជិះទូក ដែលនាគរាជកំណាចកំហែងគំរាម ចាប់ដោយកម្លាំង ត្រង់ខ្សែទឹកនៃទន្លេគង្គា ឲ្យរួចខ្លួនបានដោយសេចក្តីអនុគ្រោះ,
  -ពីដើម តថាគតឈ្មោះកប្ប: ជាកូនសិស្សរបស់អ្នក រាប់អានអ្នកជាបុគ្គលមាន ប្រាជ្ញាល្អបរិបូណ៌ដោយវត្ត។ អំពើទាំងនេះ ជាសីលវត្តរបស់អ្នកពីដើមមក, តថាគត រលឹកបាន ដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើង, អ្នកដឹងច្បាស់នូវអាយុនោះ របស់ តថាគតដោយពិត មួយទៀត ដឹងច្បាស់នូវជនទាំងឡាយដទៃ ហាក់ដូចជាព្រះពុទ្ធនេះ 
ជាអានុភាពដ៏រុងរឿងរបស់អ្នក ជាសភាវញ៉ាំងព្រហ្មលោកឲ្យភ្លឺស្វាងឋិតនៅ។
  ព្រះមុនិន្ទសម្ពុទ្ធ ទ្រង់សំដែងព្រះធម៌ពន្យល់ហេតុផលជាក់ស្តែង ដើម្បីនាំចេញ នូវអស្មិមាន:ទិដ្ឋិទ្រឹស្តិស្មូរ អាក្រក់មុះមុត របស់ពកាព្រហ្មនោះ គឺទ្រង់ផ្ចាញ់ព្រហ្មនេះ ដោយឱសថវិសេសគឺព្រះទេសនាញាណ នៅនាព្រហ្មលោកនោះឯង។
  ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់មានសេចក្តីករុណា អាណិតអាសូរសត្វលោក ដែល វិលវល់កើតស្លាប់ ស្លាប់កើត ក្នុងវាលវដ្តសង្សាររកទីបំផុតគ្មាន ព្រោះតែសព្វសត្វទាំង នោះ មានចិត្តទទឹកជោគដោយអកុសលមូល គឺទោស: លោភ: មោហ: ជាធម៌ចង ក្រៀកសត្វទុក មិនឲ្យរើខ្លួនរួចឡើយ។ ស្តែងចេញពីព្រះហឬទ័យអាណិតអាសូរនេះ នៅ ពេលទ្រង់បានត្រាស់ដឹង បរមាភិសេកសម្មាសម្ពោធិញ្ញាណហើយ ស្តេចពុំមានគិតការ នឿយហត់ព្រះកាយឡើយ ទ្រង់យាងបំពេញពុទ្ធកិច្ចទាំង៥គឺ:
  បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកស្តេចយាងបិណ្ឌបាត១
  សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សំដែងធម៌ទេសនា ១
  បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទាន ឱវាទដល់ពួកភិក្ខុ ១
  អឌ្ឍរត្តេ ទេវបញ្ហនំ ពេលអធ្រាត្រទ្រង់ដោះប្រស្នានៃទេវតា ១
  បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកនំ ពេលជិតភ្លឺ ទ្រង់ប្រមើលមើលនូវសត្វលោក ដែលគួរត្រាស់ដឹង និងមិនគួរត្រាស់ដឹង ១ 
  អស់រយ:ពេល៤៥ព្រះវស្សា   ដើម្បីជាប្រយោជន៍    ជាឧបាយដល់វេនេយ្យសត្វ 
រើបំរះខ្លួនចេញពីអកុសលមូលនោះ តាមសមគួរដល់ឧបនិស្ស័យវាសនា ដែលសត្វបានសន្សំទុកមកពីបុព្វជាតិ។
  ម្ល៉ឹងហើយ ក៏នៅមានអ្នករបឹងក្បាលរឹង៨រូប ក្នុងពុទ្ធុប្បាទនេះ ធ្វើទុក្ខបុកម្នេញព្រះអង្គ ដោយបង្កជាសង្រ្គាមជាចម្បាំង តាមរបៀបយុទ្ធសាស្រ្តវេទមន្ត ឫទ្ធិអំណាចរេហ៍ពលជាដើម តតាំងជាមួយព្រះអង្គ  ដែលស្តេចគង់ប្រថាប់ស្ងៀមស្ងាត់   ជាសន្តិបុគ្គលនិង ត្រឹមតែសំដែងពន្យល់ហេតុផលតែប៉ុណ្ណោះ តែត្រូវចុះចាញ់ព្រះអង្គ ទាំងអស់ ដោយព្រះបារមីធម៌ ដែលទ្រង់បានបំពេញមកអស់៤អសង្ខេយ្យនិងមួយសែនកប្ប។
  ព្រះអដ្ឋកថាចារ្យបានចងក្រងជ័យជំនះ របស់ព្រះបរមសាស្តា លើជនរបឹងទាំង៨រូបនេះជាបទព្រះគាថា៨បទ ដែលបានដកស្រង់មករួចហើយ រៀបរៀងដាក់ខាងលើនៃសាច់រឿងទាំងនោះ តាមលំដាប់លំដោយនិងធម៌ ដែលព្រះអង្គត្រូវផ្ចាញ់ដូចខាងក្រោម:
  ទី១-ផ្ចាញ់មារាធិរាជ            ដោយទានបារមី
    ទី២-ផ្ចាញ់អាឡវកយក្ស       ដោយខន្តិបារមី
    ទី៣-ផ្ចាញ់ដំរីនាឡាគិរី         ដោយមេត្តាបារមី
        ទី៤-ផ្ចាញ់ចោរអង្គុលិមាល     ដោយបាដិហារ្យ
  ទី៥-ផ្ចាញ់ក្រមុំចិញ្ចា            ដោយសច្ចបារមី
      ទី៦-ផ្ចាញ់សច្ចកនិគ្រន្ថ         ដោយបញ្ញាបារមី
        ទី៧-ផ្ចាញ់នន្ទោបនន្ទនាគរាជ ដោយឲ្យឧបទេស
      ទី៨-ផ្ចាញ់ពកព្រហ្ម             ដោយទេសនាញាណ
ក្នុងទីបញ្ចប់ពុទ្ធជយមង្គលគាថា ទើបលោកសំដែងប្រាប់ពីផលនៃការសូធ្យ ការរលឹករឿយៗរាល់យប់ថ្ងៃ នូវពុទ្ធជ័យនោះថា នឹងបានកំចាត់បង់សេចក្តីអន្តរាយឧបទ្រពចង្រៃ បានសម្រេចព្រះនិព្វាន ដោយគាថាថា
ឯតាបិ ពុទ្ឋជយមង្គលអដ្ឋគាថា យោ វាចនោ ទិនទិនេ សរតេ មតន្ទី
ហិត្វាននេកវិវិធានិ ចុបទ្ទវានិ       មោក្ខំ សុខំ អធិគមេយ្យ នរោ សបញ្ញោ
  នរជនឯណា   មានប្រាជ្ញា   ជាអ្នកមិនខ្ជិលច្រអូស  សូធ្យក្តី រលឹកក្តី នូវគាថាទាំងឡាយ៨ មានសេចក្តីសរសើរ នូវជ័យមង្គល នៃព្រះសម្ពុទ្ឋជាម្ចាស់នេះ សព្វៗថ្ងៃ នរជននោះ នឹងកំចាត់បង់នូវ ឧបទ្ទវន្តរាយទាំងឡាយ មានប្រការផ្សេងៗជាអនេកហើយបានសម្រេចនូវមោក្ខស្ថាន គឺព្រះនិព្វានជាឯកន្តបរមសុខហោង។
ដូច្នេះ ពុទ្ធជយមង្គលគាថាបើបុរសស្រ្តីឧស្សាហ៍ព្យាយាមសូធ្យ រំលឹករាល់ថ្ងៃយប់នោះ នឹងបានចំរុងចំរើនជោគជ័យសិរីមង្គលសុខសួស្តី ឈ្នះអស់ឧបទ្រពចង្រៃ ឈ្នះសត្រូវជិតឆ្ងាយផងទាំងពួង និងម្យ៉ាងទៀត ព្រះគាថានេះ ពុទ្ធសាសនិកជនខ្មែរ
យើង និយមហៅថា ធម៌លើករាសី នៅគ្រាសព្វថ្ងៃនេះ។
&'

ច្បាប់ទូន្មានជនប្រុសស្រី និងពាក្យដាស់តឿនកូនចៅ
  បានអានច្បាប់ អ៊ូ ចុងប្រាប់ ប្រៀនប្រដៅ
ដល់កូនចៅ និងញាតិផៅ ជនប្រុសស្រី
ឲ្យប្រព្រឹត្ត កែគំនិត ចិត្តជាថ្មី
ល្អប្រពៃ ស្របតាមនៃ ពុទ្ធសាសនា
បានលើកធម៌ គំនិតល្អ ក្នុងសង្គម
ន័យអប់រំ ល្អសមរម្យ មានខ្លឹមសារ
លើកជាក់ស្តែង មកសម្តែង អែមធម៌អាថ៌
ជាតម្រា ច្បាប់សិក្សា ងាយយល់បាន
នេះច្បាប់ពិត ងាយប្រព្រឹត្ត ឥតស្មាញស្មុគ្រ
តទៅមុខ នឹងបានសុខ យសថ្កើនថ្កាន
បើរិៈគិត ខំប្រព្រឹត្ត គ្រប់ៗប្រាណ
តាមលំអាន នោះនឹងបាន ដូចបំណង
ដោយពេញចិត្ត នឹងគំនិត អប់រំល្អ
ចង់គាំទ្រ ថែបន្ត ស្នាដៃផង
ទើបខ្ញុំបាទ ខំសង្វាត រៀបចងក្រង
ច្បាប់នេះហោង ចងជាកាព្យ កំណាព្យខ្មែរ
ដោយបន្ថែម ក្លែបគោលធម៌ ពុទ្ធសាសនា
និងវាចា នៃដូនតា ជាហូរហែ
មានចិត្តមួយ គឺចង់ជួយ ដល់ជនខ្មែរ
ឲ្យហាត់កែ ប្រែគំនិត ខុសចោលទៅ
ទំនៀមខុស ដុសក្នុងចិត្ត ស្អិតយូរវែង
ត្រូវលះលែង លោះគ្រវែង ចោលឲ្យជ្រៅ
មកប្រព្រឹត្ត តាមក្រមក្រឹត្យ ដ៏ត្រឹមត្រូវ
ដើរឆ្ពោះទៅ ផ្លូវសច្ចៈ ពុទ្ធសាសនា
គឺចង់កែ ឲ្យកូនខ្មែរ ចេះដឹងមុន
ស្គាល់នូវគុណ នៃមាតា និងបិតា
ឲ្យប្រយ័ត្ន ចេះប្រតិបត្ដិ ដោយមនសិការ
កាយវាចា ចិត្តស្នេហា លោកពីរប្រាណ
សូមផលបុណ្យ ដែលដុះចេញ ពីចេតនា
ក្ដីឧស្សាហ៍ ចង់អក្ខរា ទាំងប៉ុន្មាន
សូមជាទុន មានដល់ជន គ្រប់មជ្ឈដ្ឋាន
និងសូមបាន ដល់ម៉ែឪ និងគ្រូខ្ញុំ
បើខុសឆ្គង ទាស់ទំនង មិនប្រពៃ
សូមអភ័យ អត់ទោសពៃរ៍ ដោយខ្ញុំសុំ
ខុសម្ដេចម្ដា សូមមេត្តា អស់លោកកុំ
ប្រមូលផ្ដុំ ចងជាដុំ ផ្លុំឲ្យឆេះ
សូមអង្វរ សូមចិត្តល្អ ត្រាប្រណី
ចិត្តខន្តី ថាកវី ខ្ញុំមិនចេះ
ព្រោះតែល្ងង់ បានជាលង់ ខុសដូច្នេះ
បើលោកចេះ សូមជួយកេះ កែតម្រូវ
សូមអរគុណ ទុកជាមុន ដល់អ្នកចេះ
ដែលជួយកេះ កែតម្រង់ ឲ្យត្រង់ផ្លូវ
អាងតម្រា ចារតម្រាប់ ច្បាប់ត្រឹមត្រូវ
ដូចប្រាប់ផ្លូវ ដំណើរទៅ បានសុខសាន្ដ
សូមអរគុណ!
ច្បាប់ទូន្មានជនប្រុសស្រី
  ខ្ញុំសូមគោរពនមស្ការ មាតាបិតាមានគុណធំ
សូមឱនសិរសាហត្ថាផ្គុំ ក្រាបថ្វាយបង្គំរតនត្រ័យ
បង្គំព្រះឧបជ្ឈាយាចារ្យ ឲ្យធម៌កេសានិងនិស្ស័យ
ខ្ញុំសូមគោរពរាល់យប់ថ្ងៃ សូមជាបច្ច័យជ័យសុខា
ខ្ញុំសូមចងក្រងនូវកំណាព្យ ពាក្យកាព្យដាស់តឿនជនខេមរា
ឲ្យចេះអប់រំខ្លួនអាត្មា តាមច្បាប់សាសនាឲ្យបានល្អ
ដំបូងខ្ញុំសូមប្រាប់នាមឈ្មោះ ពូជពង្សមានយសដ៏បវរ
កដាក់ស្រៈអែ វបន្ដ ជាវត្ថុល្អក្នុងលោកា
ឈ្មោះខ្ញុំគឺព ដាក់ស្រះអៅ បងប្អូនតែងហៅជាធម្មតា
ឈ្មោះនេះច្រើនហៅបុត្តធីតា ដែលកើតមច្ឆាចុងនៃផ្ទៃ
ក្រោយខ្ញុំបួសហើយចូលសិក្សា វិជ្ជាសាសនាសាលាបាលី
ទើបខ្ញុំដាក់នាមឈ្មោះជាថ្មី ប្រយោជន៏ដើម្បីតសិក្សា
ស្រះអ៊ិលើ យ,មប្រកប ពាក្យនេះសមស្របជាខេមរា
ជាគោត្តនាម,នាមជីតា ជាមេវង្សានោះឯឯហោង
ឯនាមឈ្មោះខ្ញុំ ចនឹងន មានដាក់ជើងទក្រោយនផង
ជាតួតារាធំកន្លង រៈភ្លឺឥតហ្មងក្នុងរាត្រី។
សដាក់ស្រះអុ ព្យាង្គបន្ត មអានជា ម៉តាមបាលី
នតួប្រកបឥតមានន័យ មិនមែនបាលីស្តីតាមខ្មែរ
ខ្ញុំប្រើឈ្មោះនេះក្នុងសិក្សា បានជាប់សញ្ញាប័ត្រហូរហែ
ជាឈ្មោះធ្វើការរាជការដែរ             ឈ្មោះនេះខ្ញុំថែជាសែថ្មី
ប្រាប់ឈ្មោះរួចហួសទៅលើច្បាប់   សូមតាំងចិត្តស្តាប់ទាំងប្រុសស្រី
  ខ្លួនខ្ញុំមិនចំជាកវី ខុសត្រូវម្តេចក្តីសូមទិទៀន
ហៃជនខេមរាទាំងប្រុសស្រី             សូមស្តាប់សំដីពាក្យទូន្មាន
ជាក្បួនជាច្បាប់សំរាប់រៀន               ជាដំបូន្មានអប់រំខ្លួន
កើតមកជាមនុស្សគ្រាន់ជាងសត្វ ត្រូវតែប្រតិបត្តិតាមច្បាប់ក្បួន
ដើរផ្លូវកន្លងអោយសមសួន ថែធួនខ្លួនមនុស្សឲ្យបានថ្លៃ
កុំបំផ្លាញពូជខ្លួនជាមនុស្ស កុំលុះក្នុងធម៌ពាលចង្រៃ
កុំសាងអកុសលទោះយប់ថ្ងៃ នាំជាប់និស្ស័យកម្មវេរា
សាងបាបទុច្ចរិតនាំបានទុក្ខ សាងបុណ្យនាំសុខក្នុងសួគ៌ា
សាងបុណ្យកុសលលោកទុកជា អ្នកថែពូជធារនៃមនុស្សបាន
ព្រោះកើតជាមនុស្សដោយសាងបុណ្យ ដែលជាដើមទុនដ៏ចំណាន
ឥតបុណ្យនិងកើតជាតិរិច្ឆាន ប្រែតនរកសាមាន្យអសុរកាយ
អ្នកដែលសាងបាបអកុសល បានផលនាំកើតក្នុងអបាយ
រងទុក្ខទារុណធ្ងន់យូរឆ្ងាយ ឥតក្តីសប្បាយបន្តិចសោះ
ដូច្នេះជនអើយចូរកុំធ្វើ នូវរាល់អំពើបាបទាំងអស់
ហើយចៀសកុំសេពអសប្បុរស កុំសេពរបស់ញៀនស្រវឹង
កុំដើរលេងយប់ជំពប់គ្រោះ កុំដើរឲ្យហួសឥតដំណឹង
រកចូលចាយចេញត្រូវតែថ្លឹង ត្រូវប្រឹងរកចូលច្រើនជាងចាយ
ទ្រព្យធន់ដើមទុនស្រែចំការ ត្រូវថែរក្សាការអន្តរាយ
រកទ្រព្យបានហើយត្រូវដោះស្រាយ ចំណាយតាមបែបបួនប្រការ
ទីមួយ ត្រូវសងបំណុលចាស់ ត្រូវចាំអោយច្បាស់រាល់រូបា
គឺត្រូវចិញ្ចឹមថែរក្សា មាតាបិតាដែលជរា
ទីពីរ ត្រូវបុលបំណុលថ្មី កូនខ្លួនប្រុសស្រីទាំងអស់គ្នា
បង្កើតមកហើយត្រូវស្ងួនភ្ងា ចិញ្ចឹមពួកវាឲ្យសមសួន
ទីបី បោះចោលទៅក្នុងជ្រោះ គឺចិញ្ចឹមពោះរបស់ខ្លួន
ស៊ីចុកប្រើប្រាស់ទៅតាមក្បួន ឲ្យធួននឹងទ្រព្យដែលរកបាន
-មួយផ្នែកបាយទឹកនំចំណី -មួយផ្នែកលកលៃបិទបាំងប្រាណ
គឺគ្រឿងស្លៀកពាក់លំនៅឋាន ឲ្យបានសុខសាន្តនាលោកិយ
-មួយផ្នែកសំរាប់ថ្នាំព្យាបាល ជំងឺបណ្តាលពីរោគអ្វី
ចំពោះរូបខ្លួនប្រពន្ធប្តី ឬ កូនប្រុសស្រីអោយបានសុខ
-មួយផ្នែកដំកល់ទុកយូរឆ្ងាយ ការពារអន្តរាយពេលខាងមុខ
ឬ ក៏ជាទ្រព្យសន្សំទុក ជាកេរ្តិ៍ឪពុកទុកចែកកូន
ទីបួន កប់ទុកជាទ្រព្យព្រេង ទ្រព្យយូរអង្វែងមិនសាបសូន្យ
ទ្រព្យនេះមិនមែនទុកចែកកូន ទ្រព្យសំរាប់ខ្លួនទៅបរលោក
គឺបែងចែកទ្រព្យទៅធ្វើទាន ដូរយកអរិយធនថ្លៃមិនថោក
ទ្រព្យនេះជាស្បៀងទៅវិមោក្ខ នៅស្រុកបរលោកចាយទ្រព្យបុណ្យ។
នេះជារបៀបប្រើប្រាស់ទ្រព្យ ឲ្យបានគូរគាប់មិនជាប់កុន
ច្បាប់បួនប្រការ ព្រះមានបុណ្យ ទ្រង់បាននិពន្ធជាតម្រា
បើខ្លួនបានទៅជាម៉ែឪ ខ្លួនត្រូវប្រដៅបុត្តធីតា
ដូច្នេះត្រូវទូន្មានអាត្មា តាមក្បួនតម្រាដូចស្រដី
ម្យ៉ាងទៀតបើខ្លួនជាម៉ែឪ ខ្លួនត្រូវសង្គ្រោះកូនប្រុសស្រី
ដោយស្ថាន ៥យ៉ាងដូចនឹងស្តី រៀបរាប់ខ្លីៗតាមមាតិកា
-ហាមកូនមិនអោយធ្វើអាក្រក់ អកុសលលាមកគ្រប់ប្រការ
ឲ្យលះបង់បាបអកុសលា ដោយកាយវាចាហើយនឹងចិត្ត
ទីពីរនាំកូនអោយធ្វើល្អ អំពើស្មោះសរសាងសុចរិត
នាំកូនធ្វើបុណ្យកុសលពិត ដុសខាត់គំនិតល្អប្រពៃ
ទីបីអោយកូនបានសិក្សា សិល្ប៍សាស្រ្តវិជ្ជាតាមសម័យ
ទីបួនរៀបចំគូនិស្ស័យ ឲ្យមានស្វាមីនិងភរិយា
ទីប្រាំចែកកេរ្តិ៍ជាទ្រព្យធន ទុកជាដើមទុនអោយពួកវា
ដោះស្រាយជីវភាពនិងការងារ ទុកតទៅនាគ្រាមុខហោង។
បើបានប្រព្រឹត្តក្រិត្យត្រឹមត្រូវ ទុកជាម៉ែឪល្អកន្លង
បើនឹងប្រដៅកូនចៅផង កូនហោងនឹងស្តាប់ច្បាប់មិនខាន
ម៉ែឪធ្វើត្រូវគំរូ ជាគ្រូដឹកនាំយ៉ាងចំណាន
គឺម៉ែនិងឪជាមូលដ្ធាន ជាដានឲ្យកូនដើរចំផ្លូវ
ចាស់ថា “ដឹងឆ្ងើយពីព្រោះដង កូនឆ្គងពីព្រោះតែម៉ែឪ”
មិនបានទូន្មានឲ្យត្រឹមត្រូវ នោះនឹងដើរទៅផ្លូវខុសពិត
ដូចច្បាប់ អ៊ូ-ចុង បានស្រដី ទូន្មានប្រុសស្រីឲ្យប្រព្រឹត្ត
ឲ្យអប់រំកាយវាចាចិត្ត ឲ្យស្ថិតផ្លូវល្អដូចតទៅ

ច្បាប់ទូន្មានជនប្រុសស្រី
សូមក្រើនដល់បុរស ស្ត្រីទាំងអស់គ្រប់ៗប្រាណ
តូចធំទាំងប៉ុន្មាន ត្រូវប្រដៅខ្លួនឲ្យហើយ
កាលនៅលីវកម្លោះ ក្រមុំនោះអ្នកនាងអើយ
ប្រឹងប្រែងកុំកន្តើយ កុំប្រងើយត្រូវឧស្សាហ៍
កុំអាងថានៅក្មេង ដើរតែលេងកាត់រកគ្នា
បៀប៉ោធួកញ្ឆា សេពសុរាទឹកត្នោតជូរ
ប្រព្រឹត្តអនាចារ ដើរចោលការមិនគិតគូរ
ជល់មាន់លេងឡូតូ ដើរមើលរាំ ឬ ស្តាប់ច្រៀង
មានប្តីប្រពន្ធហើយ កុំធ្វេសឡើយត្រូវផ្ទាត់ផ្ទៀង
គេហៅទៅរាំច្រៀង ត្រូវប្រកែកកុំដើរលេង
ហើយដេកពីប្រលប់ កណ្តាលយប់ក្រោកគិតក្រែង
ថែទាំងទីកន្លែង ផ្ទះសម្បែងប្រុងប្រយ័ត្ន
ធ្វើអោយប្រពន្ធកោត មនុស្សស្រីឆោតចេះប្រតិបត្តិ
ព្រឹកឡើងភ្ញាក់ឡើយចាត់ ធ្វើរបបររបស់ខ្លួន
រក្សាទ្រព្យទុកដាក់ ស្រូវមាសប្រាក់ត្រូវថែធួន
យើងតែងមានកូនស្ងួន កុំប្រហែសណាអ្នកអើយ
មានដីជុំវិញផ្ទះ ដាំអ្វីខ្លះកុំខានឡើយ
បន្លែបន្លុកហើយ ចេកអំពៅត្រាវដំឡូង ស្វាយខ្នុរល្មុតសេដា ទៀបម្លូរស្លាត្របែកដូង
បានគ្នាជាដំបូង តោងបណ្ដុះមេកំនិត  
                ដល់យើងមានកូនមក               សត្វចូលជ្រកផ្ញើជីវិត
យើងស្រួលក្នុងគំនិត                ស្រណុកគិតព្រោះប្រុងទុក
បើកើតកូនប៉ុន្មាន វាចង់បានគ្រឿងគ្រប់មុខ
វាទារម្តាយឪពុក វារំអុកទារពេជ្រមាស
ទារហូលព្រែឡោឡាញ់ ទារស៊ីឆ្ងាញ់ចំណីពាស
កូនស្រីទារពេជ្រមាស យើងមិនខានទិញឲ្យវា
កូនប្រុសមួកស្បែកជើង ខោអាវឡើងភេទខុសគ្នា
យើងរាស្រ្តជាតិអ្នកជា មានទ្រព្យាចែកអោយកូន
ម៉ែឪមានមុខនោះ កូនសង្គ្រោះមិនសាបសូន្យ
ដល់យើងប្រដៅកូន កូនកោតខ្លាចអំណាចយើង
កូនកើតតាំងពីតូច ឃើញឪខូចភ្លាត់ដៃជើង
កាត់ពូជមកមិនថ្កើង ព្រោះតែយើងធ្វើទុកមក
បើយើងមិនចេះលេង តាំងពីក្មេងចេះលៃលក
ខំធ្វើខំប្រឹងរក ឥតទំនេរប្រឹងឧស្សាហ៍
ដូចពូជប្ញស្សីស្រុក ដុះស្រណុះត្រង់ល្អជា
ខ្ពស់ទាបស្អាតតាមគ្នា គេត្រូវការចង់ដាំណាស់
បើពូជប្ញស្សីព្រៃ ដុះណែនដីចង្អៀតក្រាស់
បន្លាណែនណាន់ណាស់ ថ្ពក់ទាញគ្នាវៀនតាមពូជ
បានត្រង់ចុងបំផុត គល់មិនពត់កាត់កាចខូច
បានកូនមកកាត់ដូច ខឹងនឹងកូនស្តីមិនស្តាប់
មិនកាត់ពីណាទេ កាត់ពីមេបាវាស្រាប់
ព្រះអង្គទេសនាប្រាប់ ត្រូវប្រដៅខ្លួនមុនសិន
កុំធ្វើឬកកិរិយា ខុសមាត្រាគិតឲ្យឆ្អិន
ប្រដៅខ្លួនមុនសិន ទើបបង្កាត់បានជាកូន
ទើបពេញជាបិតា ប្រសើរជាពុំសាបសូន្យ
បង្កាត់បានជាកូន សឹងខ្ពង់ខ្ពស់ដូចគេស្ទួយ
ពួកពាលមានច្រើនណាស់ ទាំងក្មេងចាស់នាំគេព្រួយ
ព្រឹកឡើង នៅរងួយ ផឹករងោកតាមទៀមស្រា
ជនខ្លះលីវកម្លោះ ដើរម៉េះម៉ោះសេពសុរា
ជនខ្លះចាស់សិរិសា នៅឡូឡាទ្រេតតាមផ្លូវ
មានកូនចៅសន្ធឹក មិនប្រែឫកឲ្យត្រឹមត្រូវ
ធ្វើស្រែរាល់រដូវ មិនសល់ស្រូវស៊ីដល់ខួប
ព្រោះធ្វើសោះតែខាន មិនចង់បានមករួបរួម
រវល់កាត់ទៅជួប រកពួកម៉ាកពាលរសោចិ៏
ផ្ទះលេចគ្មានជញ្ជាំង កន្ទេលបាំងក្រហិនហោច
ច្រើនដើរឥតប្រយោជន៍ មិនខ្មាសគេអ្នកក្នុងស្រុក។
មាន់រងាវគេភ្ញាក់វឹង ឯងនៅប្រឹងដេកស្រមុក
គេភ្ជួរស្រែអែរអុក អស់ទាំងស្រុកមាត់អឹងកង
ឯងដេកទម្រន់ណាស់ ប្រពន្ធដាស់ចង់ធាក់ផង
ធ្វើការចាំហែហង ច្រើនលេងលនដេកថ្លុំខ្លុយ
ទំនេរខ្លួនពេកណាស់ អាចម៍គោក្រាស់នៅបែកស្អុយ
ខែប្រាំងដីគោកហុយ មិនលើកភ្លឺអោយជាប់ទឹក
មកពីលេងផ្ទះគេ ហួសទៅរេរកស្រាផឹក
នេះពួកជនប្រមឹក មកពីផឹកជេរឆោឡោ
កូនស្រីក្រមុំគ្រាន់ គ្មានស្លៀកវណ្ត័ខ្លួនធំប៉ោ
កូនប្រុសសងគ្មានអាវខោ ឪពុកគិតតែកើបស្រូវ
ទៅសងបំណុលស្រា នៃអាត្មារាល់រដូវ
ឡូឡាមាត់ញុំាញ៉ូវ គ្រាន់តែឪគាត់បំផ្លាញ
ម៉ែឪគេជិតខាង មានសំណាងសាងបង្ហាញ
ដៃជើងគេមិនក្រាញ មិនស្មុគ្រស្មាញទាំងតូចធំ
ម៉ែឪឯងយ៉ាងហ្នឹង កុំរំពឹងបានរៀបចំ
បើកូនវាប្រឹងខំ វាហ៊ានដៀលមារយាទឪ
ថាដើរតែផឹកស្រា មកឡូឡានេះមិនត្រូវ
ស្រវឹងហើយស្ងៀមនៅ ក្រពីឪមកដល់ខ្ញុំ        
ម៉ែឪឯងយ៉ាងហ្នឹង កុំរំពឹងមានគុណធំ
គុណតូចប៉ុនដីដុំ ព្រោះគ្មានធម៌សង្គ្រោះកូន
ហេតុនេះស្តាប់ឲ្យជាក់ ត្រូវតែភ្ញាក់ប្រឹងល្អូកល្អូន
ប្រដៅខ្លួនមុនកូន ទើបបានបទជាមូលដ្ធាន
ប្រឹងកែមារយាទទៀត ដែលចោលម្សៀតទាំងប៉ុន្មាន
ទើបពួកយើងថ្កើងថ្កាន កូនចៅខានស្តីថាអោយ
ម្យ៉ាងទៀតពួកស្រីៗ ដែលមានប្តីកុំបណ្តោយ
ស្រ្តីខ្លះមារយាទធ្លោយ ផ្អែកជីវិតតែលើប្តី  
ប្តីទៅស្រែបាត់សូន្យ ដេកឳបកូនក្រចុះដី
ច្រមុះយកដៃឈ្លី ហារមាត់ស្ងាបមួយចំអាម
ថ្ងៃរះទើបក្រោកឡើង ធ្វើសើងម៉ឺងភ្នែករហាម
ពត់ខ្លួនងាកង៉េមង៉ាម មិនទាំងលុបមុខក្រញុះ
អង្គុយមាត់ជណ្តើរ ស្ងាបបណ្តើរអូសគូថចុះ
គំនិតមិនមានដុះ តែមាត់ប៉ិនជេរឈ្លោះណាស់
បើស៊ីមើលមិនទាន់ ញាប់រន្ថាន់មាត់រហ័ស
វោហារក៏ប៉ិនណាស់ តែប៉ិនខាងបន្ទោសម្តី
បើមានគេប្រជុំ ឬជំនុំពីរឿងអ្វី
អង្ករចោលនៅដី ឈរស្តាប់គេមាន់ស៊ីអស់
បើបុកអង្ករស្រូវ ខ្ចាយចេញទៅខូចរបស់
ឥតស្តាយឥតខ្លាចអស់ ឈូសដីលុបខ្លាចគេទាន់
របស់ប្តីរកបាន ទាំងប៉ុន្មានអររួសរាន់
ដល់ដៃស្ទើរមិនទាន់ ព្រោះជំពាក់ជឿគេស៊ី  
បែបនេះមិនមែនស្រី ចាស់ស្រដីហៅថាញី
រកបានមិនគ្រាន់ស៊ី មិនសន្សំបង្ការចាស់  
ពីក្មេងកំលាំងមាន ឃើញរកបានចាយធំណាស់
ចាំមើលដល់ខ្លួនចាស់ ថយកម្លាំងអាងអ្នកណា
ដែលខ្ញុំក្រើនរំលឹក ព្រោះខ្ញុំនឹកដល់ខេមរា
ចង់ឲ្យបានថ្លៃថ្លា និដ្ធិតាប៉ុណ្ណេះហោង  
កំណាព្យរបស់ បណ្ឌិត អ៊ូ-ចុង
ចម្លងផ្ទាល់ពីមាត់លោក នួន-សំអឿន
ថ្ងៃទី ៨ កុម្ភៈ គ.ស ១៩៩៦





No comments:

Post a Comment